ព្រឹក

ចូរទៅប្រាប់អ្នកដទៃ
ដោយAlyson Kieda
May 28, 2025
២របាក្សត្រ ១:៦-១៤
ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្ដីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ... ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ។ ២ធីម៉ូថេ ១:៨
លោកអេលៀត(Elliot) មានចិត្តឆេះឆួល នៅក្នុងការចែកចាយដល់អ្នកដទៃ អំពីព្រះយេស៊ូវ។ ក្នុងអំឡុងពេល១សប្តាហ៍ ដែលគាត់បានបង្រៀនព្រះបន្ទូល ក្នុងបទគម្ពីរ ២ធីម៉ូថេ ទៅកាន់អ្នកដឹកនាំពួកជំនុំ នៅប្រទេស នៅអាស៊ីខាងត្បូង គាត់បានរំឭកពួកគេ អំពីពាក្យផ្តាំផ្ញើចុងក្រោយរបស់សាវ័កប៉ុល ទៅកាន់លោកធីម៉ូថេ។ គាត់បានជំរុញពួកគេ មិនឲ្យមានសេចក្តីខ្មាស ដោយសារដំណឹងល្អនោះឡើយ តែផ្ទុយទៅវិញ គាត់លើកទឹកចិត្តពួកគេឲ្យឱបក្រសោបយកទុក្ខលំបាក និងការបៀតបៀន ដោយសារដំណឹងល្អ ដូចសាវ័កប៉ុលផងដែរ(១:៨-៩)។ ពីរបីថ្ងៃក្រោយមក លោកអេលៀតក៏បានដឹងថា ប្រទេសនេះមានច្បាប់ដែលហាម មិនឲ្យមានការផ្សាយដំណឹងល្អ និងផ្លាស់ប្រែជំនឿទៅជាគ្រីស្ទបរិស័ទ។ ដោយការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខមាលភាពរបស់ពួកគេ គាត់ក៏បានអធិស្ឋានសូមឲ្យអ្នកដឹកនាំទាំងនោះស៊ូទ្រាំនឹងទុក្ខលំបាក ហើយបន្តប្រកាសដំណឹងល្អ ដោយចិត្តក្លាហាន។
សាវ័កប៉ុលបានយល់អំពីគ្រោះថ្នាក់ នៅក្នុងការប្រកាសដំណឹងល្អ។ គាត់ជាប់គុក(ខ.៨,១៦) ហើយបានរងទុក្ខជាច្រើន ដោយសារការបង្រៀនព្រះបន្ទូល(ខ.១១-១២) ដែលរាប់បញ្ចូលទាំងការត្រូវគេវាយដំ ធ្វើទារុណកម្ម និងត្រូវគេគប់នឹងដុំថ្ម(២កូរិនថូស ១១:២៣-២៩)។ ប៉ុន្តែ គ្មានអ្វីរារាំងសាវ័កប៉ុលមិនឲ្យប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវឡើយ។ តើហេតុអ្វី? ពីព្រោះគាត់ជឿថា “ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ”(ភីលីព ១:២១)។ គាត់រស់នៅ ដើម្បីប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ តែគាត់ក៏ដឹងដែរថា បើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះយេស៊ូវ។ សាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា ព្រះវិញ្ញាណបរិសុទ្ធនឹងចម្រើនកម្លាំងគាត់(២ធីម៉ូថេ ១:៧)។
ព្រះទ្រង់ត្រាស់ហៅយើងរាល់គ្នាដែលជឿព្រះអង្គ ឲ្យប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ ទោះយើងនៅផ្ទះ នៅក្រៅប្រទេស ឬ នៅទីណាក៏ដោយ។ យើងអាចជួបទុក្ខលំបាក តែព្រះអង្គតែងតែគង់នៅជាមួយយើងជានិច្ច។—Alyson Kieda
តើមានអ្វីខ្លះបណ្តាលចិត្តអ្នកឲ្យនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ?
តើអ្នកបានរងទុក្ខដោយសារការផ្សាយដំណឹងល្អ ដល់អ្នកដទៃឬទេ?
ឱព្រះអម្ចាស់ ទូលបង្គំចង់ឲ្យអ្នកដទៃស្គាល់ព្រះអង្គ ដូចទូលបង្គំដែរ! សូមព្រះអង្គចម្រើនកម្លាំងទូលបង្គំ
តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គ ដើម្បីប្រាប់ពួកគេ នូវដំណឹងល្អអំពីព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៤-៦ និង យ៉ូហាន ១០:២៤-៤២
ប្រភេទ
ល្ងាច

ជនបង្កជម្លោះ និងបក្សពួក
ដោយAlistair Begg
May 28, 2025
«ចូរនឹកចាំពីព្រះបន្ទូល ដែលពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានផ្សាយប្រាប់ពីដើមរៀងមកចុះ។ គេបានប្រាប់មកអ្នករាល់គ្នាថា នៅជាន់ក្រោយបង្អស់ នឹងមានមនុស្សចំអក ដែលនឹងប្រព្រឹត្ត តាមតែសេចក្តីប៉ងប្រាថ្នាទមិលល្មើសរបស់ខ្លួន។ ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ» (យូដាស ១៧-១៩)។
មនុស្សដែលព្យាយាមបង្កើតឲ្យមានការបែកបាក់ មិនមែនមានតែនៅក្នុងពួកជំនុំនៅសតវត្សរ៍ទី១ប៉ុណ្ណោះទេ។ ក្នុងប្រវត្តិសាស្ត្រពួកជំនុំ នៅសម័យណាក៏មានមនុស្សប្រភេទនេះដែរ។ ដូចនេះ ការបង្រៀនរបស់កណ្ឌគម្ពីរយូដាសក្នុងបទគម្ពីរខាងលើនេះនៅតែមានអំណាចក្នុងពេលបច្ចុប្បន្ន ដូចនៅសម័យដែលកណ្ឌគម្ពីរនេះត្រូវបានសរសេរឡើង។
មនុស្សដែលបង្កើតបក្សពួកក្នុងពួកជំនុំដំបូងមានភាពខុសឆ្គងក្នុងផ្នែកក្រមសីលធម៌ និងគោលលទ្ធិ។ ពួកគេមិនមានព្រះវិញ្ញាណបរិសុទ្ធគង់សណ្ឋិត ដោយលើកតម្កើងភាពស្រើបស្រាល និងប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នាដែលមានបាប (យូដាស ១៦) តែប៉ុន្តែ ពួកគេបានចូលបង្កប់ខ្លួនក្នុងចំណោមរាស្ត្ររបស់ព្រះ។ កណ្ឌគម្ពីរយូដាសបានហៅពួកគេថា «ដុំស្មោកគ្រោក» (ខ.១២) ជាផ្ទាំងថ្មដែលបង្កប់នៅក្រោមទឹក ដែលគេមើលមិនឃើញ ហើយអាចបង្កសេចក្តីហិនវិនាស ដល់ទូកដែលបើកបុកវា។ ជាការពិតណាស់ ផ្ទាំងថ្មនោះអាចធ្វើឲ្យនាវាទាំងឡាយលិចបាន។
ក្នុងការឆ្លើយតប ចំពោះពួកក្លែងបន្លំនោះ កណ្ឌគម្ពីរយូដាសបានជំរុញបងប្អូនរួមជំនឿទាំងឡាយ កុំឲ្យភ្លេចពាក្យសម្ដីរបស់ពួកសាវ័ក ដែលបានដាស់តឿនពួកគេថា នៅគ្រាចុងក្រោយ (នៅចន្លោះពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌ និងពេលព្រះអង្គយាងត្រឡប់មកវិញ) នឹងមានពួកចំអកឲ្យការបង្រៀនរបស់ព្រះគ្រីស្ទ និងពួកសាវ័កដែលព្រះអង្គបានជ្រើសរើស ហើយជាពួកទ្រាំទ្រ និងលើកតម្កើងការប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់យើង។ ដោយសារការការពាររបស់ព្រះអម្ចាស់ ពួកជំនុំដំបូងបានទទួលការដាស់តឿនទុកជាមុន ដើម្បីកុំឲ្យពួកគេចាញ់បញ្ឆោតដោយមិនដឹងខ្លួន ហើយការដាស់តឿននេះ ក៏មានសម្រាប់យើងផងដែរ។ ប៉ុន្តែ ព្រះបន្ទូលព្រះមិនគ្រាន់តែត្រាស់ហៅយើង ឲ្យប្រុងប្រយ័ត្នចំពោះ មនុស្សដែលនាំឲ្យមានការបាក់បែក និងជម្លោះប៉ុណ្ណោះទេ តែក៏បានបង្គាប់យើងឲ្យប្រព្រឹត្តដោយចិត្តមេត្តា ចំពោះអ្នកដែលមានការសង្ស័យក្នុងសេចក្តីជំនឿផងដែរ។ ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្តីសង្ស័យផង ហើយជួយសង្គ្រោះដល់អ្នកដទៃ ទាំងឆក់យកគេចេញពីភ្លើង ហើយត្រូវមានចិត្តមេត្តាដល់មនុស្សឯទៀតដោយភ័យខ្លាច ហើយស្អប់ដល់ទាំងអាវ ដែលត្រូវស្មោកគ្រោក ដោយសាច់ឈាមផង (យូដាស ២២-២៣) ខណៈពេលដែលយើងតយុទ្ធនឹងការបង្រៀន និងគោលបំណងរបស់ពួកគ្រូខុសឆ្គង។ ការរក្សាតុល្យភាពក្នុងការប្រព្រឹត្តចំពោះមនុស្សទាំងពីរប្រភេទនេះ មិនមែនជាការងាយទេ! តែកណ្ឌគម្ពីរយូដាសនៅតែលើកទឹកចិត្តយើងឲ្យធ្វើដូចនេះ។ ព្រះអម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទ ដែលនៅជាប់ក្នុងសេចក្តីជំនឿ និងគោលលទ្ធិឲ្យស្អាងមនុស្សដែលជំពប់ដួល ដោយវិញ្ញាណសំឡូត (មើលកាឡាទី ៦:១) ហើយជួយអ្នកដែលកំពុងលេងនឹងភ្លើង។
ដោយសារព្រះទ្រង់បានសង្គ្រោះ និងថែរក្សាអ្នក នោះព្រះអង្គក៏បានត្រាស់ហៅអ្នកឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ហើយទាញអ្នកដទៃចេញពីភ្លើង ដោយចិត្តក្លាហាន និងសំឡូត។ ហើយព្រះអង្គក៏បានត្រាស់ហៅអ្នកឲ្យរក្សាខ្លួនឲ្យជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះ ហើយអធិស្ឋាន ដោយចិត្តព្យាយាម (យូដាស ២០) ដើម្បីឲ្យអ្នកអាចមើលឃើញភាពខុសឆ្គង ហើយប្រឆាំងនឹងអ្នកដែលបំបែកបំបាក់ពួកជំនុំរបស់ព្រះ។ បន្ទាប់មក អ្នកអាចឈរជាមួយបងប្អូនក្នុងជំនឿ ហើយប្រកាសជាមួយកណ្ឌគម្ពីរយូដាសថា «គឺជាព្រះអង្គដ៏ជាព្រះតែមួយ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះសូមឲ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្ដា និងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ អាម៉ែន។» (ខ.២៥)។
ព្រះគម្ពីរសញ្ជឹងគិត៖ យូដាស ១-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១៧-១៨ និងម៉ាថាយ ១៥:១-២០