ព្រឹក

ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះអង្គ
ដោយLisa Samra
May 29, 2025
កិច្ចការ ១:១-៩
កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ ... រហូតដល់ចុងផែនដីបំផុតផង ។ កិច្ចការ ១:៨
ពេលមួយ ទីក្រុងរបស់ខ្ញុំស្ទើរតែងងឹតគ្រប់ទីកន្លែង ដោយសារព្យុះទឹកកកធំមួយ ដែលបានធ្វើឲ្យដាច់ខ្សែភ្លើងជាច្រើនគីឡូម៉ែត្រ ធ្វើឲ្យមិត្តភក្តិខ្ញុំជាច្រើន គ្មានអគ្គិសនីប្រើប្រាស់ ដើម្បីកម្តៅផ្ទះរបស់ពួកគេ ក្នុងរដូវរងាដែលមានអាកាសធាតុត្រជាក់ស្ទើរកក។ ក្រុមគ្រួសារជាច្រើនរង់ចាំមើលឡានរបស់ជាងជួសជុលដែលត្រូវមក ដើម្បីតភ្ជាប់អគ្គិសនីឡើងវិញ។ ក្រោយមក ខ្ញុំក៏បានដឹងថា គេបានប្រើកន្លែងចតឡានរបស់ព្រះវិហារមួយ ធ្វើជាទីបញ្ជាការបណ្ដោះអាសន្ន សម្រាប់រថយន្ត ដែលគេបានបញ្ជូនទៅជួយអ្នកដែលមានតម្រូវការផ្សេងៗ។
ពេលដែលខ្ញុំបានឮគេនិយាយ អំពីឡានរបស់ជាងជួសជុលទាំងនោះ ខ្ញុំក៏បាននឹកចាំ អំពីព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ទៅកាន់ពួកសាវ័ករបស់ព្រះអង្គ ក្នុងកណ្ឌគម្ពីរកិច្ចការ។ រយៈពេល៤០ថ្ងៃ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានបង្ហាញអង្គទ្រង់ ដល់ពួកសាវ័ក ដើម្បីលើកទឹកចិត្ត និងបង្រៀនពួកគេ អំពីនគរព្រះ(កិច្ចការ ១:៣)។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌វិញ ព្រះអង្គក៏បានប្រទានព្រះបន្ទូលសន្យាចុងក្រោយថា “កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា”(ខ.៨)។
ព្រះគ្រីស្ទបានសន្យាថា ព្រះចេស្តាដ៏អស្ចារ្យរបស់ព្រះ ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន នឹងបានប្រទានមកពួកសាវ័ក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ គោលបំណងនៃការប្រទានព្រះចេស្តានេះ មិនមែនដើម្បីឲ្យពួកគេប្រើសម្រាប់តែខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពួកសាវ័កបានអនុញ្ញាតឲ្យព្រះទ្រង់ប្រទានព្រះចេស្តា ក្នុងការងារបេសកកម្ម ដែលជាការប្រាប់អ្នកដទៃ ឲ្យពួកគេបានដឹងថា ពួកគេបានដាច់ចេញពីព្រះ ដោយសារអំពើបាប ហើយត្រូវផ្សះផ្សារទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ ដោយទទួលសេចក្តីសង្គ្រោះ ព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
ខណៈពេលដែលយើងចូលទៅក្នុងសហគមន៍របស់យើង យើងមានព្រះចេស្តា និងការត្រាស់ហៅ ដូចនេះផងដែរ។ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណ យើងអាចចែកចាយដល់អ្នកដែលកំពុងរងទុក្ខ និងចែកចាយអំពីរបៀបដែលពួកគេក៏អាចទទួលព្រះចេស្តារបស់ព្រះអង្គ។—Lisa M. Samra
តើអ្នកបានដកពិសោធន៍ជាមួយព្រះចេស្តានៃព្រះវិញ្ញាណព្រះ ដែលបានជួយអ្នកដូចម្តេចខ្លះ?
តើអ្នកអាចចែកចាយទីបន្ទាល់នេះដល់អ្នកដទៃ ដូចម្តេចខ្លះ?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់អំណោយនៃព្រះចេស្តា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៧-៩ និង យ៉ូហាន ១១:១-២៩
ប្រភេទ
ល្ងាច

អត្ថន័យនៃឈើឆ្កាង
ដោយAlistair Begg
May 29, 2025
«ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ» (រ៉ូម ៣:២៦)។
បើគ្មានការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងទេ នោះយើងក៏គ្មានដំណឹងល្អដែរ។ គឺតាមរយៈការលះបង់របស់ព្រះយេស៊ូវ ដែលព្រះវរបិតាបានជួយយើងជាមនុស្សមានបាបឲ្យអាចមានការប្រកបជាមួយព្រះអង្គ។ បើយើងចង់ស្គាល់ព្រះ យើងត្រូវតែជួបព្រះអង្គនៅក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
មានតែតាមរយៈឈើឆ្កាងទេ ដែលព្រះទ្រង់បានបង្ហាញយុត្តិធម៌ក្នុងការដាក់ទោសមកលើបាប និងបង្ហាញសេចក្តីមេត្តាក្នុងការអត់ទោសបាប ដោយបើកផ្លូវឲ្យមនុស្សដូចយើងចូលនគរស្ថានសួគ៌ ដោយមិនបានធ្វើឲ្យខូចសេចក្តីបរិសុទ្ធ។ ឈើឆ្កាង គឺជាការឆ្លើយតបរបស់ព្រះចំពោះបាប និងចំពោះសេចក្តីក្រោធដែលព្រះអង្គមានមកលើបាប។ ចំពោះអ្នកដែលមិនជឿ គេយល់ឃើញថា ដំណោះស្រាយរបស់ព្រះអង្គ ពិតជាល្ងង់ខ្លៅណាស់ តែអ្នកជឿវិញដឹងថា ឈើឆ្កាងគឺជាព្រះចេស្ដារបស់ព្រះ (១កូរិនថូស ១:១៨)។
បើព្រះអង្គគ្រាន់តែមើលរំលងបាប ឬឈប់មានសេចក្តីក្រោធមកលើបាប នោះព្រះអង្គមិនមែនជាព្រះទេ ព្រោះសេចក្តីយុត្តិធម៌របស់ព្រះមានជាប់នៅក្នុងចរិតលក្ខណៈរបស់ព្រះអង្គ ហើយយុត្តិធម៌ទាមទារឲ្យមានការដាក់ទោសមកលើបាប។ ព្រះអង្គមិនអាចមើលរំលងការអាក្រក់បានទេ។ នេះជាដំណឹងដ៏អស្ចារ្យសម្រាប់យើង ពេលណាអ្នកដទៃធ្វើឲ្យយើងរងទុក្ខ ហើយក៏ជាដំណឹងដែលគួរឲ្យកត់សម្គាល់សម្រាប់យើង ព្រោះយើងជាមនុស្សមានបាប។
ឈើឆ្កាងព្រះគ្រីស្ទ គឺជាផ្លូវដែលអាចនាំឲ្យគេដឹងថា ព្រះអង្គមានយុត្តិធម៌ និងលើកលែងទោសដល់មនុស្សមានបាប ដែលបានជឿព្រះអង្គសង្គ្រោះដែលបានសុគតនៅលើឈើឆ្កាង។ ដើម្បីដោះស្រាយបញ្ហារបស់បាប ព្រះអម្ចាស់បានចាត់ព្រះរាជបុត្រា ដោយព្រះគុណព្រះអង្គឲ្យទទួលទោស ដែលមនុស្សមានបាបសមនឹងទទួល។ សេចក្តីសង្គ្រោះរបស់យើង បានកើតឡើងពីការទទួលទោសជំនួសយើង។ សូមចំណាយពេលបន្តិច ដើម្បីពិចារណាអំពីរឿងនេះ។ យើងភ្ញាក់ផ្អើល នៅពេលដែលបានដឹងថា ទីមួយ ព្រះអម្ចាស់មានផែនការដូចនេះ ហើយទីពីរ ព្រះអង្គឆ្លងកាត់ដោយផ្ទាល់ក្នុងផែនការនេះ។ ការពិចារណាអំពីឈើឆ្កាង គួរតែបណ្ដាលចិត្តយើងឲ្យស្ញប់ស្ញែង និងសរសើរតម្កើងព្រះអង្គ ដោយការបន្ទាបខ្លួន។
ការសុគតជំនួសនេះ គឺជាមូលហេតុដែលការថ្វាយយញ្ញបូជាក្នុងគ្រាសញ្ញាចាស់បានឆ្លុះបញ្ចាំងអំពីព្រះយេស៊ូវ។ ក្នុងការសុគតរបស់ព្រះគ្រីស្ទ ព្រះទ្រង់លែងមានសេចក្តីក្រោធ ដែលជាការប្រឆាំងដ៏សុចរិតទាស់នឹងបាប ហើយយើងមើលឃើញសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើងកាន់តែច្បាស់។ បុរសស្ត្រីដែលទទួលជឿព្រះយេស៊ូវ មិនចាំបាច់ត្រូវប្រឈមមុខដាក់សេចក្តីក្រោធរបស់ព្រះអង្គទៀតទេ តែយើងបានទទួលការអញ្ជើញឲ្យអរសប្បាយនឹងសេចក្តីស្រឡាញ់ដែលបានបង្ហាញនៅលើឈើឆ្កាង។ ជាការពិតណាស់ យើងទទួលបានគ្រប់ទាំងព្រះពរ និងអត្ថប្រយោជន៍នៃដំណឹងល្អ ដោយសារការអ្វីដែលព្រះយេស៊ូវបានសម្រេចក្នុងព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។
ព្រះយេស៊ូវបានយាងមកទទួលការដាក់ទោសរបស់ព្រះ មកលើបាប។ ពេលណាព្រះគ្រីស្ទសុគតជំនួសយើង ព្រះអង្គក៏បាននាំការជំនុំជម្រះមកដាក់នៅលើឈើឆ្កាង គឺការជំនុំជម្រះដែលយើងសមនឹងទទួល និងត្រូវទទួល បានជាយើងអាចឈរនៅចំពោះបល្ល័ង្កព្រះ ហើយនិយាយថា «ខ្ញុំមានការរួបរួមជាមួយព្រះអង្គ។ ព្រះអង្គមានព្រះជន្ម ដែលខ្ញុំមិនអាចរស់នៅដូចព្រះអង្គ។ ព្រះអង្គសុគតជំនួសខ្ញុំ។»
ក្នុងសំបុត្រទីមួយរបស់សាវ័កយ៉ូហាន គាត់បានសរសេរអំពីការដែល «ចិត្តយើងចោទប្រកាន់យើង» (១យ៉ូហាន ៣:២០)។ នេះជាបញ្ហាដែលកើតមានជាធម្មតា ចំពោះមនុស្សទាំងអស់។ ប៉ុន្តែ គ្រីស្ទបរិស័ទមិនចាំបាច់ត្រូវឃាត់ឃាំងបញ្ញាចិត្តរបស់ខ្លួន ដើម្បីបំបិទសម្លេងប្រកាន់ទោសយើង ឬមិនត្រូវឲ្យសម្លេងនោះបំផ្លាញយើងឡើយ។ យើងអាចមានចិត្តស្មោះត្រង់ ចំពោះជម្រៅនៃបាបរបស់យើង ព្រោះសេចក្តីស្រឡាញ់របស់ព្រះ នៅតែជ្រៅជាង។ «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម ៨:១)។ ព្រះយេស៊ូវបានយាងមកសង្គ្រោះយើងនៅឈើឆ្កាង។ ឱមនុស្សមានបាបដែលព្រះអង្គបានអត់ទោសឲ្យអើយ តើអ្នកនឹងចូលមករកព្រះអង្គ ហើយស្ញប់ស្ញែងចំពោះព្រះអង្គនៅឈើឆ្កាងទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១៥:១១-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២ពង្សាវតាក្សត្រ ១៩-២១ និងម៉ាថាយ ១៥:២១-៣៩