នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រឡាញ់​សេចក្តី​ពិត

ស្រឡាញ់​សេចក្តី​ពិត

ដោយMike Wittmer

May 23, 2025

 

២ថែស្សាឡូនិច ២:៧-១២

ដោយ​គ្រប់​ទាំង​សេចក្ដី​ឆបោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ​។ ២ថែស្សាឡូនិច ២:១០

ជែក(Jack) ស្អប់​សាលា​រៀន​។ ថ្នាក់​រៀន​គណិត​វិទ្យា វេយ្យាករណ៍ និង​តារាង​ខួប​គីមី បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ធុញ​ទ្រាន់ ក្នុង​ការ​រៀនសូត្រ​។ ប៉ុន្តែ គាត់​ស្រឡាញ់​ការ​សាង​សង់ផ្ទះ​។ ឪពុក​របស់​គាត់​បាន​នាំ​គាត់​ទៅ​ការដ្ឋាន​សំណង់ ក្នុង​វិស្សម​កាល​រដូវ​ក្តៅ ហើយ​គាត់​​​ចង់​ចេះ​ការងារ​សំណង់ ដោយ​មិន​ចេះ​ឆ្អែត​ឆ្អន់​។ គាត់​មាន​អាយុតែ១៦ឆ្នាំ​ទេ តែ​គាត់​ចេះ​ប្រើ​ស៊ី​ម៉ង់ ក្តារ​បន្ទះ និង​ធ្វើ​មេ​ជញ្ជាំង​។ តើ​សាលា​រៀន និង​ការងារ​សំណង់​មាន​អ្វី​ខុស​គ្នា? សម្រាប់​ជែក ទាំង​ពីរ​នេះ​ខុស​គ្នា ត្រង់​សេចក្តី​ស្រឡាញ់​។ ជែក​ស្រឡាញ់​ការងារ​សំណង់ តែ​គាត់​មិន​ចូលចិត្ត​សាលា​រៀន​។ ការ​ស្រឡាញ់​របស់​គាត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ចង់​ចេះ​ចង់​យល់​អំពី​ការងារ​សំណង់​កាន់តែ​ខ្លាំង​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ត្រូវ “ស្រឡាញ់​សេចក្តី​ពិត”(២ថែស្សាឡូនិច ២:១០)។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា អ្នក​បម្រើ​របស់​សាតាំង នឹង​ប្រើ “ទី​សំ​គាល់ និង​ការ​អស្ចារ្យ”(ខ.៩) ដើម្បី​បោក​បញ្ឆោត “មនុស្ស​ដែល​កំពុង​វិនាស”(ខ.១០)។ ហេតុ​អ្វី​ពួកគេ​កំពុង​វិនាស? ព្រោះ​ពួកគេ​បាន​បដិសេធន៍​មិន​ព្រម​ស្រឡាញ់​សេចក្តី​ពិត និង​សេចក្តី​សង្គ្រោះ(ខ.១០)។ ការ​ដែល​ពួកគេ​មិន​ស្រឡាញ់​សេចក្តី​ពិត ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់ មិន​អាច​ស្គាល់​សេចក្តី​ពិត​បានទេ​។ ពួកគេ​បាន​ចាញ់​ការ​បញ្ឆោត​ហើយ(ខ.១១)។

តើ​យើង​បាន​យល់​ដឹង​អំពី​អ្វី​ខ្លះ? ដើម្បី​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ ជាបឋម យើង​ចាំបាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ស្រឡាញ់​អ្វី? បំណង​ចិត្ត​របស់​យើង​តែង​តែ​ទាញ​នាំ​ចិត្ត និង​ដឹកនាំ​គំនិត​យើង​។ យើង​ឲ្យ​តម្លៃ​មក​លើ​អ្វីៗ​ដែល​យើង​ស្រឡាញ់​។ យើង​ការពារ​វា និង​ស្វែង​យល់​អំពី​​វា​កាន់តែ​ច្រើន​ថែម​ទៀត​។ បើ​យើង​ស្រឡាញ់​សេចក្តី​ពិត និង​ប្រាជ្ញា យើង​នឹង​ស្វែងរក​សេចក្តី​ទាំង​ពីរ​នេះ ដូច​ស្វែងរក​មាស​ដ៏​មាន​តម្លៃ(សុភាសិត ៣:១៣-១៤ ៤:៧-៩)។ សេចក្តី​ទាំង​ពីរ​នេះ​នឹង​ការពារ​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង”(៤:៦)។

តើ​ប្រាជ្ញា​ពិត​ប្រាក​គឺជា​អ្វី? ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​គឺជា​ប្រាជ្ញា​ពិត​ប្រាកដ​។ “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត”(យ៉ូហាន ១៤:៦)។ សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​សួរ​នោះ​គឺ តើ​យើង​ស្រឡាញ់​នរណា? ចូរ​យើង​ស្រឡាញ់​ព្រះយេស៊ូវ នោះ​យើ​ង​នឹង​មាន​ចិត្ត​ចង់​រៀន​សូត្រ​អំពី​ផ្លូវ​របស់​ព្រះអង្គ​។ ព្រះអង្គ​នឹង​ការពារ​ជីវិត​អ្នក ដោយ​ដឹកនាំ​អ្នក ចូល​ទៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះអង្គ​។—Mike Wittmer

ហេតុ​អ្វី​យើង​ចាំបាច់​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត? ហេតុ​អ្វី​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះ​អង្គ​គឺជា​សេចក្តី​ពិត?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​បំពេញ​ចិត្ត​ទូល​បង្គំ ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទូល​បង្គំ​ស្រឡាញ់​ព្រះអង្គ និង​អ្វី​ដែល​ពិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ១៩-២១ និង យ៉ូហាន ៨:១-២៧

ល្ងាច

មិន​រា​រាំង​បេសកកម្ម​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

មិន​រា​រាំង​បេសកកម្ម​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

May 23, 2025

«កាល​គាត់​បាន​ឮ​ថា ជា​ព្រះ​យេស៊ូវ​ពីណា​សា​រ៉ែត នោះ​ក៏​តាំង​ស្រែក​ឡើង​ថា ឱ​ព្រះ​យេស៊ូវ ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល​បង្គំ​ផង មាន​មនុស្ស​ជា​ច្រើន​កំហែង​ឲ្យ​គាត់​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹតតែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ​អង្គ​ជា​ព្រះ​វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ផង នោះ​ព្រះ​យេស៊ូវ​ទ្រង់​ឈប់ ហើយ​ប្រាប់​ឲ្យ​គេ​ហៅ​គាត់​មក» (ម៉ាកុស ១០:៤៧-៤៩)។

ថ្ងៃ​បុណ្យ​រំលង​ជិត​មកដល់​ហើយ បុរស​ពិការ​ភ្នែក​ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​កំពុងតែ​មាន​ចំនួន​កើន​ឡើង។ គេ​កំពុង​រំពឹង​ចង់​បាន​ការ​ធំ​ឧត្តម​កើត​ឡើង​នៅពេល​នោះ។ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដែល​កំពុង​ត្រាច់ចរ​ទៅមក ភាគ​ច្រើន​គេ​គ្មាន​ពេល​សម្រាប់​ឈប់ ដើម្បី​ដាក់​ទាន​ឲ្យ​អ្នកសុំ​ទាន​នៅ​ក្លោង​ទ្វារ​ទីក្រុង​ទេ។ ពួក​គេ​តែង​តែ​សុំ​ទាន​នៅ​ទីនោះ​ជា​ប្រចាំ ប្រជាជន​នៅ​ជា​យ​ក្រុង​យេរីខូ​បាន​ដឹង​ច្បាស់​ពី​រឿង​នេះ។ មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​ហ្វូង​មនុស្ស ទំនង​ជា​ធ្លាប់​ឃើញ​បុរស​ពិការ​ភ្នែក​ឈ្មោះ​បាទី​មេ ញឹក​ញាប់​ណាស់​ហើយ បាន​ជា​ពួក​គេ​មិន​ចាប់​អារម្មណ៍​ចំពោះ​គាត់។

ហ្វូង​មនុស្ស​មាន​ការ​ជក់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​យេស៊ូវ បានជា​គេ​ទំនងជា​ចាត់​ទុក​លោក​បាទី​មេ ជា​មនុស្ស​រំខាន។ ពួក​គេ​បាន​ស្តី​បន្ទោស​ឲ្យ​គាត់ និង​ព្យាយាម​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម ពេល​ដែល​គាត់​ស្រែក​សូម​សេចក្តី​មេត្តា​ពី​ព្រះ​អង្គ។ ទង្វើ​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​គំនិត​របស់​ពួក​គេ ដែល​គិតថា អ្នកសុំ​ទាន​ជា​សមាជិក​នៃ​សង្គម ដែល​ពិតជា​មិន​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​កំពុង​ធ្វើ។ ប៉ុន្តែ ការ​ដែល​ពួក​គេ​ព្យាយាម​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម គឺ​គ្រាន់តែ​បាន​រា​រាំង​បេសកកម្ម​របស់​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ គឺ​រា​រាំង​ព្រះ ដែល​ពួក​គេ​បាន​អះអាង​ថា ពួក​គេ​កំពុង​ដើរ​តាម និង​បុព្វ​ហេតុ​ដែល​ពួក​គេ​អះអាង​ថា ពួក​គេ​កំពុង​ដេញ​តាម។

បុរស​ពិការ​ភ្នែក​ម្នាក់​នេះ មិនមែន​មាន​ចំណាប់​អារម្មណ៍​តែ​បន្តិច​បន្តួច​ចំពោះ​ព្រះ​យេស៊ូវ​ឡើយ បាន​ជា​គាត់​បន្ត​ស្រែកហៅ​ព្រះ​អង្គ។ ការ​ពិពណ៌នា​របស់​កណ្ឌ​គម្ពីរ​ម៉ាកុស​អំពី​រឿង​នេះ បាន​បង្ហាញ​សេចក្តី​អាណិត​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​គ្រីស្ទ ដោយ​ពាក្យ​មួយ​ឃ្លា​ដ៏​សាមញ្ញ​ថា «ព្រះ​យេស៊ូវ​ទ្រង់​ឈប់» ជា​ពាក្យ​ដ៏​ខ្លី​នៃ​ព្រះ​គុណ។ សូម​អ្នក​ស្រមៃ​ថា ពួក​បណ្តាជន​មាន​ប្រតិកម្ម​យ៉ាងណា នៅពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​ដែល​កំពុង​ស្តី​បន្ទោស​ឲ្យ​គាត់ ដោយ​ប្រាប់​ពួក​គេ​ឲ្យ​ហៅ​គាត់ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ។ ការ​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ខ្មាស​អៀន ដែល​សមនឹង​ទង្វើ​របស់​ពួក​គេ។

ប្រហែល​ជា​មាន​មនុស្ស​ក្នុង​ជីវិត​អ្នក ដែល​អ្នក​ពិបាក​អធិស្ឋាន​ឲ្យ។ ប្រហែល​មាន​អ្នក​ខ្លះ អ្នក​គ្រាន់តែ​ចង់​ស្តី​បន្ទោស ឬ​មិន​ចង់​អើពើ។ អ្នក​ប្រហែល​មិន​ចង់​ធ្វើ​អ្វី​សម្រាប់​គាត់ ដោយ​សារ​មិន​ចង់​ពិបាក។

ការ​អញ្ជើញ​នរណា​ម្នាក់​មក​ព្រះវិហារ អង្គុយ​ជា​មួយ​ពួក​គេ បរិភោគ​អាហារ​ជា​មួយ​ពួក​គេ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ជីវិត​របស់​ពួក​គេ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំខាន។ ការ​អនុវត្ត​ដូច​នេះ​មាន​ភាព​ស្មុគស្មាញ ហើយ​តម្រូវ​ឲ្យ​យើង​ចំណាយ​កម្លាំង និង​ពេល​វេលា។ យើង​សុខ​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​គេ​វិញ។ យើង​ពិតជា​ងាយ​នឹង​រអិល​ជើង​ចូល​ទៅ​ក្នុង​ការ​គិត​ដូច​នេះ ដោយ​មិន​បាន​កត់​សំ​គាល់​ឲ្យ​បាន​ដិត​ដល់ ប៉ុន្តែ​ពេល​ណា​យើង​ពិតជា​គិត​ដូច​នេះ យើង​មិន​ខុសពី​ហ្វូង​មនុស្ស ដែល​បាន​ធ្វើ​ជា​រនាំង​មិន​ឲ្យ​មាន​មនុស្ស​ចូល​មក​រក​ព្រះ​អង្គ​សង្គ្រោះ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​បង្គាប់​យើង​ថា ចូរ​កុំ​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​ឡើយ ចូរ​ហៅ​ពួក​គេ​ឲ្យ​ចូល​មក​រក​ខ្ញុំ។ នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​មក។

សូម​ព្រះ​អម្ចាស់​អត់​ទោស​ឲ្យ​យើង ពេល​ណា​យើង​មាន​ចិត្ត​ទោមនស្ស ដូច​ហ្វូង​មនុស្ស ដោយ​សារ​ផែនការ​យើង​ត្រូវ​គេ​បង្អាក់ ហើយ​មាន​អារម្មណ៍​រំខាន ពេល​ដែល​មាន​នរណា​ម្នាក់​ស្រែក​សូម​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ។ ព្រះ​គ្រីស្ទ​ជា​អ្នក​ប្រោស​ភ្នែក​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ តែ​ព្រះ​អង្គ​ក៏បាន​ឲ្យ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ និង​ឯកសិទ្ធិ​ក្នុង​ការ​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ​អង្គ​ថា «ចូរ​មាន​សង្ឃឹម​ឡើង... ព្រះ​អង្គ​កំពុង​ហៅ​អ្នក​ហើយ»។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១០:៣៥-៤៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ៤-៦ និង​ម៉ាថាយ ១២:២២-៥០

ប្រភេទ