
ការលោតចុះ ដោយសេចក្តីជំនឿ
ដោយNancy Gavilanes
May 24, 2025
ហេព្រើរ ១១:១-៨
រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។ ហេព្រើរ ១១:១
នៅតំបន់អង់តាកទិចខាងលិច គេបានសង្កេតឃើញ សត្វភែនឃ្វីនស្តេច ប្រហែល ៧រយក្បាល ដែលមានអាយុតែ៦ខែ កំពុងឈរផ្តុំគ្នា នៅមាត់ជ្រោះដែលជាផ្ទាំងទឹកកកដ៏ខ្ពស់ត្រដែត ប្រហែល១៥ម៉ែត្រ នៅពីលើទឹកដែលត្រជាក់ខ្លាំង។ ទីបំផុត សត្វភែនឃ្វីនមួយក្បាល បានទ្រេតខ្លួនទៅមុខ ហើយក៏បានទម្លាក់ខ្លួនចុះ ជ្រមុជទៅក្នុងទឹកដ៏ត្រជាក់នៅខាងក្រោម ហើយក៏បានហែលចេញទៅបាត់។ មិនយូរប៉ុន្មាន មានសត្វភែនឃ្វីនជាច្រើនទៀតក៏បានលោតចុះមកក្រោម តាមវាដែរ។
តាមធម្មតា គេឃើញសត្វភែនឃ្វីន នៅក្មេងខ្ចី លោតចុះពីកន្លែងមានកម្ពស់ប្រហែល១ម៉ែត្រ ចូលទៅក្នុងទឹក ដើម្បីហែលទឹកជាលើកទីមួយ។ តែនេះជាលើកដំបូងហើយ ដែលគេបានថតវីដេអូសកម្មភាពនៃការលោតជាក្រុមពីកន្លែងខ្ពស់ យ៉ាងនេះ។
អ្នកខ្លះនិយាយថា ការលោតពីកន្លែងខ្ពស់ ចុះទៅកន្លែងដែលសត្វភែនឃ្វីនទាំងនោះមិនដែលបានស្គាល់ គឺស្រដៀងនឹងការដែលមនុស្សម្នាក់ទទួលជឿព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ។ ទោះជាយ៉ាងណាក៏ដោយ ការមានជំនឿលើព្រះអង្គ មានអត្ថន័យផ្ទុយពីនេះ។ កណ្ឌគម្ពីរហេព្រើរបានចែងថា “រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:១)។
ជំនឿរបស់លោកហេណុក បានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ។ “តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ”(ខ.៦)។ កាលសម័យលោកណូអេ មនុស្សមិនដែលបានឃើញទឹកជំនន់ធំៗទេ តែលោកណូអេ “មានសេចក្តីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក”(ខ.៧) ដោយសារគាត់ទុកចិត្តព្រះ។ ដោយជំនឿនោះលោកអ័ប្រាហាំបានធ្វើតាមបង្គាប់ព្រះ ទោះគាត់មិនស្គាល់កន្លែងដែលព្រះបានប្រាប់ឲ្យគាត់ទៅក៏ដោយ(ខ.៨)។
នៅពេលដែលយើងទទួលជឿព្រះយេស៊ូវជាលើកដំបូង គឺយើងធ្វើឡើង ដោយសេចក្តីជំនឿ។ ខណៈពេលដែលយើងបន្តដើរតាមព្រះអង្គ ហើយជំនឿរបស់យើងបានជួបការល្បងល យើងអាចនឹកចាំអំពីរបៀបដែលព្រះអង្គបានផ្គត់ផ្គង់ និងជួយសង្គ្រោះបុរសទាំងនោះ។ ទោះយើងមិនដឹងថា ហេតុអ្វីព្រះអង្គអនុញ្ញាតឲ្យបញ្ហារបស់យើងកើតឡើង ហើយមិនដឹងថា ព្រះអង្គនឹងជួយយើងដោយរបៀបណាក៏ដោយ ក៏យើងនៅតែអាចថ្វាយលទ្ធផលដល់ព្រះអង្គ ដោយជំនឿ។ —Nancy Gavilanes
តើនៅពេលណា សេចក្តីជំនឿរបស់អ្នកបាននាំមកនូវការពារពីព្រះហស្តរបស់ព្រះអង្គ?
តើអ្នកបានឃើញព្រះអង្គធ្វើការក្នុងជីវិតអ្នកដូចម្តេចខ្លះ ដោយសារអ្នកជឿព្រះអង្គ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលមានសេចក្តីស្មោះត្រង់ចំពោះទូលបង្គំយ៉ាងខ្លាំង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២២-២៤ និង យ៉ូហាន ៨:២៨-៥៩