នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្លាប់​ដោយ​មិន​ស្តាយ​ក្រោយ

ស្លាប់​ដោយ​មិន​ស្តាយ​ក្រោយ

ដោយJohn Blase

May 12, 2025

លូកា ១២:១៣-២១

ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​​ព្រលឹង​ឯង​ទៅវិញ​។ លូកា ១២:២០

នៅពេល​ដែល​មនុស្ស​ដឹង​ថា ខ្លួន​ជិត​ដល់​ពេល​ស្លាប់ ពួកគេ​មិន​ដែល​និយាយ​អំពី​របស់​ទ្រព្យ ដែល​ពួកគេ​បាន​ចំណាយ​ពេល​ជា​ញឹក​ញាប់​ក្នុង​ជីវិត ដើម្បី​ដេញ​តាម​ពួកវា​នោះ​ឡើយ​។ អ្នក​គ្រូ ប្រូនី វែរ(Bronnie Ware) ជា​ពេទ្យ​ជំនាញ​ថែទាំ​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ បាន​សង្កេត​ឃើញ​អ្នក​ជំងឺ​ជា​ច្រើន​មាន​ការ​ឆ្លើយតប​ដូច​នេះ នៅពេល​ដែល​គាត់​អង្គុយ​នៅ​ក្បែរ​អ្នក​ជំងឺ​ដែល​ជិត​ដល់​ពេល​លាចាក​លោក ។ គាត់​បាន​សួរ​ពួកគេ​ដោយ​ត្រង់ៗថា “តើ​អ្នក​នឹង​ធ្វើ​អ្វីៗ ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ​ទេ បើ​អ្នក​មាន​ឱកាស​ធ្វើ​ម្តង​ទៀត?” គាត់​ទទួល​បាន​ចម្លើយ​ដូច​គ្នា​ជា​ច្រើន ហើយក៏​បាន​ប្រមូល​ផ្តុំ​ចម្លើយ​ដាក់​ក្នុង​បញ្ជី​ការ​ស្តាយ​ក្រោយ​ធំ​បំផុត៥យ៉ាង ដែល​មនុស្ស​មាន នៅពេល​ពួកគេ​ជិត​ស្លាប់ ដែល​មាន​ដូចជា (១) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​រស់នៅ​ឲ្យ​ត្រូវ​នឹង​ចារិក​លក្ខណៈ​ពិត​របស់​ខ្ញុំ​។ (២) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ខ្លាំង​ពេក​។ (៣) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​មាន​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្ញុំ​។ (៤) ខ្ញុំ​ស្តាយ​ណាស់ ដែល​មិន​បាន​ទំនាក់​ទំនងជា​មួយ​មិត្ត​ភក្តិ​ឲ្យ​បាន​ជាប់​លាប់​។ ហើយ (៥) ខ្ញុំ​ស្តាយ​ណាស់ ដែល​ខ្ញុំ​មិន​បាន​រស់នៅ ឲ្យ​បាន​សប្បាយ​ចិត្ត​ជាង​នេះ​។

ការ​ស្តាយ​ក្រោយ​របស់​អ្នក​ជំងឺ ដែល​អ្នក​គ្រូ​បាន​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះ​យេស៊ូវ​បាន​ចែក​ចាយ នៅ​ក្នុង​បទ​គម្ពីរ លូកា ជំពូក១២​។ បុរស​អ្នក​មាន​ម្នាក់​បាន​សម្រេច​ចិត្ត​សង់​ជង្រុក​ឲ្យ​ធំជាង​មុន ដើម្បី​ស្តុក​ទុក​ផល​ដំណាំ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ហើយ​ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្លួន​ឯង​ថា គាត់​នឹង​រស់នៅ លើ​គំនរ​ទ្រព្យ​សម្បត្តិ ឲ្យ​បាន​សប្បាយ​ចិត្ត ដោយ​ការ​សម្រាក​លំហែ រហូត​ដល់​ថ្ងៃ​ស្លាប់(ខ.១៨-១៩)។ តែ​នៅពេល​នោះ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយតប ដោយ​សំណួរ​ធ្ងន់​ៗ​ថា “ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅវិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅជា​របស់​អ្នកណា​វិញ?”(ខ.២០)។

តើ​យើង​អាច​ស្លាប់ ដោយ​គ្មាន​ការ​ស្តាយ​ក្រោយ​ទាល់តែសោះ​បានទេ? យើង​ពិបាក​ដឹង ឲ្យ​បាន​ច្បាស់​អំពី​រឿង​នេះ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ឲ្យ​យើង​បាន​ដឹង​ច្បាស់​ថា ការ​បង្គរ​ទ្រព្យ​ទុក​សម្រាប់​ខ្លួនឯង នៅ​លើ​ផែនដី គឺជា​ទង្វើ​អសារ​ឥតការ​។ ភាព​មាន​បាន​ពិត​ប្រាកដ កើត​ចេញពី​ជីវិត​ដែល​មាន​ការ​លះបង់​នៅ​ក្នុង​ព្រះ​។—John Blasé

ចុះ​បើសិន​ជា​ព្រះ​ទ្រង់​ដក​ជីវិត​អ្នក​នៅ​ថ្ងៃ​នេះ? តើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ជា​ទង្វើ​ឆ្លាតវៃ ឬ​ល្ងង់​ខ្លៅ? តើ​ហេតុ​អ្វី?

ឱ​ព្រះយេស៊ូវ ពេលណា​សេចក្តី​ស្លាប់​ត្រូវ​មកដល់ ទូល​បង្គំ​ចង់​មាន​ការ​ស្តាយ​ក្រោយ​តិច​បំផុត​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ ដោយ​ប្រាជ្ញា ដោយ​កសាង​ជីវិត​ដែល​មាន​បាន នៅ​ក្នុង​ព្រះអង្គ​។

For further study, read Die First, Then Comes the End at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៥-១៦ និង យ៉ូហាន ៣:១-១៨

ល្ងាច

ឆ្លង​កាត់​ជ្រលង​នៃ​ការ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ឆ្លង​កាត់​ជ្រលង​នៃ​ការ​សម្រេច​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 12, 2025

«តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ និង​វិល​ទៅវិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែងណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅតាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បានជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បានជា​ព្រះ​របស់​ខ្ញុំ​ដែរ» (នាងរស់ ១:‌១៦)។

មាន​ពេល​ជា​ច្រើន​ក្នុង​ជីវិត​យើង ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត។ ហើយ​លោក​គ្រូ​គង្វាល រីកូ ថាយ (Rico Tice) ដែល​ជា​អ្នក​និពន្ធ​បាន​មាន​ប្រសាសន៍​ថា «ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ណា នោះ​ជីវិត​យើង​ក៏​នឹង​ប្រែ​ជា​បែប​នោះ»។1

បន្ទាប់​ពី​អ្នក​ស្រី​ន៉ាអូមី​បាន​ជួប​សោកនាដកម្ម​ផ្ទួន​ៗបី​លើក ដោយ​ស្វាមី និង​កូន​ប្រុស​ទាំង​ពីរ​នាក់​បាន​បាត់បង់​ជីវិត​នៅ​លើ​ទឹកដី​សាសន៍​ម៉ូអាប់ គាត់​ក៏​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ភូមិ​បេថ្លេហិម​វិញ។ ប៉ុន្តែ គាត់​មិន​បាន​បង្ខំ​នាងរស់ និង​នាង​អ័រប៉ា ជា​កូន​ប្រសា​ស្រី​ឲ្យ​រួម​ដំណើរ​ជា​មួយ​គាត់​ទេ។ ផ្ទុយ​ទៅវិញ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ជា​ស្រុក​កំណើត​ទៀត ដោយ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង និង​រស់នៅ​ឲ្យ​មាន​ក្តី​សុខ (នាងរស់ ១:៨-៩)។ ពេល​នោះ នាង រស់ និង​នាង អូប៉ា ក៏​បាន​ប្រឈម​មុខ​ដាក់​ការ​សម្រេច​ចិត្ត ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។

ជីវិត​របស់​ស្ត្រី​ទាំង​បី​នាក់​នេះ​មាន​ការ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ស្អិតល្មួត។ ពួក​គេ​ធ្លាប់​រស់នៅ​ជា​មួយ​គ្នា ឆ្លង​កាត់​ការ​បាត់បង់​ទាំង​អស់​គ្នា និង​សោក​សង្រេង ហើយ​ទួញ​យំ​ជា​មួយ​គ្នា។ ទី​បំផុត នាង អ័រប៉ា ក៏បាន​សម្រេច​ចិត្ត​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ហើយ​នាង រស់ សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ជា​មួយ​នាង ន៉ាអូមី។ ជា​ពិសេស នាង អ័រប៉ា បាន​ធ្វើ​នូវ​រឿង​ដែល​គេ​រំពឹង​ថា នឹង​កើត​ឡើង និង​អាច​យល់​បាន។ ចំណែក​ឯ​នាង រស់ វិញ នាង​ក៏​បាន​បោះបង់​ចោល​កន្លែង​ដែល​នាង​ស្គាល់ ទៅ​កន្លែង​ដែល​នាង​មិន​ស្គាល់​ដែរ។

នាង​បាន​បោះបង់​ចោល​ឱកាស​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង ដើម្បី​តាម​បម្រើ​ម្តាយ​ក្មេក​ដែល​មាន​វ័យ​ចាស់ និង​គ្មាន​ទីពឹង។ នាង រស់ ដឹង​ថា ការ​សម្រេច​ចិត្ត​របស់​នាង​មិន​គួរ​ផ្អែក​ទៅលើ​ការ​គិត​អំពី​កន្លែង​ដែល​នាង​ស្គាល់ មាន​សុវត្ថិភាព ឬ​មាន​មនុស្ស​ដែល​នាង​ស្គាល់​នោះ​ទេ។ ការ​សម្រេច​ចិត្ត​ពេល​នោះ​នឹង​កែ​ប្រែ​ជីវិត និង​ជោគវាសនា​របស់​នាង។ ការ​បន្ត​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ គឺ​មានន័យថា នាង​នឹង​បន្ត​រស់នៅ​ជា​មួយ​ព្រះ​ក្លែងក្លាយ ដែល​នាង​បាន​ថ្វាយ​បង្គំ​ពី​ក្មេង​មក និង​បែរ​ខ្នង​ដាក់​អ្វីៗ​ដែល​នាង​បាន​ស្គាល់ តាមរយៈ​នាង ន៉ាអូមី អំពី​ព្រះ​របស់​លោក​អ័ប្រាហាំ លោក អ៊ីសាក និង​លោក យ៉ាកុប។ ព្រះ​របស់​នាង ន៉ាអូមី បាន​ក្លាយ​ជា​ព្រះ​របស់​នាង រស់។ ហេតុ​នេះ​ហើយ នាង​បាន​សម្រេច​ចិត្ត​បន្ត​រស់នៅ​ជា​មួយ​នាង ន៉ាអូមី។

ការ​សម្រេច​ចិត្ត​របស់​នាង រស់ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម​បាន​ចង្អុល​បង្ហាញ​យើង​ឲ្យ​ឆ្លង​កាត់​ជ្រលង​នៃ​ការ​សម្រេច​ចិត្ត ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង​ម្នាក់ៗ ដោយ​មាន​បន្ទូល​ថា៖ តើ​អ្នក​ចង់​ធ្វើ​ជា​សិស្ស​ខ្ញុំ ឬ​វិល​ត្រឡប់​ទៅ​ជីវិត​ដែល​អ្នក​ស្គាល់? តើ​នរណា​ខ្លះ​នឹង​បោះបង់​ឪពុក​ម្តាយ និង​អ្វីៗ​ដែល​អ្នក​ស្គាល់ ដែល​នាំមក​នូវ​ស្ថេរ​ភាព និង​សុវត្ថិភាព ដើម្បី​ធ្វើ​ជា​សិស្ស​ព្រះ​អង្គ? (សូម​មើល លូកា ១៤:២៦)។

តើ​យើង​អាច​ទូល​ព្រះ​គ្រីស្ទ ដោយ​ទំនុក​ចិត្ត​ថា «ទូល​បង្គំ​នឹង​ទៅ​កន្លែងណា​ដែល​ព្រះ​អង្គ​នាំ​ទូល​បង្គំ​ទៅ?» តើ​យើង​អាច​ប្រកាស​ដែរ​ឬទេ​ថា «ទោះ​ទូល​បង្គំ ឬ​គេ​មិន​ស្គាល់​ផ្លូវ​ខាង​មុខ ទូល​បង្គំ​នឹង​នៅ​តែ​ទៅតាម​ព្រះ​អង្គ?»

នេះ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ដែល​យើង​ត្រូវ​មាន តែ​នៅពេល​យើង​ទទួល​សេចក្តី​សង្គ្រោះ​ប៉ុណ្ណោះ​ទេ។ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ថា៖ តើ​យើង​នឹង​វិល​ត្រឡប់​ទៅ​ជីវិត​ចាស់​វិញ ឬ​យើង​នឹង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ពិត? តើ​យើង​នឹង​ធ្វើ​ការ​លះបង់ និង​ប្រថុយ​គ្រោះ​ថ្នាក់ ដើម្បី​ដើរ​តាម​ព្រះ និង​បម្រើ​រាស្ត្រ​ព្រះ​អង្គ​ឬ​ទេ? ការ​ឆ្លើយតប​របស់​នាង រស់ ដោយ​ចិត្ត​ក្លាហាន និង​ស្មោះ​ត្រង់។ ការ​សម្រេច​ចិត្ត​នេះ បាន​ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​យើង​ពិចារណា អំពី​សញ្ញាបត្រ​ដែល​យើង​ចង់​រៀន​យក អាជីព​ដែល​យើង​ចង់​ដេញ​តាម របៀប​ដែល​យើង​ប្រើ​ពេល​វេលា និង​លុយ​កាក់​របស់​យើង​ថ្វាយ​ព្រះ​អង្គ និង​កន្លែង​ដែល​យើង​នឹង​រស់នៅ និង​បម្រើ។ ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ ដោយ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ថា នឹង​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដែល​យើង​នឹង​ពិត​ជា​រក​ឃើញ​ជីវិត​ពេញ​បរិបូរ (យ៉ូហាន ១០:‌១០)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ៨:២៧-៣៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១-២ និង​ម៉ាថាយ ៦:១-១៨

1ដកស្រង់​ចេញ​ពី​សៀវភៅ Faithful Leaders and the Things That Matter Most (The Good Book Company ឆ្នាំ២០២១) ទំព័រ៨៣។

ប្រភេទ

ល្ងាច

ព្រះ​អង្គ​ជា​អ្នក​ផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​អង្គ​ជា​អ្នក​ផ្គត់ផ្គង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 12, 2025

«ន៉ាអូមី និង​កូន​ប្រសា​ទាំង២ក៏​ប្រុង​ប្រៀប ដើម្បី​នឹង​ចេញពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅវិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ» (នាងរស់ ១:៦)។

ភូមិ​បេថ្លេហិម ជាទី​ប្រជុំជន​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​គម្ពីរ។ ក្នុង​ភូមិ​នេះ​ស្ដេច ដាវីឌ ធ្លាប់​បាន​ឃ្វាល​ហ្វូង​ចៀម​ទ្រង់ មុន​ពេល​ទ្រង់​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ឡើង​សោយរាជ្យ។ មួយ​ពាន់​ឆ្នាំ​ក្រោយ​មក នៅពេល​ដែល​ក្រុម​អ្នក​គង្វាល​ផ្សេង​ទៀត កំពុង​មើលថែ​ហ្វូង​ចៀម​របស់​ខ្លួន ពួក​ទេវតា​បាន​ប្រកាស​អំពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ក្នុង​ភូមិ​នេះ​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏​ដោយ មុន​ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នេះ គឺ​មាន​សម័យ​ពួក​ចៅហ្វាយ ដែល​មាន​លក្ខណៈ​ហិង្សា ភាព​វឹកវរ​ខាង​សង្គម នយោបាយ និង​ជំនឿ។ ក្នុង​សម័យ​នោះ ភាព​អត់​ឃ្លាន​បាន​កើត​មាន ធ្វើ​ឲ្យ​ភូមិ​ដែល​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ប្រែ​ម​កថា «ផ្ទះ​ដែល​មាន​នំ​ប៉័ង» ក្លាយ​ជា​ផ្ទះ​ដែល​មាន​ភាព​អត់​ឃ្លាន និង​ទុក្ខ​លំបាក។

ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ទាំង​នេះ បុរស ឈ្មោះ អេលីម៉ាលេច បាន​នាំ​ប្រពន្ធ​ឈ្មោះ​ន៉ាអូមី និង​កូន​ប្រុស​ទាំង​ពីរ​ទៅ​ស្រុក​ម៉ូអាប់ ដើម្បី​ស្វែងរក​អាហារ។ ឈ្មោះ អេលីម៉ាលេច មានន័យថា «ព្រះ​អម្ចាស់​របស់​ខ្ញុំ​គឺជា​ស្ដេច» ដូច​នេះ ការ​ដែល​គាត់​សម្រេច​ចិត្ត​ចាក​ចេញពី​ទឹកដី​សន្យា​ទៅ​រស់នៅ​ក្នុង​ទឹកដី​របស់​សត្រូវ​របស់​ពួក​អ៊ីស្រាអែល អាច​ធ្វើ​ឲ្យ​យើង​ឆ្ងល់​ថា តើ​គាត់​ពិតជា​បាន​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះ ឬ​ប្ដេជ្ញា​ចិត្ត​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ឬ​ទេ?

ស្រុក​ម៉ូអាប់​ក៏បាន​ក្លាយ​ជា​កន្លែង​សោកនាដកម្ម​សម្រាប់​ពួក​គេ គឺ​មិនមែន​ជា​កន្លែង​សម្បូរសប្បាយ​ទេ។ លោក អេលីម៉ាលេច និង​កូន​ប្រុស​គាត់​ក៏បាន​ស្លាប់ ដោយ​បន្សល់​ទុក​នាង​ន៉ាអូមី ជា​ស្ត្រី​មេម៉ាយ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ក៏​បាន​លេច​ឡើង ក្នុង​ភាព​ងងឹត​នៃ​ការ​ឈឺ​ចាប់​របស់​នាង​ន៉ាអូមី ពេល​ដែល​នាង​បាន​ទទួល​ដំណឹង​ថា ភូមិ​បេថ្លេហិម​មាន​អាហារ​បរិភោគ​ដូច​មុន។ ព្រះ​អម្ចាស់​បាន​ផ្គត់ផ្គង់​អាហារ​ដល់​រាស្ត្រ​ព្រះ​អង្គ​ក្នុង​ទឹកដី​របស់​ព្រះ​អង្គ។

ពីរបី​ពាន់​ឆ្នាំ​ក្រោយ​មក យើង​បាន​ជួប​ការ​ល្បួង​ឲ្យ​ប្រញាប់​មើល​រំលង​សេចក្តី​ពិត​ដែល​ថា ព្រះ​អម្ចាស់​បំពេញ​តម្រូវការ​របស់​រាស្ត្រ​ព្រះ​អង្គ។ អ្នក​បាន​ដឹង អំពី​សេចក្តី​សង្គ្រោះ​របស់​អ្នក តែ​អ្នក​ប្រហែល​ជា​ងាយ​នឹង​ភ្លេច​ថា ព្រះ​អង្គ​បំពេញ​តម្រូវការ​អ្នក​ជា​រៀង​រាល់​ថ្ងៃ! តើ​យើង​មើល​ឃើញ អ្វីៗ​ដែល​ព្រះ​អង្គ​កំពុង​ប្រទាន​ឲ្យ​យើង និង​ធ្វើ​សម្រាប់​យើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ឬ​ទេ? រៀង​រាល់​យប់ មុន​ពេល​យើង​ចូល​គេង តើ​យើង​មាន​ចិត្ត​ដែល​ពេញ​ទៅ​ដោយ​ការ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​យើង​ឬ​ទេ?

អាហារ​ដែល​យើង​បាន​ទទួល​ជា​រៀង​រាល់​ថ្ងៃ គឺជា​ឧទាហរណ៍​ជាក់​ស្ដែង​នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះ​អង្គ​ជា​ប្រចាំ។ គ្មាន​នរណា​ម្នាក់ ដែល​ដើរ​ចុះ​ឡើង នៅ​លើ​ផ្លូវ នៅ​ចន្លោះ​ធ្នើរ​ដាក់​ទំនិញ​ក្នុង​ហាង​លក់​គ្រឿង​ទេស ដោយ​ចិត្ត​ដែល​ស្ញប់​ស្ញែង និង​ដឹង​គុណ​ព្រះ​ដូច​គ្រីស្ទបរិស័ទ​ឡើយ! និយាយ​ឲ្យ​ខ្លី ព្រះ​អម្ចាស់​គឺជា​អ្នក​ដាក់​អាហារ​ចូល​ទូចាន ឬ​ទូ​ទឹកកក​ក្នុង​ផ្ទះ​បាយ​របស់​យើង។ ពេល​យើង​យក​ពង​ទា និង​ទឹក​ដោះ​គោ​ចេញពី​ទូ​ទឹកកក​មក យើង​អាច​ពោល​ឡើង​ថា «នេះ​គឺជា​ការ​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ធ្វើ ហើយក៏​អស្ចារ្យ​នៅ​ភ្នែក​នៃ​យើង​ខ្ញុំ» (ទំនុក​តម្កើង ១១៨:២៣)។

ទោះ​ហេតុការណ៍​ក្នុង​ជីវិត​យើង​មាន​ភាព​ងងឹត ឬ​មាន​ការ​ឡើង​ចុះ​យ៉ាងណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​រាស្ត្រ​ព្រះ​អង្គ និង​ធ្វើ​ការ​ក្នុង​ជីវិត​យើង ដើម្បី​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ។ ហើយ​ជា​ញឹក​ញាប់ ព្រះ​អង្គ​សម្រេច​ព្រះទ័យ​ធ្វើ​ដូច​នេះ តាមរយៈ​មនុស្ស​ដែល​យើង​មិន​នឹក​ស្មាន​ដល់ និង​ដោយ​យើង​មិន​ដឹង​ខ្លួន។ ព្រះ​អង្គ​បាន​សម្រេច​គោលបំណង ដោយ​ធ្វើ​កិច្ចការ​ដ៏​ធំ​ប្រសើរ តាមរយៈ​នាង​ន៉ាអូមី និង​គ្រួសារ​របស់​គាត់ ហើយ​រឿង​នេះ​បាន​ចាប់​ផ្ដើម​ដោយ​ការ​ផ្គត់ផ្គង់ នៅ​ភូមិ​បេថ្លេហិម។ យើង​ក៏​ចាំ​បាច់​ត្រូវ​បើក​ភ្នែក​យើង​ឲ្យ​មើល​ឃើញ​ថា ការ​ផ្គត់ផ្គង់​អាហារ​មកពី​ព្រះ​អង្គ គឺជា​ការ​ចង្អុល​បង្ហាញ អំពី​ការ​ផ្គត់ផ្គង់​តម្រូវការ​ធំ​បំផុត​របស់​យើង ដែល​ត្រូវ​ការ​ព្រះ​ប្រោស​លោះ​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អំពី​ការ​ផ្គត់ផ្គង់​ដោយ​ការ​ត្រាស់​ហៅ​ធំ​បំផុត​សម្រាប់​យើង «សម្រាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម» ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ (អេភេសូរ ២:‌១០)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កិច្ចការ ១៧:២៤-៣១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូណាស និង​ម៉ាថាយ ៥:២៧-៤៨

ប្រភេទ