
សំណួររបស់លោក គេឌាន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 8, 2025
«ទេវតានៃព្រះយេហូវ៉ា ក៏លេចមកឲ្យលោកឃើញ ហើយប្រាប់ថា នែអ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង តែគេឌានឆ្លើយឡើងថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ» (ពួកចៅហ្វាយ ៦:១២-១៣)។
ក្នុងកណ្ឌគម្ពីរពួកចៅហ្វាយ ពេលដែលលោក គេឌាន ជួបទេវតា គឺជាពេលដែលគាត់មានចិត្តរំភើប និងអារម្មណ៍ចម្លែក។ ទេវតាបានហៅគាត់ថា «អ្នកពូកែក្លាហានអើយ» ខណៈពេលដែលគាត់កំពុងសម្ងំលាក់ខ្លួននៅក្នុងកន្លែងជាន់ផ្លែទំពាំងបាយជូរ ដើម្បីបោកស្រូវសាឡីឲ្យឆ្ងាយពីភ្នែករបស់ពួកសាសន៍ម៉ាឌាន ដែលកំពុងកៀបសង្កត់សាសន៍គាត់ (ពួកចៅហ្វាយ ៦:១១)។ ការធ្វើដូចនេះមិនបង្ហាញថា គាត់ជាមនុស្សខ្លាំងពូកែ ឬក្លាហាននោះទេ។
ត្រង់ចំណុចនេះ ព្រះអម្ចាស់ហាក់ដូចជាបានប្រើស្ថានភាពរបស់គាត់ ធ្វើជាគំរូនៃស្ថានភាពរបស់រាស្ត្រព្រះអង្គ។ ពេលនោះលោក គេឌាន ប្រហែលជាងាកមើលឆ្វេងស្តាំ ដោយឆ្ងល់ថា តើពិតជាមានគេកំពុងនិយាយមកកាន់គាត់ឬ។ សរុបមក ព្រះអម្ចាស់បានអនុញ្ញាតឲ្យរាស្ត្រព្រះអង្គធ្លាក់ខ្លួនរស់នៅក្នុងការភ័យខ្លាច។ ហេតុនេះហើយ គាត់ក៏បានសួរទេវតាថា «សិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ?»
នេះជាការសួររកហេតុផល៖ បើព្រះអង្គជាព្រះ ដូចការដែលព្រះអង្គបានអះអាងមែន ហេតុអ្វីព្រះអង្គអនុញ្ញាតឲ្យយើងមានទុក្ខលំបាកក្នុងជីវិតយើង? យើងប្រាកដជាធ្លាប់មានចម្ងល់ដូចនេះផងដែរ។ ពេញមួយជីវិតយើង គឺមានសុទ្ធតែការចោទសួរដោយប្រើពាក្យ បើសិនជា ប៉ុន្តែ និងហេតុអ្វី។ ទោះជាយ៉ាងណាក៏ដោយ យើងគួរតែមានការលើកទឹកចិត្តដោយដឹងថា បើព្រះអម្ចាស់អាចឆ្លើយសំណួររបស់លោក គេឌាន ឬឆ្លើយតបចំពោះរឿងវិបត្តិរបស់ប្រជាជនអ៊ីស្រាអែលបាន នោះព្រះអង្គក៏ពិតជាអាចឆ្លើយសំណួរពិបាកៗរបស់យើងផងដែរ។ ទោះចម្លើយរបស់ព្រះអង្គ មិនតែងតែដូចការរំពឹងចង់បានរបស់យើងក៏ដោយ។
កាលពួកអ៊ីស្រាអែលស្រែករកជំនួយរបស់ព្រះក្នុងបទគម្ពីរ ពួកចៅហ្វាយ ៦:៧ ព្រះអង្គបានឆ្លើយតប ដោយព្រះអង្គមិនគ្រាន់តែបានចាប់អ្នកខ្លាំងពូកែម្នាក់ឲ្យរំដោះពួកគេ តែក៏បានចាត់ហោរាឲ្យបង្រៀនពួកគេផងដែរ (ខ.៨)។ ព្រះអង្គជ្រាបថា ពួកគេចាំបាច់ត្រូវឮព្រះបន្ទូលព្រះអង្គក្នុងពេលដែលពួកគេមានទុក្ខលំបាក។ និយាយឲ្យខ្លី ពួកគេចាំបាច់ត្រូវវិលត្រឡប់មករកព្រះអង្គវិញ ហើយទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពួកហោរាក៏បានប្រាប់ពួកគេ ដូចដែលទេវតាប្រាប់លោក គេឌាន ថា «ព្រះយេហូវ៉ាគង់នៅជាមួយអ្នក»។ ព្រះវត្តមានរបស់ព្រះគង់នៅជាមួយយើងមិនមានន័យថា យើងលែងមានទុក្ខលំបាកនោះទេ។
ព្រះអង្គឆ្លើយតបចំពោះសំណួរយើង មិនមែនដោយប្រាប់យើងនូវដំណោះស្រាយងាយៗ៥ជំហាននោះទេ តែដោយបង្ហាញអង្គទ្រង់តាមរយៈព្រះបន្ទូលព្រះអង្គ។ ក្នុងករណីរបស់លោក គេឌាន ការឆ្លើយតបរបស់ព្រះអម្ចាស់ ហាក់ដូចមិនមែនជាចម្លើយទាល់តែសោះ។ ព្រះអង្គមិនបានមានបន្ទូលឆ្លើយឆ្លងអំពីកាលៈទេសៈរបស់ពួកអ៊ីស្រាអែល ឬពន្យល់អំពីសត្រូវរបស់ពួកគេទេ។ ផ្ទុយទៅវិញ ព្រះអម្ចាស់ងាកមករកលោក គេឌាន ហើយមានបន្ទូលថា «ចូរឯងទៅដោយសារកម្លាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ» (ពួកចៅហ្វាយ ៦:១៤)។
លោក គេឌាន មានអារម្មណ៍ថា គាត់ខ្វះសមត្ថភាពបានជាគាត់ទូលព្រះអង្គថា «ឱព្រះអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យទូលបង្គំជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែលបាន។ មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង» (ពួកចៅហ្វាយ ៦:១៥)។ ជាញឹកញាប់ ពេលណាយើងទទួលស្គាល់ចំណុចខ្វះខាតរបស់យើង ព្រះអម្ចាស់នឹងចាប់ផ្ដើមធ្វើការក្នុងយើង។ ទាល់តែយើងឈានដល់ចំណុចមួយ ដែលយើងអាចមើលឃើញភាពកម្សោយរបស់យើង ទើបយើងមានចិត្តចង់អធិស្ឋាន ឬដើរដោយជំនឿរឹងមាំ ឆ្លងកាត់ទុក្ខលំបាក ឬក៏ឈប់ទុកចិត្តខ្លួនឯង។ ទាល់តែយើងបានដឹងអំពីចំណុចខ្វះខាតរបស់យើង ហើយស្តាប់តាមព្រះបន្ទូល ដែលបានសន្យានឹងគង់នៅជាមួយយើង ហើយធ្វើការនៅក្នុង និងតាមរយៈយើង ទើបយើងអាចប្ដេជ្ញាចិត្តបម្រើព្រះអង្គអស់ពីចិត្ត ទោះយើងមានអារម្មណ៍ទន់ខ្សោយយ៉ាងណាក៏ដោយ។ ដ្បិតតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ភាពកម្សោយរបស់យើងរួមផ្សំជាមួយកម្លាំងរបស់ព្រះអង្គ គឺគ្រប់គ្រាន់នឹងឲ្យយើងធ្វើការអ្វីដែលព្រះអង្គហៅឲ្យយើងធ្វើ (ភីលីព ៤:១៣)។
ព្រះគម្ពីរសញ្ជឹងគិត៖ ពួកចៅហ្វាយ ៦:១១-២៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៩-១១ និងម៉ាថាយ ២២:១-២២