ព្រឹក

ឈរយ៉ាងមាំមួនក្នុងសេចក្តីជំនឿ
June 13, 2025
១ពេត្រុស ៥:៦-១១
ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន។ ១ពេត្រុស ៥:៨-៩
កាលពីរបីឆ្នាំមុន កាលខ្ញុំកំពុងដើរទៅស្ថានីយរថភ្លើង ដើម្បីឡើងជិះរថភ្លើងទៅធ្វើការ ខ្ញុំបានឃើញស្រ្តីម្នាក់កំពុងបណ្តើរឆ្កែដែលមានមុខកាច កំពុងសំដៅមករកខ្ញុំ។ ខ្ញុំចម្រើនវ័យធំឡើង ដោយមានសត្វចិញ្ចឹមរស់នៅជាមួយ ដូចនេះ តាមធម្មតា ខ្ញុំមិនខ្លាចសត្វឆ្កែទេ តែឆ្កែមួយក្បាលនេះមានទឹកមុខកាច់ណាស់។ នៅពេលដែលឆ្កែដើរមកជិតខ្ញុំ វាក៏បានព្រុសដាក់ខ្ញុំ។ ខ្ញុំក៏ព្យាយាមធ្វើទឹកមុខធម្មតា ដើម្បីឲ្យវាដើរចេញពីខ្ញុំ។ តែវាស្ទុះមករកខ្ញុំ ដូចនេះ ខ្ញុំក៏បានស្រែកឡើង។ អរព្រះគុណព្រះអង្គ ដែលសត្វឆ្កែនោះមិនអាចធ្វើអ្វីខ្ញុំបាន ដោយសារម្ចាស់របស់វាបានកាន់ខ្សែដែលបានចងវាជាប់។
ការប្រឈមមុខដ៏គួរឲ្យខ្លាចនេះ បានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ សាតាំងមិនមានខ្សែចងវាជាប់ទេ បានជាវាតែងតែក្រវែលជុំវិញយើង ដោយរង់ចាំវាយប្រហារយើង ពេលណាវាមានឱកាស។ ក្នុងបទគម្ពីរ ពេត្រុស ខ្សែទី១ សាវ័កពេត្រុសបានដាស់តឿនយើងថា “ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន”(ខ.៨)។ វាបានគ្រហឹម ហើយស្ទុះដាក់យើង ដើម្បីព្យាយាមបន្លាចយើង ឲ្យភ័យញ័រ រកធ្វើអ្វីមិនកើត តែយើងអាចឈរយ៉ាងមាំមួន ក្នុងសេចក្តីជំនឿ ហើយ “តស៊ូនឹងវា”(ខ.៩)។
ពេលណាអ្នកមានអារម្មណ៍ថា អារក្សដែលជាខ្មាំងសត្រូវកំពុងឡកឡឺយ ឬល្បួងអ្នក ចូរចាំថា វាមិនអាចប្រៀបផ្ទឹមនឹងព្រះយេស៊ូវបានទេ។ យើងអាចស្រែករកព្រះអង្គ ហើយព្រះអង្គនឹងជួយយើង។ ព្រះអង្គនឹង “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង”(ខ.១០)។
ពេលណាយើងទទួលរងការវាយប្រហារខាងវិញ្ញាណ យើងអាចសម្រេចចិត្តជ្រើសរើសយកជំនឿ ជាជាងការភ័យខ្លាច ព្រោះព្រះយេស៊ូវតែងតែគង់នៅជាមួយយើងជានិច្ច។—Nancy Gavilanes
តើអ្នកឆ្លើយតបដូចម្តេចខ្លះ នៅពេលអ្នកដឹងថា អារក្សជាខ្មាំងសត្រូវកំពុងឡកឡឺយ ឬល្បួងអ្នក?
តើអ្នកអាចផ្ដោតទៅលើព្រះគ្រីស្ទ ក្នុងសង្គ្រាមខាងវិញ្ញាណដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលតែងតែគង់នៅជាមួយទូលបង្គំជានិច្ច
សូម្បីតែក្នុងពេលដែលមានការល្បងលដែលពិបាកបំផុតក៏ដោយ។
For further study, read Taking Sin Seriously at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១
ប្រភេទ
ល្ងាច

ពេលវេលារបស់ទូលបង្គំ នៅក្នុងព្រះហស្តព្រះអង្គ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 13, 2025
«តែ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទុកចិត្តដល់ទ្រង់ ទូលបង្គំបានថា ទ្រង់ជាព្រះនៃទូលបង្គំ ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់ សូមជួយទូលបង្គំឲ្យរួចពីកណ្ដាប់ដៃនៃពួកសត្រូវរបស់ទូលបង្គំ ហើយពីអស់អ្នកដែលបៀតបៀនដល់ទូលបង្គំដែរ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបម្រើទ្រង់ សូមជួយសង្គ្រោះទូលបង្គំ ដោយសេចក្តីសប្បុរសនៃទ្រង់» (ទំនុកតម្កើង ៣១:១៤-១៦)។
មនុស្សភាគច្រើនមានអារម្មណ៍ និងបទពិសោធន៍លាយឡំគ្នា។ អារម្មណ៍ និងបទពិសោធន៍ល្អ អាក្រក់ និងគួរឲ្យខ្លាចកើតមានចំពោះយើងជារឿយៗ។ គន្លឹះស្ថិតនៅត្រង់ថា តើយើងគិតយ៉ាងណា ចំពោះអារម្មណ៍ និងបទពិសោធន៍ទាំងអស់នោះ។ តើការរស់នៅជាអ្នកជឿព្រះបានកែប្រែរបៀបដែលយើងគិតអំពីលោកីយ៍ដូចម្ដេចខ្លះ? ឃ្លា «សុទ្ធតែនៅក្នុងព្រះហស្តទ្រង់» គឺជាពាក្យបញ្ជាក់ ដើម្បីរម្លឹកគ្រីស្ទបរិស័ទថា ទោះយើងជួបគ្រោះមហន្តរាយ និងទុក្ខលំបាកយ៉ាងណាក៏ដោយ យើងនៅតែស្ថិតនៅក្រោមការថែរក្សារបស់ព្រះមានគ្រប់ចេស្ដា។
ក្នុងខដំបូងនៃបទគម្ពីរទំនុកតម្កើងជំពូក៣១ យើងឃើញថាស្ដេច ដាវីឌ ទំនងជាមានការឈឺចាប់។ ពេលដែលយើងបន្តអានទៅមុខទៀត យើងឃើញថា ទ្រង់ហាក់ដូចជាបានទទួលការធានានៅពីរបីខទៀត ប៉ុន្តែបន្ទាប់មកទ្រង់ក៏បានវិលទៅរកការពិបាកចិត្តវិញភ្លាម។ វដ្ដនៃការឈឺចាប់ និងក្តីអំណរដូចនេះ មិនមែនជាបទពិសោធន៍ចម្លែកក្នុងការធ្វើដំណើរខាងឯវិញ្ញាណរបស់គ្រីស្ទបរិស័ទនោះឡើយ។ តាមពិត ការខកចិត្ត និងការពិបាក កើតមានឡើងវិញជាធម្មតានៅក្នុងផ្លូវនៃសេចក្តីជំនឿ។
ក្នុងសៀវភៅដែលអ្នកស្រី ខូរី ធែន ប៊ូម (Corrie ten Boom) បាននិពន្ធមានចំណងជើងថា កន្លែងលាក់ខ្លួន គាត់បានចែកចាយទីបន្ទាល់អំពីពេលដែលគាត់ទន្ទឹងរង់ចាំការធ្វើដំណើរតាមរថភ្លើង។ ទោះការធ្វើដំណើររបស់គាត់ មិនបានប្រព្រឹត្តទៅអស់ជាច្រើនសប្ដាហ៍ គាត់បានទៅរកឪពុករបស់គាត់ ហើយសួរគាត់ថា គាត់មានសំបុត្ររទេះភ្លើងដែរឬទេ។ ឪពុកគាត់ប្រាប់គាត់ម្តងហើយម្តងទៀតថា គាត់មានសំបុត្រ។ គាត់ក៏បានដឹងថា បញ្ហារបស់គាត់គឺស្ថិតនៅត្រង់ការមិនទុកចិត្តឪពុកគាត់ បានសេចក្តីថា គាត់មិនជឿថា ឪពុកគាត់បានមើលការខុសត្រូវគ្រប់យ៉ាងទេ។ គាត់ខ្លាចឪពុកគាត់ធ្វើបាត់សំបុត្ររថភ្លើងរបស់គាត់ ហើយគាត់ខ្លាចមិនមានសំបុត្រនោះសម្រាប់ការធ្វើដំណើរ។ ក្នុងមេរៀននេះ គាត់រៀនសូត្របានថា ព្រះអម្ចាស់ប្រទានយើងនូវសំបុត្រនៅថ្ងៃដែលយើងធ្វើដំណើរមិនមែននៅមុនថ្ងៃយើងធ្វើដំណើរទេ។1 ជាការពិតណាស់ ព្រះអង្គរក្សាទុកសំបុត្រនោះបានល្អជាងយើង។
ក្នុងការធ្វើដំណើររបស់យើង យើងឆ្លងកាត់ការឈឺក្បាល ការខកចិត្ត និងការបាត់បង់មនុស្សជាទីស្រឡាញ់ ព្រមទាំងបរាជ័យផ្ទាល់ខ្លួន យើងអាចរៀនសូត្របានថា នេះជាការពិតមែន។ ដូចនេះ យើងត្រូវតែទុកចិត្តព្រះអង្គ។ នៅថ្ងៃដែលយើងធ្វើដំណើរចូលពេលដ៏អស់កល្បជានិច្ច បើយើងស្គាល់ព្រះគ្រីស្ទ យើងដឹងថា ព្រះអង្គនឹងប្រទានសំបុត្រមកយើងមិនខាន។ បើយើងត្រូវចូលក្នុងពេលអស់កល្បជានិច្ចនៅថ្ងៃនេះ ព្រះអង្គនឹងប្រទានសំបុត្រមកយើងមិនខាន។ បើមិនទាន់ដល់ពេលនោះទេ តើយើងនៅដេកគិតដោយឲ្យអារម្មណ៍គ្រប់គ្រងយើង ហើយការព្រួយបារម្ភគ្របសង្កត់យើងដើម្បីអ្វី? យើងមិនស្ថិតនៅក្រោមសេចក្តីមេត្តារបស់អំណាចដែលគ្មានហេតុផល ដែលមិនមែនជាអង្គបុគ្គលនោះទេ តែយើងនៅក្នុងព្រះហស្តរបស់ព្រះនៃសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលមកកាន់យើងថា «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល» (ម៉ាថាយ ១១:២៨-៣០)។
នេះជាការធានានូវសន្តិសុខ សម្រាប់អ្នកខាងឯវិញ្ញាណ។ ពេលវេលារបស់អ្នក ទោះខ្លី ឬវែង ទោះជាពេលដែលអ្នកជាអ្នកមាន ឬអ្នកក្រ ទោះជាពេលដែលអ្នកពិបាកចិត្ត ឬសប្បាយចិត្តក្តី គឺសុទ្ធតែស្ថិតក្នុងព្រះហស្តព្រះអង្គ។ ព្រះអង្គនឹងប្រទានអ្នកនូវការល្អសម្រាប់ឲ្យអ្នកធ្វើជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកនៅថ្ងៃចុងក្រោយរបស់អ្នក ព្រះអង្គនឹងចម្លងអ្នកដោយសុវត្ថិភាពចូលទៅក្នុងកន្លែង ដែលអ្នកនឹងរស់នៅអស់កល្បជានិច្ចដោយភាពបរិបូរហួសក្តីស្រមៃ និងមានក្តីអំណរដែលមិនអាចពិពណ៌នាបាន។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២២-២៤ និងម៉ាថាយ ២៤:២៩-៥១