ព្រឹក

សេចក្តីជំនឿដ៏រឹងមាំ
ដោយXochitl Dixon
June 3, 2025
ទំនុកដំកើង ៩៥:១-៧
ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់។ ទំនុកដំកើង ៩៥:៧
កាលអ្នកស្រី ឌីអាន ដូកូ គីម(Dianne Dokko Kim) និងស្វាមីរបស់គាត់ បានដឹងថា គ្រូពេទ្យបានពិនិត្យសុខភាពរបស់កូនប្រុសគាត់ ហើយរកឃើញថា គាត់មានជំងឺអូទីហ្សិម គាត់មានការពិបាកចិត្តយ៉ាងខ្លាំង ដោយមិនដឹងថា ពេលដែលគាត់ស្លាប់ទៅ តើមាននរណាជួយមើលថែកូនប្រុសគាត់ ដែលមានភាពពិការផ្នែកប្រាជ្ញានេះ។ គាត់ក៏បានស្រែករកព្រះថា ព្រះអង្គអើយ បើអត់ពីទូលបង្គំទៅ តើនរណានឹងជួយមើលថែគាត់? ព្រះអម្ចាស់ក៏បានហ៊ុមព័ទ្ធគាត់ ដោយការលើកទឹកចិត្តពីអាណាព្យាបាលដទៃទៀត ដែលកំពុងថែទាំកូនដែលមានពិការភាពដែរ។ ព្រះអង្គក៏បានចម្រើនកម្លាំងអ្នកស្រីឌីអានឲ្យទុកចិត្តព្រះអង្គ តាមរយៈអារម្មណ៍ដែលប្រកាន់ទោសខ្លួនឯង ដែលគាត់មិនអាចពន្យល់បាន និងអារម្មណ៍ដែលគិតថា ខ្លួនឯងមានចំណុចខ្វះខាត និងមានការភ័យខ្លាច។ ទីបំផុត ក្នុងសៀវភៅដែលគាត់បាននិពន្ធ មានចំណងជើងថា ជំនឿដ៏រឹងមាំ គាត់បានលើកទឹកចិត្តអាណាព្យាបាលដទៃទៀត ឲ្យមានក្តីសង្ឃឹមថា “នឹងមានការប្រោសឲ្យជាខាងវិញ្ញាណ” សម្រាប់កុមារដែលមានពិការភាព។ នៅពេលដែលកូនប្រុសរបស់គាត់ពេញវ័យ សេចក្តីជំនឿរបស់គាត់នៅតែមានភាពរឹងមាំ។ គាត់បានទុកចិត្តថា ព្រះទ្រង់នឹងនៅតែថែរក្សាគាត់ និងកូនប្រុសគាត់ ជារៀងរហូត។
ភាពមិនច្បាស់លាស់ ក្នុងជីវិតយើង អាចធ្វើឲ្យចិត្តយើងរឹងទទឹង ចំពោះព្រះ។ យើងប្រហែលជាចង់ទុកចិត្តលើអ្វីផ្សេងទៀត ឬទុកចិត្តលើមនុស្ស ដែលរាប់បញ្ចូលទាំងខ្លួនយើងផង។ ទោះជាយ៉ាងណាក៏ដោយ យើងអាចពឹងផ្អែកលើ “ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង”(ទំនុកដំកើង ៩៥:១) ព្រោះយើងអាចស្គាល់ចារិតលក្ខណៈរបស់ព្រះអង្គច្បាស់។ “អស់ទាំងទីជំរៅនៃផែនដីនៅក្នុងព្រះហស្តទ្រង់ ហើយកំពូលភ្នំទាំងប៉ុន្មាន សុទ្ធតែជារបស់ផងទ្រង់ដែរ សមុទ្រជារបស់ផងទ្រង់ គឺទ្រង់ដែលបានបង្កើតមក ហើយគឺព្រះហស្តទ្រង់ដែលបានសូនធ្វើដីគោក”(ខ.៤-៥)។
យើងក៏អាចរស់នៅដោយជំនឿរឹងមាំផងដែរ ដោយថ្វាយបង្គំព្រះអម្ចាស់ “ជាព្រះដែលបង្កើតយើងមក”(ខ.៦)។ យើងអាចទុកចិត្តថា ព្រះអង្គនឹងគង់នៅជាមួយយើង និងអ្នកដែលយើងស្រឡាញ់ ព្រោះយើងគឺជា “ហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់”(ខ.៧)។—Xochitl Dixon
តើព្រះទ្រង់បានបង្ហាញថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកដូចម្តេចខ្លះ នៅពេលដែលអ្នកមានអារម្មណ៍ថា អស់សង្ឃឹម? តើការស្គាល់ចារិតលក្ខណៈរបស់ព្រះអង្គច្បាស់ អាចជួយអ្នកឲ្យទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះដ៏ធំប្រសើរ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការសន្យាថា នឹងថែរក្សាទូលបង្គំជារៀងរហូត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ១៩-២០ និង យ៉ូហាន ១៣:២១-៣៨
ប្រភេទ
ល្ងាច

បន្សល់ទុកកេរដំណែល
ដោយAlistair Begg
June 3, 2025
«តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង» (២ធីម៉ូថេ ៤:៥)។
យើងម្នាក់ៗកំពុងតែបន្សល់ទុកកេរដំណែលអ្វីមួយ។ ជារៀងរាល់ថ្ងៃ យើងកំពុងតែបន្ថែមពណ៌ពីលើរូបគំនូរនៃជីវិតរបស់យើង។ ហើយនៅទីបំផុត ពេលណាយើងលាចាកពីនេះលោកទៅ ការសម្រេចចិត្ត ការរួមចំណែក អាទិភាពរបស់យើងនឹងបន្សល់ទុកនៅ យ៉ាងហោចណាស់បានមួយរយៈពេលសម្រាប់ឲ្យអ្នកដទៃយកមកត្រិះរិះពិចារណា។
នៅចុងបញ្ចប់នៃសំបុត្រទី២ដែលសាវ័ក ប៉ុល បានសរសេរផ្ញើទៅលោក ធីម៉ូថេ យើងឃើញពាក្យផ្ដាំផ្ញើរបស់បុរសមានវ័យចំណាស់ជាងលោក ធីម៉ូថេ ដែលជីវិតគាត់ជិតដល់ទីបញ្ចប់។ គាត់ថា «ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ» (២ធីម៉ូថេ ៤:៦)។ ក្នុងបរិបទនេះ គាត់កំពុងលើកទឹកចិត្តលោក ធីម៉ូថេ ឲ្យរស់នៅដោយមានការទទួលខុសត្រូវច្បាស់លាស់ ឲ្យពិចារណាអំពីកេរដំណែលរបស់គាត់ និងពិចារណាអំពីកេរដំណែលល្អ និងអាក្រក់ ដែលបានបន្សល់ទុកដោយមនុស្សជាច្រើនដែលសាវ័ក ប៉ុល បានជួប។
ក្នុងជំពូកដំបូងនៃកណ្ឌគម្ពីរនេះ សាវ័ក ប៉ុល បានរម្លឹកលោក ធីម៉ូថេ ថា «អ្នកដឹងដំណឹងថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មានបានបោះបង់ចោលខ្ញុំហើយ ក្នុងពួកគេមានឈ្មោះ ភីកេល៉ុស និងហ៊ើម៉ូគេន» (២ធីម៉ូថេ ១:១៥)។ ព្រះគម្ពីរបាននិយាយអំពីបុគ្គលទាំងនេះតែម្តងប៉ុណ្ណោះ ដើម្បីកត់ទុកអំពីការពិតដែលថា ពួកគេបានរត់ចោលបុរសម្នាក់ដែលកំពុងត្រូវការជំនួយ។ សាវ័ក ប៉ុល ក៏បានដាស់តឿនលោក ធីម៉ូថេ ឲ្យប្រុងប្រយ័ត្នចំពោះមនុស្សដូច ហ៊ីមេនាស និង ភីលេត ដែល «សម្ដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ» ឬមនុស្សដូច អ័លេក្សានត្រុស ជាជាងស្មិត ដែលបានធ្វើបាបគាត់ជាច្រើនណាស់ (២:១៧-១៨ ៤:១៤)។ ពេលណាយើងមើលទៅរូបភាពរបស់មនុស្សទាំងនោះ យើងឃើញកេរដំណែលនៃការរត់ចោលគ្នា ការបង្រៀនខុសឆ្គង និងការទាស់ប្រឆាំងនឹងដំណឹងល្អ។
ប៉ុន្តែ សំបុត្ររបស់សាវ័ក ប៉ុល ក៏បានលើកឡើងអំពីមនុស្សដែលបន្សល់ទុកកេរដំណែលដែលមានប្រយោជន៍ផងដែរ។ ឧទាហរណ៍៖ លោកយាយ ឡូអ៊ីស អ្នក អ៊ើនីស ដែលបានបង្ហាញចេញនូវសេចក្តីជំនឿដ៏ស្មោះត្រង់ដែលសាវ័ក ប៉ុល បានជឿជាក់ថា លោក ធីម៉ូថេ បានទទួលកេរដំណែលនៃសេចក្តីជំនឿនោះហើយ (២ធីម៉ូថេ ១:៥)។ ដូចគ្នានេះដែរ សាវ័ក ប៉ុល បានលើកទឹកចិត្តសិស្សរបស់គាត់ឲ្យនឹកចាំលោក អូនេសិភ័រ ដែលលំហើយចិត្តគាត់ជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់គាត់ដែរ កាលគាត់នៅក្រុងរ៉ូម នោះលោក អូនេសិភ័រ ក៏បានខ្នះខ្នែងរកគាត់ទាល់តែឃើញផង (ខ.១៦-១៧)។ លោក អូនេសិភ័រ បានបន្សល់ទុកនូវកេរដំណែលនៃសេចក្តីជំនឿ សេចក្តីក្លាហាន និងការប្ដេជ្ញាចិត្ត។ លោក អូនេសិភ័រ ជាមនុស្សគោរពពាក្យសម្ដី និងជាមនុស្សដែលសាវ័ក ប៉ុល អាចពឹងផ្អែកបាន។
យើងរាល់គ្នាកំពុងបន្សល់ទុកកេរដំណែល។ ពេលណាយើងដើរចេញពីបន្ទប់មួយ យើងបន្សល់ទុកនូវក្លិនដ៏ក្រអូបនៃព្រះគ្រីស្ទ ដែលសាយភាយឲ្យគេបានស្គាល់អង្គទ្រង់គ្រប់ទីកន្លែង (២កូរិនថូស ២:១៥-១៦) ពុំនោះទេ យើងកំពុងបន្សល់ទុកនូវក្លិនមិនសូវល្អ ដែលជាការលើកតម្កើងខ្លួនឯង ឬល្អតែពាក្យសម្ដី ឬក៏មិនបានធ្វើអ្វីជាដុំកំភួនថ្វាយព្រះអង្គ។ កេរដំណែលនៃភាពស្មោះត្រង់ ការកោតខ្លាចព្រះ សេចក្តីសប្បុរស ភាពស្មោះត្រង់ ភាពស្អាតស្អំ សេចក្តីស្រឡាញ់ និងសន្តិភាព ជាកេរដំណែលដែលគេនឹងនឹកចាំដោយក្តីស្រឡាញ់។ ប៉ុន្តែ ដែលសំខាន់បំផុតនោះ កេរដំណែលនោះនឹងចង្អុលបង្ហាញមនុស្សឲ្យងាកទៅរកព្រះអម្ចាស់យេស៊ូវដែលការរស់នៅរបស់ពួកគេមានសារៈសំខាន់បំផុតចំពោះទ្រង់។
កេរដំណែលកើតចេញពីការសម្រេចចិត្តជារៀងរាល់ថ្ងៃ ដើម្បីនាំមកនូវការផ្លាស់ប្ដូរថ្វាយព្រះគ្រីស្ទ ដោយស្រឡាញ់ព្រះអង្គ និងស្រឡាញ់អ្នកជិតខាងរបស់យើង ដោយស្វែងរកសន្តិភាព និងនិយាយអំពីព្រះអង្គ។ នៅថ្ងៃនេះ អ្វីដែលអ្នកធ្វើនឹងបានធ្វើជាផ្នែកមួយដ៏តូច ឬធំនៃកេរដំណែលរបស់អ្នក។ សរុបមក យើងមិនដឹងថា យើងនឹងបង្កើតកេរដំណែលចុងក្រោយ ដើម្បីបន្សល់ទុកពេលយើងលាចាកលោក នៅពេលណាទេ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទីតុស ២:២-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហូសេ ៩-១១ និងម៉ាថាយ ១៩