ព្រឹក

លើសពីពាក្យដែលអាចពិពណ៌នា
ដោយMonica Larose
May 14, 2025
២កូរិនថូស ១២:១-១០
ខ្ញុំនឹងស៊ូអួតពីសេចក្ដីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ។ ២កូរិនថូស ១២:៩
លោកថូម៉ាស អ័គីណាស(Thomas Aquinas) ជាទេវវិទូ នៅក្នុងមជ្ឈិមសម័យ បានស៊ូទ្រាំទុក្ខលំបាកជាច្រើន ក្នុងការប្ដេជ្ញាចិត្តរស់នៅ ក្នុងជីវិតដែលស្វែងរកបំណងព្រះទ័យព្រះ។ ក្រុមគ្រួសារគាត់បានឃុំខ្លួនគាត់ក្នុងគុក អស់រយៈពេល១ឆ្នាំ ដើម្បីព្យាយាមបំបាក់ទឹកចិត្តគាត់ មិនឲ្យចូលរួមជាមួយក្រុមដូមីនីខិន ជាក្រុមដែលមានការប្តូរផ្តាច់ ក្នុងការរស់នៅក្នុងជីវិតដែលសាមញ្ញ និងមានការសិក្សា និងផ្សាយព្រះបន្ទូល។ បន្ទាប់ពីគាត់បានចំណាយពេលពេញមួយជីវិត ដើម្បីសិក្សាព្រះគម្ពីរប៊ីប និងខគម្ពីរដែលនិយាយអំពីការបង្កើតរបស់ព្រះ ហើយបាននិពន្ធសៀវភៅជិត១០០ភាគ គាត់បានដកពិសោធន៍នូវទំនាក់ទំនងជាមួយព្រះ ដែលមានន័យយ៉ាងខ្លាំង បានជាគាត់សរសេរថា “ខ្ញុំមិនអាចរកពាក្យដើម្បីសរសេរសៀវភៅទៀតទេ ព្រោះព្រះអង្គបានប្រទានខ្ញុំនូវការយល់ដឹង អំពីប្រាជ្ញារបស់ព្រះអង្គ ដែលមានពេញដោយសិរីល្អ បានជាពាក្យពេចន៍ទាំងអស់ ដែលខ្ញុំបានសរសេរកន្លងមក គឺប្រៀបដូចជាចំបើងប៉ុណ្ណោះ”។ បីខែក្រោយមក គាត់ក៏បានលាចាកលោក។
សាវ័កប៉ុលក៏បានពិពណ៌នា អំពីការដកពិសោធន៍ដែលគាត់មានជាមួយព្រះ ដោយចិត្តស្ញប់ស្ញែងយ៉ាងខ្លាំង លើសពីពាក្យដែលគាត់អាចពិពណ៌នាបាន គឺនៅពេលដែលព្រះទ្រង់បានលើកគាត់ឡើង "ដល់ស្ថានបរមសុខ ហើយបានឮពាក្យដែលថ្លែងប្រាប់មិនបាន ក៏គ្មានច្បាប់ឲ្យមនុស្សណានិយាយឡើយ”(២កូរិនថូស ១២:៤)។ “ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ” សាវ័កប៉ុលមាន “បន្លា១ចាត់មកក្នុងសាច់ឈាម”(ខ.៧) ដើម្បីឲ្យគាត់បន្ទាបខ្លួន និងពឹងផ្អែកលើព្រះអង្គ។ ព្រះអម្ចាស់ក៏បានប្រាប់គាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកម្សោយ”(ខ.៩)។
ពេលណាយើងស្វែងយល់អំពីព្រះកាន់តែច្រើន យើងនឹងបានដឹងកាន់តែច្បាស់ថា ព្រះអង្គមានលក្ខណៈល្អអស្ចារ្យ លើសពាក្យដែលយើងអាចពិពណ៌នាបាន។ តែព្រះគុណ និងសេចក្តីល្អរបស់ព្រះគ្រីស្ទក៏បានចែងចាំងយ៉ាងច្បាស់ នៅក្នុងភាពកម្សោយ និងភាពស្ញប់ស្ញែងដែលមិនអាចពិពណ៌នាបាន។—Monica La Rose
តើអ្នកបានដកពិសោធន៍អ្វីខ្លះជាមួយព្រះអម្ចាស់ ក្នុងជីវិតអ្នក ដែលលើសពីពាក្យដែលអ្នកអាចពិពណ៌នាបាន?
តើបទពិសោធន៍នោះបានផ្លាស់ប្តូរជីវិតអ្នកដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីល្អរបស់ព្រះអង្គ ដែលបានកែប្រែទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យសម្រាក ដោយការបន្ទាបខ្លួន ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ២២-២៣ និង យ៉ូហាន ៤:៣១-៥៤
ប្រភេទ
ល្ងាច

ក្រោកឡើង ហើយបន្តរស់នៅថ្វាយព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 14, 2025
«គ្រានោះនាង រស់ ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ» (នាងរស់ ២:២)។
នៅពេលអ្នកភ្ញាក់ពីដំណេកពេលព្រឹក តើអ្នកធ្លាប់គេងគិតនៅលើគ្រែ អំពីពេលអនាគត និងអ្វីៗដែលកំពុងកើតឡើងឬទេ? តើអ្នកមានអារម្មណ៍ថា ពិបាកពេក ដោយសារបញ្ហាប្រឈមនៅថ្ងៃបន្ទាប់ ឬពិបាកពេក ដោយសារបញ្ហាដែលកើតឡើងម្តងហើយម្តងទៀតឬទេ?
នៅពេលដែលនាង រស់ ក្រោកពីគេង នៅរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការរស់នៅរបស់នាងនៅភូមិបេថ្លេហិម នាងទំនងជាចំណាយពេលមួយភ្លែត ដើម្បីរម្លឹកខ្លួនឯងថា នាងកំពុងនៅកន្លែងណា ហើយពេលនាងគិតអំពីអ្វីៗដែលបានកើតឡើង នាងនឹកចាំថា៖ ប្ដីរបស់ខ្ញុំស្លាប់ហើយ។ ខ្ញុំកំពុងរស់នៅក្នុងទឹកដីបរទេសជាមួយម្តាយក្មេកខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំបានសម្រេចចិត្តចាកចេញ តែខ្ញុំសង្ឃឹមថា ខ្ញុំបានធ្វើរឿងដ៏ត្រឹមត្រូវ។ តើពេលនេះ ខ្ញុំត្រូវគិតយ៉ាងណា?
នាង រស់ មិនបានអង្គុយស្ងៀម ដោយរង់ចាំការអស្ចារ្យ មុននឹងបន្តសកម្មភាពនៃការរស់នៅនោះទេ។ ទេសម្រាប់នាង រស់ ការមានសុភវិនិច្ឆ័យនាំឲ្យនាងមានការគិតយ៉ាងប្រុងប្រយ័ត្ន ហើយការគិតដោយប្រុងប្រយ័ត្ននាំឲ្យមានការអនុវត្តតាមស្ថានភាពជាក់ស្ដែង។ នាង រស់ ដឹងថា នាង និងម្តាយក្មេកនាងត្រូវការស្បៀងអាហារ ហើយនាងក៏ដឹងថា នាងអាចធ្វើការងារបាន។ ដូចនេះ នាងក៏បានស្វែងរកការប្រឹក្សាយោបល់ និងការអនុញ្ញាតពីនាង ន៉ាអូមី មុននឹងចេញទៅវាលស្រែ ដើម្បីធ្វើការ និងស្វែងរកអាហារ។
ការមានសុភវិនិច្ឆ័យ គឺមិនមានន័យថា យើងពឹងផ្អែកលើការយល់ឃើញ ឬសមត្ថភាពរបស់យើងនោះទេ។ យើងត្រូវទុកចិត្តព្រះ ហើយសម្លឹងមើលទៅព្រះអង្គ។ ប៉ុន្តែ យើងក៏ត្រូវប្រើសមត្ថភាពដែលព្រះអង្គប្រទានមកយើងឲ្យរស់នៅ ដោយចេះគិតពិចារណា តាមបំណងព្រះទ័យព្រះអង្គ។ យើងត្រូវតែត្រៀមខ្លួន ធ្វើការអ្វីដែលយើងអាចធ្វើបាន និងថ្វាយអ្វីដែលយើងមិនអាចធ្វើបាន ដល់ព្រះអង្គ។ ចូរកុំយល់ច្រឡំថា ការនៅស្ងៀមចាំទទួលអ្វីមួយ ដោយមិនធ្វើអ្វីសោះ គឺជាការកោតខ្លាចព្រះនោះឡើយ។ ប៉ុន្តែ តាមរយៈអាកប្បកិរិយា និងសកម្មភាពរបស់យើង នាង រស់ បានបង្រៀនយើងថា អ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់ប្រទាន គឺឱកាសសម្រាប់ទទួលអ្វីដែលយើងត្រូវការ គឺដោយសារសេចក្តីមេត្តា និងការអនុគ្រោះដែលយើងមិនសមទទួលពីព្រះដែលជាអ្នកប្រទានអំណោយល្អ និងគ្រប់លក្ខណ៍ (យ៉ាកុប ១:១៧)។
ពេលណាយើងក្រោកឡើង ហើយធ្វើការងារ យើងអាចទុកចិត្តថា ព្រះអម្ចាស់មិនដែលនៅស្ងៀមឡើយ។ ព្រះអង្គកំពុងធ្វើអ្វីៗគ្រប់យ៉ាង តាមបំណងព្រះទ័យព្រះអង្គ (រ៉ូម ៨:២៨) គឺមិនដូចកញ្ចប់អំណោយដែលគេសម្រូតចុះពីស្ថានសួគ៌មកទេ តែដូចជាក្រាំងដែលពន្លៀកពីមួយថ្ងៃទៅមួយថ្ងៃ ខណៈពេលដែលយើងឆ្លងកាត់ជីវិតដ៏លំបាក។ ការអនុគ្រោះរបស់ព្រះអង្គក្នុងរឿងសាមញ្ញក្នុងជីវិត ជួយយើងឲ្យបន្តដើរបានមួយថ្ងៃទៀត។ ស្ថានភាពរបស់អ្នកនៅថ្ងៃនេះ ប្រហែលមិនមានលក្ខណៈរំភើបរីករាយ ឬស្រស់ស្រាយទេ។ អ្នកប្រហែលមិនដឹងច្បាស់ថា អ្នកនឹងជម្នះបញ្ហាចំពោះមុខ ដោយរបៀបណាទេ។ ប៉ុន្តែ ព្រះអម្ចាស់បានឲ្យអ្នកនៅមានជីវិតនៅថ្ងៃនេះ ដូចនេះព្រះអង្គនឹងប្រទានអ្វីៗដែលអ្នកត្រូវការ ដើម្បីឲ្យអ្នកធ្វើការអ្វីដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ។
តើអ្នកនឹងក្រោកឡើង ហើយប្រើជីវិតដែលព្រះបានប្រទានយ៉ាងសកម្ម ដោយរស់នៅថ្វាយព្រះអង្គ និងសិរីល្អរបស់ព្រះអង្គ ដូចនាង រស់ ដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ២ថែស្សាឡូនីច ៣:៧-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ៨-៩ និងម៉ាថាយ ៨:១-១៧