
សេចក្តីស្រឡាញ់ ដែលសក្តិសមនឹងលះបង់ជីវិត
ដោយWinn Collier
May 22, 2025
ម៉ាថាយ ១៦:២១-២៨
ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ។ ម៉ាថាយ ១៦:២៥
លោកវីលៀម ថេមភល(William Temple) គឺជាអ្នកដឹកនាំពួកជំនុំ ជនជាតិអង់គ្លេស នៅសតវត្សរ៍ទី១៩ ធ្លាប់បានអធិប្បាយព្រះបន្ទូលព្រះ ទៅកាន់និស្សិតសកលវិទ្យាល័យអក់ស្វឺត ហើយបានបញ្ចប់ការអធិប្បាយព្រះបន្ទូលដោយពាក្យពេចន៍ ដកស្រង់ពីទំនុកសកល មានចំណងជើងថា “កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ”(លេខ៤៨)។ ប៉ុន្តែ គាត់បានដាស់តឿនពួកគេ មិនឲ្យមើលស្រាលអត្ថន័យនៃបទចម្រៀងនេះឡើយ។ លោកគ្រូថេមភល មានប្រសាសន៍ថា “បើពាក្យពេចន៍ក្នុងទំនុកដំកើងនោះ ពិតជាប៉ះពាល់ចិត្តអ្នកមែន ចូរច្រៀងឲ្យឮៗចុះ។ តែបើមិនប៉ះពាល់ចិត្តអ្នកទាល់តែសោះ សូមនៅស្ងៀម កុំច្រៀងអី។ បើប៉ះពាល់ចិត្តអ្នកបន្តិចបន្តួចដែរ ហើយអ្នកចង់ឲ្យប៉ះពាល់ចិត្តខ្លាំងជាងនេះទៀត នោះចូរច្រៀងដោយសម្លេងស្រទន់វិញ”។ ហ្វូងមនុស្សដែលកំពុងស្តាប់ការអធិប្បាយ មានសភាពស្ងាត់ស្ងៀម ខណៈពេលដែលម្នាក់ៗកំពុងមើលទំនុកច្រៀងរបស់បទនេះ។ សម្លេងមនុស្សរាប់ពាន់នាក់ក៏បានចាប់ផ្តើមច្រៀង ដោយសម្លេងខ្សឹបៗ បន្តិចម្តងៗ ហើយក៏បានដំឡើងសម្លេងច្រៀងកាន់តែខ្លាំង នៅឃ្លាចុងក្រោយ ដែលច្រៀងថា “សេចក្តីស្រឡាញ់នៃព្រះឧត្តម នោះគួរតប ដោយថ្វាយគ្រប់ទាំងអស់”។
និស្សិតទាំងនោះ នៅសកលវិទ្យាល័យអក់ស្វឺត បានយល់ការពិតដែលថា ការជឿ និងការដើរតាមព្រះយេស៊ូវ គឺជាការសម្រេចចិត្តដ៏ច្បាស់លាស់ ព្រោះការសម្រេចចិត្តនេះគឺមានន័យថា ពួកគេត្រូវឱបក្រសោបយកសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលតម្រូវឲ្យយើងលះបង់អ្វីៗគ្រប់យ៉ាង។ ការដើរតាមព្រះគ្រីស្ទ តម្រូវឲ្យថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។ ព្រះអង្គបានប្រាប់ពួកសាវ័ករបស់ព្រះអង្គយ៉ាងច្បាស់ថា “បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ម៉ាថាយ ១៦:២៤)។ គ្មាននរណាម្នាក់ដែលគួរធ្វើការសម្រេចចិត្តដើរតាមព្រះអង្គ ដោយគ្មានភាពច្បាស់លាស់នោះទេ។
ប៉ុន្តែ ការដើរតាមព្រះយេស៊ូវ ក៏ជាផ្លូវចូលទៅរកក្តីអំណរជ្រាលជ្រៅបំផុត។ យើងនឹងបានដឹងថា ជីវិតដែលរស់នៅក្នុងព្រះអង្គ គឺជាជីវិតដែលយើងពិតជាចង់បាន។ យើងប្រហែលជាពិបាកយល់ពីដំបូង។ ទោះជាយ៉ាងណាក៏ដោយ បើយើងឆ្លើយតប ចំពោះសេចក្តីស្រឡាញ់របស់ព្រះ ជឿលើព្រះគ្រីស្ទ ហើយលះបង់ភាពអាត្មានិយម ដែលមិនបានគិតវែងឆ្ងាយ នោះយើងនឹងរកឃើញជីវិត ដែលវិញ្ញាណយើងកំពុងស្រេកឃ្លានចង់បាន(ខ.២៥)។—Winn Collier
តើការជឿ និងការដើរតាមព្រះយេស៊ូវ តម្រូវឲ្យអ្នកមានការលះបង់អ្វីខ្លះ? តើអ្នកនឹងទទួលបានអ្វីខ្លះ?
ឱព្រះអម្ចាស់ ការដើរតាមព្រះអង្គមិនងាយស្រួលទេ តែទូលបង្គំចង់ថ្វាយជីវិត និងអ្វីៗទាំងអស់ដល់ព្រះអង្គ។
For further study, read Keeping the Faith—The Cost of Following Christ at DiscoverySeries.org/Q0614.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៦-១៨ និង យ៉ូហាន ៧:២៨-៥៣