ព្រឹក

អ្វីដែលព្រះវរបិតាចង់បានពីយើង
ដោយMike Wittmer
June 14, 2025
រ៉ូម ៨:១៤-១៧
អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ។ រ៉ូម ៨:១៥
មានពេលមួយលោកស្ទីវ(Steve) ចាប់កាន់រណាយន្តរបស់គាត់ ដើរចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើ។ ពេលនោះគាត់ក៏បានឮកូនប្រុសគាត់អាយុ៥ឆ្នាំ ឈ្មោះ អូហ្គឺស(August) ស្រែកហៅគាត់ថា “ប៉ា ចាំខ្ញុំផង។ ខ្ញុំទៅដែរ!” អូហ្គឺសក៏បានចាប់កាច់រណាយន្តសម្រាប់ក្មេងលេង ស្រោមដៃ និងកាសសម្រាប់ការពារត្រចៀក ហើយដើរតាមលោកស្ទីវចេញទៅក្រៅផ្ទះ។ លោកស្ទីវក៏បានកាត់កំណាត់ឈើតូចៗបួរប្រាំដើម ទុកឲ្យអូហ្គឺស នៅឆ្ងាយពីគាត់។ បន្ទាប់ពីលេងបាន១០នាទី អូហ្គឺសមានការហត់នឿយយ៉ាងខ្លាំង។ ការកាត់ឈើ ដោយប្រើរណាយន្តក្លែងក្លាយសម្រាប់ក្មេងលេង ធ្វើឲ្យកុមារតូចនេះមានការពិបាក តែគាត់នៅតែមានចិត្តរីករាយ ក្នុងការ “ជួយ” ឪពុករបស់គាត់ ហើយឪពុករបស់គាត់ក៏សប្បាយចិត្តដែលបានចំណាយពេលជាមួយគាត់។
តើការចំណាយពេលជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នឹងមានភាពរីករាយដូចនេះទេ? យើងសន្មតថា យើងកំពុងជួយការងាររបស់ព្រះអង្គ។ “ព្រះវរបិតា ចាំទូលបង្គំផង ទូលបង្គំទៅយកឧបករណ៍របស់ទូលបង្គំសិន!” តែឧបករណ៍របស់យើង ជារបស់ដែលសំខាន់តិចបំផុតសម្រាប់យើង។ យើងមិនបានជួយការងារព្រះអង្គបានច្រើន ដូចដែលយើងគិតស្មាននោះទេ។ ព្រះអង្គយកព្រះទ័យទុកដាក់មកលើឃ្លាដំបូង ខ្លាំងជាងគេ គឺឃ្លាដែលយើងនិយាយថា “ព្រះវរបិតា ចាំទូលបង្គំផង!” ប៉ុន្តែ ព្រះអង្គមិនត្រូវការជំនួយរបស់យើងទេ។
បើអ្នកស្រឡាញ់ និងជឿព្រះយេស៊ូវ ជាព្រះរាជបុត្រាព្រះអង្គ នោះព្រះអង្គទទួលអ្នកធ្វើជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ ហើយប្រទានព្រះវិញ្ញាណរបស់ព្រះអង្គដល់អ្នក។ “អស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ”(ខ.១៥)។ អ្នកមិនមែនជាអ្នកបម្រើ ដែលបានក្លាយជាកូនដោយសារការខិតខំធ្វើការល្អថ្វាយព្រះអង្គនោះទេ។ តែអ្នកជាកូនដែលព្រះវរបិតាបានស្រឡាញ់ ទោះអ្នកជាមនុស្សប្រភេទណាក៏ដោយ។ “មើល សេចក្ដីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”(១យ៉ូហាន ៣:១)។
ព្រះវរបិតានៃយើងមានការសប្បាយព្រះទ័យ នៅពេលដែលយើងបម្រើព្រះអង្គ។ តែព្រះអង្គមិនត្រូវការឲ្យយើងជួយព្រះអង្គនោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងមានចិត្ត ដែលចង់ចំណាយពេលជាមួយព្រះអង្គទៅវិញទេ។—Mike Wittmer
តើអ្នកគិតឃើញថា ព្រះទ្រង់សព្វព្រះទ័យទទួលអ្វីពីអ្នក? តើអ្នកនឹងចំណាយពេលជាមួយព្រះអង្គ នៅថ្ងៃនេះ ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានទទួលទូលបង្គំជាកូន ក្នុងគ្រួសាររបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១
ប្រភេទ
ល្ងាច

ធាតុពិតនៃការសោកសង្រេង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 14, 2025
«កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្តីរំជួលទាំងក្នាញ់ក្នុងព្រះហឫទ័យ។ ហើយមានព្រះបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល។ ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង» (យ៉ូហាន ១១:៣៣-៣៥)។
ភាពសោកសង្រេង «គឺជាការកើតទុក្ខដោយសារការបាត់បង់ ដែលធ្វើឲ្យជីវិតរង្គោះរង្គើ។ ការសោកសង្រេងពុះច្រៀកជីវិតយើងជាចំរៀកៗ។ វាអង្រួនជីវិតឲ្យរង្គើពីលើដល់ក្រោម។ វាធ្វើឲ្យគាត់បាត់បង់ភាពនឹងនរ ប្រៀបដូចជាក្រណាត់ដែលរហែកនៅត្រង់ថ្នេរ។ ជាការពិតណាស់ ការសោកសង្រេងគឺជាការឆ្លងកាត់ការបាត់បង់ដែលធ្វើឲ្យជីវិតប្រេះស្រាំ»។1 អ្នកប្រហែលជាបានដកពិសោធន៍ជាមួយការសោកសង្រេងរួចហើយ។ ខ្ញុំនៅចាំថា វាបានឈ្លានពានជីវិតខ្ញុំក្នុងវ័យជំទង់ កាលម្តាយខ្ញុំលាចាកលោក។ គ្មានអ្វីដែលបានធ្វើឲ្យខ្ញុំមានការសោកសង្រេងជាងនេះឡើយ។
ទោះអ្នកទើបតែទទួលជឿព្រះអង្គ អ្នកក៏អាចដឹងថា សេចក្តីជំនឿមិនបានការពារយើងឲ្យរួចផុតពីការសោកសង្រេងឡើយ។ ក្នុងសំបុត្រសាវ័ក ប៉ុល ក៏បានសរសេរផ្ញើទៅពួកជំនុំ គាត់ក៏បាននិយាយអំពីការភ័យខ្លាចបាត់បង់លោក អេប៉ាប្រូឌីត ជាមិត្តសម្លាញ់គាត់យ៉ាងដូចនេះថា «គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ» (ភីលីព ២:២៧)។ សាវ័ក ប៉ុល មានការឈឺចាប់ក្នុងចិត្ត ពេលដែលគាត់គិតដល់ការបាត់បង់ជីវិតរបស់លោក អេប៉ាប្រូឌីត។ គាត់ដឹងថា សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែគាត់ក៏បានទទួលស្គាល់ថា ការពិបាកចិត្តកើតមាន នៅពេលដែលយើងជួបការបាត់បង់ ឬសូម្បីតែនៅពេលដែលយើងគិតអំពីការបាត់បង់នោះក៏ដោយ។
ការសោកសង្រេងនាំឲ្យមានការលំបាក ដោយសារអ្វីមួយបានបាត់បង់ ហើយក្តីអំណរខ្លះក៏បានបាត់បង់ ដោយមិនទាន់អាចធ្វើឲ្យមានឡើងវិញបាន។ ប៉ុន្តែ យើងក៏ដឹងដែរថា ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីការសោកសង្រេង ប៉ុន្តែនឹងមានការប្រោសលោះដែលធ្វើឲ្យយើងមានក្តីអំណរលើសនេះទៀត។ ហើយយើងដឹងថា ការសោកសង្រេង គឺជារឿងដែលមានពិតមែន ដែលព្រះអង្គសង្គ្រោះរបស់យើងបានឆ្លងកាត់ដោយផ្ទាល់។ កាលព្រះយេស៊ូវឈរនៅមុខផ្នូររបស់មិត្តសម្លាញ់ទ្រង់ឈ្មោះ ឡាសា ទ្រង់ជាអង្គទីពីរនៃព្រះត្រៃឯកបានសោកសង្រេងជាមួយអ្នកដែលជួបជុំគ្នានៅទីនោះ។ ទោះព្រះអង្គហៀបនឹងប្រោសលោក ឡាសា ឲ្យរស់ឡើងវិញក៏ដោយ ក៏ព្រះអង្គនៅតែព្រះកន្សែង ព្រោះព្រះអង្គពិតជាមានព្រះទ័យសោកសៅមែន។ អាថ៌កំបាំងក្នុងរឿងនេះ គឺស្ថិតនៅត្រង់ថា ព្រះយេស៊ូវមានលក្ខណៈជាមនុស្ស ដូចយើងខ្លាំងណាស់បានជាព្រះអង្គសម្រក់ព្រះនេត្រ នៅចំពោះមុខនៃការបាត់បង់ជីវិតរបស់មិត្តសម្លាញ់របស់ព្រះអង្គ។
ព្រះគម្ពីរបាននាំឲ្យយើងស្គាល់រឿងពិតនៃជ័យជម្នះ ដែលព្រះគ្រីស្ទមានមកលើសេចក្តីស្លាប់ និងផ្នូរ តែមិនបានបង្ហាញយើងថា ព្រះអង្គមានជ័យជម្នះដោយគ្មានព្រះទ័យអាណិតនោះទេ។ ផ្ទុយទៅវិញ លោក អាលេក ម៉ូតយ័រ (Alec Motyer) បានពិពណ៌នាក្នុងសៀវភៅរបស់គាត់ថា «ការស្រក់ទឹកភ្នែក គឺជាទង្វើដ៏សមរម្យសម្រាប់អ្នកជឿព្រះ។ តាមពិតពួកគេគួរតែស្រក់ទឹកភ្នែកឲ្យកាន់តែច្រើនជាងនេះទៀត ព្រោះគ្រីស្ទបរិស័ទស្គាល់ និងឲ្យតម្លៃមកលើអារម្មណ៍នីមួយៗលើសអ្នកដទៃ។ ទោះអារម្មណ៍សប្បាយ ឬទុក្ខសោក គឺលើសអ្នកដែលមិនបានស្គាល់ភាពស្រទន់ និងភាពរស់រវើកនៃព្រះគុណរបស់ព្រះ»។2
យើងមានអារម្មណ៍ធូរស្បើយ ពេលបានដឹងការពិតដែលថា មនុស្សជាទីស្រឡាញ់របស់យើង ដែលបានស្លាប់ក្នុងព្រះគ្រីស្ទកំពុងនៅជាមួយព្រះអង្គ ប៉ុន្តែយើងនៅមានការឈឺចាប់ចំពោះការបាត់បង់ និងភាពឯកោរបស់យើង។ យើងបន្តស្រេកឃ្លានចង់ឲ្យថ្ងៃនោះឆាប់មកដល់ គឺថ្ងៃដែលការឈឺចាប់នោះលែងមានទៀត។ ទំរាំដល់ថ្ងៃនោះ យើងអាចរកឃើញការកម្សាន្តចិត្តដោយដឹងថា ព្រះយេស៊ូវជា «មនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់» (អេសាយ ៥៣:៣)។ ខណៈពេលដែលយើងមើលទៅព្រះអង្គធ្វើជាគំរូយើង ហើយដឹងថា ព្រះអង្គជាសេចក្តីរស់ឡើងវិញ និងជាជីវិត (យ៉ូហាន ១១:២៥) ហើយយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច។ ការដឹងដូចនេះ បានជួយឲ្យការសោកសង្រេង និងក្តីសង្ឃឹមអាចដើរទន្ទឹមគ្នាក្នុងចិត្តយើង។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៤:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ២៥-២៦ និងម៉ាថាយ ២៥:១-៣០