
ត្រចៀកដែលត្រៀមស្តាប់ព្រះសូរសៀងព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 11, 2025
«ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងទៅឯផ្លូវដែលហៅថា ផ្លូវត្រង់ ហើយរកមនុស្សម្នាក់ឈ្មោះ សុល ជាអ្នកស្រុកតើសុសនៅក្នុងផ្ទះយូដាស ដ្បិតមើលគាត់កំពុងតែអធិស្ឋាន» (កិច្ចការ ៩:១១)។
ព្រះគម្ពីរបានចែងអំពីលោក អាន្ន៉ានាស នៅក្នុងបទគម្ពីរកិច្ចការជំពូក៩ តែក្រោយមកក៏បាននិយាយអំពីគាត់តែបន្តិចប៉ុណ្ណោះ (កិច្ចការ ២២:១២)។ ផ្អែកទៅលើសេចក្តីដែលបានចែងអំពីគាត់ គាត់មិនមែនជាបុរសអស្ចារ្យដែលបានធ្វើកិច្ចការដ៏ធំឧត្តមតាមស្តង់ដាររបស់លោកីយ៍នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានទតឃើញគាត់មានដួងចិត្តស្មោះត្រង់ ហើយបានសម្រេចព្រះទ័យប្រើប្រាស់គាត់ តាមរបៀបដ៏អស្ចារ្យក្នុងដំណើររឿងការប្រែចិត្តរបស់លោក សូល (ដែលក្រោយមក ក៏បានក្លាយជាសាវ័ក ប៉ុល)។
មិនខុសពីលោក អាន្ន៉ានាស ទេ អ្នកប្រហែលជាមិនបានធ្វើការធំឧត្តមក្នុងជីវិត មិនបានទៅកន្លែងអស្ចារ្យ ឬមិនមានកេរ្តិ៍ឈ្មោះល្បីទេ។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះរាជកិច្ចដែលត្រូវដាក់ព្រះហស្តលើបុគ្គលមួយចំនួន ហើយប្រើពួកគេឲ្យសម្រេចបំណងព្រះទ័យព្រះអង្គ។ ផ្នែកដែលយើងត្រូវធ្វើនោះ គឺមិនខុសពីលោក អាន្ន៉ានាស ទេ គឺយើងត្រូវប្រុងត្រចៀកស្តាប់ ហើយធ្វើតាមបង្គាប់របស់ព្រះនៃយើង។
ខគម្ពីរនេះមិនបាននិយាយសង្កត់ធ្ងន់អំពីរបៀបដែលព្រះអង្គមានបន្ទូលមកលោក អាន្ន៉ានាស ទេ ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើរបៀបដែលគាត់ឆ្លើយតបព្រះអង្គថា «ព្រះករុណាវិសេសព្រះអម្ចាស់»។ ត្រចៀករបស់គាត់បានប្រុងប្រៀបស្តាប់ព្រះសូរសៀងរបស់ព្រះ។ ចុះចំណែកអ្នកវិញ? តើអ្នកស្តាប់ព្រះអម្ចាស់ មានបន្ទូលតាមរយៈព្រះបន្ទូលព្រះអង្គទេ? តើចិត្តរបស់អ្នកបានត្រៀមហើយឬនៅ ដើម្បីធ្វើតាមការត្រាស់ហៅរបស់ព្រះដោយទូលព្រះអង្គថា «ព្រះករុណាវិសេសព្រះអម្ចាស់»?
យើងនឹងបានដឹងថា ការឆ្លើយតបរបស់លោក អាន្ន៉ានាស ចំពោះព្រះ គឺគួរឲ្យកត់សម្គាល់ណាស់ នៅពេលដែលយើងពិចារណាអំពីការអ្វីដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យគាត់ធ្វើ ហើយធ្វើសម្រាប់នរណា។ គាត់បាន «ឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្ត ដល់ពួកបរិសុទ្ធរបស់ទ្រង់នៅក្រុងយេរូសាឡឹម»។ ហើយគាត់ក៏ដឹងដែរថា នៅទីនេះលោក សូល ក៏មានអំណាច...ចាប់ចងនូវអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមទ្រង់ដែរ» (កិច្ចការ ៩:១៣-១៤)។ ប៉ុន្តែ គាត់បានស្ម័គ្រចិត្តស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះ ទោះមានការភ័យខ្លាច ឬការមិនពេញចិត្តចំពោះលោក សូល និងកេរ្តិ៍ឈ្មោះរបស់គាត់ក៏ដោយ។ គាត់បានឮសម្លេងព្រះអង្គ ហើយក៏បានអនុវត្តតាម។ តើមានពេលប៉ុន្មានដងហើយ ដែលយើងដោះសាចំពោះភាពអសកម្មរបស់យើងក្នុងការឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះ? តើមានពេលប៉ុន្មានដងហើយ ដែលយើងលាក់ខ្លួននៅពីក្រោយការភ័យខ្លាច ឬរស់នៅដោយការប្រុងប្រយ័ត្នជ្រុលពេក ដោយភ្លេចថា «ព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ» (២ធីម៉ូថេ ១:៧)? លោក អាន្ន៉ានាស បានបង្ហាញចេញនូវវិញ្ញាណមានអំណាចនេះ តាមរយៈការស្តាប់បង្គាប់របស់គាត់។
វប្បធម៌របស់យើងឲ្យតម្លៃមកលើកេរ្តិ៍ឈ្មោះល្បី ភាពជោគជ័យ និងការមានទ្រព្យសម្បត្តិច្រើន។ ប៉ុន្តែ ព្រះអម្ចាស់មិនបានឲ្យតម្លៃមកលើចំណុចទាំងអស់នេះទេ។ លោក អាន្ន៉ានាស មិនមានកេរ្តិ៍ឈ្មោះល្បីល្បាញ ឬមានទ្រព្យសម្បត្តិច្រើនទេ គាត់គ្រាន់តែមានត្រចៀកដែលបើកចំហសម្រាប់ព្រះសូរសៀងរបស់ព្រះ ហើយមានចិត្តដែលស្តាប់បង្គាប់ព្រះអង្គ។ ការនេះបាននាំឲ្យគាត់មានជីវិតដែលមានការលះបង់ ដែលមានប្រយោជន៍ចំពោះការបម្រើព្រះ។ រហូតមកដល់ពេលនោះបានសេចក្តីថា គាត់ជាមនុស្សទីមួយដែលបានបង្ហាញសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះដល់លោក សូល ខណៈពេលដែលគាត់ឈោងទៅរក និងហៅគាត់ថា «បងប្រុស» (កិច្ចការ ៩:១៧)។
ហើយទោះគាត់ជាតួអង្គតូចមួយក្នុងព្រះគម្ពីរក៏ដោយ មានការជាច្រើនដែលយើងអាចរៀនសូត្រពីគាត់។ គេប្រហែលជាទទួលស្គាល់អ្នកតិចតួច ឬមិនបានទទួលស្គាល់សោះសម្រាប់ភាពស្មោះត្រង់ ដែលអ្នកមានចំពោះព្រះគ្រីស្ទក្នុងជីវិតនេះ។ អ្នកប្រហែលជាបានប្រថុយគ្រោះថ្នាក់ ហើយធ្វើការលះបង់ក្នុងការបម្រើព្រះអង្គ ហើយមានអារម្មណ៍ថា អ្នកមិនបាននាំឲ្យមានការផ្លាស់ប្ដូរច្រើន ឬគ្មាននរណាម្នាក់កត់សម្គាល់សោះ។ ប៉ុន្តែ អ្នកអាចមើលឆ្ពោះទៅរកពេលដែលអ្នកនឹងបានឮព្រះអង្គមានបន្ទូលថា «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ» (ម៉ាថាយ ២៥:២១)។ ខណៈពេលដែលអ្នកចូលនគរស្ថានសួគ៌ គឺជាការទទួលស្គាល់ដែលមានតម្លៃលើសការទទួលស្គាល់ទាំងអស់ដែលមនុស្សអាចផ្តល់ឲ្យអ្នក។ ការល្អដែលអ្នកធ្វើក្នុងការបម្រើព្រះអង្គនឹងមិនឥតប្រយោជន៍ឡើយ។ ព្រះអង្គនឹងបញ្ចូលការល្អដែលអ្នកបានធ្វើថ្វាយព្រះអង្គ ចូលទៅក្នុងរឿងដ៏ធំធេងនៃសេចក្តីសង្គ្រោះ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេសាយ ៦:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ១៨-១៩ និងម៉ាថាយ ២៣:២៣-៣៩