ព្រឹក

រឿងដែលគួរឲ្យភ្ញាក់ផ្អើល
ដោយArthur Jackson
May 27, 2025
លូកា ១១:២៧-៣២
នៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត។ លូកា ១១:៣១
មានពេលមួយក្រុមការងាររបស់ខ្ញុំ បានទៅធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលសម្រាកលំហែ ដែលមនុស្សម្នាក់បានទិញក្នុងតម្លៃខ្ពស់មួយ ដោយចក្ខុវិស័យដើម្បីផ្តល់ឲ្យកន្លែងសម្រាកលំហែដល់អ្នកបម្រើព្រះទាំងឡាយ ដើម្បីឲ្យពួកគេទទួលការកម្សាន្តចិត្ត និងភាពស្រស់ថ្លាឡើងវិញ។ សមាជិកក្រុមរបស់យើងក៏បានលាន់មាត់ ដោយការសរសើរ នៅពេលដែលយើងបានឃើញបន្ទប់ធំៗ មានគ្រែពីរជាន់ និងគ្រែធំៗដ៏ប្រណិត។ យើងក៏បានឃើញផ្ទះបាយ និងកន្លែងញាំអាហារ បំពាក់ទៅដោយឧបករណ៍ទំនើបៗ ដែលបានធ្វើឲ្យយើងបើកភ្នែកធំៗ ដោយចិត្តរីករាយផងដែរ។ មិនតែប៉ុណ្ណោះ យើងនៅមានការភ្ញាក់ផ្អើលផ្សេងទៀត នៅពេលដែលយើងបានឃើញតារាងបាល់បោះ ដែលមានដំបូលប្រក់ពីលើ ក្នុងមជ្ឈមណ្ឌលសម្រាកលំហែនេះ។ និយាយរួម អ្វីៗដែលយើងឃើញមាននៅទីនោះ សុទ្ធតែធ្វើឲ្យយើងភ្ញាក់ផ្អើល។
ក្សត្រី ស៊ីបា ក៏មានការភ្ញាក់ផ្អើលស្រដៀងនេះផងដែរ នៅពេលដែលព្រះនាងយាងមកជួបស្តេចសាឡូម៉ូន ក្នុងទីក្រុងយេរូសាឡិម នៅសម័យបុរាណ។ នៅពេលដែលព្រះនាង “បានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន នឹងដំណាក់ដែលទ្រង់ធ្វើ... នោះព្រះនាងក៏ភាំងស្មារតី”(១ពង្សាវតាក្សត្រ ១០:៤-៥)។ ជាច្រើនសតវត្សរ៍ក្រោយមក ព្រះយេស៊ូវ ដែលកូនចៅជំនាន់ក្រោយរបស់ស្តេចដាវីឌផងដែរ ក៏បានបង្ហាញអង្គទ្រង់ ហើយក៏បានធ្វើឲ្យមនុស្សមានការភ្ញាក់ផ្អើលចំពោះព្រះអង្គ តាមរបៀបផ្សេងទៀត។ គ្រប់ទីកន្លែងដែលព្រះអង្គយាងទៅដល់ ហ្វូងមនុស្សបានទទួលស្គាល់ភាពអស្ចារ្យនៃប្រាជ្ញា និងកិច្ចការដែលព្រះអង្គបានធ្វើ(លូកា ៤:៣៦)។ ហើយព្រះអង្គក៏បានប្រាប់ពួកគេថា “មាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត” ដែលបានបង្ហាញអង្គទ្រង់ឲ្យគេស្គាល់ (១១:៣១)។ ព្រះរាជកិច្ចដែលគួរឲ្យភ្ញាក់ផ្អើលរបស់ព្រះយេស៊ូវ បាននាំមកនូវការអត់ទោសបាប ដោយការបង់ថ្លៃខ្ពស់បំផុត ជាការសុគតរបស់ព្រះអង្គ ដើម្បីលោះបាបយើង។ ព្រះអង្គស្វាគមន៍មនុស្សទាំងអស់ដែលចង់ចូលមករកព្រះអង្គ។ ហើយអ្នកដែលចូលមករកព្រះអង្គ នឹងបានដកពិសោធន៍នឹងសេចក្តីល្អ និងព្រះគុណរបស់ព្រះអង្គ និងច្រៀងសរសើរព្រះអង្គក្នុងពេលសព្វថ្ងៃ រហូតដល់អស់កល្បជានិច្ច។—Arthur Jackson
តើព្រះយេស៊ូវមានចំណុចអ្វី ដែលធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល? បើអ្នកមិនទាន់បានដកពិសោធន៍នឹងសេចក្តីល្អរបស់ព្រះ
តាមរយៈព្រះយេស៊ូវទេ តើមានអ្វីរារាំងអ្នក មិនឲ្យស្គាល់ព្រះអង្គ?
ឱព្រះយេស៊ូវ សូមព្រះអង្គបន្តបើកភ្នែក និងចិត្តទូលបង្គំ ឲ្យបានដឹងថា ព្រះអង្គមានភាពអស្ចារ្យយ៉ាងណា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១-៣ និង យ៉ូហាន ១០:១-២៣
ប្រភេទ
ល្ងាច

ការជម្នះភាពខ្ជិលខាងវិញ្ញាណ
ដោយAlistair Begg
May 27, 2025
«ដេកបន្តិច ងោកបន្តិច ឱបដៃនឹងដេកបន្តិច យ៉ាងនោះសេចក្តីកំសត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្តីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង» (សុភាសិត ២៤:៣៣-៣៤)។
ក្នុងពិភពនៃកីឡា មុខជំនួញ និងការសិក្សា បុគ្គលដែលមានទេពកោសល្យតិចជាងអ្នកដទៃទៀត ច្រើនតែមានភាពជោគជ័យជាងអ្នកដែលមានសមត្ថភាពខ្លាំងជាង។ មូលហេតុ គឺដោយសារពួកគេមានភាពឧស្សាហ៍ព្យាយាម។ យើងរាល់គ្នាសុទ្ធតែបានឃើញរឿងនេះកើតឡើងមែន។
មនុស្សប្រភេទនោះហ៊ានជម្នះភាពខ្ជិលច្រអូស ហើយធ្វើអ្វីដែលពួកគេត្រូវតែធ្វើ ដើម្បីជម្នះលើភាពសុខស្រួលរបស់វា។ អ្នកទំនងជាស្ថិតក្នុងចំណោមអ្នកទាំងនោះ ឬបានទទួលការបណ្ដាលចិត្ត ឲ្យមានការប្រឹងប្រែងឲ្យក្លាយជាមនុស្សប្រភេទនោះដែរ។ ប៉ុន្តែ បើនិយាយដោយស្មោះត្រង់ទៅ យើងច្រើនតែខ្វះភាពឧស្សាហ៍ដូចនេះក្នុងជីវិតខាងវិញ្ញាណរបស់យើង។
បើសិនជាយើងត្រូវប្រឈមមុខដាក់ភាពខ្ជិលខាងវិញ្ញាណ នោះយើងចាំបាច់ត្រូវធ្វើការពិនិត្យ ដោយសួរខ្លួនឯងថា តើមានអ្វីបង្ហាញថា យើងកំពុងមានលក្ខណៈបែបណា? ពេលណាយើងជញ្ជឹងគិតអំពីពេលអតីតកាល តើយើងមានការរីកចម្រើនប៉ុណ្ណា? តើយើងបានទន្ទេញខគម្ពីរចងចាំកាលពីពេលថ្មីៗនេះទេ? តើយើងបានប្រើពេលស្ងាត់ស្ងៀម ដើម្បីអាន ឬជញ្ជឹងគិតអំពីព្រះបន្ទូលព្រះ ឬអធិស្ឋានទៅកាន់ព្រះអម្ចាស់ដែរឬទេ? ឬមួយភាពខ្ជិល បានបណ្ដាលឲ្យយើងធ្វើអ្វីដែលងាយស្រួល ជាជាងធ្វើអ្វីដែលល្អបំផុត ហើយរារាំងយើងមិនឲ្យទុកដាក់ព្រះបន្ទូលព្រះក្នុងចិត្តយើង?
ពេលណាគេអញ្ជើញយើងឲ្យចូលរួមក្នុងការងារបម្រើរបស់គ្រីស្ទាន តើយើងឆ្លើយតបដូចម្ដេចខ្លះ? យើងប្រហែលមិនបដិសេធត្រង់ៗតែម្តងទេ ប៉ុន្តែសូម្បីតែតម្រុយនៃការស្ទាក់ស្ទើរតែបន្តិច ក៏ជាសញ្ញាដ៏គ្រោះថ្នាក់ហើយ។ ចុះនៅពេលដែលយើងឮព្រះបន្ទូលព្រះដែលគេចែកចាយមកធ្វើឲ្យយើងប៉ះពាល់ចិត្ត ដោយព្រះចេស្ដាព្រះ ហើយយើងក៏ដឹងថា យើងត្រូវអនុវត្តតាម និងមានការផ្លាស់ប្ដូរ? តើយើងនឹងឆ្លើយតប ដោយរស់នៅជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល មិនមែនជាអ្នកគ្រាន់តែឮព្រះបន្ទូលឬ (យ៉ាកុប ១:២២)?
ការឆ្លើយតបរបស់អ្នក ចំពោះសំណួរទាំងនេះ អាចជួយអ្នកឲ្យបន្តមមុលទៅមុខ និងជៀសវាងភាពខ្ជិលច្រអូសដែលកើនឡើងបន្តិចម្តងៗ (ការបន្តដេក ជាជាងចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ឬការកម្សាន្តអារម្មណ៍ ជាជាងការជួបជុំគ្នាអធិស្ឋាន ឬក៏ការប្រកួតកីឡា ជាជាងការសន្ទនាគ្នាអំពីព្រះយេស៊ូវ) ដែលនាំឲ្យមានភាពក្រីក្រខាងវិញ្ញាណ។ ចូរយើងកុំបណ្តោយខ្លួនឯងឲ្យក្លាយជាមនុស្សដែលពូកែធ្វើការខាងវិញ្ញាណដែលមិនចប់ចុងចប់ដើម និងមានបំណងល្អ ដោយគ្មានសកម្មភាពឡើយ។ ជាញឹកញាប់ មានផែនការដែលយើងបានចាប់ផ្ដើម ការកត់ត្រាអំពីកិច្ចការល្អៗដែលត្រូវធ្វើ ក៏ដូចជាការនិយាយអំពីការប្រែចិត្ត និងការទូលសូមជំនួយ គឺសុទ្ធតែជារឿងល្អដែលយើងគួរធ្វើ តែពួកវាបានស្លាប់ក្នុងគំនិតយើង ខណៈពេលដែលយើងកំពុងដេកនៅលើគ្រែ «ប្រៀបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកទ្វារដែរ» (សុភាសិត ២៦:១៤)។ ចូរយើងរត់ចេញពីទម្លាប់អាក្រក់នេះ ហើយរត់ទៅរកព្រះគ្រីស្ទវិញ ដោយទូលសូមព្រះអង្គធ្វើការក្នុងចិត្តយើង ហើយធ្វើឲ្យយើងក្លាយជាបុរស ឬស្ត្រីដែលសកម្ម។
តើអ្នកចង់មានប្រយោជន៍ចំពោះព្រះទេ? តើអ្នកចង់នាំមកនូវការផ្លាស់ប្ដូរទេ គឺដោយឈោងទៅរកមនុស្ស ដែលកំពុងមានទុក្ខលំបាក និងភាពចន្លោះប្រហោងក្នុងជីវិត និងដោយធ្វើជាផ្នែកមួយនៃឧបករណ៍ដែលព្រះទ្រង់ប្រើ ដើម្បីសង់ពួកជំនុំព្រះអង្គ? ចូរកុំព្រងើយកន្តើយចំពោះវិញ្ញាណរបស់អ្នក ដោយបើកទ្វារឲ្យភាពខ្ជិលចូលក្នុងជីវិតអ្នកឡើយ។ បើគ្មានភាពឧស្សាហ៍ព្យាយាមក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ទេ នោះអ្នកនឹងមិនអាចបង្កើតផលផ្លែពិតប្រាកដក្នុងជីវិតអ្នកបានទេ។ ពាក្យ «ថ្ងៃស្អែក» គឺជាពាក្យដែលអារក្សចូលចិត្តជាងគេ។ «មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ» (២កូរិនថូស ៦:២)។ ចូរយើងធ្វើខ្លួនឲ្យមានប្រយោជន៍ចំពោះព្រះ នៅពេលឥឡូវនេះចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ សុភាសិត ២៤:២៧-៣៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១៥-១៦ និងម៉ាថាយ ១៤:២២-៣៦