ព្រឹក

ការភ្ញាក់ផ្អើលខ្លាំងបំផុតនៃសេចក្តីស្រឡាញ់
ដោយJames Banks
May 8, 2025
យ៉ូហាន ២០:១០-១៨
នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។ យ៉ូហាន ២០:១៨
នៅក្នុងខ្សែភាពយន្តបែបប្រឌិត អំពីកីឡា មានចំណងជើងថា ទីលានប្រកួតនៃសេចក្តីស្រមៃ តួអង្គឈ្មោះ រេយ ឃីនសេឡា(Ray Kinsella) បានយល់សប្តិឃើញឪពុកគាត់ ដែលបានលាចាកលោកហើយ។ គាត់បានឃើញឪពុកគាត់ ដែលជាកីឡាករវ័យក្មេងម្នាក់។ គាត់ក៏បានប្រាប់អេននី(Annie) ជាភរិយាគាត់ថា គាត់មិនដែលបានឃើញឪពុកគាត់ ក្នុងវ័យក្មេង និងរឹងមាំដូចនេះទេ តែគាត់ធ្លាប់តែឃើញឪពុកគាត់ ក្នុងវ័យចាស់ជាងនោះ ដោយមានសភាពទ្រុឌទ្រោម ដោយសារទុក្ខលំបាកក្នុងជីវិត។ បើគាត់បានជួបឪពុកគាត់ដោយផ្ទាល់ គាត់មិនដឹងថា ត្រូវនិយាយអ្វីទៅកាន់ឪពុកគាត់ទេ។ រឿងនេះ បានចោទជាសំណួរដល់យើងរាល់គ្នាថា តើយើងនឹងមានអារម្មណ៍យ៉ាងណា បើសិនជាយើងបានជួបមនុស្សជាទីស្រឡាញ់ដែលបានលាចាកលោកហើយ ដោយឃើញពួកគេនៅក្មេង ហើយរឹងមាំដូចកាលពីមុន?
នាងម៉ារាមកពីស្រុកម៉ាកដាឡា មានបទពិសោធន៍ដូចនេះ នៅពេលដែលនាងបានជួបព្រះយេស៊ូវ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ នាងម៉ារាកំពុងយំនៅក្បែរផ្នូររបស់ព្រះអង្គ ដែលនៅទទេ នៅពេលដែលនាងបែរទៅក្រោយ ឃើញព្រះយេស៊ូវឈរ តែមើលព្រះអង្គមិនស្គាល់ទេ(យ៉ូហាន ២០:១៤)។ ហេតុអ្វីនាងមើលព្រះអង្គមិនស្គាល់? គឺប្រហែលមកពីទឹកភ្នែកនៅលើកែវភ្នែករបស់នាង ធ្វើឲ្យនាងស្រវាំងមើលមិនច្បាស់ ឬដោយសារកន្លែងនោះងងឹតនៅឡើយ(ខ.១)។ ឬក៏ប្រហែលដោយសារលើកមុន នាងបានឃើញព្រះអង្គមានឈាមជោគព្រះកាយ មានស្នាមគេវាយដំ និងធ្វើទារុណកម្មដល់អស់ព្រះជន្ម។ នាងមិននឹកស្មានថា នាងនឹងបានឃើញព្រះអង្គមានព្រះជន្មឡើងវិញទេ។ ព្រះអង្គមានព្រះជន្មឡើងវិញ ហើយមានព្រះកាយខុសពីពេលនោះយ៉ាងខ្លាំង បានជាទាល់តែមួយរយៈក្រោយមក នាងក៏បានយល់ការពិត។
ព្រះយេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញ ដោយព្រះកាយ “ដែលមិនចេះពួករលួយ”(១កូរិនថូស ១៥:៤២)។ នៅពេលដែលព្រះអង្គហៅឈ្មោះនាងម៉ារា នាងក៏បានស្គាល់ព្រះអង្គ មិនគ្រាន់តែជាមិត្តសំឡាញ់ និង “គ្រូ” ដ៏ស្មោះត្រង់(យ៉ូហាន ២០:១៦) តែជាព្រះអម្ចាស់នៃជីវិតដែលមានព្រះជន្មរស់ឡើងវិញ។ ព្រះទ្រង់តែងតែមានវិធីធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយការអស្ចារ្យរបស់ព្រះអង្គ។ ជ័យជម្នះដែលព្រះអង្គមានមកលើសេចក្តីស្លាប់ គឺជាអ្វីដែលយើងគួរតែភ្ញាក់ផ្អើលខ្លាំងបំផុត។—James Banks
តើព្រះទ្រង់បានធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល ដូចម្តេចខ្លះ? តើអ្នកអាចចែករំលែកសេចក្តីសប្បុរសរបស់ព្រះអង្គ ដល់នរណាម្នាក់ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះវរបិតា ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវ ឲ្យមានព្រះជន្មរស់ឡើងវិញ!
សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅ ក្នុងជីវិតដែលព្រះអង្គបានប្រទានទូលបង្គំ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ៧-៩ និង យ៉ូហាន ១:១-២៨
ប្រភេទ
ល្ងាច

ការអាណិតដ៏ឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 8, 2025
«ហេតុនោះបានជាគួរឲ្យទ្រង់ បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ ដ្បិតដែលទ្រង់បានរងទុក្ខលំបាក ទាំងត្រូវសេចក្តីល្បួង នោះទ្រង់ក៏អាចនឹងជួយដល់អស់អ្នក ដែលត្រូវសេចក្តីល្បួងបានដែរ» (ហេព្រើរ ២:១៧-១៨)។
មនុស្សជាច្រើនមានការបាក់ទឹកចិត្ត ដោយសារភាពទៀងទាត់នៃការល្បួងដែលពួកគេជួបប្រទះ។ យើងអាចមានអារម្មណ៍ខ្មាស ចំពោះការទាញនាំនៃការល្បួង ក្នុងជីវិតយើង។ វាអាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកពេក។ ក្នុងពេលបែបនោះ យើងចាំបាច់ត្រូវចាំថា ការដកពិសោធន៍ជាមួយនឹងការល្បួង មិនមែនជាបាបទេ ព្រោះព្រះគ្រីស្ទ ដែលគ្មានបាបសោះ ក៏បានស៊ូទ្រាំនឹងការល្បួងផងដែរ។ តែដោយសារព្រះអង្គមិនបានចាញ់ការល្បួង ខុសពីយើង ដែលចាញ់ល្បួងជាញឹកញាប់ ហើយព្រះអង្គបានធ្វើជាគំរូ ខណៈពេលដែលយើងព្យាយាមរស់នៅ ដោយសេចក្តីសុចរិត។
កាលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គក៏បានទទួលយកដែនកំណត់ និងទុក្ខលំបាកនៃភាពជាមនុស្សផងដែរ។ ដូចនេះ ទោះព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ និងជាសម្ដេចសង្ឃមកពីស្ថានសួគ៌ មិនមែនជាមនុស្សធម្មតាក៏ដោយ ក៏យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះអង្គអាចមានព្រះទ័យអាណិត ចំពោះទុក្ខលំបាករបស់យើង។
ព្រះទ័យអាណិតរបស់ព្រះគ្រីស្ទចំពោះទុក្ខលំបាក ដែលយើងជួប មិនមែនផ្អែកទៅលើការដកពិសោធន៍ជាមួយបាប តែផ្អែកទៅលើការដកពិសោធន៍ជាមួយការល្បួង ឲ្យប្រព្រឹត្តបាប ដែលមានតែអង្គបុគ្គលមិនមានបាបសោះ ដែលអាចយល់ច្បាស់អំពីការល្បួងនោះយ៉ាងពេញលេញ។ ព្រះយេស៊ូវមិនបានបង្ហាញព្រះទ័យអាណិតពីចម្ងាយនោះទេ តែព្រះអង្គបានស្គាល់ការឈឺចាប់ និងបញ្ហាប្រឈមនៃការស៊ូទ្រាំនឹងការល្បួង ដោយផ្ទាល់។ ព្រះអង្គបានដើរតាមផ្លូវនៅលើផែនដី ដូចយើងដែរ។
ដូចនេះ ពេលណាអ្នកបានដឹងច្បាស់បំផុត អំពីការល្បួងដែលអ្នកជួបប្រទះ និងដឹងច្បាស់បំផុត អំពីភាពកម្សោយរបស់អ្នក អ្នកអាចអនុវត្តដូចតទៅ។ ចូរកុំពឹងផ្អែកទៅលើប្រាជ្ញារបស់លោកីយ៍ របស់ «សម្ដេចសង្ឃ» នៃសតវត្សរ៍ទី២១ ដែលប្រាប់អ្នកថា ការល្បួង គឺជាសេចក្តីប៉ងប្រាថ្នាសម្រាប់ឲ្យអ្នករីករាយសប្បាយ និងថា ការស្គាល់កំហុសគឺជាការធ្វើបាបខ្លួនឯង ដែលត្រូវបដិសេធ ហើយថា ភាពអាម៉ាស់តែងតែគ្មានប្រយោជន៍ និងមិនចាំបាច់។ ផ្ទុយទៅវិញ ចូរងាកបែរមករកសម្ដេចសង្ឃដ៏ធំប្រសើរ ដែលប្រាប់អ្នកថា ការល្បួងគឺជាអ្វីដែលអ្នកត្រូវជម្នះ ហើយទ្រង់ក៏បានប្រទានកម្លាំងឲ្យអ្នកអាចឈ្នះការល្បួង (១កូរិនថូស ១០:១៣) ហើយក៏បានធានាអ្នកថា ព្រះអង្គបានទទួលយកកំហុស និងក្តីអាម៉ាសរបស់អ្នក ដាក់លើអង្គទ្រង់ និងបានដកចេញ កាលព្រះអង្គសុគតនៅលើឈើឆ្កាងរួចហើយ ដូចនេះ អ្នកគ្រាន់តែចុះចូលបំណងព្រះទ័យព្រះអង្គ។
ទំនាក់ទំនងជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ពិតជាមានភាពស្រស់ស្អាតនៅត្រង់ចំណុចដែលថា អ្នកអាចមានទំនុកចិត្តនៅក្នុងការចូលទៅចំពោះព្រះ ដែលបានសុគត ដើម្បីឲ្យអ្នកអាចប្រកាន់ខ្ជាប់នូវជំនឿ ដែលអ្នកបានប្រកាស។ អ្នកអាចចូលទៅក្នុងព្រះវត្តមានព្រះអង្គជាទៀងទាត់ ដោយការបន្ទាបខ្លួន និងទំនុកចិត្ត ដោយព្រះអង្គបានស្វាគមន៍អ្នកតាមរយៈព្រះគ្រីស្ទ ដែលយល់អំពីទុក្ខលំបាកអ្នកយ៉ាងឥតខ្ចោះ។
ហើយនៅទីបំផុត ពេលអ្នកបានរស់នៅក្នុងនគរស្ថានសួគ៌អស់កល្បជានិច្ច អ្នកនឹងគ្មានអ្វីទៀត ដែលត្រូវការឲ្យព្រះគ្រីស្ទទូលអង្វរឲ្យអ្នកទៀតទេ។ អ្នកនឹងគ្រាន់តែឈរនៅចំពោះព្រះអង្គ ដោយការថ្វាយបង្គំ សរសើរតម្កើងព្រះអង្គ ដែលបានអញ្ជើញអ្នក ចូលទៅក្នុងព្រះវត្តមានដ៏ឥតខ្ចោះរបស់ព្រះអង្គ។ ទំរាំដល់ពេលនោះ ចូរទូលសូមព្រះអង្គគង់នៅជាមួយអ្នក ខណៈពេលដែលអ្នកតយុទ្ធនឹងការល្បួង និងខិតខំស្តាប់បង្គាប់ព្រះអង្គនៅថ្ងៃនេះ ដោយដឹងថា ព្រះអង្គធ្លាប់បានប្រឈមមុខដាក់ និងការជម្នះការល្បួង ដោយផ្ទាល់។
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ២:៥-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣២-៣៤ និងម៉ាថាយ ៤