ព្រឹក

ព្រះនៃការចាប់ផ្តើមជាថ្មី
ដោយJames Banks
May 5, 2025
២របាក្សត្រ ៣៣:១០-១៧
ក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ។ ២របាក្សត្រ ៣៣:១៣
ថ្ងៃមួយ គេបានធ្វើការប្រកាសនៅលើទំព័រកាសែតថា “ឈ្មួញនៃសេចក្តីស្លាប់ បានទទួលមរណៈភាពហើយ!” ដំណឹងមរណៈភាពនៅលើទំព័រកាសែតនោះ ប្រហែលជាបានធ្វើឲ្យលោកអាល់ហ្វ្រែត ណូបែល(Alfred Nobel) ជាអ្នកច្នៃបង្កើតគ្រាប់រំសេវផ្ទុះ ឲ្យមានការផ្លាស់ប្តូរទិសដៅនៃជីវិត។ ប៉ុន្តែ កាសែតនោះបានចេញផ្សាយពត៌មានខុស ព្រោះលោកអាល់ហ្វ្រែតនៅមានជីវិតរស់នៅធម្មតាទេ។ តាមពិត គឺបងប្រុសរបស់គាត់ ឈ្មោះលូដវីជ(Ludvig)ទេ ដែលបានស្លាប់នោះ។ នៅពេលដែលលោកអាល់ហ្វ្រែត បានដឹងថា គាត់មានឈ្មោះល្បីដោយសារគាត់បានឆ្នៃបង្កើតឧបករណ៍ដ៏គ្រោះថ្នាក់ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់បាត់បង់ជីវិត គាត់ក៏បានសម្រេចចិត្តបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ភាគច្រើន ដើម្បីធ្វើពានរង្វាន់ ដល់អ្នកដែលមានភាពលេចធ្លោខ្លាំង ក្នុងការធ្វើអ្វីដែលមានប្រយោជន៍ដល់មនុស្សជាតិ។ គេក៏បានហៅពានរង្វាន់នោះថា ពានរង្វាន់ណូបែលសន្តិភាព។
កាលពីជាង២ពាន់ឆ្នាំមុន អ្នកមានអំណាចម្នាក់ទៀតក៏បានផ្លាស់ប្រែចិត្តផងដែរ។ ស្តេចម៉ាន៉ាសេ គឺជាស្តេចរបស់នគរយូដា ដែលបានបះបោរប្រឆាំងនឹងព្រះ។ ជាលទ្ធផល ទ្រង់ត្រូវគេចាប់ព្រះកាយធ្វើជាឈ្លើយសឹក ដឹកទៅទីក្រុងបាប៊ីឡូន។ តែ ទ្រង់ “ក៏ទូលអង្វរដល់ព្រះយេហូវ៉ានៃទ្រង់ ព្រមទាំងបន្ទាបព្រះទ័យចុះជាខ្លាំង នៅចំពោះព្រះនៃពួកឰយុកោទ្រង់វិញ” ហើយ “ព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកឯរាជ្យក្នុងក្រុងយេរូសាឡិមវិញ”(២របាក្សត្រ ៣៣:១២-១៣)។ ស្តេចម៉ាន៉ាសេក៏បានដឹកនាំប្រទេសដោយសុខសន្តិភាព រហូតដល់អស់ព្រះជន្ម ដោយបម្រើព្រះអម្ចាស់ និងបានកែប្រែកំហុសដែលទ្រង់បានធ្វើកាលពីមុន។
“ព្រះអម្ចាស់ “ក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ”(ខ.១៣)។ ព្រះទ្រង់ឆ្លើយតប ចំពោះការបន្ទាបព្រះកាយរបស់ស្តេចម៉ាន៉ាសេ។ ពេលណាយើងដឹងថា យើងចាំបាច់ត្រូវកែប្រែរបៀបរស់នៅ ហើយងាកបែរមករកព្រះអង្គវិញ ព្រះអង្គនឹងមិនបណ្តេញយើងចេញឡើយ។ ព្រះអង្គនឹងឆ្លើយតបចំពោះយើង ដោយព្រះគុណ ដែលយើងមិនសមនឹងទទួល ហើយប្រទានដល់យើង នូវការចាប់ផ្តើមជាថ្មី ដោយសេចក្តីស្រឡាញ់ដែលមានការលះបង់ ដែលព្រះអង្គបានចាក់បង្ហូរនៅលើឈើឆ្កាង។ ការចាប់ផ្តើមជាថ្មីកើតចេញពីព្រះអង្គ។—James Banks
តើជីវិតរបស់អ្នក មានចំណុចណាខ្លះ ដែលចាំបាច់ត្រូវមានការកែប្រែចិត្ត? តើអ្នកនឹងងាកបែរទៅរកព្រះ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលអត់ទោសបាប ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមិនដែលបណ្តេញទូលបង្គំចេញ។
សូមព្រះអអង្គជួយទូលបង្គំ ឲ្យងាកបែរទៅរកព្រះអង្គវិញ អស់ពីចិត្ត ក្នុងការគ្រប់យ៉ាងដែលទូលបង្គំធ្វើនៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១ពង្សាវតាក្សត្រ ១៩-២០ និង លូកា ២៣:១-២៥
ប្រភេទ
ល្ងាច

ស្អាងព្រះវិហាររបស់ព្រះអង្គឡើងវិញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 5, 2025
«នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង…សិស្សទ្រង់ក៏នឹកឃើញពីសេចក្តីដែលចែងទុកមកថា «សេចក្តីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» (យ៉ូហាន ២:១៥,១៧)។
យើងអាចយល់ដឹងថា បុរសជាឪពុកមុខជាមានអារម្មណ៍ក្តៅក្រហាយ ដោយកំហឹងដែលសុចរិត បើសិនជាគាត់មើលឃើញការបំផ្លិចបំផ្លាញ ដែលគ្រឿងញាណបានធ្វើមកលើជីវិតកូនប្រុសគាត់។ យើងប្រហែលមិនរំពឹងថា គាត់នឹងព្រងើយកន្តើយ ចំពោះការបំផ្លិចបំផ្លាញនេះឡើយ។ ទេ យើងនឹងរំពឹងថា គាត់នឹងធ្វើអ្វីៗដែលចាំបាច់ ដើម្បីបណ្ដេញសេចក្តីអាក្រក់នោះចេញ ហើយស្តាជីវិតកូនប្រុសគាត់ឡើងវិញ។
កាលព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ យាងចូលដំណាក់ព្រះវរបិតាព្រះអង្គ នៅផែនដី ដែលជាព្រះវិហារនៅទីក្រុងយេរូសាឡឹម ហើយបានឃើញទិដ្ឋភាពដែលកំពុងកើតឡើងនៅទីនោះ ព្រះអង្គពិតជាមានការឈឺចាប់។ ទីកន្លែងដែលគេបង្កើតឡើងសម្រាប់ថ្វាយបង្គំព្រះ បានក្លាយជាកន្លែងថ្វាយបង្គំលុយ។ ទីកន្លែងសម្រាប់បញ្ចេញពន្លឺឲ្យលោកីយ៍បានជួបព្រះដ៏រស់ បានប្រែក្លាយជារនាំងមិនឲ្យប្រជាជាតិទាំងឡាយចូលមកជិតព្រះអង្គទៅវិញ។ ព្រះអង្គមិនអាចបណ្តោយឲ្យរឿងនេះបន្តកើតឡើងបានទៀតទេ នៅពេលដែលគេកំពុងបង្អាប់ព្រះនាម និងសិរីល្អរបស់ព្រះ។ យើងគ្មានហេតុផលដែលត្រូវឈរឱបដៃមើល និងព្យាយាមបន្ទាបតម្លៃរបស់សកម្មភាពដែលព្រះយេស៊ូវកំពុងធ្វើនៅពេលនោះឡើយ។ សេចក្តីក្រោធដ៏បរិសុទ្ធរបស់ព្រះគ្រីស្ទបានឆេះឡើង ដោយភាពឧស្សាហ៍ និងសេចក្តីបរិសុទ្ធ។ ពេលនោះ មិនមែនជាពេលដែលព្រះអង្គត្រូវសន្ទនាដោយការគួរសមឡើយ។
ព្រះយេស៊ូវជ្រាបច្បាស់ថា គេបានសង់ព្រះវិហារដើម្បីអ្វី។ ព្រះវិហារជាកន្លែងជួបព្រះ។ ជាកន្លែងសម្រាប់ធ្វើជាក្តីអំណរដល់លោកីយ៍ទាំងមូល។ តែផ្ទុយទៅវិញ ព្រះអង្គបានឃើញគេប្រើព្រះវិហារក្នុងផ្លូវខុសនឹងគោលបំណងនេះទាំងស្រុង ហើយព្រះអង្គក៏បានបង្ហាញឲ្យគេយល់ច្បាស់អំពីបញ្ហានេះ តាមរយៈព្រះបន្ទូល និងសកម្មភាពរបស់ព្រះអង្គ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយមក ពួកផារិស៊ីបានប្រឈមមុខដាក់ព្រះយេស៊ូវ ដោយមិនបានសួរនាំអំពីទង្វើរបស់ព្រះអង្គទេ តែបានសួរនាំអំពីអំណាចរបស់ព្រះអង្គក្នុងការប្រព្រឹត្តដូចនោះ។ ព្រះអង្គក៏បានឆ្លើយតប ដោយព្រះបន្ទូលថា «ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»(យ៉ូហាន ២:១៩)។ សាវ័ក យ៉ូហាន ក៏បានបកស្រាយថា ព្រះវិហារនោះគឺជាព្រះកាយព្រះអង្គ (ខ.២១)។ ថ្ងៃមួយ ព្រះយេស៊ូវក៏បានយាងមកទីក្រុងយេរូសាឡឹមទៀត មិនមែនដើម្បីមើលទីធ្លាព្រះវិហារទេ តែដើម្បីថ្វាយព្រះកាយ និងព្រះលោហិតទ្រង់ជាដង្វាយលោះបាបរបស់មនុស្ស ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីគ្រងរាជ្យជារៀងរហូត។ ដោយអាងអំណាចនេះ ព្រះអង្គបានបង្ហាញយ៉ាងច្បាស់អំពីគោលបំណងដែលព្រះឲ្យគេសង់ព្រះវិហារឡើង ដែលផ្ទុយស្រឡះពីគោលបំណងរបស់មនុស្ស ក្នុងការប្រើប្រាស់ព្រះវិហារនៅសម័យនោះ។
ដូចនេះ ព្រះយេស៊ូវប្រឈមមុខដាក់យើង ដោយព្រះអង្គសព្វព្រះទ័យនឹងកែប្រែយើងចាប់ពីឫសគល់ទៅ ហើយព្រះអង្គឆ្លើយតប ដោយភាពឧស្សាហ៍ និងការពារ ចំពោះរឿងដែលទាក់ទងនឹងសិរីល្អព្រះ។ ព្រះអង្គមិនមែនជាមនុស្សមឹះៗ ប៉ុន្តែព្រះអង្គតែងតែបញ្ជាក់អំពីកំហុសរបស់យើង និងមិនមែនមិនដែលស្តីបន្ទោសយើងនោះទេ។ ព្រះអង្គជាសម្ដេចសង្ឃដែលមិនគ្រាន់តែយាងមក ដើម្បីសម្អាតបរិវេណព្រះវិហារ តែក៏សម្អាតចិត្ត និងផ្សះផ្សាយើងឲ្យជានឹងព្រះអង្គ។ ក្នុងព្រះគ្រីស្ទដែលជាព្រះវិហារពិតប្រាកដ ព្រះអម្ចាស់បានសង់ដំណាក់ សម្រាប់ជាទីអធិស្ឋាន (អេសាយ ៥៦:៧)។
ដូចនេះ ចូរយើងមើលទៅព្រះយេស៊ូវសារជាថ្មី ដែលព្រះអង្គមិនបណ្តោយឲ្យយើងបន្ថែមបន្ថយសេចក្តីពិត ក្នុងការថ្វាយសិរីល្អដល់ព្រះ ដោយនាំប្រជាជាតិទាំងឡាយថ្វាយបង្គំព្រះអង្គ ឲ្យបានត្រឹមត្រូវ ហើយព្រះអង្គក៏បានប្រើអំណាច និងភាពឥតខ្ចោះរបស់ព្រះអង្គ ដើម្បីទទួលទោសជំនួសយើងដោយស្ម័គ្រព្រះទ័យ ដើម្បីឲ្យយើងអាចស្អាងឡើងវិញ។ ចូរមើលទៅព្រះយេស៊ូវជាថ្មី ក្នុងនាមយើងជាអ្នកទទួលព្រះគុណព្រះអង្គ។ ចូរយើងមានចិត្តឆេះឆួលក្នុងការថ្វាយសិរីល្អដល់ព្រះអង្គ តាមគំរូព្រះអង្គផងដែរ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ២៧:៣៥-៥៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២០-២២ និងវិវរណៈ ២២