
ផ្គុំបំណែករូបចូលគ្នា (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 9, 2025
«អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំឲ្យបានជីវិតទេ» (យ៉ូហាន ៥:៣៩-៤០)។
កាលពីឆ្នាំមួយនោះនៅថ្ងៃណូអែល ក្រុមគ្រួសាររបស់ខ្ញុំបានសម្រេចចិត្តថា យើងនឹងលេងល្បែងផ្គុំរូបពីបំណែករូបតូចៗ។ យើងក៏បានរៀបតុ ហើយក៏បានជ្រើសរើសយករូបផ្គុំដែលធំជាងគេដែលយើងអាចរកបាន ហើយក៏បានដាក់បំណែកតូចៗនៅលើតុ។ គួរឲ្យស្តាយណាស់ មិនយូរប៉ុន្មានយើងក៏បានដឹងថា ភាពក្លៀវក្លារបស់យើងក៏បានរលាយបាត់ ដោយសារការលំបាកនៅក្នុងការផ្គុំរូប។ ពីមួយពេលទៅមួយពេល យើងបានរើសបំណែករូបតូចៗនៅលើតុយកមកផ្គុំចូលគ្នា តែមិនអាចដាក់ឲ្យត្រូវ ហើយក៏បានបោះបង់ការព្យាយាមរួចដើរចេញទៅ។
ជាញឹកញាប់ ការសិក្សាព្រះគម្ពីររបស់យើងប្រៀបដូចជាការរើសយកបំណែករូបតូចៗមកផ្គុំចូលគ្នា ប៉ុន្តែផ្គុំមិនត្រូវធ្វើឲ្យយើងមិនអាចផ្គុំបានរូបទាំងមូលដ៏ស្រស់ស្អាតនៅពីមុខយើងបានឡើយ។ ម្យ៉ាងទៀត កណ្ឌគម្ពីរហេព្រើរក៏បានពន្យល់ផងដែរថា ពេលខ្លះក្នុងការសិក្សាព្រះគម្ពីរយើងអាចមានអារម្មណ៍ថា ព្រះបន្ទូលគ្មានតម្លៃចំពោះយើង ព្រោះយើងមិនបានរួមផ្សំការអានព្រះបន្ទូលជាមួយសេចក្តីជំនឿ (ហេព្រើរ ៤:២)។ យើងអាចមានការផ្ចិតផ្ចង់ក្នុងការសិក្សាព្រះគម្ពីរ ហើយមានការលត់ដំក្នុងការទន្ទេញខគម្ពីរចងចាំ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងមិនបានទទួលព្រះមេស្ស៊ីទាំងស្រុង គឺព្រះមេស្ស៊ីដែលមានចែងក្នុងបទគម្ពីរដែលយើងកំពុងតែអាននោះទេ។
ចំពោះមនុស្សដែលមានបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលស្តីបន្ទោសពួកគេថា «អ្នករាល់គ្នាគ្មានព្រះបន្ទូលទ្រង់នៅក្នុងខ្លួនសោះ ពីព្រោះអ្នករាល់គ្នាមិនជឿដល់ព្រះអង្គ ដែលទ្រង់ចាត់ឲ្យមកនេះ» (យ៉ូហាន ៥:៣៨)។
យើងចាំបាច់ត្រូវទទួលស្គាល់ថា សូម្បីតែនៅពេលដែលបុរស និងស្ត្រីខ្លះសញ្ជឹងគិតព្រះបន្ទូលព្រះ ក៏ពួកគេអាចនៅតែបដិសេធមិនព្រមចូលមករកព្រះយេស៊ូវជាអ្នកប្រទាន និងទ្រទ្រង់ជីវិត។ តាមនិស្ស័យសាច់ឈាមរបស់យើង យើងហាក់ដូចជាកំពុងយកម្រាមដៃបិទត្រចៀកមិនឲ្យឮព្រះសូរសៀងព្រះ។ តាមនិស្ស័យសាច់ឈាមរបស់យើង គឺគ្មាននរណាស្វែងរកព្រះទេ (រ៉ូម ៣:១១)។
គឺដូចដែលអ្នកនិពន្ធម្នាក់បានលើកឡើងថា ព្រះគម្ពីរគឺជាសៀវភៅ ប៉ុន្តែបើយើងបានអានព្រះបន្ទូលក្នុងព្រះគម្ពីរ ព្រះបន្ទូលនឹងនាំយើងទៅរកព្រះអង្គ ហើយដូចនេះយើងក៏រកឃើញជីវិត មិនមែននៅក្នុងព្រះគម្ពីរទេ ប៉ុន្តែនៅក្នុងព្រះអង្គតាមរយៈព្រះគម្ពីរ។1 ព្រះបន្ទូលព្រះនៅក្នុងព្រះគម្ពីរ និងព្រះបន្ទូលដែលត្រឡប់ជាសាច់ឈាមមានទំនាក់ទំនងដ៏ជ្រាលជ្រៅ ដោយព្រះវិញ្ញាណនាំព្រះបន្ទូលមករកមនុស្ស ដើម្បីឲ្យពួកគេអាចជួប និងរកឃើញព្រះគ្រីស្ទ។
តើអ្នកកំពុងតែកាន់បំណែកតូចៗនៃព្រះគម្ពីរក្នុងគំនិតអ្នក ដោយមិនបានផ្គុំបំណែកទាំងនោះចូលគ្នា ហើយថយក្រោយ ដើម្បីឈរមើលរូបភាពដ៏ស្រស់ស្អាតរបស់ព្រះយេស៊ូវ ដែលកំពុងលាតព្រះពាហុសន្ធឹង ដោយត្រៀមជាស្រេច ដើម្បីទទួលអស់អ្នកណា ដែលចង់ចូលមករកព្រះអង្គដោយការប្រែចិត្ត និងជំនឿឬទេ? តើអ្នកកំពុងរួមផ្សំចំណេះដឹងអំពីព្រះបន្ទូលព្រះជាមួយជំនឿពិតប្រាកដ ដើម្បីឲ្យអ្នកអាចជៀសវាងការជំពប់ដួលនៃការដឹងអំពីព្រះបន្ទូលបានច្រើន ដោយមិនបានស្គាល់ព្រះបន្ទូលព្រះឬ? តើអ្នកនឹងចូលមករកព្រះបន្ទូលព្រះជារៀងរាល់ថ្ងៃដោយរំពឹងថា នឹងបានជួបព្រះយេស៊ូវខណៈពេលដែលព្រះវិញ្ញាណរបស់ព្រះអង្គ ធ្វើការតាមរយៈព្រះបន្ទូលព្រះអង្គឬទេ? ចូរយើងរៀបចំចិត្តរបស់យើង ដូចហោរា សាំយូអែល ពេលណាយើងបើកព្រះគម្ពីរអានដោយអធិស្ឋានទៅកាន់ព្រះអង្គថា «សូមព្រះអង្គមានបន្ទូល ដ្បិតអ្នកបម្រើព្រះអង្គកំពុងប្រុងចិត្តស្តាប់ហើយ» (១សាំយ៉ូអែល ៣:១០)។
ព្រះគម្ពីរសញ្ជឹងគិត៖ ២ធីម៉ូថេ ៣:១-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ១២-១៤ និងម៉ាថាយ ២២:២៣-៤៦