
ចែកចាយអំពីសេចក្តីស្រឡាញ់ ជាភាសាផ្សេងៗ
ដោយLisa Samra
June 8, 2025
កិច្ចការ ២:១-១២
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ កិច្ចការ ២:៤
មានពេលមួយ ខ្ញុំបានចូលរួមកម្មវិធីជួបជុំគ្នាមួយ ក្នុងព្រះវិហារមួយកន្លែង ក្នុងភូមិភាគកណ្តាលនៃទីក្រុងអាថែន ប្រទេសក្រិក។ ពេលនោះខ្ញុំក៏បានឮគេអធិស្ឋានជាភាសាបារាំង អាឡឺម៉ង់ ស្លូវ៉ាគី ក្រិក និងអង់គ្លេស លាន់ឮពេញព្រះវិហារ ដែលពួកគេបានទូលសូមព្រះប្រទានពរប្រជាជនក្នុងប្រទេសកំណើតរបស់យើង ឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ។ ការជួបជុំគ្នានៅថ្ងៃនោះ ពិតជាមានន័យណាស់ នៅពេលដែលយើងបានដឹងថា ការជួបជុំនោះបានប្រព្រឹត្តទៅនៅថ្ងៃបុណ្យទី៥០។
ក្នុងគ្រាសញ្ញាចាស់ ថ្ងៃបុណ្យទី៥០ គឺជាថ្ងៃបុណ្យប្រមូលផលដំណាំ ដែលប្រព្រឹត្តទៅនៅក្រោមថ្ងៃបុណ្យរំលង៥០ឆ្នាំ(លេវីវិន័យ ២៣:១៥-២១)។ នៅថ្ងៃបុណ្យទី៥០ ដំបូងបំផុត បន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ អ្នកជឿព្រះអង្គ បានជួបជុំគ្នានៅទីក្រុងយេរូសាឡិម។ “ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្តាត ដូចជាអណ្តាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ”(កិច្ចការ ២:២-៤)។ សាសន៍ដទៃជាច្រើនដែលបានធ្វើដំណើរមកទីក្រុងយេរូសាឡិម ក៏បានឮអំពី “ការអស្ចារ្យរបស់ព្រះ” ជាភាសារបស់ពួកគេ(ខ.១១)។ ក្រោយមក បន្ទាប់ពីសាវ័កពេត្រុសចែកចាយព្រះបន្ទូលទៅកាន់ហ្វូងមនុស្ស (ខ.១៤) មានមនុស្សជាច្រើនបានទទួលជឿដំណឹងល្អដែលថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ឡើងវិញ ដើម្បីប្រទានការអត់ទោសបាប(ខ.២២-៤១)។
ការអធិស្ឋានចម្រុះភាសា ដែលមានការចូលរួមពីអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលបានជួបជុំគ្នានៅទីក្រុងអាថែន ថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការចែកចាយព្រះបន្ទូល ដែលសាវ័កពេត្រុសបានធ្វើ នៅថ្ងៃបុណ្យទី៥០ ដែលគេបានចែកចាយបន្តពីគាត់ នៅទូទាំងពិភពលោក និងបាននាំមនុស្សជាច្រើនបានទទួលជឿព្រះ។
ចូរយើងអធិស្ឋានសូមព្រះវិញ្ញាណចម្រើនកម្លាំងយើង ដូចអ្នកជឿព្រះយេស៊ូវ នៅសម័យដើម នៅថ្ងៃបុណ្យទី៥០ ដើម្បីឲ្យយើងបានចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះ ដល់អ្នកដទៃ។ ហើយចូរយើងអធិស្ឋានឲ្យគេបានឮព្រះរាជសារនៃដំណឹងល្អ ជាភាសានីមួយៗ នៅទូទាំងពិភពលោក។—Lisa M. Samra
តើអ្នកបានឮអំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានចំពោះអ្នក នៅពេលណា?
តើអ្នកអាចអធិស្ឋានដូចម្តេចខ្លះ ដើម្បី ឲ្យអ្នកដទៃ បានឮដូចអ្នកដែរ?
ឱព្រះអម្ចាស់ សូមព្រះវិញ្ញាណបរិសុទ្ធ ចម្រើនកម្លាំងទូលបង្គំ ឲ្យអាចចែកចាយ
អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកដែលមិនទាន់ទទួលសេចក្តីសង្រ្គោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣០-៣១ និង យ៉ូហាន ១៨:១-១៨