ព្រឹក

ព្រះអម្ចាស់នៃភាពសាមញ្ញ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 13, 2025
«គឺយ៉ាងនោះហើយ ដែលន៉ាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួនមកជាមួយផង គេមកដល់ក្រុងបេថ្លេហិម នៅដើមរដូវចំរូតស្រូវឱក» (នាងរស់ ១:២២)។
នៅក្នុងការអាន ការទស្សនា ឬស្តាប់ព័ត៌មាននៅពេលព្រឹក តើអ្នកធ្លាប់គិតថា ខ្លួនរបស់អ្នកមានភាពតូចតាចយ៉ាងខ្លាំងដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា «តើព្រះអម្ចាស់ពិតជាស្គាល់ខ្ញុំជានរណា ឬកំពុងនៅកន្លែងណាទេ? តើព្រះដែលបានបង្កើតអ្វីៗគ្រប់យ៉ាង មានចំណាប់អារម្មណ៍អ្វីមកលើខ្ញុំ?» យើងមានភាពសាមញ្ញណាស់ ហើយយើងងាយនឹងជឿថា ភាពសាមញ្ញ គឺស្មើនឹង «ភាពគ្មានប្រយោជន៍»។ ប៉ុន្តែ រឿងរបស់នាង រស់ និងនាង ន៉ាអូមី បានបើកបង្ហាញការយល់ឃើញខុសពីនេះ។ តាមរយៈរឿងនេះ យើងឃើញថា ព្រះហស្តប្រកបដោយអធិបតេយ្យភាព និងការផ្គត់ផ្គង់ តែងតែធ្វើការនៅក្នុង និងតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់យើង។ ព្រះអង្គជ្រាប និងយកព្រះទ័យទុកដាក់ ទ្រទ្រង់ ហើយផ្គត់ផ្គង់យើង។
រឿង នាង រស់ បានចាប់ផ្ដើមនៅពេលដែលលោក អេលីម៉ាលេច បានធ្វើនូវកំហុសមួយ។ លោក អេលីម៉ាលេច បានធ្វើការសម្រេចចិត្តខុសធ្ងន់ធ្ងរ ដោយចាកចេញពីភូមិបេថ្លេហិម ដែលកំពុងមានគ្រោះអត់ឃ្លាន ទៅស្រុកម៉ូអាប់ដែលកំពុងមានភាពសម្បូរសប្បាយជាមួយនាង ន៉ាអូមី ជាភរិយា និងកូនប្រុសទាំងពីរ ប៉ុន្តែគាត់ និងកូនប្រុសគាត់ ក៏បានស្លាប់នៅទីនោះដែរ។
ទោះលោក អេលីម៉ាលេច បានធ្វើការសម្រេចចិត្ត ដោយសារភាពទាល់ច្រក ការមិនស្កប់ចិត្ត ឬការមិនទុកចិត្តព្រះក៏ដោយ តាមរយៈការសម្រេចចិត្តនេះ ក៏ព្រះគម្ពីរបង្រៀនយើងថា ភាពល្ងង់ខ្លៅរបស់យើង មិនអាចរារាំងការផ្គត់ផ្គង់របស់ព្រះបានទេ។ ទោះនៅពេលខ្លះ យើងឆ្លើយតប ចំពោះកាលៈទេសៈ ដោយវិញ្ញាណខុសឆ្គង ដោយដកខ្លួនយើងចេញពីការផ្គត់ផ្គង់ដែលព្រះអង្គបានសន្យាថា នឹងប្រទានឲ្យក៏ដោយ ក៏ព្រះអង្គនៅតែសម្រេចគោលបំណងរបស់ព្រះអង្គដែរ។ ពេលណាយើងខ្លាចព្រះអម្ចាស់មើលរំលងជីវិតយើង ដោយសារកំហុសរបស់យើង យើងអាចសម្រាកក្នុងការផ្គត់ផ្គង់របស់ព្រះអង្គដែលអាចកើតមាន តាមរយៈកំហុសធំបំផុត ឬតូចបំផុតរបស់យើង។
តើអ្នកមើលឃើញព្រះអង្គធ្វើការ នៅក្នុងពេលដ៏សាមញ្ញនៃជីវិតដែរឬទេ? តើអ្នកឃើញព្រះអង្គធ្វើការ តាមរយៈកំហុសរបស់អ្នកដែរឬទេ? ឬមួយអ្នកកំពុងផុងខ្លួននៅក្នុងការកុហកថា ព្រះអង្គធ្វើការ តាមរបៀបដ៏អស្ចារ្យ ឬតាមរយៈពេលដែលយើងមានការស្តាប់បង្គាប់ធំបំផុតតែប៉ុណ្ណោះ?
ពេលណាយើងរកមើលតែរឿងដែលអស្ចារ្យ យើងនឹងមើលរំលងសិរីល្អរបស់ព្រះនៅក្នុងភាពសាមញ្ញ ដូចជា នៅក្នុងចានដាក់ផ្លែឈើនៅលើតុ ក្នុងអាហារដែលបានរៀបចំបានល្អ ក្នុងសម្លេងសត្វចាបយំល្វើយៗក្នុងការសន្ទនាជាមួយមិត្តភក្តិ និងក្នុងការមើលដួងច័ន្ទបញ្ចេញពន្លឺកាត់តាមពពក នៅពេលយប់។ ពេលណាយើងសន្និដ្ឋានថា ព្រះអម្ចាស់ធ្វើការ តែនៅពេលណាយើងមានភាពល្អត្រឹមត្រូវ យើងនឹងមើលរំលងព្រះគុណព្រះ ដែលធ្វើការតាមរយៈមនុស្សមានបាប តាមរយៈការសន្ទនាអំពីព្រះគ្រីស្ទជាមួយអ្នកជិតខាង ឪពុកម្តាយសុំទោសកូន បន្ទាប់ពីបាននិយាយដោយគ្មានចិត្តអត់ធ្មត់ ចំពោះពួកគេ និងការអធិស្ឋានឲ្យនរណាម្នាក់ជាដើម ព្រោះការថប់បារម្ភធ្វើឲ្យយើងគេងមិនលក់។ សម្រាប់នាង រស់ និងនាង ន៉ាអូមី ការមើលឃើញវាលស្រែមានស្រូវឱកទុំ ល្មមនឹងឲ្យគេច្រូតកាត់ គឺគ្រាន់តែជាផ្ទាំងទស្សនីយភាពធម្មតាៗប៉ុណ្ណោះ ប៉ុន្តែតាមពិតការមើលឃើញនេះ បានប្រកាសអំពីការផ្គត់ផ្គង់របស់ព្រះ ដល់ពួកគេ។ មនុស្សធ្វើខុស ហើយការសោកសង្រេងបានកើតមាន ប៉ុន្តែការប្រមូលផលស្រូវឱក គឺបានបង្ហាញថា ព្រះអម្ចាស់ទ្រង់ជ្រាប យកព្រះទ័យទុកដាក់ ទ្រទ្រង់ និងផ្គត់ផ្គង់រាស្ត្រព្រះអង្គ។
ព្រះអង្គមិនដែលប្រែប្រួល។ ទោះព្រះអង្គមានចក្រវាលទាំងមូលសម្រាប់មើលថែក៏ដោយ ក៏ព្រះអង្គនៅតែងាកមកមើលអ្នក និងខ្ញុំ ហើយមានបន្ទូលថា មើល អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯងនៅចំពោះភ្នែកអញជានិច្ច (អេសាយ ៤៩:១៦)។ ចូរយើងទទួលការកម្សាន្តចិត្ត និងសន្តិភាពក្នុងចិត្ត ដោយដឹងចាំថា ព្រះអង្គកំពុងទ្រទ្រង់ និងដឹកនាំកូនព្រះអង្គ
ទោះថ្ងៃនេះ ជីវិតយើងមានភាពសាមញ្ញយ៉ាងណាក៏ដោយ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៣៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៣-៥ និងម៉ាថាយ ៦:១៩-៣៤
ប្រភេទ
ល្ងាច

នាំទុក្ខលំបាកមកទូលថ្វាយ
ដោយTom Felten
May 13, 2025
២ពង្សាវតាក្សត្រ ១៩:១៤-២០
ហេសេគាក៏ទទួលសំបុត្រនោះ ... រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ។ ២ពង្សាវតាក្សត្រ ១៩:១៤
មានពេលមួយ ប្រាយអិន(Brian) បានជួបគ្រូពេទ្យឯកទេសបេះដូង ជាង១ម៉ោង។ មិត្តភក្តិរបស់គាត់បានអង្គុយ នៅក្នុងបន្ទប់រង់ចាំ ដោយអធិស្ឋានសូមប្រាជ្ញា និងការប្រោសឲ្យជា សម្រាប់មិត្តភក្តិដែលកំពុងមានជំងឺនេះ។ នៅពេលដែលប្រាយអិន បានវិលត្រឡប់មកបន្ទប់រង់ចាំវិញ គាត់ក៏បានបង្ហាញក្រដាសជាច្រើនសន្លឹក ដែលគាត់ទទួលបានពីគ្រូពេទ្យ។ នៅពេលដែលគាត់តម្រៀបក្រដាសទាំងនោះនៅលើតុ គាត់ក៏បានពិភាក្សាគ្នា អំពីជម្រើសផ្សេងៗ ដែលគាត់កំពុងពិចារណា ដើម្បីព្យាបាលជំងឺដែលកំពុងគំរាមកំហែងជីវិតគាត់។ អ្នកទាំងពីរក៏បានពិភាក្សាគ្នាថា ពួកគេត្រូវអធិស្ឋាន សូមប្រាជ្ញាពីព្រះអង្គ សម្រាប់ជំហានបន្ទាប់។ ហើយបន្ទាប់មក ប្រាយអិនក៏បាននិយាយថា “ទោះខ្ញុំទទួលលទ្ធផលយ៉ាងណាក៏ដោយ នៅពេលខាងមុខ ជីវិតខ្ញុំនៅក្នុងព្រះហស្តរបស់ព្រះអង្គហើយ”។
នៅគ្រាសញ្ញាចាស់ ស្តេចហេសេគាបានលាសំបុត្រអាន នៅចំពោះព្រះអម្ចាស់(២ពង្សាវតាក្សត្រ ១៩:១៤)។ ពាក្យនៅក្នុងសំបុត្រនោះ មិនបាននិយាយអំពីស្ថានភាពជំងឺដែលកំពុងគំរាមកំហែងជីវិតទេ តែបាននិយាយអំពីកងទ័ពដ៏មានអំណាចរបស់ចក្រភពអាសស៊ើរ ដែលបានវាយកាន់កាប់ទីក្រុងទាំងអស់ដែលមានកំផែងការពារ ក្នុងនគរយូដា ហើយកំពុងត្រៀមវាយយកទីក្រុងយេរសាឡិម ជារាជធានី។ ស្តេចហេសេគាក៏បានអធិស្ឋានថា “គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃនឹងផែនដី ... ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង”(ខ.១៥,១៩)។ មិនយូរប៉ុន្មានហោរាអេសាយ ក៏បានផ្ញើសារទៅកាន់ស្តេចហេសេគា ដោយទូលទ្រង់ថា ព្រះអម្ចាស់បានមានបន្ទូលឆ្លើយតបថា “សេចក្ដីដែលឯងបានអធិស្ឋានដល់អញ ពីដំណើរសានហេរីប ជាស្តេចអាសស៊ើរ នោះអញបានយល់ព្រមហើយ”(ខ.២០)។ ហើយនៅ “យប់នោះ” ព្រះទ្រង់ក៏បានបំផ្លាញកងទ័ពរបស់សាសន៍អាសស៊ើរ(ខ.៣៥)។
ទោះអ្នកកំពុងជួបប្រទះបញ្ហាអ្វីក៏ដោយនៅថ្ងៃនេះ ចូរយកវាមកទូលថ្វាយព្រះអម្ចាស់។ ពេលណាអ្នក “ទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូម”(ភីលីព ៤:៦) ព្រះអង្គស្តាប់ឮអ្នក ហើយក៏គង់នៅជាមួយអ្នកស្រាប់ហើយ។ អ្នកអាចសម្រាកក្នុងព្រះហស្តព្រះអង្គ ដោយទំនុកចិត្ត ខណៈពេលដែលអ្នកបានដកពិសោធន៍ជាមួយប្រាជ្ញា សេចក្តីស្រឡាញ់ និងក្តីសង្ឃឹមដែលព្រះអង្គប្រទានមកអ្នក។—Tom Felten
តើអ្នកអាចរៀបរាប់ទុក្ខលំបាករបស់អ្នក នៅចំពោះព្រះអង្គ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
តើអ្នកអាចសម្រេចចិត្តសម្រាក ដោយទំនុកចិត្ត ក្នុងព្រះចេស្តា និងព្រះវត្តមានរបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្តាប់ឮទូលបង្គំ ពេលណាទូលបង្គំទូលថ្វាយការព្រួយបារម្ភដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០
ប្រភេទ
ល្ងាច

ទេវសាស្ត្រនៃការសោកសង្រេង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 13, 2025
«កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ» (នាងរស់ ១:២០-២១)។
កាលនាង ន៉ាអូមី រិលត្រឡប់មកភូមិបេថ្លេហិមវិញ ដោយបន្សល់ទុកផ្នូររបស់ស្វាមី និងកូនប្រុសគាត់នៅស្រុកម៉ូអាប់ យើងគ្រាន់តែអាចស្រមៃឃើញការឈឺចាប់ និងការសោកសង្រេង ដែលគាត់មាន ពេលគាត់វិលត្រឡប់មកកន្លែង និងជួបមនុស្សដែលគាត់ធ្លាប់ស្គាល់។ តើនៅពេលនោះ គាត់បានគិតឃើញ និងនឹកចាំអំពីរឿងអ្វីខ្លះ? គាត់ប្រហែលជាឃើញអ្នកដែលគាត់ធ្លាប់ជួប ពួកគេមានកូនប្រុស ដែលពេញវ័យហើយ។ គាត់ក៏ឃើញកន្លែងដែលគាត់ធ្លាប់នាំកូនប្រុសគាត់មកលេង ឬឃើញកន្លែងដែលគាត់ធ្លាប់ដើរជាមួយប្ដីគាត់។ល។
ខណៈពេលដែលភាពជូរល្វីងបានកើតមាន ដោយសារស្ថានភាពរបស់គាត់ នាង ន៉ាអូមី ដែលឈ្មោះគាត់ប្រែមកថា «ជាទីគាប់ចិត្ត» បានសម្រេចចិត្តប្ដូរឈ្មោះខ្លួនឯងមកជា «ម៉ារ៉ា» វិញ ដែលមានន័យថា «ជូរល្វីង»។ នាងមិនបានព្យាយាមមើលរំលងបញ្ហាប្រឈម ហើយធ្វើឲ្យអ្នកដទៃជឿថា ជីវិតរបស់នាងសុខសប្បាយនោះទេ។ ការធ្វើដូចនេះ មិនមានភាពស្មោះត្រង់ ជាការក្បត់នឹងទេវសាស្រ្តនៅពីក្រោយជំនឿរបស់គាត់ ដែលអ្នកនិពន្ធទំនុកសកលឈ្មោះ វីលៀម ខោភ័រ (William Cowper) បានហៅថា «ការផ្គត់ផ្គង់តាមរបៀបដ៏ពិបាក»។1
ស្ថានភាពរបស់នាង ន៉ាអូមី បានឆ្លុះបញ្ចាំងអំពីការពិតដែលថា សូម្បីតែសម្រាប់រាស្ត្ររបស់ព្រះ ការឈឺចាប់ខ្លះក្នុងជីវិត ហាក់ដូចជាមិនអាចទ្រាំទ្របាន កាលៈទេសៈខ្លះហាក់ដូចជាគ្មានយុត្តិធម៌ ហើយសំណួរខ្លះនៅតែគ្មានចម្លើយ។
ការឆ្លើយតបរបស់នាង នាំឲ្យមានការចោទសួរថា តើយើងនឹងធ្វើដូចម្ដេច នៅពេលដែលការសោកសង្រេងកើតមានក្នុងជីវិតយើង? ភាពពិតនៃទុក្ខលំបាក គឺជាបញ្ហាសម្រាប់គ្រីស្ទបរិស័ទ ប៉ុន្តែមិនមែនមានភាពធូរស្រាលជាងសម្រាប់អ្នកផ្សេងឡើយ។ មនុស្សទាំងអស់ត្រូវតែតយុទ្ធនឹងបញ្ហានៃការឈឺចាប់។ មនុស្សដែលមិនជឿថា ព្រះមានមែន មិនអាចជម្នះការឈឺចាប់ ដោយការពេញចិត្តដូចនេះទេ ព្រោះបើព្រះមិនមានពិតមែន យើងគ្រាន់តែរស់នៅក្នុងចក្រវាលដែលមានពេញដោយភាពចៃដន្យ ដែលអ្វីៗកើតឡើង ដោយគ្មាននរណាគ្រប់គ្រងឡើយ។ ប៉ុន្តែ គ្រីស្ទបរិស័ទអាចសួរថា តើព្រះគង់នៅទីណា នៅពេលដែលរឿងទាំងអស់នេះកើតឡើង?
ការដែលនាង ន៉ាអូមី បង្ហាញអារម្មណ៍ ដោយចិត្តស្មោះត្រង់ដូចនេះ គឺសមស្របនឹងទេវសាស្ត្រដែលនាងជឿ។ នាងមិនបានជឿថា អ្វីៗទាំងអស់កើតឡើង ដោយចៃដន្យទេ តែនាងទទួលស្គាល់ថា ព្រះហស្តរបស់ព្រះបានធ្វើការ។ នាងប្រកាសថា ព្រះអម្ចាស់បានធ្វើនូវរឿងដ៏ត្រឹមត្រូវនៅក្នុងពេលដែលនាងមានការឈឺចាប់ បានជានាងហៅព្រះអង្គថា «សាដាយ» ដែលមានន័យថា ព្រះដ៏ផ្គត់ផ្គង់ និងការពារ ដែលមានគ្រប់ចេស្ដា។ តើពាក្យ សាដាយ មានន័យដូចម្ដេច? ពាក្យនេះ បានឆ្លុះបញ្ចាំងអំពីចរិតលក្ខណៈរបស់ព្រះ ដែលមានភាពល្អបំផុត នៅពេលដែលយើងអាក្រក់បំផុត។2 នាង ន៉ាអូមី បានឆ្លងកាត់ ភាពអត់ឃ្លាន ការបាត់បង់ ការសោកសង្រេង ការសង្ស័យ និងការបែកគ្នា តែដោយសារគាត់ដឹងថា ព្រះអម្ចាស់មានចរិតលក្ខណៈដូចនេះ នោះគាត់អាចទទួលយកការពន្យល់ និងការទទួលខុសត្រូវពីព្រះអង្គក្នុងពេលដ៏ជូរចត់នោះ។
តើអ្នកងាកទៅខាងណា ពេលទឹករលកបក់បោកមកត្រូវអ្នក នៅពេលដែលអ្វីៗហាក់ដូចជាបាត់បង់ការគ្រប់គ្រង? គឺត្រូវងាកមករកការយល់ដឹងថា ព្រះអង្គជានរណា ហើយព្រះអង្គប្រព្រឹត្តចំពោះរាស្ត្រព្រះអង្គដូចម្ដេចខ្លះ។ នេះជាគ្រឹះដ៏រឹងមាំ សម្រាប់ឲ្យយើងឈរពីលើ។ បើមិនងាកទៅរកព្រះអង្គ តើយើងងាកទៅរកកន្លែងណាវិញ?
នាង ន៉ាអូមី បានចាកចេញពីភូមិបេថ្លេហិម នៅពេលដែលមានគ្រោះអត់ឃ្លាន។ នៅពេលនាងវិលត្រលប់មកវិញ គេកំពុងធ្វើការច្រូតកាត់ប្រមូលផលស្រូវ។ ពពកនៃភាពសោកសង្រេងបានរលាយ ពន្លឺនៃក្តីសង្ឃឹមចាប់ផ្ដើមលេចឡើង ខណៈពេលដែលព្រះទ្រង់ចាប់ផ្ដើមផ្គត់ផ្គង់នាង ន៉ាអូមី និងនាង រស់ ជាបរិបូរ។ ពេលណាព្រះទ្រង់ធ្វើការ សូម្បីតែភាពអស់សង្ឃឹម ក៏អាចក្លាយជាច្រកទ្វារចូលទៅរកការចាប់ផ្ដើមជាថ្មី និងឱកាសថ្មីដែរ។ ថ្ងៃមួយ ព្រះអង្គនឹងបណ្ដេញភាពងងឹតទាំងស្រុង។ ព្រះអង្គគឺជា សាដាយ របស់យើង។ តើក្នុងផ្នែកណាខ្លះនៃជីវិតអ្នក ដែលអ្នកត្រូវការឮសេចក្តីនេះ នៅថ្ងៃនេះ? ហើយមាននរណាខ្លះនៅក្បែរអ្នក ដែលត្រូវការឲ្យអ្នកចែកចាយសេចក្តីនេះដល់ពួកគេ?
ព្រះគម្ពីរសញ្ជឹងគិត៖ នាងរស់ ១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៦-៧ និងម៉ាថាយ ៧
1 លោក William Cowper, “God Moves in a Mysterious Way” (ឆ្នាំ១៧៧៤)។
2 លោក Alec Motyer, A Scenic Route Through the Old Testament, កែសម្រួលលើកទី២។ (IVP UK, ឆ្នាំ២០១៦), ជំពូក៣។