
ព្រះអង្គយកព្រះទ័យទុកដាក់យ៉ាងខ្លាំង
ដោយJames Banks
June 1, 2025
២ពង្សាវតាក្សត្រ ២០:១២-១៩
បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ? ២ពង្សាវតាក្សត្រ ២០:១៩
មិត្តភក្តិរបស់ខ្ញុំឈ្មោះ “ប៊ីល”(Bill) មានពិការភាពចាប់ពីទ្រូងចុះមកក្រោម បន្ទាប់ពីគាត់ធ្លាក់ពីលើជណ្តើរ កាលប៉ុន្មានឆ្នាំមុន ហើយសព្វថ្ងៃនេះ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគាត់មានជំងឺឆ្លងធ្ងន់ធ្ងរ ដែលបានកើតឡើង ក្នុងអំឡុងពេលវះកាត់។ នៅពេលដែលយើងពិភាក្សា អំពីបញ្ហាប្រឈមថ្មីមួយនេះ គាត់ក៏បានសួរខ្ញុំថា “តើអ្នកចង់មើលស្នាមសម្លាករបស់ខ្ញុំទេ?” គាត់ក៏បានលើកភួយរបស់គាត់ចេញ ដើម្បីបង្ហាញស្នាមវះកាត់មានប្រវែងវែង ដែលបន្សល់ទុកពីការព្យាបាលជំងឺឆ្លងរបស់គាត់។ ខ្ញុំក៏បានសួរគាត់ថា “តើអ្នកឈឺនៅត្រង់កន្លែងវះកាត់នោះទេ?” គាត់ឆ្លើយថា “ខ្ញុំមិនមានអារម្មណ៍ដឹងថាឈឺទាល់តែសោះ”។
នៅពេលដែលខ្ញុំបានឮគាត់និយាយដូចនេះ ខ្ញុំក៏បានដឹងថាខ្លួនឯងមានកំហុស។ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំ ដែលខ្ញុំបានរាប់អានគាត់ជាមិត្តភក្តិ ខ្ញុំមិនបានដឹងទេថា របួសរបស់គាត់បានធ្វើឲ្យគាត់មិនអាចផ្លាស់ទី និងបានធ្វើឲ្យខ្លួនគាត់ស្ពឹកលែងដឹងឈឺ។ ខ្ញុំមានការខ្មាសអៀន ពេលដែលខ្ញុំបានដឹងថា ខ្ញុំមិនបានបង្ហាញក្តីអាណិតចំពោះគាត់ និងរបួសគាត់ឲ្យបានខ្លាំងជាងនេះ ដើម្បីឲ្យបានយល់អំពីទុក្ខលំបាកដែលគាត់ប្រឈមមុខដាក់រៀងរាល់ថ្ងៃ។
ពេលដែលខ្ញុំបានដឹងថា ខ្លួនឯងមិនបានខ្វល់ខ្វាយអំពីមិត្តភក្តិ ខ្ញុំក៏បាននឹកចាំអំពីការអ្វីដែលស្តេចហេសេគា ជាស្តេចនគរយូដា បានធ្វើ។ ហោរាអេសាយបានទូលទ្រង់ថា គេនឹងចាប់យករបស់ទ្រព្យទាំងអស់ក្នុងរាជវាំងរបស់ទ្រង់ “ដឹកយកទៅទីក្រុងបាប៊ីឡូន” ហើយពួកបុត្រាទាំងប៉ុន្មាន ដែលកើតពីទ្រង់មក នោះ “នឹងត្រូវដឹកនាំទៅ” ឲ្យធ្វើជាមនុស្សកម្រៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន(២ពង្សាវតាក្សត្រ ២០:១៧-១៨)។ ពេលនោះទ្រង់មានការសប្បាយព្រះទ័យ ព្រោះទ្រង់គិតថា “បើមានសេចក្ដីសុខសាន្ត នឹងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?”(ខ.១៩)។ ទ្រង់ជាក្សត្រល្អមួយអង្គ តែទ្រង់បានផ្ដោតព្រះទ័យទៅលើខ្លួនឯង ខ្លាំងជាងគិតអំពីបញ្ហាដែលអ្នកដទៃនឹងជួបប្រទះ។
ព្រះអម្ចាស់មានព្រះទ័យខុសពីនេះ។ កណ្ឌគម្ពីរយ៉ូហានបានចែងថា “នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”(១យ៉ូហាន ៤:១០)។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង បានជាព្រះអង្គបានរងទុក្ខជំនួសយើង ដើម្បីឲ្យយើងអាចរស់នៅ ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គជារៀងរហូត។—James Banks
តើអ្នកយល់ឃើញថា ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកយ៉ាងណាខ្លះ?
តើអ្នកគិតអំពីអ្នកដទៃ ដូចម្តេចខ្លះនៅថ្ងៃនេះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានយកព្រះទ័យទុកដាក់ចំពោះទូលបង្គំ។
សូមសេចក្តីស្រឡាញ់របស់ព្រះអង្គបានបង្ហូរចេញតាមរយៈទូលបង្គំ ទៅកាន់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៥-១៦ និង យ៉ូហាន ១២:២៧-៥០