ព្រឹក

ចិត្តដែលសប្បុរស
ដោយWinn Collier
June 12, 2025
ហេព្រើរ ១៣:១៥-២១
កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ។ ហេព្រើរ ១៣:១៦
លោក សាដូ ម៉ានេ(Sadio Mané) ជាតារាបាល់ទាត់ មកពីប្រទេសសេនេហ្កាល់ កំពុងប្រកួតឲ្យក្រុមលីវើភូល ក្នុងការប្រកួតព្រីមាលីក នៅប្រទេសអង់គ្លេស គាត់ស្ថិតក្នុងចំណោមកីឡាករអាហ្វ្រិក ដែលមានថ្លៃខ្លួនខ្ពស់បំផុត ដោយរកប្រាក់ចំណូលបានរាប់លានដុល្លា ក្នុងមួយឆ្នាំ។ អ្នកគាំទ្ររបស់គាត់បានឃើញរូបថតគាត់កំពុងកាន់ទូរស័ព្ទអាយហ្វូន ដែលមានអេក្រង់ប្រេះ ហើយក៏បាននិយាយកំប្លែង អំពីរឿងដែលគាត់ប្រើឧបករណ៍ដែលខូចនេះ។ គាត់ក៏បានឆ្លើយតបដោយការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ គាត់សួរគេវិញថា “តើឲ្យខ្ញុំយករថយន្តទំនើបហ្វារ៉ារី១០គ្រឿង នាឡិការដាំពេទ្យ២០គ្រឿង និងយន្តហោះ២គ្រឿង ទៅធ្វើអ្វី? ខ្ញុំធ្លាប់រស់នៅដោយភាពអត់ឃ្លាន ខ្ញុំធ្វើការនៅកណ្តាលវាល លេងបាត់ទាល់ដោយជើងទទេ ហើយមិនបានទៅធ្វើការទេ។ ឥឡូវនេះ ខ្ញុំអាចជួយអ្នកដទៃបានហើយ។ ខ្ញុំសុខចិត្តសាងសង់សាលារៀន ចែកអាហារ និងសម្លៀកបំពាក់ដល់អ្នកក្រ... និយាយរួម គឺឲ្យរបស់ខ្លះ ដែលខ្ញុំទទួលបានក្នុងជីវិត”។
លោកម៉ានេ បានដឹងថា ការបង្គរទ្រព្យទុកសម្រាប់ខ្លួនឯង ជាទង្វើដ៏ល្ងង់ខ្លៅ ខណៈពេលដែលមនុស្សជាច្រើន នៅស្រុកកំណើតរបស់គាត់ កំពុងជួបការលំបាកយ៉ាងត្រដាបត្រដួស។ កណ្ឌគម្ពីរហេព្រើរបានរំឭកយើងថា យើងក៏ត្រូវរស់នៅ ដោយចិត្តសប្បុរសដូចនេះផងដែរ មិនមែនទាល់តែយើងមានទ្រព្យសម្បត្តិច្រើននោះឡើយ។ “កុំឲ្យភ្លេចនឹងធ្វើគុណ ហើយចែកចាយឡើយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យនឹងគ្រឿងបូជាយ៉ាងនោះ”(១៣:១៦)។ ការប្រព្រឹត្តដោយចិត្តសប្បុរស មិនគ្រាន់តែជាទង្វើដ៏ត្រឹមត្រូវប៉ុណ្ណោះទេ តែយោងតាមព្រះគម្ពីរ អំពើសប្បុរសធម៌ក៏បានធ្វើឲ្យព្រះទ្រង់ញញឹមផងដែរ។ តើនរណាមិនចង់ធ្វើឲ្យព្រះសព្វព្រះទ័យ?
យើងមិនអាចវាស់សេចក្តីសប្បុរស ដោយទំហំនៃអំណោយរបស់យើងបានឡើយ។ ផ្ទុយទៅវិញ សេចក្តីសប្បុរសសំដៅទៅលើសណ្ឋាននៃចិត្តរបស់យើង។ យើងអាចធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យ(ខ.២១) នៅពេលដែលយើងបើកដៃរបស់យើងឲ្យទូលាយ ហើយចែកអ្វីដែលយើងមានដល់គេ ដោយស្ម័គ្រពីចិត្ត ដោយមិនចង់បានអ្វីពីគេមកវិញ។—Winn Collier
តើអ្នកបានបង្ហាញសេចក្តីសប្បុរស ដល់អ្នកដទៃដូចម្តេចខ្លះ? តើធ្វើដូចម្តេចឲ្យអ្នកមានចិត្តសប្បុរស?
ឱព្រះអង្គអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលបានបង្ហាញព្រះទ័យសប្បុរសដល់ទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តសប្បុរសផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៣-៥ និង យ៉ូហាន ២០
ប្រភេទ
ល្ងាច

បំណងព្រះហឫទ័យព្រះវរបិតា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 12, 2025
«បានជាទូលបង្គំទូលថា មើលឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់ (សេចក្តីនេះបានកត់ទុកពីទូលបង្គំនៅក្នុងគម្ពីរហើយ)» (ហេព្រើរ ១០:៧)។
នៅពេលដែលឪពុកម្តាយ និងជីដូនជីតា បញ្ចេញសម្លេងហៅសមាជិកដែលទើបកើតថ្មីក្នុងគ្រួសាររបស់ពួកគាត់ ពួកគាត់ច្រើនតែចែកចាយអំពីសេចក្តីសង្ឃឹម និងផែនការ ដែលក្មេងតូចនោះនឹងសម្រេច ឬមនុស្សដែលគាត់នឹងក្លាយទៅជា នៅពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ បើសិនជាក្មេងតូចទាំងនោះចេះប្រកាសអំពីបំណងចិត្ត និងគោលបំណងដែលពួកគេមានក្នុងជីវិត នោះមិនដឹងជាអស្ចារ្យប៉ុណ្ណាទេ។ ហេតុនេះហើយ ព្រះយេស៊ូវមានលក្ខណៈពិសេសខុសគាត់ ដោយទ្រង់បានយាងចូលក្នុងលោកីយ៍ដោយប្រកាសថា «ឱព្រះអង្គអើយ ទូលបង្គំមកនឹងធ្វើតាមព្រះហឫទ័យទ្រង់»។
កាលព្រះយេស៊ូវមានព្រះជន្ម១២ព្រះវស្សា ឪពុកម្តាយទ្រង់បានឃើញទ្រង់កំពុងសន្ទនាជាមួយអ្នកដឹកនាំសាសនា និងពួកគ្រូក្រឹត្យវិន័យក្នុងព្រះវិហារ។ នាង ម៉ារា និងលោក យ៉ូសែប បានដើររកទ្រង់បីថ្ងៃហើយ ដោយមិនបានគិតចង់ទៅកន្លែងនោះទេ ហើយពួកគេមានការហួសចិត្ត ប៉ុន្តែព្រះអង្គឆ្លើយថា «អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី?» (លូកា ២:៤៩)។ ព្រះអង្គយល់អំពីគោលបំណងដែលទ្រង់បានបង្ហាញ កាលទ្រង់នៅក្មេង។ តើព្រះវរបិតាមានព្រះទ័យយ៉ាងណា ដែលត្រូវឲ្យព្រះគ្រីស្ទយាងមកបំពេញ? ព្រះគម្ពីរបានប្រាប់យើងថា ក្នុងការចាត់ព្រះយេស៊ូវឲ្យយាងចុះមក ព្រះអង្គបានប្រទានរាស្ត្រព្រះអង្គនូវព្រះដែលនឹងសម្រេចក្រឹត្យវិន័យទាំងអស់ តាមរយៈការចុះចូលទាំងស្រុង ហើយបន្ទាប់មក ទ្រង់ទទួលទោសរបស់បាប ដើម្បីរំដោះមនុស្សទាំងប្រុសស្រីឲ្យរួចពីចំណងរបស់បាប។ ព្រះទ្រង់មានផែនការតាំងពីអស់កល្បជានិច្ច ដើម្បីចាត់ព្រះសង្គ្រោះឲ្យយាងមក ហើយបានសន្យាក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល ដែលជា «ព្រះគម្ពីរ»។ ព្រះយេស៊ូវបានយាងចុះមកក្នុងលោកីយ៍ក្នុងលក្ខណៈជាទារកក្នុងក្រោលសត្វ គឺបានសម្រេចនូវសេចក្តីសង្គ្រោះសម្រាប់យើង។
គ្រប់ពេលទាំងអស់នៃព្រះជន្មព្រះអង្គ ទោះនៅពេលទ្រង់ត្រូវសាតាំងល្បួង ឬមានការឈឺចាប់បំផុតក្នុងព្រះទ័យក្នុងសួនច្បារគែតសេម៉ានី គឺព្រះអង្គបានជ្រាប និងបានចាំគោលបំណងដែលព្រះអង្គបានយាងចុះមក។ ព្រះអង្គជ្រាបថា ព្រះអង្គបានជួបរឿងទាំងអស់នេះ ស្របតាមព្រះទ័យព្រះវរបិតា។ ទោះទ្រង់ទូលសូមព្រះវរបិតាឲ្យពែងនៃសេចក្តីទុក្ខនោះកន្លងហួសទៅក៏ដោយ ក៏ព្រះអង្គបានចុះចូលព្រះវរបិតា ដោយការស្តាប់បង្គាប់ដ៏ឥតខ្ចោះ។ ព្រះអង្គបានជួបការល្បួងឲ្យងាកចេញពីបំណងព្រះវរបិតា មិនខុសពីមនុស្សទូទៅទេ ប៉ុន្តែព្រះអង្គនៅតែអធិស្ឋានថា «កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៩-៤៦)។
ព្រះយេស៊ូវមិនមានការរុញរា នៅក្នុងបុព្វហេតុដែលព្រះអង្គបានយាងចុះមកចាប់កំណើតនោះទេ ហើយដោយសារព្រះអង្គរស់នៅតាមបំណងព្រះទ័យព្រះវរបិតា នោះយើងនឹងបានរស់នៅជាមួយព្រះអង្គ អស់កល្បជានិច្ច ដោយអរសប្បាយនឹងការអ្វីដែលព្រះអង្គបានសម្រេចជំនួសយើង។
កិច្ចការដែលដៃទូលបង្គំធ្វើ
មិនអាចសម្រេចក្រឹត្យវិន័យ
ទូលបង្គំអាចមានចិត្តឧស្សាហ៍
ទូលបង្គំអាចមានទឹកភ្នែកស្រក់ជារៀងរហូត
តែមិនអាចលោះបាបរបស់ទូលបង្គំបានទេ
ព្រះអង្គត្រូវតែជួយសង្គ្រោះ គឺមានតែព្រះអង្គទេ។1
នៅថ្ងៃនេះ យើងអាចរស់នៅ ដើម្បីធ្វើតាមបំណងព្រះទ័យព្រះមិនមែនដោយខ្លាចការជំនុំជម្រះ ដោយសារការមិនស្តាប់បង្គាប់ទេ ប៉ុន្តែដោយជំនឿដែលជឿថា ព្រះគ្រីស្ទបានប្រទានពរយើងហើយ។ ដោយសារព្រះអង្គតែងតែស្តាប់បង្គាប់ព្រះវរបិតា នោះព្រះអង្គក៏អត់ទោសឲ្យយើង ចំពោះការបរាជ័យរបស់យើងក្នុងការស្តាប់បង្គាប់ព្រះអង្គ ហើយរំដោះយើងឲ្យមានសេរីភាព ដើម្បីដេញតាមបំណងព្រះទ័យព្រះវរបិតា ដោយអំណរមិនមែនដោយសារវាជាកាតព្វកិច្ច ប៉ុន្តែដោយសារយើងមានចិត្តចង់ធ្វើ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៥:១២-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២០-២១ និងម៉ាថាយ ២៤:១-២៨