
ធ្លាក់ទៅក្នុងទីជម្រៅ
ដោយSheridan Voysey
May 30, 2025
ទំនុកដំកើង ៦៩:៦-១៥
សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។ ទំនុកដំកើង ៦៩:១៥
ព្រះវិហារសាន ហ្វ្រ៊ូតួសូ មានទីតាំង នៅក្នុងឆកសមុទ្រមួយ នៅតំបន់ឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសអ៊ីតាលី។ ដើម្បីចូលទៅដល់ព្រះវិហារនេះបាន គេត្រូវធ្វើដំណើរដោយជិះទូក ឬថ្មើរជើង ហេតុនេះហើយ ព្រះវិហារនេះគឺជាត្បូងពេជ្រដ៏មានតម្លៃ ដែលបានបង្កប់ខ្លួននៅក្នុងតំបន់ព្រៃភ្នំ ជាប់ឆ្នេរសមុទ្រ។ ប៉ុន្តែ នៅតាមបណ្តោយឆកនៃតំបន់នេះ មានវត្ថុមានតម្លៃលើសនេះទៀត ដែលបានបង្កប់ខ្លួនផងដែរ។ នៅពេលដែលអ្នកមុជទឹកជម្រៅជ្រៅ ចូលទៅក្នុងទឹកសមុទ្រ ចុះទៅដល់ជម្រៅ១៥ម៉ែត្រ ពួកគេបានឃើញរូបរាង្គរបស់មនុស្សប្រុសចាប់ផ្តើមលេចឡើង នៅបាតសមុទ្រ។ នោះគឺជារូបចម្លាក់ព្រះយេស៊ូវដែលព្រះវិហារនេះបានសាងសង់ ជារូបចម្លាក់នៅបាតសមុទ្រមុនដំបូងបំផុតរបស់ពិភពលោក ដែលគេបានដាក់នៅទីនោះ នៅឆ្នាំ១៩៥៤។ គេឃើញរូបចម្លាក់នោះកំពុងលើកដៃទាំងពីរឡើងទៅលើ ក្នុងទីជម្រៅ តម្រង់ឆ្ពោះទៅរកស្ថានសួគ៌។
នៅពេលដែលគេនិយាយអំពីទីជម្រៅ ខ្ញុំក៏បាននឹកចាំ អំពីអ្នកនិពន្ធនៃបទគម្ពីរទំនុកដំកើង ជំពូក ៦៩ ដែលបានពោលទំនួញថា “ទូលបង្គំបានមកដល់ក្នុងទីទឹកជ្រៅ ហើយរលកក៏បោកគ្របលើទូលបង្គំ ទូលបង្គំល្វើយ ដោយការអំពាវនាវរបស់ទូលបង្គំ”(ខ.២-៣)។ គាត់ត្រូវខ្មាំងសត្រូវរបស់គាត់ សើចចំអកឲ្យ ហើយក៏ទទួលរងការត្មះតិះដៀល(ខ.៤,៧-១២) គ្មាននរណាកម្សាន្តចិត្តគាត់(ខ.២០) ហើយគាត់ខ្លាចសេចក្តីវេទនារបស់គាត់ “លេប” គាត់បាត់(ខ.១៥)។ ទោះយើងលិចលង់ក្នុងទីជម្រៅ ដោយសារអំពើបាប ឬទុក្ខព្រួយក៏ដោយ ក៏ទីជម្រៅនោះគឺជាពេលដ៏ងងឹតនៃជីវិត ដែលធ្វើឲ្យយើងអស់សង្ឃឹម។
តែអរព្រះគុណព្រះអង្គ ដែលមិនឲ្យយើងជាប់ក្នុងទីជម្រៅនោះជារៀងរហូតទេ។ នៅពេលដែលយើងរងា និងឯកោ យើងអាចនឹកចាំថា ព្រះអង្គគង់នៅជាមួយយើង ក្នុងទីជម្រៅនោះ(១៣៩:៨)។ ហើយព្រះអង្គនឹងសង្គ្រោះយើង ឲ្យរួចពីទឹកដ៏ត្រជាក់។ “ឱព្រះយេហូវ៉ាអើយ ទូលបង្គំសរសើរទ្រង់ ដ្បិតទ្រង់បានលើកទូលបង្គំឡើងវិញ”(៣០:១)។
ពេលណាយើងកំពុងលិចលង់ក្នុងទីជម្រៅ នៅពីក្រោមទម្ងន់នៃលោកិយ ចូរយើងចាំថា យើងមិនឯកោទេ។ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ គង់នៅជាមួយយើងក្នុងទីជម្រៅនោះ ហើយព្រះហស្តព្រះអង្គបានត្រៀមជាស្រេច ដើម្បីនឹងលើកយើងឡើង តាមពេលដែលព្រះអង្គកំណត់។—Sheridan Voysey
តើអ្នកបានដកពិសោធន៍ជាមួយនឹងការធ្លាក់ទៅក្នុង “ទីជម្រៅ” យ៉ាងដូចម្តេចខ្លះ?
តើបទគម្ពីរទំនុកដំកើង ៦៩:១៣ បានជួយអ្នកឲ្យចេញពីទីជម្រៅនោះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានគង់នៅជាមួយទូលបង្គំ ក្នុងទីជម្រៅ។
សូមព្រះអង្គលើកទូលបង្គំឡើង ដោយសេចក្តីស្រឡាញ់ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គ។
Visit ODBU.org/OT020 to gain more wisdom from the book of Psalms.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១០-១២ និង យ៉ូហាន ១១:៣០-៥៧