
សេចក្តីសុចរិត សេចក្តីសប្បុរស និងការបន្ទាបខ្លួន (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 10, 2025
«ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ» (មីកា ៦:៨)។
កាលលោក ចន ញូតុន (John Newton) ជាអ្នកនិពន្ធចម្រៀងទំនុកសកល និងជាគ្រូគង្វាលនៅសតវត្សរ៍ទី១៨បានអធិប្បាយព្រះបន្ទូលផ្អែកទៅលើខគម្ពីរនេះ គាត់បានដាក់ចំណងជើងឲ្យការអធិប្បាយរបស់គាត់ថា «យើងមានសិទ្ធិចូលទៅរកព្រះ ដោយសារដំណឹងល្អនៃព្រះគ្រីស្ទ»។ ហេតុអ្វីគាត់ប្រើចំណងជើងនេះ ដែលហាក់ដូចជាមិនជាប់ទាក់ទងនឹងខគម្ពីរនេះ? លោក ញូតុន ក៏បានបកស្រាយថា «ក្នុងព្រះគម្ពីរ គ្មានខគម្ពីរណា ដែលគេមានការយល់ច្រឡំជាទូទៅខ្លាំងជាងខគម្ពីរនេះទេ»។1
គាត់បានជ្រើសរើសចំណងជើងសម្រាប់ការអធិប្បាយនេះ ដើម្បីកែតម្រង់ការយល់ច្រឡំដែលមានជាទូទៅនោះ។ ចំណងជើងនេះបានដាស់តឿនយើងឲ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃការអានអំពីសេចក្តីល្អក្នុងខគម្ពីរនេះ ហើយព្យាយាមប្រព្រឹត្តដោយសេចក្តីល្អនេះដោយគ្មានដំណឹងល្អ ឬប្រកាសអំពីសេចក្តីល្អនេះជំនួសឲ្យដំណឹងល្អដោយនិយាយថា សេចក្តីល្អនេះជាផ្លូវចូលទៅរកព្រះ។ ការអនុវត្តទាំងពីរនេះសុទ្ធតែប្រាសចាកពីការអ្វីដែលហោរា មីកា និងព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើតាម។ វិធីល្អបំផុតដើម្បីយល់បទគម្ពីរ មីកា ៦:៨ គឺមិនមែនតាមរយៈការទទួលស្គាល់ថា យើងត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តជាច្រើននោះទេ តែការប្រព្រឹត្តទាំងនោះជាភស្តុតាងបង្ហាញថា យើងត្រូវបានរាប់ជាសុចរិតហើយ។ ពេលណាយើងមានការយល់ដឹងដូចនេះ ដោយមានការបណ្ដាលចិត្ត និងគោលដៅត្រឹមត្រូវ។ យើងអាចយល់អំពីការអ្វីដែលព្រះអម្ចាស់កំពុងត្រាស់ហៅពួកអ៊ីស្រាអែលក៏ដូចជាត្រាស់ហៅយើងឲ្យធ្វើ។
ព្រះអម្ចាស់បានមានបន្ទូលតាមរយៈហោរា មីកា ឲ្យយើងប្រព្រឹត្តដោយសុចរិតជាទីមួយ។ បានសេចក្តីថា យើងត្រូវប្ដេជ្ញាចិត្តប្រព្រឹត្តតាមព្រះទ័យ និងគោលបំណងរបស់ព្រះអម្ចាស់។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរចោទិយកថា លោក ម៉ូសេ បានថ្លែងថា ព្រះអម្ចាស់ «សម្រេចសេចក្តីសុចរិតដល់ពួកកំព្រា និងពួកមេម៉ាយក៏ស្រឡាញ់អ្នកប្រទេសក្រៅទាំងប្រទានឲ្យមានអាហារ និងសំលៀកបំពាក់ផង» (ចោទិយកថា ១០:១៨)។ យើងចង់យកចិត្តទុកដាក់ ចំពោះការអ្វីដែលព្រះអម្ចាស់យកព្រះទ័យទុកដាក់។ បានសេចក្តីថា យើងត្រូវដាក់អាទិភាពយ៉ាងប្រុងប្រយ័ត្ន ដោយប្ដេជ្ញាចិត្តថា «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម» (កាឡាទី ៦:១០)។
ទីពីរ ព្រះអម្ចាស់ប្រាប់យើងឲ្យ «ស្រឡាញ់សេចក្តីសប្បុរស»។ បើការប្រព្រឹត្តដោយសុចរិត គឺជាអ្វីដែលយើងត្រូវធ្វើនូវការស្រឡាញ់សេចក្តីសប្បុរស គឺជាសណ្ឋាននៃចិត្តដែលបណ្ដាលឲ្យមានការប្រព្រឹត្តនោះ។ វាជាការមានចិត្តអាណិតមេត្តាចំពោះអ្នកដទៃ ដោយធានាថា យើងដេញតាមសេចក្តីសុចរិត មិនមែនជាការសម្ដែង ដើម្បីបំពេញកាតព្វកិច្ច តែជាការធ្វើអំពើសប្បុរស ដោយចិត្តរីករាយ។
ទីបី យើងត្រូវ «ដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរាបទាប»។ ម្យ៉ាងទៀត យើងត្រូវដើរដោយចុះចូលបំណងព្រះទ័យព្រះ ដោយឱបក្រសោបយកការពឹងផ្អែកទាំងស្រុងទៅលើព្រះអង្គគ្រប់ជំហាន។ ហេតុអ្វីហោរា មីកា បានបញ្ចប់ខគម្ពីរនេះ ដោយពាក្យសុភាពរាបទាប? ទីមួយ ព្រោះការបន្ទាបខ្លួនគឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើ ដើម្បីទទួលស្គាល់ថា យើងមិនបានស្តាប់បង្គាប់ឲ្យបានល្អឥតខ្ចោះ ក្នុងការស្រឡាញ់សេចក្តីសប្បុរស និងប្រព្រឹត្តដោយសុចរិតនោះទេ ហេតុនេះហើយយើងត្រូវការការអត់ទោសរបស់ព្រះអម្ចាស់ មិនមែនគ្រាន់តែត្រូវការព្រះរាជបញ្ជារបស់ព្រះអង្គនោះទេ។ ហើយទី២ សូម្បីតែនៅពេលដែលយើងស្តាប់បង្គាប់ព្រះអង្គតាមបទគម្ពីរ មីកា ៦:៨ ក៏ផលផ្លែការប្រព្រឹត្តរបស់យើងមិនស្រេចតែលើយើងដែរ។
យើងមិនអាចជួសជុលលោកីយ៍នេះបានទេ។ ហេតុនេះហើយយើងត្រូវតែទុកចិត្តលើដំណោះស្រាយរបស់ព្រះដ៏ជាក្សត្រ និងចៅក្រមនៃលោកីយ៍។ ការអនុវត្តដូចនេះនឹងបណ្ដាលចិត្ត និងទ្រទ្រង់យើង ដោយជំនួយមកពីព្រះ ដើម្បីឲ្យយើងរស់នៅតាមដំណឹងល្អ ដែលបានសង្គ្រោះយើងតាមរយៈការបង្ហាញចេញនូវសេចក្តីសុចរិត សេចក្តីសប្បុរស និងការបន្ទាបខ្លួន ជាប្រយោជន៍ដល់អ្នកជិតខាង ហើយធ្វើជាបន្ទាល់របស់ពួកជំនុំ និងដើម្បីថ្វាយសិរីល្អដល់ព្រះគ្រីស្ទ។ អស់ជាច្រើនសតវត្សរ៍មកហើយ ដែលកណ្ឌគម្ពីរមីកាបានត្រាស់ហៅយើងឲ្យសញ្ជឹងគិតដោយការបន្ទាបខ្លួនអំពីដំណឹងល្អដែលយើងខ្វះមិនបានឲ្យពិនិត្យមើលចិត្តខ្លួនឯង និងសូមព្រះវិញ្ញាណជួយយើងឲ្យមានសេចក្តីសប្បុរសដូចព្រះគ្រីស្ទ ហើយមើលទៅការរស់នៅរបស់យើង ព្រមទាំងដេញតាមភាពទៀងត្រង់ និងសេចក្តីយុត្តិធម៌។
ព្រះគម្ពីរសញ្ជឹងគិត៖ មីកា ៦:១-៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ១៥-១៧ និងម៉ាថាយ ២៣:១-២២