
ផ្ទាំងរូបក្រណាត់ប៉ាក់ នៃការផ្គត់ផ្គង់របស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
May 15, 2025
«នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច ឯបូអូសគាត់ចេញពីបេថ្លេហិម»(នាងរស់ ២:៣-៤)។
ពេលយើងមើលទៅជីវិត យើងច្រើនតែមើលឃើញខ្សែអំបោះនៃជីវិត ដែលចាក់ស្រែះ ឬប្រទាក់គ្នា នៅផ្ទៃខាងក្រោយនៃផ្ទាំងរូបក្រណាត់ប៉ាក់ ដែលព្រះអម្ចាស់កំពុងរចនា។
នាង ន៉ាអូមី និងនាង រស់ ក៏បានឆ្លងកាត់ភាពចាក់ស្រែះរបស់ខ្សែអំបោះនៃជីវិត។ ពួកគេធ្វើដំណើរមកដល់ទឹកដីអ៊ីស្រាអែលក្នុងនាមជាស្ត្រីមេម៉ាយ គ្មានប្រាក់ជាប់ខ្លួន ជាស្ថានភាពដែលងាយរងគ្រោះបំផុត សម្រាប់ស្ត្រីនៅក្នុងសង្គមអនាធិបតេយ្យ (ពួកចៅហ្វាយ ២១:២៥)។ ក្នុងសង្គមរបស់សាសន៍អ៊ីស្រាអែលសម័យបុរាណ មានក្រឹត្យវិន័យដែលបានអនុញ្ញាតឲ្យអ្នកក្រចូលក្នុងវាលស្រែរើសកួរស្រូវ ដែលអ្នកប្រមូលផលបានជ្រុះនៅលើដី។ ព្រះអម្ចាស់បានបង្កើតច្បាប់នេះមក ដោយបានបង្ហាញព្រះទ័យទុកដាក់ និងការព្រួយបារម្ភចំពោះជនទុរគត។ ប៉ុន្តែ គេមិនតែងតែអនុវត្តតាមក្រឹត្យវិន័យនេះ ឲ្យបានញឹកញាប់ ក្នុងសម័យនោះទេ។
តែនៅពេលដែលនាងរស់បានតាំងចិត្តដើរចូលក្នុងវាលស្រែ ព្រះអម្ចាស់បានធ្វើការតាមរយៈក្រឹត្យវិន័យនេះ ដើម្បីផ្គត់ផ្គង់នាងរស់ និងនាងន៉ាអូមី។ ការសម្រេចចិត្តដ៏សាមញ្ញរបស់នាងរស់ ហាក់ដូចជាបានក្លាយជាការឆ្លុះបញ្ចាំងអំពីផែនការដែលព្រះទ្រង់មានសម្រាប់ស្ត្រីទាំងពីរ និងសម្រាប់ប្រវត្តិសាស្ត្រនៃការប្រោសលោះទាំងមូល។
នាងរស់ក៏បានទៅរើសកួរស្រូវក្នុងដីស្រែរបស់លោកបូអូស ជាញាតិសាច់ឆ្ងាយរបស់ស្វាមីរបស់នាងន៉ាអូមី និងជាបុរសដែលមានឋានៈខ្ពស់។ ជនជាតិអ៊ីស្រាអែលសម័យបុរាណយល់ដឹងថា គ្រួសារគឺជាផ្នែកមូលដ្ឋានរបស់សង្គម ដែលក្នុងនោះសមាជិករបស់គ្រួសារធំមានកាតព្វកិច្ចក្នុងការគាំទ្រ និងការពារសាច់ញាតិ ដែលកំពុងជួបការលំបាកដូចនាងន៉ាអូមីជាដើម។ ការនេះបានឆ្លុះបញ្ចាំងអំពីព្រះហស្តរបស់ព្រះ នៅក្នុងការផ្គត់ផ្គង់ដោយសេចក្តីសប្បុរសដល់នាង រស់ និងនាង ន៉ាអូមី ហើយតាមរបៀបដែលហាក់ដូចជាមិនគួរឲ្យកត់សំគាល់ បើគេមើលតែមួយភ្លែត។
តាមពិត ពេលយើងអានរឿងនាង រស់ យើងកត់សម្គាល់ឃើញចំណុចលម្អិតជាច្រើន ដែលបានបើកបង្ហាញ ដែលហាក់ដូចជាចៃដន្យ។ នាង រស់ ស្រាប់តែសម្រេចចិត្តរើសកួរស្រូវនៅថ្ងៃនោះ។ នាង ន៉ាអូមី ស្រាប់តែបានលើកទឹកចិត្តនាង រស់ ឲ្យទៅរើសកួរស្រូវនោះ។ លោក បូអូស ក៏ស្រាប់តែជ្រើសរើសពេលទៅប្រមូលផលស្រែនៅថ្ងៃនោះផងដែរ។ នាង រស់ ស្រាប់តែសម្រេចចិត្តទៅរើសក្នុងស្រែគាត់។ ប៉ុន្តែ ពេលយើងមើលទៅរឿងនេះទាំងមូល យើងឃើញថា ព្រះអង្គបានប្រើការទាំងអស់នេះដែលបានកើតឡើង ដើម្បីបង្ហាញការថែរក្សារបស់ព្រះអង្គ ដែលបានបង្ហាញគោលបំណងរបស់ព្រះអង្គនៅក្នុងការប្រោសលោះ។ សរុបមក ខ្សែលោហិតដែលកើតចេញពីលោក បូអូស និងនាង រស់ គឺមានស្ដេច ដាវីឌ ហើយទីបំផុត គឺមានព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាអ្នកផ្គត់ផ្គង់ និងការពារដែលធំប្រសើរជាងលោក បូអូស ទៀត ដែលព្រះអង្គក៏មានស្រុកកំណើតនៅភូមិបេថ្លេហិមផងដែរ។
ខណៈពេលដែលព្រះទ្រង់ចាក់ខ្សែអំបោះបង្កើតបានជារូបភាពនៃរឿងដ៏មានន័យ ដែលនិយាយអំពីការផ្គត់ផ្គង់នេះ នាង រស់ និងនាង ន៉ាអូមី មុខជាបានគិតថា ពួកគេជាខ្សែអំបោះដែលចាក់ស្រែះក្នុងពេលដ៏ពិបាកនោះ។ ជាញឹកញាប់ សាតាំងចង់ឲ្យយើងផ្ដោតទៅលើកាលៈទេសៈដែលហាក់ដូចជាច្របូកច្របល់ និងធ្វើឲ្យបាក់ទឹកចិត្ត ដោយមានការសង្ស័យចំពោះព្រះ និងការផ្គត់ផ្គង់របស់ព្រះអង្គ។ យើងពិតជាងាយនឹងភ្លេចថា ការអ្វីដែលហាក់ដូចជារញ៉េរញ៉ៃ គឺគ្រាន់តែជាផ្ទៃខាងក្រោយនៃផ្ទាំងរូបក្រណាត់ប៉ាក់ ដែលព្រះអង្គបានធ្វើ។ នៅថ្ងៃមួយ យើងនឹងបានឃើញស្នាព្រះហស្តដ៏វិចិត្ររបស់ព្រះអង្គ នៅលើផ្ទៃខាងមុខនៃផ្ទាំងរូបក្រណាត់ប៉ាក់នោះ ហើយនឹងបានដឹងច្បាស់ថា ខ្សែអំបោះចាក់ស្រែះ នៅផ្ទៃខាងក្រោយ គឺគ្រាន់តែជាផ្នែកមួយនៃផែនការដ៏រុងរឿងរបស់ព្រះអង្គទេ។ នៅថ្ងៃនេះ ចូរយើងចាំថា រឿងទាំងនោះគ្មានភាពចៃដន្យទេ ហើយភាពមិនច្បាស់លាស់ និងការលំបាក គឺគ្រាន់តែជាឱកាសសម្រាប់ឲ្យយើងទុកចិត្តលើព្រះ ហើយអ្វីៗដែលព្រះអង្គកំពុងធ្វើការ តាមផែនការនៅពីក្រោយបញ្ហាទាំងនោះ ដើម្បីជួយរាស្ត្រព្រះអង្គឲ្យចម្រើនឡើងខាងជំនឿ ការកោតខ្លាចព្រះ និងនាំពួកគេទៅរកព្រះអង្គនៅស្ថានសួគ៌។
ព្រះគម្ពីរសញ្ជឹងគិត៖ នាងរស់ ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១ពង្សាវតាក្សត្រ ១០-១១ និងម៉ាថាយ ៨:១៨-៣៤