
ប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យា
ដោយLeslie Koh
June 17, 2025
អេសាយ ៥៥:១-៣,៨-១៣
ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ។ អេសាយ ៥៥:៩
ថ្ងៃមួយអ្នកស្រីវែនឌី(Wendy) មានអារម្មណ៍ថា គេមើលរំលងគាត់។ ក្នុងអំឡុងម៉ោងសម្រាកញាំអាហារថ្ងៃត្រង់ ចៅហ្វាយរបស់គាត់បានដាក់ស្ករសូកូឡា នៅលើតុរបស់បុគ្គលិកម្នាក់ៗ លើកលែងតែតុគាត់ប៉ុណ្ណោះ។ គាត់មិនយល់ថា មានរឿងអ្វីកំពុងកើតឡើងទេ ដូចនេះ គាត់ក៏បានបង្ហាញការអាក់អន់ចិត្ត ឲ្យមិត្តភក្តិគាត់បានដឹង ដោយចោទជាសំណួរថា “ហេតុអ្វីគាត់មើលរំលងខ្ញុំ?”
នៅពេលដែលគេសួរចៅហ្វាយរបស់គាត់ ចៅហ្វាយរបស់គាត់ក៏បានពន្យល់ថា “ស្ករសូកូឡាទាំងនោះនៅល្អទេ ប៉ុន្តែ ខ្ញុំបានទុកពួកវាយូរដែរហើយ។ វេនឌី មានផ្ទៃពោះ អញ្ចឹងហើយ ខ្ញុំគ្រាន់តែមិនចង់ឲ្យស្ករសូកូឡានោះធ្វើឲ្យប៉ះពាល់ខុសភាពគាត់”។ បន្ទាប់មក គាត់ក៏និយាយទាំងអស់សំណើចថា “ចំណែកអ្នកផ្សេងវិញ បើស្ករសូកូឡានោះធ្វើឲ្យប៉ះពាល់សុខភាពបន្តិចបន្តួច ដូចជាមិនអីទេ”។
រឿងតូចមួយនេះក៏បានក្លាយជារឿងកំប្លែង ដែលគេបន្តលើកមកនិយាយ នៅកន្លែងធ្វើការ ប៉ុន្តែ វាបានធ្វើឲ្យខ្ញុំគិតឃើញថា នៅពេលខ្លះ យើងមានការយល់ច្រឡំ ចំពោះព្រះហឫទ័យរបស់ព្រះ ដោយសារការយល់ដឹងរបស់យើង មានដែនកំណត់។ ហើយប្រហែលជាថែមទាំងជឿថា ខ្លួនយើងគឺជាជនរងគ្រោះនៃរឿងដ៏អយុត្តិធម៌ណាមួយ ដោយយើងភ្លេចថា ព្រះទ្រង់តែងតែជ្រាបថា មានរបស់អ្វីខ្លះដែលល្អបំផុតសម្រាប់យើង។
បទគម្ពីរអេសាយ ៥៥:៨-៩ បានក្រើនរំឭកយើងថា យើងមិនតែងយល់អំពីគំនិត និងផ្លូវរបស់ព្រះទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា គំនិត និងផ្លូវរបស់ព្រះអង្គ តែងតែខ្ពស់ជាងគំនិត និងផ្លូវរបស់យើង(ខ.៩)។ គំនិត និងផ្លូវរបស់យើងច្រើនតែទទួលឥទ្ធិពលពីភាពអាត្មានិយមរបស់យើង តែព្រះអង្គល្អឥតខ្ចោះ មានព្រះទ័យអាណិត និងសុចរិត។ ហេតុនេះហើយ នៅពេលដែលអ្វីៗហាក់ដូចជាមិនមានដំណើរការល្អ យើងអាចទុកចិត្តថា ព្រះទ្រង់នឹងប្រទានអ្វីដែលយើងពិតជាត្រូវការ(ខ.១-២) ដ្បិតព្រះអង្គតែងតែមានក្តីស្រឡាញ់ និងស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យាដ៏ស្ថិតស្ថេររបស់ព្រះអង្គ(ខ.៣)។ ចូរយើង “អំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ”(ខ.៦) ដោយដឹងថា ព្រះអង្គនឹងមិនចាកចោលយើងឡើយ។—Leslie Koh
តើព្រះទ្រង់មានព្រះបន្ទូលសន្យាអ្វីខ្លះ ដែលអ្នកអាចប្រកាន់ខ្ជាប់តាម នៅពេលដែលជីវិតហាក់ដូចជាអយុត្តិធម៌?
តើព្រះអង្គមានចារិតលក្ខណៈអ្វីខ្លះ ដែលផ្តល់ឲ្យអ្នកនូវការកម្សាន្តចិត្ត និងការធានា?
ឱព្រះដ៏ស្មោះត្រង់ ព្រះអង្គជ្រាបថា ជួនកាល ទូលបង្គំមានអារម្មណ៍ថា ព្រះអង្គបានភ្លេចទូលបង្គំ
ហើយមានការសង្ស័យចំពោះសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យទុកចិត្តព្រះអង្គ ហើយប្រកាន់ខ្ជាប់តាមព្រះបន្ទូលសន្យាដ៏អស់កល្បរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣