ព្រឹក

ការរត់បែបឲ្យបានរង្វាន់
ដោយMonica Larose
June 2, 2025
១កូរិនថូស ៩:១៩-២៧
ចូររត់បែបឲ្យបានរង្វាន់ចុះ។ ១កូរិនថូស ៩:២៤
សាស្ត្រាចារ្យ ម៉ូនីកា វ៉ាដវ៉ា(Monica Wadhwa) បានលើកឡើងថា “តាមពិត ការមិនឈ្នះគេ មានអំណាចខ្លាំងជាងការឈ្នះគេទៅទៀត”។ ការស្រាវជ្រាវរបស់គាត់បានបង្ហាញឲ្យដឹងថា មនុស្សមានកម្លាំងកាយ និងមានកម្លាំងចិត្តខ្លាំងបំផុត មិនមែននៅពេលដែលពួកគេឈ្នះការប្រកួតនោះទេ តែនៅពេលដែលពួកគេជិតឈ្នះ។ ពួកគេមានកម្លាំងចិត្ត ក្នុងការលូតលាស់ និងតស៊ូ នៅពេលដែលពួកគេដឹងថា នៅសល់តែបន្តិចទៀត ពួកគេនឹងសម្រេចក្តីប្រាថ្នាធំរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការឈ្នះដោយងាយៗ ច្រើនតែធ្វើឲ្យពួកគេអស់កម្លាំងកាយ និងកម្លាំងចិត្ត។
ទស្សនៈរបស់អ្នកស្រីម៉ូនីកា បានធ្វើឲ្យខ្ញុំនឹកចាំជាថ្មីម្តងទៀត អំពីអត្ថន័យនៃការបង្រៀនរបស់សាវ័កប៉ុល ដែលបានប្រៀបធៀបការដើរតាមព្រះគ្រីស្ទ ទៅនឹងការរត់ប្រណាំង ក្នុងបទគម្ពីរ ១កូរិនថូស ៩:២៤-២៧ និង ភីលីព ៣:១២-១៤។ ក្នុងបទគម្ពីរទាំងពីរនេះ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ថា អ្នកជឿព្រះត្រូវតែប្រឹងប្រែងអស់ពីចិត្ត ក្នុងការដើរតាមព្រះគ្រីស្ទ និងដំណឹងល្អ ដោយ “ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត”(ភីលីព ៣:១៣) ហើយរត់ប្រណាំងតាមរបៀបដែលនាំឲ្យបានរង្វាន់(១កូរិនថូស ៩:២៤)។
យើងប្រហែលជាយល់ច្រឡំចំពោះសេចក្តីពិតដែលថា ការអ្វីដែលយើងខិតខំធ្វើឲ្យបានសម្រេច ដូចជាការផ្សាយដំណឹងល្អដោយចិត្តស្មោះត្រង់(ខ.២៣) និងការស្គាល់ព្រះគ្រីស្ទ(ភីលីព ៣:៨) មិនមែនជាអ្វីដែលយើងអាចនិយាយថា យើងសម្រេចបានទាំងស្រុងហើយនោះទេ។ យើងតែងតែមានចំណុចខ្វះខាត។ យើងមិនអាចនិយាយថា យើង “បានគ្រប់លក្ខណ៍ហើយនោះទេ”(ខ.១២)។
តែមិនថ្វីទេ ព្រោះអ្វីដែលពិតជាសំខាន់នោះ គឺការប្រកបស្និទ្ធស្នាលជាមួយព្រះគ្រីស្ទកាន់តែខ្លាំងឡើង។ មានតែកម្លាំងមកពីព្រះអង្គប៉ុណ្ណោះ ដែលអាចចម្រើនកម្លាំងកាយ និងកម្លាំងចិត្តយើង ឲ្យធ្វើតាមបំណងព្រះទ័យព្រះអង្គ អស់ពីចិត្ត ហើយថ្ងៃមួយ ព្រះអង្គនឹងជួយយើងឲ្យទៅដល់ទី។—Monica La Rose
តើអ្នកបានដកពិសោធន៍នឹងការលូតលាស់ តាមរយៈការស្គាល់ចំណុចខ្វះខាត ដូចម្តេចខ្លះ?
តើការដឹងថា ខ្លួនឯងមានចំណុចខ្វះខាត បានលើកទឹកចិត្តអ្នក ឲ្យពឹងផ្អែកលើព្រះគ្រីស្ទដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនចាំបាច់ត្រូវខ្លាចចំណុចខ្វះខាតរបស់ទូលបង្គំ
តែព្រះអង្គប្រើចំណុចខ្វះខាតទាំងនោះ ដើម្បីបន្តនាំទូលបង្គំចូលទៅជិតព្រះអង្គ។
For further study, read Why Is Confession So Hard? at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៧-១៨ និង យ៉ូហាន ១៣:១-២០
ប្រភេទ
ល្ងាច

តើព្រះអង្គនឹងបានទតឃើញផលផ្លែរបស់អ្នកឬទេ?
ដោយAlistair Begg
June 2, 2025
«ទ្រង់ទតឃើញដើមល្វា១ពីចម្ងាយ ដែលមានសន្លឹក រួចទ្រង់យាងទៅមើល ក្រែងរកបានផ្លែខ្លះ តែកាលទៅដល់ នោះឃើញមានតែស្លឹកទទេ ព្រោះមិនទាន់ដល់រដូវនៅឡើយ នោះទ្រង់មានព្រះបន្ទូលទៅដើមនោះថា កុំឲ្យអ្នកណាស៊ីផ្លែឯងទៀតជារៀងរាបដរាបទៅ ពួកសិស្សទ្រង់ក៏ឮ» (ម៉ាកុស ១១:១៣-១៤)។
បទគម្ពីរខាងលើនេះ គឺជាការពិពណ៌នា ដែលយើងពិបាកយល់។1
ការដែលព្រះយេស៊ូវដាក់បណ្ដាសាមកលើដើមល្វាមានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលត្រង់ចំណុចដែលថា នៅពេលនោះ ព្រះអង្គកំពុងធ្វើការអស្ចារ្យនៃសេចក្តីហិនវិនាស។ ក្នុងបទគម្ពីរមុនៗ ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើនដែលជាការអស្ចារ្យនៃការផ្លាស់ប្រែ ឬការប្រោសឲ្យជា។ ការដាក់បណ្ដាសានេះមានភាពខុសប្លែកទាំងស្រុងពីការអស្ចារ្យដទៃទៀតដែលព្រះអង្គបានធ្វើ ហេតុនេះហើយយើងចាំបាច់ត្រូវស្វែងយល់អំពីសារៈសំខាន់នៃរឿងនេះឲ្យបានស៊ីជម្រៅ។
ព្រះគម្ពីរសញ្ញាចាស់បាននិយាយអំពីដើមទំពាំងបាយជូរ និងដើមល្វាក្នុងន័យធៀប ដើម្បីពិពណ៌នាអំពីសណ្ឋានរបស់សាសន៍អ៊ីស្រាអែលនៅចំពោះព្រះ។ ពេលណាផលផ្លែល្អកើតចេញពីដើមទំពាំងបាយជូរ ឬដើមល្វា នោះអ្វីៗមានភាពល្អប្រសើរ ហើយពេលណាផលផ្លែអាក្រក់កើតចេញមក គឺបានសេចក្តីថា រាស្ត្ររបស់ព្រះបានវង្វេងចេញហើយ។ គឺដូចដែលព្រះយេស៊ូវបានទតឃើញភាពចន្លោះប្រហោងដែលបង្ហាញចេញនៅក្នុងសកម្មភាពសាសនា នៅសម័យនោះយើងអាចនឹកចាំពាក្យពេចន៍របស់ហោរាមីកា ដែលបានពោលឡើងថា «វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វាដែលទុំដើមរដូវ»(មីកា ៧:១)។
ដូចនេះ ការដែលព្រះយេស៊ូវដាក់បណ្ដាសាមកលើដើមល្វានោះ គឺមិនមានអ្វីចម្លែកទេ។ រឿងនេះបានកើតឡើងស្របតាមបទទំនាយ។ ព្រះអង្គប្រើដើមល្វា ដើម្បីបើកបង្ហាញការជំនុំជម្រះ ដែលហៀបនឹងធ្លាក់មកលើទីក្រុងយេរូសាឡឹម។ ព្រះយេស៊ូវបានយាងមកទីក្រុងនេះ ជាមជ្ឈមណ្ឌលនៃជីវិតខាងវិញ្ញាណ ដើម្បីរកមើលភាពឧស្សាហ៍ក្នុងការអធិស្ឋាន និងផលផ្លែខាងវិញ្ញាណ ប៉ុន្តែមិនបានប្រទះឃើញទាល់តែសោះ។ ដើមល្វាដែលគ្មានផ្លែនោះ គឺជាតំណាងឲ្យលទ្ធិក្រឹត្យវិន័យនិយមក្នុងការប្រារព្ធពិធីបុណ្យតាមសាសនា ដែលគេអះអាងថា ការប្រព្រឹត្តនោះអាចចម្អែតចិត្តដែលស្រេកឃ្លាន និងផ្គាប់ព្រះទ័យព្រះ។ ប៉ុន្តែ ពេលណាពួកបណ្តាជនមានការប្ដូរផ្តាច់ចំពោះសាសនាយ៉ាងដូចនេះ ពួកគេមិនមានភាពស្កប់ចិត្តឡើយ ហើយប្រតិកម្មរបស់ព្រះរាជបុត្រានៃព្រះចំពោះរឿងនេះបានបង្ហាញថា ព្រះទ្រង់មិនបានសព្វព្រះទ័យសោះឡើយ។
តើការដាស់តឿនតាមបទទំនាយនេះមានសារៈសំខាន់យ៉ាងណាខ្លះចំពោះយើង ដែលបានរស់នៅឆ្ងាយពីដើមល្វា និងព្រះវិហារក្រុងយេរូសាឡឹម? ជាការពិតណាស់ រឿងនេះក៏បានជំរុញចិត្តយើងឲ្យបង្កើតផលផ្លែផងដែរ។ ប៉ុន្តែ យើងត្រូវតែមានការប្រុងប្រយ័ត្នកុំឲ្យយល់ច្រឡំថា ការបង្កើតផលផ្លែ គឺជាការអនុវត្តតាមសាសនា ឬការបង្កើតសេចក្តីសុចរិតដោយខ្លួនឯងដោយខំកាន់តាមក្រឹត្យវិន័យនោះឡើយ។
រាស្ត្ររបស់ព្រះតែងតែស្ថិតក្នុងគ្រោះថ្នាក់នៃការខំកាន់តាមក្រឹត្យវិន័យ ជំនួសឲ្យទំនាក់ទំនងដ៏រស់រវើកជាមួយព្រះអង្គ។ តើយើងអាចស្តាប់តាមការដាស់តឿនអំពីដើមល្វាក្រៀមស្វិតដូចម្ដេចខ្លះ? នៅក្នុងបទគម្ពីរផ្សេងទៀត ព្រះយេស៊ូវមានបន្ទូលថា «អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល...ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន។ ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន ១៥:២, ៥)។ អាចនិយាយបានម្យ៉ាងទៀតថា យើងមិនត្រូវព្យាយាមកាន់តាមក្រឹត្យវិន័យឲ្យកាន់តែច្រើនឡើយ តែត្រូវព្យាយាមស្គាល់ព្រះយេស៊ូវកាន់តែច្បាស់វិញ។
តើដើមល្វានេះបានធ្វើជាតំណាងឲ្យផ្នែកណាខ្លះនៃជីវិតពិតរបស់អ្នក? កាលព្រះយេស៊ូវយាងមកវិញ ហើយពិនិត្យមើលយើង តើព្រះអង្គនឹងឃើញផលផ្លែនៅលើខ្នែងរបស់យើងទេ? តើព្រះអង្គនឹងទតឃើញសេចក្តីជំនឿរបស់យើងដែរឬទេ? ចូរយើងបន្តនៅជាប់ព្រះយេស៊ូវជាដើមទំពាំងបាយជូររបស់យើង ហើយព្រះវិញ្ញាណព្រះអង្គនឹងជួយយើងបង្កើតផ្លែ ដែលព្រះអង្គសព្វព្រះទ័យនឹងស្វែងរកក្នុងជីវិតយើង។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៥:១-១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហូសេ ៥-៨ និងម៉ាថាយ ១៨:២១-៣៥