ព្រឹក

មេរៀនទទួលបានពីទុក្ខលំបាក
ដោយTim Gustafson
May 10, 2025
លោកុប្បត្តិ ២៩:៣១-៣៥
នាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា។ លោកុប្បត្តិ ២៩:៣៥
ថ្ងៃមួយ អ្នកស្រីដូនណា(Donna) ជាម្តាយដែលមានកូនបីនាក់ បាននិយាយថា “ខ្ញុំមិនចូលចិត្តទិវាអ្នកម្តាយទាល់តែសោះ។ វាបានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំមានចំណុចខ្វះខាត និងបរាជ័យដែលខ្ញុំធ្លាប់មាន និងកំពុងមាន ក្នុងនាមខ្ញុំជាម្តាយ”។
អ្នកស្រីដូនណាបានចាប់ផ្តើមជីវិតជាម្តាយ ដោយការរំពឹងខ្ពស់ពេក។ ការពិតដែលគាត់បានឃើញជាក់ស្តែង ក៏បានធ្វើឲ្យគាត់មានការរំពឹងទាបជាងមុន។ គាត់ថា “ការធ្វើជាម្តាយគេ គឺជាភារកិច្ចដែលពិបាកបំផុត ដែលខ្ញុំបានធ្វើ”។ ក្នុងចំណោមកូនៗរបស់គាត់ មានកូនម្នាក់ដែលបានធ្វើឲ្យគាត់អស់ភាពអត់ធ្មត់។
កាលព្រះទ្រង់ជ្រើសរើសនាងឡេអា ឲ្យជាបុព្វបុរសរបស់សាសន៍អ៊ីស្រាអែល យើងអាចដឹងច្បាស់ថា គាត់ប្រាកដជាមានការរំពឹងខ្ពស់ សម្រាប់កូនរបស់គាត់ម្នាក់ៗ។ គាត់បានដាក់ឈ្មោះឲ្យកូនប្រុសដំបូង៤នាក់ ស្របទៅតាមស្ថានភាពដ៏ពិបាករបស់គាត់(លោកុប្បត្តិ ២៩:៣២-៣៥)។ ប៉ុន្តែ នៅពេលដែលព្រះគម្ពីរប៊ីបបាននិយាយអំពីរឿងដ៏ខ្មៅងងឹត យើងឃើញថា ពួកកូនប្រុសទាំងនេះក៏បានដើរតួជាមនុស្សអាក្រក់។ ខ្លះមានកំហុស ដោយសារបានសម្លាប់គេ(៣៤:២៤-៣០) និងលក់គេឲ្យធ្វើជាទាសករ(៣៧:១៧-២៨)។ ក្នុងការពិពណ៌នាកាន់តែធ្ងន់ធ្ងរក្នុងព្រះគម្ពីរប៊ីប យើងឃើញថា កូនប្រុសគាត់ ឈ្មោះយូដា គឺជាជនកំណាច(ជំពូក ៣៨)។
ប៉ុន្តែ ព្រះទ្រង់បានសម្រេចព្រះទ័យបញ្ជូនព្រះមែស៊ី ឲ្យយាងមកចាប់កំណើតជាមនុស្ស នៅក្នុងវង្សត្រកូលរបស់កូនចៅរបស់នាងឡេអា ដែលរាប់បញ្ចូលទាំងលោកយូដាផងដែរ ទោះគាត់បានប្រព្រឹត្តខុសក៏ដោយ។ ព្រះអង្គបានរៀបចំឲ្យមានការប្រោសលោះមនុស្សជាតិឲ្យរួចពីបាប តាមរយៈកាលៈទេសៈដែលពិបាកបំផុត និងតាមរយៈមនុស្សដែលគេមិនរំពឹងថា ព្រះអង្គនឹងប្រើ។
អ្នកស្រីដូនណា ក៏បានយល់អំពីសេចក្តីពិតនេះ។ ខណៈពេលដែលគាត់ប្រឈមមុខដាក់បញ្ហាប្រឈមទាំងអស់ ក្នុងការចិញ្ចឹមកូន គាត់បានបន្តដំណើរទៅមុខទៀត និងបន្តអធិស្ឋាន ទោះគាត់មិនតែងតែរកឃើញចម្លើយ សម្រាប់បញ្ហារបស់គាត់ក៏ដោយ។ ហើយចុះចំណែកកូនដែលធ្វើឲ្យគាត់អត់ភាពអត់ធ្មត់? សព្វថ្ងៃនេះ កូននោះបានចម្រើនវ័យធំឡើង ដោយស្រឡាញ់ និងគោរពម្តាយរបស់គាត់។ អ្នកស្រីដុនណាបានក្រឡេកមកក្រោយ ហើយនិយាយថា “ព្រះអង្គប្រហែលជាបានចាត់គាត់មក ឲ្យធ្វើជាកូនរបស់ខ្ញុំ ដើម្បីបង្រៀនខ្ញុំ ឲ្យស្គាល់ខ្លួនឯង និងស្គាល់ព្រះអង្គកាន់តែច្បាស់”។—Tim Gustafson
តើអ្នកបានជួបការខកចិត្តខ្លាំងបំផុត នៅត្រង់ចំណុចណានៃជីវិតអ្នក? តើអ្នកបានរៀនសូតអ្វីខ្លះ អំពីព្រះតាមរយៈបញ្ហានេះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ក្នុងគ្រប់ការទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២
ប្រភេទ
ល្ងាច

កិច្ចព្រមព្រៀង និងលក្ខខណ្ឌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 10, 2025
«អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ។ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនិងដំណឹងល្អ នោះនឹងបានជីវិតវិញ» (ម៉ាកុស ៨:៣៤-៣៥)។
នៅពេលណាអ្នកទទួលយកសេវាកម្មអ្វីមួយពីវិបសាយណាមួយតាមអនឡាញ។ ជាញឹកញាប់ គេតម្រូវឲ្យអ្នកមានការយល់ព្រម ចំពោះកិច្ចព្រមព្រៀង និងលក្ខខណ្ឌនៃការប្រើប្រាស់។ ហើយពេលណាយើងបានចុចពីលើប្រអប់ «ខ្ញុំយល់ព្រម» កាតក្រេឌីត វេទិកាបណ្ដាញសង្គម ឬវិបសាយទាំងនោះនឹងជួនដំណឹងយើងពីពេលមួយទៅពេលមួយឲ្យយើងដឹងថា គោលការណ៍ច្បាប់របស់ពួកគេមានការផ្លាស់ប្ដូរ ហើយដើម្បីឲ្យយើងបន្តប្រើសេវាដែលពួកគេបានផ្តល់ឲ្យយើងត្រូវយល់ព្រម ចំពោះលក្ខខណ្ឌថ្មីនោះ។
ការផ្លាស់ប្ដូរដូចនេះ អាចកើតមានញឹកញាប់ និងយើងមិនងាយចាប់អារម្មណ៍។ យើងមិនអាចកត់សម្គាល់ ឬតាមដានការផ្លាស់ប្ដូរទាំងនោះឲ្យបានគ្រប់ជ្រុងជ្រោយឡើយ។ ប៉ុន្តែ អរព្រះគុណព្រះអង្គ កិច្ចព្រមព្រៀង និងលក្ខខណ្ឌសម្រាប់ការរស់នៅជាអ្នកដើរតាមព្រះគ្រីស្ទ មិនដែលមានការផ្លាស់ប្ដូរទេ។ គេមិនអាចលុបចោល ឬបន្ថែមបន្ថយលក្ខខណ្ឌទាំងនោះស្របតាមចំណង់ចំណូលចិត្តយើងបានឡើយ ព្រោះព្រះអម្ចាស់បានកំណត់ពួកវាមក។ ក្នុងបទគម្ពីរខាងលើនេះ ព្រះរាជបុត្រានៃព្រះបានកំណត់ «កិច្ចព្រមព្រៀង និងលក្ខខណ្ឌ» សម្រាប់ការរស់នៅជារាស្ត្រព្រះអង្គ និងទទួលជីវិតអស់កល្បជានិច្ច។
ជួនកាល យើងច្រើនតែរស់នៅតាមរបៀបដែលធ្វើមើលតែយើងត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីស្តាប់បង្គាប់ព្រះអម្ចាស់។ តែផ្ទុយទៅវិញ ព្រះគម្ពីរប៊ីបបានចែងថា នៅពេលណាយើងទទួលជឿព្រះយេស៊ូវ ជាការឆ្លើយតបចំពោះដំណោះស្រាយ និងព្រះគុណរបស់ព្រះអង្គ(អេភេសូរ ២:៨) ព្រះគុណព្រះអង្គក៏ទ្រទ្រង់យើង និងជួយឲ្យយើងអាចបន្តដើរតាមព្រះអង្គ(ភីលីព ១:៦)។ ព្រះអង្គបានកែប្រែចិត្តគំនិត សីលធម៌ អាកប្បកិរិយា និងផ្លូវរបស់យើង ដើម្បីឲ្យយើងអាចចុះចូលនឹងការគ្រប់គ្រងរបស់ព្រះ ដែលយើងបានប្រកាសថា ព្រះអង្គមានគ្រប់ចេស្ដា។
ក្នុងចំណោមលក្ខខណ្ឌសម្រាប់ការដើរតាមព្រះគ្រីស្ទមានលក្ខខណ្ឌមួយ ដែលតម្រូវឲ្យយើងឈប់រស់នៅ សម្រាប់ខ្លួនឯងទៀត។ អត្តសញ្ញាណ និងគោលដៅរបស់បុគ្គលម្នាក់ៗ មិនមែនជាអាទិភាពនោះទេ។ ផ្ទុយទៅវិញ យើងត្រូវផ្លាស់ប្រែ ដើម្បីបង្កើតផលផ្លែ ដែលលោកីយ៍អាចមើលឃើញ តាមរយៈការរួបរួមយើងជាមួយព្រះគ្រីស្ទ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យលះចោលការថ្វាយបង្គំខ្លួនឯងទាំងស្រុង។
យើងលីឈើឆ្កាង ហើយដើរតាមព្រះអង្គ គឺតាមរយៈការបដិសេធន៍ខ្លួនឯង។ គួរឲ្យសោកស្តាយណាស់ ដែលគេច្រើនតែបន្ទាបតម្លៃរបស់ពាក្យប្រៀបប្រដូចអំពី «ការលីឈើឆ្កាង» បានជាយើងត្រូវចាំថា ការជាប់ឆ្កាង គឺជាការប្រហារជីវិតដែលសាហាវ និងអាក្រក់បំផុត ដែលមនុស្សជាតិបានបង្កើតមក។ នៅក្នុងការមានបន្ទូលអំពីការលីឈើឆ្កាង ព្រះយេស៊ូវកំពុងមានបន្ទូលសង្កត់ធ្ងន់ថា ការបង្កើតសិស្សតម្រូវឲ្យមានការលះបង់ធំ។
ប៉ុន្តែ ព្រះគ្រីស្ទមិនមែនកំពុងត្រាស់ហៅយើងឲ្យធ្វើអ្វីមួយ ដែលព្រះអង្គមិនទាន់បានធ្វើនោះទេ។ ព្រះអង្គបានបង់ថ្លៃលោះយើងនៅលើឈើឆ្កាង (១កូរិនថូស ៦:២០)។ ដូចនេះ ការដើរជាមួយព្រះអង្គក្នុងការបង្កើតសិស្ស គឺជាការដើរទៅរកការស្លាប់នៃជីវិតចាស់ និងឆ្ពោះទៅរកជីវិតអស់កល្ប។ គឺមិនមែនជាការដើរលេង តែជាយញ្ញបូជារស់ ព្រោះយើងមិនមែនជាកម្មសិទ្ធិខ្លួនឯងទេ។ ប៉ុន្តែ ចូរមានសង្ឃឹមឡើង ការដើរនោះក៏មានភាពស្រស់ស្អាតផងដែរ។ ថ្ងៃមួយ កូនមនុស្សនឹងវិលត្រឡប់មកវិញ ដោយព្រះចេស្ដា និងសិរីល្អ ហើយប្រោសលោះអ្វីដែលបានបាក់បែកក្នុងនគរព្រះអង្គ។ ទំរាំដល់ពេលនោះ ការលះបង់ជីវិត ដើម្បីនគរព្រះ គឺជាការលះបង់ដ៏ប្រសើរ ទោះមានទំហំប៉ុណ្ណាក៏ដោយ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ៣:១៣-៤:១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ជនគណនា ៣៥-៣៦ និងម៉ាថាយ ៥:១-២៦