ព្រឹក

ផ្តល់កិត្តិយសដល់អ្នកទន់ខ្សោយ
ដោយDave Branon
May 7, 2025
២សាំយ៉ូអែល ៩:១-១០
តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច។ ២សាំយ៉ូអែល ៩:៧
មានកីឡាប្រភេទថ្មីមួយ នៅសម្រាប់សិស្សវិទ្យាល័យ ហើយកីឡាប្រភេទថ្មីមួយនេះ ស្ថិតក្នុងចំណោមការប្រកួតដែលនាំមកនូវការលើកទឹកចិត្តខ្លាំងបំផុត ដែលយើងធ្លាប់បានឃើញ។ កីឡានេះមានធាតុផ្សំជាច្រើន ដូចកីឡាផ្សេងដែលមានអ្នកគាំទ្រស្រែកហូរលើកទឹកចិត្ត មានអាប៊ីត និងក្តារកត់ពិន្ទុ។ ប៉ុន្តែ វាមានចំណុចខុសប្លែកដ៏សំខាន់មួយនៅត្រង់ថា ក្រុមនីមួយៗមានសមាជិក៥នាក់ ដែលក្នុងចំណោមនោះ មានកីឡាករពីរនាក់មានកាយសម្បទាគ្រប់គ្រាន់ ហើយ៣នាក់ទៀតជាជនពិការ ក្នុងទម្រង់ណាមួយ។ សកម្មភាពនៃការប្រកួតក្នុងទីលាន ធ្វើឲ្យទស្សនិកជនមានចិត្តរំភើបណាស់ ខណៈពេលដែលកីឡាករជួយគ្នា លើកទឹកចិត្ត និងកំឡាចិត្តគ្នាទៅវិញទៅមក ទោះពួកគេស្ថិតនៅក្នុងក្រុមផ្សេងគ្នាក៏ដោយ។ គោលបំណងធំបំផុតរបស់កីឡានេះ គឺដើម្បីលើកទឹកចិត្តសិស្ស ដែលមិនមានឱកាសដកពិសោធនឹងភាពសប្បាយរីករាយ ក្នុងការប្រកួតកីឡា ដូចអ្នកផ្សេង។
ការផ្តល់កិត្តិយស និងឲ្យតម្លៃសិស្សយ៉ាងដូចនេះ អាចកើតមានបាន ដោយសារសាលារៀននេះមានថ្នាក់ដឹកនាំប្រកបដោយប្រាជ្ញា និងមានម្ចាស់ការ។ ហើយការប្រឹងប្រែងរបស់ពួកគេ បានក្រើនរំឭកយើង អំពីគំរូដ៏ល្អដែលស្តេចដាវីឌបានបន្សល់ទុកឲ្យ ក្នុងព្រះគម្ពីរប៊ីប។
នៅសម័យរបស់ស្តេចដាវីឌ គេមានទម្លាប់និយាយថា មនុស្សខ្វាក់ និងពិការជើង មិនអាចចូលវាំងបានទេ(២សាំយ៉ូអែល ៥:៨)។ គេនិយាយដូចនេះ ក្នុងន័យធៀប សំដៅមកលើខ្មាំងសត្រូវរបស់ទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ស្តេចដាវីឌបានសម្រេចព្រះទ័យ នាំព្រះអង្គម្ចាស់មភីបូសែត ជាបុត្រារបស់ព្រះអង្គម្ចាស់យ៉ូណាថាន ដែលពិការជើងទាំងសងខាង ឲ្យចូលទៅក្នុងព្រះរាជវាំងរបស់ទ្រង់ ហើយបានប្រទានកិត្តិយសឲ្យព្រះអង្គម្ចាស់មភីបូសែតបានអង្គុយនៅតុជាមួយទ្រង់ផងដែរ(៩:៧)។
សាវ័កប៉ុលក៏បានបង្រៀនយើងយ៉ាងច្បាស់ អំពីរបៀបដែលយើងត្រូវប្រព្រឹត្តចំពោះអ្នកដទៃ។ “ខាងឯសេចក្ដីស្រឡាញ់ជាបងជាប្អូន នោះចូរមានចិត្តថ្នមគ្នាទៅវិញទៅមកចុះ ខាងឯសេចក្ដីរាប់អាន នោះឲ្យខំរាប់អានគេជាមុន”(រ៉ូម ១២:១០)។
ចូរយើងអនុវត្តនូវការរស់នៅដែលមានការរួបរួម ដោយប្រាកដថា យើងត្រូវផ្តល់កិត្តិយសដល់មនុស្សទាំងអស់ ដែលយើងជួប ដោយសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។—Dave Branon
តើអ្នកអាចលើកទឹកចិត្តមនុស្ស ដែលមានទំនាក់ទំនងជាមួយអ្នក ដូចម្តេចខ្លះ? តើការផ្តល់កិត្តិយសដល់អ្នកដទៃ មានអត្ថន័យយ៉ាងណាចំពោះអ្នក?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញព្រះគុណ និងសេចក្តីសប្បុរស ចំពោះមនុស្សដែលត្រូវការសេចក្តីស្រឡាញ់ និងជំនួយរបស់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១-៣ និង លូកា ២៤:១-៣៥
ប្រភេទ
ល្ងាច

យើងរាល់គ្នាសុទ្ធតែថ្វាយបង្គំអ្វីមួយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 7, 2025
«អញនឹងធ្វើឲ្យសេចក្តីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា លោកជាព្រះរបស់យើងខ្ញុំ នោះនឹងត្រូវបែរខ្នងចេញវិញ ហើយនឹងមានសេចក្តីខ្មាសជ្រប់មុខផង» (អេសាយ ៤២:១៦-១៧)។
លោក បប់ ឌីលិន (Bob Dylan) បាននិពន្ធបទចម្រៀងមានចំណងជើងថា អ្នកត្រូវតែបម្រើនរណាម្នាក់។1 ជាការពិតណាស់ យើងម្នាក់ៗសុទ្ធតែថ្វាយបង្គំអ្វីមួយ។ តែយើងត្រូវសួរថា យើងកំពុងថ្វាយបង្គំអ្វី?
មានពេលញឹកញាប់ពេកហើយដែល ក្នុងភាពឥតប្រយោជន៍របស់មនុស្ស យើងបានធ្លាក់ខ្លួនពឹងផ្អែកទៅលើរបស់អ្វីដែលយើងបានច្នៃបង្កើតដោយដៃ ហើយថ្វាយបង្គំពួកវា។ ក្នុងប្រវត្តិសាស្ត្រមនុស្សទាំងមូល ឫសគល់នៃបញ្ហារបស់មនុស្សជាតិ គឺស្ថិតនៅត្រង់ថា យើងបានបង្កើតព្រះក្លែងក្លាយ ហើយស្វែងរកសេចក្តីសង្គ្រោះក្លែងក្លាយពីព្រះទាំងនោះ។ យើងថ្វាយបង្គំរូបព្រះទាំងនេះក្នុងចិត្តយើង ជំនួសឲ្យព្រះពិត។ យើងមិនបានមើលទៅព្រះអង្គ ដោយចិត្តប្ដូរផ្តាច់ និងទទួលព្រះអង្គជាប្រភពនៃការស្កប់ចិត្តឡើយ តែផ្ទុយទៅវិញ យើងទទួលយករបស់ល្អៗដែលព្រះអង្គបានបង្កើតឲ្យយើងអរសប្បាយ ហើយកែប្រែពួកវាឲ្យក្លាយជារូបព្រះ ដើម្បីជំនួសព្រះអង្គដោយភាពល្ងង់ខ្លៅ។
លោកស៊ី.អេស. លូអ៊ីស (C.S. Lewis) បានបកស្រាយយ៉ាងដូចនេះថា «យើងជាមនុស្សដែលក្តៅមិនក្តៅត្រជាក់មិនត្រជាក់ ដែលស្វែងរកការសប្បាយភ្លើតភ្លើន គ្រឿងស្រវឹង ទំនាក់ទំនងផ្លូវភេទ និងមហិច្ឆតា ខណៈពេលដែលព្រះអម្ចាស់បានដាក់ក្តីអំណរដ៏ស្ថិតស្ថេរ នៅចំពោះមុខយើងជាស្រេច គឺមិនខុសពីក្មេងល្ងង់ម្នាក់ ដែលចង់បន្តធ្វើនំពីភក់ ក្នុងតំបន់អនាធិបតេយ្យ ព្រោះគាត់មិនអាចយល់ អំពីការសប្បាយ ដែលគាត់អាចទទួលបាននៅក្នុងពេលវិស្សមកាលនៅសមុទ្រ។ យើងពិតជាងាយនឹងពេញចិត្តពេកហើយ។2»
ទោះយើងបានយករូបព្រះអ្វីមកជំនួសព្រះក្នុងចិត្តយើងក៏ដោយ ក៏ពួកវាមិនអាចជួយយើងបានឡើយ។ គឺដូចដែលហោរា អេសាយ បានបកស្រាយច្បាស់ថា ពួកវាមិនអាចប្រាប់យើងពីពេលអនាគត ឬជួយយើងជញ្ជឹងគិតអំពីពេលអតីតកាល ឬផ្តល់ការប្រឹក្សាដល់យើងឡើយ។ ពួកវាមិនអាចឆ្លើយសំណួរយើង ខុសពីការរំពឹងចង់បានរបស់យើង (អេសាយ ៤១:២២-២៣, ២៨-២៩)។
មានតែព្រះពិតដ៏រស់ទេ ដែលជ្រាបអ្វីៗទាំងអស់តាំងពីដើមដល់ចប់។ ព្រះអង្គមានបន្ទូលមកកាន់យើង ហើយប្រាប់អំពីអ្វីដែលនឹងកើតឡើង។ ព្រះអង្គបណ្ដេញភាពងងឹត ដោយពន្លឺ។ ព្រះអង្គជំនួស «ភាពរលាក់» នៃការអាក្រក់ ដោយ «ដីរាបស្មើ» នៃសេចក្តីសុចរិត។ ទោះកាលពីមុន យើងបានបែរខ្នងដាក់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានចាត់ព្រះយេស៊ូវឲ្យយាងចុះមកផែនដី ដោយព្រះយេស៊ូវជាអ្នកបម្រើរបស់ព្រះអង្គ និងជាអ្នកប្រឹក្សាយោបល់ដ៏អស្ចារ្យរបស់យើង។
យើងប្រឈមមុខដាក់រូបព្រះជាប់ជានិច្ច ដោយពួកវាតែងតែទាក់ទាញចំណាប់អារម្មណ៍ និងបញ្ឆោតយើងឲ្យស្វែងរកការស្កប់ចិត្តក្នុងពួកវា ជាជាងក្នុងព្រះអម្ចាស់។ តើរូបព្រះអ្វីដែលស្រែកហៅអ្នក ដោយសម្លេងឮខ្លាំងបំផុត? ចូរដឹងថា ពួកវាកំពុងកុហកអ្នក (ទោះពួកវាមិនប្រាប់អ្នកថា ពួកវាកុហកអ្នកក៏ដោយ)។ ព្រះបន្ទូលព្រះដាស់តឿនយើងអំពីភាពអាម៉ាស់នៅក្នុងការថ្វាយបង្គំពួកវា និងនាំយើងទៅរកផ្លូវល្អជាង ដែលជាការស្វែងរកការស្កប់ចិត្ត ក្នុងការបម្រើ និងទទួលការបម្រើពីព្រះអង្គ។
អ្នកត្រូវតែបម្រើនរណាម្នាក់នៅថ្ងៃនេះ។ តែត្រូវប្រាកដថា អ្នកបម្រើព្រះដ៏រស់ ដែលមានក្តីស្រឡាញ់។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១:១៦-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ២៦-២៨ និងម៉ាថាយ ២
1 លោក Bob Dylan, “Gotta Serve Somebody” (ឆ្នាំ១៩៧៩)។
2 ដកស្រង់ចេញពីសៀវភៅ “The Weight of Glory,” in The Weight of Glory and Other Addresses (លោក Harper Collins ឆ្នាំ២០០១) ទំព័រ២៦។