ព្រឹក

ស្លាប់ដោយមិនស្តាយក្រោយ
ដោយJohn Blase
May 11, 2025
លូកា ១២:១៣-២១
ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ។ លូកា ១២:២០
នៅពេលដែលមនុស្សដឹងថា ខ្លួនជិតដល់ពេលស្លាប់ ពួកគេមិនដែលនិយាយអំពីរបស់ទ្រព្យ ដែលពួកគេបានចំណាយពេលជាញឹកញាប់ក្នុងជីវិត ដើម្បីដេញតាមពួកវានោះឡើយ។ អ្នកគ្រូ ប្រូនី វែរ(Bronnie Ware) ជាពេទ្យជំនាញថែទាំអ្នកជំងឺដែលជិតស្លាប់ បានសង្កេតឃើញអ្នកជំងឺជាច្រើនមានការឆ្លើយតបដូចនេះ នៅពេលដែលគាត់អង្គុយនៅក្បែរអ្នកជំងឺដែលជិតដល់ពេលលាចាកលោក ។ គាត់បានសួរពួកគេដោយត្រង់ៗថា “តើអ្នកនឹងធ្វើអ្វីៗ ឲ្យត្រឹមត្រូវឡើងវិញទេ បើអ្នកមានឱកាសធ្វើម្តងទៀត?” គាត់ទទួលបានចម្លើយដូចគ្នាជាច្រើន ហើយក៏បានប្រមូលផ្តុំចម្លើយដាក់ក្នុងបញ្ជីការស្តាយក្រោយធំបំផុត៥យ៉ាង ដែលមនុស្សមាន នៅពេលពួកគេជិតស្លាប់ ដែលមានដូចជា (១) ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនមានចិត្តក្លាហាន ដើម្បីរស់នៅឲ្យត្រូវនឹងចារិកលក្ខណៈពិតរបស់ខ្ញុំ។ (២) ខ្ញុំស្តាយណាស់ ដែលខ្ញុំខិតខំធ្វើការងារខ្លាំងពេក។ (៣) ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនមានចិត្តក្លាហាន ដើម្បីបង្ហាញអារម្មណ៍ពិតរបស់ខ្ញុំ។ (៤) ខ្ញុំស្តាយណាស់ ដែលមិនបានទំនាក់ទំនងជាមួយមិត្តភក្តិឲ្យបានជាប់លាប់។ ហើយ (៥) ខ្ញុំស្តាយណាស់ ដែលខ្ញុំមិនបានរស់នៅ ឲ្យបានសប្បាយចិត្តជាងនេះ។
ការស្តាយក្រោយរបស់អ្នកជំងឺ ដែលអ្នកគ្រូបានលើកឡើងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានចែកចាយ នៅក្នុងបទគម្ពីរ លូកា ជំពូក១២។ បុរសអ្នកមានម្នាក់បានសម្រេចចិត្តសង់ជង្រុកឲ្យធំជាងមុន ដើម្បីស្តុកទុកផលដំណាំដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រោយមក គាត់ក៏បានប្រាប់ខ្លួនឯងថា គាត់នឹងរស់នៅ លើគំនរទ្រព្យសម្បត្តិ ឲ្យបានសប្បាយចិត្ត ដោយការសម្រាកលំហែ រហូតដល់ថ្ងៃស្លាប់(ខ.១៨-១៩)។ តែនៅពេលនោះ ព្រះទ្រង់ក៏បានឆ្លើយតប ដោយសំណួរធ្ងន់ៗថា “ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ?”(ខ.២០)។
តើយើងអាចស្លាប់ ដោយគ្មានការស្តាយក្រោយទាល់តែសោះបានទេ? យើងពិបាកដឹង ឲ្យបានច្បាស់អំពីរឿងនេះ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានបង្រៀនឲ្យយើងបានដឹងច្បាស់ថា ការបង្គរទ្រព្យទុកសម្រាប់ខ្លួនឯង នៅលើផែនដី គឺជាទង្វើអសារឥតការ។ ភាពមានបានពិតប្រាកដ កើតចេញពីជីវិតដែលមានការលះបង់នៅក្នុងព្រះ។—John Blasé
ចុះបើសិនជាព្រះទ្រង់ដកជីវិតអ្នកនៅថ្ងៃនេះ? តើអ្វីដែលអ្នកកំពុងធ្វើ ជាទង្វើឆ្លាតវៃ ឬល្ងង់ខ្លៅ? តើហេតុអ្វី?
ឱព្រះយេស៊ូវ ពេលណាសេចក្តីស្លាប់ត្រូវមកដល់ ទូលបង្គំចង់មានការស្តាយក្រោយតិចបំផុត។
សូមព្រះអង្គជួយទូលបង្គំ ឲ្យរស់នៅ ដោយប្រាជ្ញា ដោយកសាងជីវិតដែលមានបាន នៅក្នុងព្រះអង្គ។
For further study, read Die First, Then Comes the End at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨
ប្រភេទ
ល្ងាច

ឆ្លងកាត់ជ្រលងនៃការសម្រេចចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 11, 2025
«តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ និងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ» (នាងរស់ ១:១៦)។
មានពេលជាច្រើនក្នុងជីវិតយើង ដែលតម្រូវឲ្យយើងធ្វើការសម្រេចចិត្ត។ ហើយលោកគ្រូគង្វាល រីកូ ថាយ (Rico Tice) ដែលជាអ្នកនិពន្ធបានមានប្រសាសន៍ថា «ដែលយើងធ្វើការសម្រេចចិត្តយ៉ាងណា នោះជីវិតយើងក៏នឹងប្រែជាបែបនោះ»។1
បន្ទាប់ពីអ្នកស្រីន៉ាអូមីបានជួបសោកនាដកម្មផ្ទួនៗបីលើក ដោយស្វាមី និងកូនប្រុសទាំងពីរនាក់បានបាត់បង់ជីវិតនៅលើទឹកដីសាសន៍ម៉ូអាប់ គាត់ក៏បានសម្រេចចិត្តវិលត្រឡប់មកស្រុកកំណើតនៅភូមិបេថ្លេហិមវិញ។ ប៉ុន្តែ គាត់មិនបានបង្ខំនាងរស់ និងនាងអ័រប៉ា ជាកូនប្រសាស្រីឲ្យរួមដំណើរជាមួយគាត់ទេ។ ផ្ទុយទៅវិញ គាត់បានជំរុញពួកគេឲ្យបន្តរស់នៅក្នុងស្រុកម៉ូអាប់ ជាស្រុកកំណើតទៀត ដោយរៀបការជាមួយអ្នកផ្សេង និងរស់នៅឲ្យមានក្តីសុខ (នាងរស់ ១:៨-៩)។ ពេលនោះ នាង រស់ និងនាង អូប៉ា ក៏បានប្រឈមមុខដាក់ការសម្រេចចិត្ត ដែលនាំឲ្យមានការផ្លាស់ប្ដូរក្នុងជីវិត។
ជីវិតរបស់ស្ត្រីទាំងបីនាក់នេះមានការជាប់ទាក់ទងគ្នាយ៉ាងស្អិតល្មួត។ ពួកគេធ្លាប់រស់នៅជាមួយគ្នា ឆ្លងកាត់ការបាត់បង់ទាំងអស់គ្នា និងសោកសង្រេង ហើយទួញយំជាមួយគ្នា។ ទីបំផុត នាង អ័រប៉ា ក៏បានសម្រេចចិត្តបន្តរស់នៅក្នុងស្រុកម៉ូអាប់ ហើយនាង រស់ សម្រេចចិត្តធ្វើដំណើរទៅភូមិបេថ្លេហិម ជាមួយនាង ន៉ាអូមី។ ជាពិសេស នាង អ័រប៉ា បានធ្វើនូវរឿងដែលគេរំពឹងថា នឹងកើតឡើង និងអាចយល់បាន។ ចំណែកឯនាង រស់ វិញ នាងក៏បានបោះបង់ចោលកន្លែងដែលនាងស្គាល់ ទៅកន្លែងដែលនាងមិនស្គាល់ដែរ។
នាងបានបោះបង់ចោលឱកាសរៀបការជាមួយអ្នកផ្សេង ដើម្បីតាមបម្រើម្តាយក្មេកដែលមានវ័យចាស់ និងគ្មានទីពឹង។ នាង រស់ ដឹងថា ការសម្រេចចិត្តរបស់នាងមិនគួរផ្អែកទៅលើការគិតអំពីកន្លែងដែលនាងស្គាល់ មានសុវត្ថិភាព ឬមានមនុស្សដែលនាងស្គាល់នោះទេ។ ការសម្រេចចិត្តពេលនោះនឹងកែប្រែជីវិត និងជោគវាសនារបស់នាង។ ការបន្តរស់នៅក្នុងស្រុកម៉ូអាប់ គឺមានន័យថា នាងនឹងបន្តរស់នៅជាមួយព្រះក្លែងក្លាយ ដែលនាងបានថ្វាយបង្គំពីក្មេងមក និងបែរខ្នងដាក់អ្វីៗដែលនាងបានស្គាល់ តាមរយៈនាង ន៉ាអូមី អំពីព្រះរបស់លោកអ័ប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប។ ព្រះរបស់នាង ន៉ាអូមី បានក្លាយជាព្រះរបស់នាង រស់។ ហេតុនេះហើយ នាងបានសម្រេចចិត្តបន្តរស់នៅជាមួយនាង ន៉ាអូមី។
ការសម្រេចចិត្តរបស់នាង រស់ ក្នុងការធ្វើដំណើរទៅភូមិបេថ្លេហិមបានចង្អុលបង្ហាញយើងឲ្យឆ្លងកាត់ជ្រលងនៃការសម្រេចចិត្ត ដែលព្រះយេស៊ូវបានត្រាស់ហៅយើងម្នាក់ៗ ដោយមានបន្ទូលថា៖ តើអ្នកចង់ធ្វើជាសិស្សខ្ញុំ ឬវិលត្រឡប់ទៅជីវិតដែលអ្នកស្គាល់? តើនរណាខ្លះនឹងបោះបង់ឪពុកម្តាយ និងអ្វីៗដែលអ្នកស្គាល់ ដែលនាំមកនូវស្ថេរភាព និងសុវត្ថិភាព ដើម្បីធ្វើជាសិស្សព្រះអង្គ? (សូមមើល លូកា ១៤:២៦)។
តើយើងអាចទូលព្រះគ្រីស្ទ ដោយទំនុកចិត្តថា «ទូលបង្គំនឹងទៅកន្លែងណាដែលព្រះអង្គនាំទូលបង្គំទៅ?» តើយើងអាចប្រកាសដែរឬទេថា «ទោះទូលបង្គំ ឬគេមិនស្គាល់ផ្លូវខាងមុខ ទូលបង្គំនឹងនៅតែទៅតាមព្រះអង្គ?»
នេះមិនមែនជាការសម្រេចចិត្តដែលយើងត្រូវមាន តែនៅពេលយើងទទួលសេចក្តីសង្គ្រោះប៉ុណ្ណោះទេ។ យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃថា៖ តើយើងនឹងវិលត្រឡប់ទៅជីវិតចាស់វិញ ឬយើងនឹងដើរតាមផ្លូវនៃសេចក្តីពិត? តើយើងនឹងធ្វើការលះបង់ និងប្រថុយគ្រោះថ្នាក់ ដើម្បីដើរតាមព្រះ និងបម្រើរាស្ត្រព្រះអង្គឬទេ? ការឆ្លើយតបរបស់នាង រស់ ដោយចិត្តក្លាហាន និងស្មោះត្រង់។ ការសម្រេចចិត្តនេះ បានធ្វើជាគំរូសម្រាប់ឲ្យយើងពិចារណា អំពីសញ្ញាបត្រដែលយើងចង់រៀនយក អាជីពដែលយើងចង់ដេញតាម របៀបដែលយើងប្រើពេលវេលា និងលុយកាក់របស់យើងថ្វាយព្រះអង្គ និងកន្លែងដែលយើងនឹងរស់នៅ និងបម្រើ។ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនឹងធ្វើឲ្យយើងមានភាពខុសប្លែកពីអ្នកដទៃ ដោយប្ដេជ្ញាចិត្តទាំងស្រុងថា នឹងដើរតាមព្រះយេស៊ូវគ្រីស្ទ ជាព្រះដែលយើងនឹងពិតជារកឃើញជីវិតពេញបរិបូរ (យ៉ូហាន ១០:១០)។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៨:២៧-៣៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១-២ និងម៉ាថាយ ៦:១-១៨
1ដកស្រង់ចេញពីសៀវភៅ Faithful Leaders and the Things That Matter Most (The Good Book Company ឆ្នាំ២០២១) ទំព័រ៨៣។
ប្រភេទ
ល្ងាច

ព្រះអង្គជាអ្នកផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 11, 2025
«ន៉ាអូមី និងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ» (នាងរស់ ១:៦)។
ភូមិបេថ្លេហិម ជាទីប្រជុំជនដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រព្រះគម្ពីរ។ ក្នុងភូមិនេះស្ដេច ដាវីឌ ធ្លាប់បានឃ្វាលហ្វូងចៀមទ្រង់ មុនពេលទ្រង់ទទួលការចាក់ប្រេងតាំង ឲ្យឡើងសោយរាជ្យ។ មួយពាន់ឆ្នាំក្រោយមក នៅពេលដែលក្រុមអ្នកគង្វាលផ្សេងទៀត កំពុងមើលថែហ្វូងចៀមរបស់ខ្លួន ពួកទេវតាបានប្រកាសអំពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទក្នុងភូមិនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មុនព្រឹត្តិការណ៍សំខាន់ៗទាំងនេះ គឺមានសម័យពួកចៅហ្វាយ ដែលមានលក្ខណៈហិង្សា ភាពវឹកវរខាងសង្គម នយោបាយ និងជំនឿ។ ក្នុងសម័យនោះ ភាពអត់ឃ្លានបានកើតមាន ធ្វើឲ្យភូមិដែលឈ្មោះជាភាសាហេព្រើរប្រែមកថា «ផ្ទះដែលមាននំប៉័ង» ក្លាយជាផ្ទះដែលមានភាពអត់ឃ្លាន និងទុក្ខលំបាក។
ក្នុងកាលៈទេសៈដ៏លំបាកទាំងនេះ បុរស ឈ្មោះ អេលីម៉ាលេច បាននាំប្រពន្ធឈ្មោះន៉ាអូមី និងកូនប្រុសទាំងពីរទៅស្រុកម៉ូអាប់ ដើម្បីស្វែងរកអាហារ។ ឈ្មោះ អេលីម៉ាលេច មានន័យថា «ព្រះអម្ចាស់របស់ខ្ញុំគឺជាស្ដេច» ដូចនេះ ការដែលគាត់សម្រេចចិត្តចាកចេញពីទឹកដីសន្យាទៅរស់នៅក្នុងទឹកដីរបស់សត្រូវរបស់ពួកអ៊ីស្រាអែល អាចធ្វើឲ្យយើងឆ្ងល់ថា តើគាត់ពិតជាបានទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ ឬប្ដេជ្ញាចិត្តស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គឬទេ?
ស្រុកម៉ូអាប់ក៏បានក្លាយជាកន្លែងសោកនាដកម្មសម្រាប់ពួកគេ គឺមិនមែនជាកន្លែងសម្បូរសប្បាយទេ។ លោក អេលីម៉ាលេច និងកូនប្រុសគាត់ក៏បានស្លាប់ ដោយបន្សល់ទុកនាងន៉ាអូមី ជាស្ត្រីមេម៉ាយ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ពន្លឺនៃសេចក្តីសង្ឃឹមក៏បានលេចឡើង ក្នុងភាពងងឹតនៃការឈឺចាប់របស់នាងន៉ាអូមី ពេលដែលនាងបានទទួលដំណឹងថា ភូមិបេថ្លេហិមមានអាហារបរិភោគដូចមុន។ ព្រះអម្ចាស់បានផ្គត់ផ្គង់អាហារដល់រាស្ត្រព្រះអង្គក្នុងទឹកដីរបស់ព្រះអង្គ។
ពីរបីពាន់ឆ្នាំក្រោយមក យើងបានជួបការល្បួងឲ្យប្រញាប់មើលរំលងសេចក្តីពិតដែលថា ព្រះអម្ចាស់បំពេញតម្រូវការរបស់រាស្ត្រព្រះអង្គ។ អ្នកបានដឹង អំពីសេចក្តីសង្គ្រោះរបស់អ្នក តែអ្នកប្រហែលជាងាយនឹងភ្លេចថា ព្រះអង្គបំពេញតម្រូវការអ្នកជារៀងរាល់ថ្ងៃ! តើយើងមើលឃើញ អ្វីៗដែលព្រះអង្គកំពុងប្រទានឲ្យយើង និងធ្វើសម្រាប់យើងក្នុងជីវិតប្រចាំថ្ងៃរបស់យើងឬទេ? រៀងរាល់យប់ មុនពេលយើងចូលគេង តើយើងមានចិត្តដែលពេញទៅដោយការអរព្រះគុណព្រះអង្គ សម្រាប់ការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងឬទេ?
អាហារដែលយើងបានទទួលជារៀងរាល់ថ្ងៃ គឺជាឧទាហរណ៍ជាក់ស្ដែងនៃការផ្គត់ផ្គង់របស់ព្រះអង្គជាប្រចាំ។ គ្មាននរណាម្នាក់ ដែលដើរចុះឡើង នៅលើផ្លូវ នៅចន្លោះធ្នើរដាក់ទំនិញក្នុងហាងលក់គ្រឿងទេស ដោយចិត្តដែលស្ញប់ស្ញែង និងដឹងគុណព្រះដូចគ្រីស្ទបរិស័ទឡើយ! និយាយឲ្យខ្លី ព្រះអម្ចាស់គឺជាអ្នកដាក់អាហារចូលទូចាន ឬទូទឹកកកក្នុងផ្ទះបាយរបស់យើង។ ពេលយើងយកពងទា និងទឹកដោះគោចេញពីទូទឹកកកមក យើងអាចពោលឡើងថា «នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ» (ទំនុកតម្កើង ១១៨:២៣)។
ទោះហេតុការណ៍ក្នុងជីវិតយើងមានភាពងងឹត ឬមានការឡើងចុះយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែយកព្រះទ័យទុកដាក់ ចំពោះរាស្ត្រព្រះអង្គ និងធ្វើការក្នុងជីវិតយើង ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ។ ហើយជាញឹកញាប់ ព្រះអង្គសម្រេចព្រះទ័យធ្វើដូចនេះ តាមរយៈមនុស្សដែលយើងមិននឹកស្មានដល់ និងដោយយើងមិនដឹងខ្លួន។ ព្រះអង្គបានសម្រេចគោលបំណង ដោយធ្វើកិច្ចការដ៏ធំប្រសើរ តាមរយៈនាងន៉ាអូមី និងគ្រួសាររបស់គាត់ ហើយរឿងនេះបានចាប់ផ្ដើមដោយការផ្គត់ផ្គង់ នៅភូមិបេថ្លេហិម។ យើងក៏ចាំបាច់ត្រូវបើកភ្នែកយើងឲ្យមើលឃើញថា ការផ្គត់ផ្គង់អាហារមកពីព្រះអង្គ គឺជាការចង្អុលបង្ហាញ អំពីការផ្គត់ផ្គង់តម្រូវការធំបំផុតរបស់យើង ដែលត្រូវការព្រះប្រោសលោះយើង គឺព្រះយេស៊ូវគ្រីស្ទ និងអំពីការផ្គត់ផ្គង់ដោយការត្រាស់ហៅធំបំផុតសម្រាប់យើង «សម្រាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម» ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ (អេភេសូរ ២:១០)។
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ១៧:២៤-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូណាស និងម៉ាថាយ ៥:២៧-៤៨