ព្រឹក

ជួយឲ្យរួចពីដាវដ៏អាក្រក់
ដោយTim Gustafson
May 26, 2025
ទំនុកដំកើង ១៤៤:១-២,៨-១៥
ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់។ ទំនុកដំកើង ១៤៤:៩
រូបចម្លាក់ដែលគួរឲ្យកត់សំគាល់ ដែលលោកសាប៊ីន ហោវើត(Sabin Howard) បានឆ្លាក់ មានចំណងជើងថា ការធ្វើដំណើររបស់ទាហានម្នាក់ បានបង្កប់នូវភាពក្លៀវក្លា និងការឈឺចាប់យ៉ាងខ្លាំង។ រូបចម្លាក់នោះ ជាចម្លាក់នៅលើជញ្ជាំង មានប្រវែង១៧ម៉ែត្រ ដែលក្នុងនោះ មានចម្លាក់រូបមនុស្ស៣០នាក់ធ្វើពីលង្ហិន ទ្រេតខ្លួនទៅមុខ ជាការឆ្លុះបញ្ចាំងអំពីជីវិតរបស់ទាហានម្នាក់ ក្នុងសម័យសង្គ្រាមលោកលើកទី១។ គាត់បានឆ្លាក់រូបនេះចប់សព្វគ្រប់នៅឆ្នាំ២០២៤ ជាផ្ទាំងចម្លាក់វែងអន្លាយ មានការពិពណ៌នា ដែលចាប់ផ្តើមដោយការគ្រវីដៃលាក្រុមគ្រួសារដោយចិត្តឈឺឆាប់ ចូលទៅក្នុងការធ្វើដំណើរដ៏រំភើប និងការយល់ដឹង ឆ្ពោះទៅរកភាពតក់ស្លុតនៃសង្គ្រាម។ ទីបំផុត រូបចម្លាក់នោះក៏បាននិយាយអំពីការវិលត្រឡប់មកផ្ទះវិញ ដោយមានកូនស្រីរបស់អតីតយុទ្ធជន បើកមើលមួកដែករបស់គាត់ ដែលជាការបង្ហាញឲ្យដឹងជាមុន អំពីសង្គ្រាមលោកលើទី២។
តាមរយៈស្នាដៃសិល្បៈនេះ លោកហោវើត បានព្យាយាម “បើកបង្ហាញអំពីខ្សែជីវិតរបស់មនុស្ស ដែលអាចឈានទៅដល់កំរិតខ្ពស់បំផុត ហើយក៏អាចលិចលង់ដល់កំរិតរបស់សត្វតិរច្ឆាន”។ គេអាចដឹងអំពីការពិតមួយនេះ តាមរយៈសង្គ្រាម។
ស្តេចដាវីឌជាអ្នកនិពន្ធកណ្ឌគម្ពីរទំនុកដំកើង បានជ្រាបច្បាស់ អំពីផលវិបាកនៃសង្គ្រាម ដែលមានការបង្ហូរឈាម។ ទ្រង់បានជ្រាប អំពីភាពចាំបាច់នៃសង្គ្រាម ដើម្បីប្រយុទ្ធប្រឆាំងនឹងការអាក្រក់ បានជាទ្រង់សរសើរដំកើងព្រះដែលបានបង្ហាត់ព្រះហស្តទ្រង់ ឲ្យចេះធ្វើសង្គ្រាម(ទំនុកដំកើង ១៤៤:១)។ តែទ្រង់ក៏បានដកព្រះកាយចេញពីការប្រយុទ្ធគ្នា ដោយអធិស្ឋានសូមព្រះអម្ចាស់រំដោះទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់(ខ.១០-១១)។ ស្តេចដាវីឌបានសម្លឹងឆ្ពោះទៅរកពេលដែលយុវជនមិនស្លាប់ដោយសារសង្គ្រាម តែ “នឹងបានដូចជាដើមណា ដែលចំរើនធំឡើងពីកាលនៅក្មេង”
ហើយយុវតីនឹងបានដូចជាសសរថ្ម “ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង”(ខ.១២)។ នៅថ្ងៃនោះ “នឹងគ្មានខ្មាំងរុករានចូល ឬនាំយើងខ្ញុំចេញទៅជាឈ្លើយឡើយ ក៏នឹងគ្មានឮសំរែកដោយភ័យនៅក្នុងផ្លូវយើងខ្ញុំដែរ”(ខ.១៤)។
ពេលយើងក្រឡេកមកក្រោយ យើងអាចនឹកចាំ អ្នកដែលបានដួលក្នុងសង្គ្រាម។ ពេលយើងមើលទៅមុខ យើងអាចច្រៀងជាមួយស្តេចដាវីឌថា “ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់
ដោយដេញពិណខ្សែ១០”(ខ.៩)។—Tim Gustafson
តើសង្គ្រាមមានផលប៉ះពាល់មកលើអ្នក យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចូលរួមបង្កើតឲ្យមានសន្តិភាព?
ឱព្រះវរបិតា យើងខ្ញុំនឹកចាំអ្នកដែលបានស្លាប់ក្នុងសង្គ្រាម។ យើងខ្ញុំស្រេកឃ្លានចង់បានសន្តិភាពដ៏ស្ថិតស្ថេររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១របាក្សត្រ ២៨-២៩ និង យ៉ូហាន ៩:២៤-៤១
ប្រភេទ
ល្ងាច

ព្រះបន្ទូលរបស់ព្រះមិនប្រែប្រួល
ដោយAlistair Begg
May 26, 2025
«ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាកក្នុងកាលដែលទ្រង់ល្បងលលោក គឺអ្នកដែលបានទទួលសេចក្តីសន្យាទាំងប៉ុន្មាន លោកបានថ្វាយកូនលោកតែមួយ ដែលមានសេចក្តីចែងទុកពីដំណើរកូននោះថា «ពូជឯងនឹងបានរាប់តាមអ៊ីសាក» (ហេព្រើរ ១១:១៧-១៨)។
នៅពេលខ្លះ យើងអាចមានអារម្មណ៍ថា ជីវិតរបស់យើងមានការលំបាកពេក។ ជារៀងរាល់ថ្ងៃ យើងជួបបញ្ហាប្រឈមថ្មីៗ ទោះបញ្ហាប្រឈមចាស់មិនទាន់មានដំណោះស្រាយក៏ដោយ។ ជំនឿរបស់យើងងាយនឹងមានការជំពប់ដួល ដោយសារយើងខ្វះការយល់ដឹងអំពីកាលៈទេសៈរបស់យើង ដោយយើងបោះបង់ចោលការរត់ប្រណាំងនៃជំនឿ ហើយនិយាយថា «ខ្ញុំចប់ហើយ។ ខ្ញុំមិនអាចរត់ទៅមុខទៀតបានទេ»។ ស្ថិតក្នុងពេលបែបនេះ ព្រះបន្ទូលព្រះក៏បានលើកទឹកចិត្តយើងឲ្យចាំថា ជំនឿគ្រីស្ទានគឺជាជំនឿដែលមានការស៊ូទ្រាំ ដែលនៅតែមានការប្ដេជ្ញាចិត្ត។ យើងនៅតែអាចស្តាប់បង្គាប់តាមសេចក្តីបង្គាប់របស់ព្រះ សូម្បីតែនៅពេលដែលអ្វីៗនៅជុំវិញយើង ហាក់ដូចជាផ្ទុយនឹងអ្វីៗដែលព្រះអង្គបានសន្យា។
ក្រៅពីព្រះយេស៊ូវ ក្នុងចំណោមតួអង្គក្នុងព្រះគម្ពីរប៊ីប ប្រហែលគ្មាននរណាម្នាក់មានជីវិតពិបាកជាងលោក អ័ប្រាហាំ ទេ។ ទុក្ខលំបាកធំបំផុតរបស់គាត់បានកើតឡើងនៅពេលដែលព្រះទ្រង់បង្គាប់គាត់ដោយផ្ទាល់ ដូចមានសេចក្តីចែងថា «ទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវនាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ... លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន» (លោកុប្បត្តិ ២២:២,៩-១០)។ ការបង្គាប់របស់ព្រះដល់លោក អ័ប្រាហាំ មានភាពច្បាស់លាស់ណាស់ តែហាក់ដូចជាផ្ទុយនឹងព្រះបន្ទូលសន្យា ដូចដែលព្រះអង្គបានប្រាប់លោកអ័ប្រាហាំថា «គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង» ហើយ «ពូជឯងនឹងបានរាប់ដោយសារតែអ៊ីសាក»(ខ.១៨ ២១:១២)។ ការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺអាស្រ័យទៅលើការរស់រានរបស់អ៊ីសាក។ បើអ៊ីសាកស្លាប់ តើព្រះបន្ទូលសន្យាអាចសម្រេចដោយរបៀបណា?
យ៉ាងណាមិញ លោក អ័ប្រាហាំ នៅតែស្តាប់បង្គាប់ព្រះអម្ចាស់។ កាលៈទេសៈរបស់គាត់អាចធ្វើឲ្យគាត់សង្ស័យ និងចោទសួរថា ហេតុអ្វីព្រះអង្គមានបន្ទូលដូចនេះ ប៉ុន្តែ ដោយជំនឿ គាត់បានទុកចិត្តលើផែនការរបស់ព្រះ។ ព្រះអង្គបានសន្យាថា តាមរយៈអ៊ីសាក ប្រជាជាតិទាំងអស់នឹងបានព្រះពរ ដូចនេះ គាត់ជឿថា ព្រះអង្គនឹងប្រោសអ៊ីសាកឲ្យរស់ឡើងវិញមិនខាន (ហេព្រើរ ១១:១៩)។ ហេតុនេះហើយ នៅពេលដែលលោកអ័ប្រាហាំចេញទៅធ្វើយញ្ញបូជាដែលព្រះបានបង្គាប់ គាត់ប្រាប់អ្នកបម្រើគាត់ថា «ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ» (លោកុប្បត្តិ ២២:៥)។ នេះជាការបង្ហាញសេចក្តីជំនឿច្បាស់ណាស់! ចូរយើងកុំមើលរំលងចំណុចនេះ។ នៅពេលដែលព្រះទ្រង់បញ្ជាគាត់ គាត់ក៏បានស្តាប់បង្គាប់ព្រះអង្គ។ ទោះការបង្គាប់នោះហាក់ដូចជាផ្ទុយនឹងព្រះបន្ទូលសន្យា ដែលព្រះអង្គបានមានជាមួយលោកអ័ប្រាហាំ ក៏គាត់នៅតែទៅធ្វើកិច្ចការដែលគាត់ត្រូវធ្វើ ហើយទុកឲ្យព្រះអម្ចាស់ធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើ។
យើងក៏អាចធ្វើដូចគាត់ផងដែរ។ ចូរកុំអនុញ្ញាតឲ្យកាលៈទេសៈ បំបាក់ទឹកចិត្តអ្នក ធ្វើឲ្យការស្តាប់បង្គាប់មានការចុះខ្សោយ ឬមានការសង្ស័យចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ទោះកាលៈទេសៈនោះមានការលំបាកយ៉ាងណាក៏ដោយ។ រយៈពេលជាច្រើនសតវត្សរ៍ បន្ទាប់ពីលោក អ័ប្រាហាំ និងលោក អ៊ីសាក បានឡើងភ្នំនោះ ហើយចុះមកវិញ ព្រះរាជបុត្រានៃព្រះបានមានព្រះជន្មរស់ឡើងវិញ នៅជើងភ្នំដដែលនេះ គឺជាការធ្វើបន្ទាល់សំខាន់បំផុត ចំពោះសេចក្តីពិតដែលថា ព្រះអម្ចាស់តែងតែគោរពព្រះបន្ទូលសន្យា។ ដូចនេះ ទោះអ្នកជួបបញ្ហាអ្វីក៏ដោយនៅថ្ងៃនេះ ចូរនិយាយដោយទំនុកចិត្ត ដោយសង្ឃឹម និងដោយអធិដ្ឋានថា «ខ្ញុំនៅតែអាចបន្តទៅមុខទៀត។ ខ្ញុំមិនទាន់ចប់ទេ។ ព្រះអង្គនឹងធ្វើក្នុងផ្នែករបស់ព្រះអង្គ ហើយខ្ញុំអាចធ្វើក្នុងផ្នែករបស់ខ្ញុំ»។
ព្រះគម្ពីរសញ្ជឹងគិត៖ លោកុប្បត្ដិ ២២:១-១៩
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១២-១៤ និងម៉ាថាយ ១៤:១-២១