
ទីកន្លែងរួបរួមគ្នា ជាទីកន្លែងរបស់យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 19, 2025
«នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ» (រ៉ូម ១២:៥)។
ជាញឹកញាប់ ប្រហែលជាមានគេសួរអ្នកថា «តើអ្នកជាសមាជិករបស់កន្លែងនេះទេ? តាមធម្មតា គេសួរសំណួរនេះទាក់ទងនឹងសមាជិកភាពរបស់ក្លិប កន្លែងហាត់ប្រាណ និងអ្វីផ្សេងទៀតដែលស្រដៀងនេះ។ ពួកគេឆ្ងល់ថា តើអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់កន្លែងនោះទេ? តើមនុស្សនៅទីនោះស្គាល់អ្នក ហើយទទួលយកអ្នកទេ ហើយពេលណាអ្នកអវត្តមាន តើពួកគេគិតអំពីអ្នកទេ?
សាវ័ក ប៉ុល ច្រើនតែប្រើពាក្យប្រៀបប្រដូចអំពីរូបកាយមនុស្ស ដើម្បីពិពណ៌នាអំពីពួកជំនុំ។ យើងមិនចាំបាច់ត្រូវស្រមៃឲ្យបានវែងឆ្ងាយ ដើម្បីឲ្យយល់អំពីរឿងនេះទេ។ យើងរាល់គ្នាសុទ្ធតែមានរូបកាយ ដែលមានសរីរាង្គជាច្រើន ហើយសរីរាង្គនីមួយៗសុទ្ធតែមានមុខងារពិសេស។ យើងមិនអាចមើលឃើញសរីរាង្គទាំងអស់បានទេ តែពួកវាសុទ្ធតែសំខាន់។ បើបាត់ផ្នែកណាមួយ ឬវាមិនមានដំណើរការ ផ្នែកផ្សេងទៀតនឹងមានការផ្លាស់ប្ដូរ។ ប្រសិទ្ធភាពរបស់រូបកាយទាំងមូល គឺពឹងផ្អែកទៅលើការគ្រប់គ្រងរបស់ក្បាល។ ពួកជំនុំតាមតំបន់ជារូបកាយព្រះគ្រីស្ទ ក៏មានដំណើរការដូចនេះផងដែរ។ នេះបានសេចក្តីថា រូបកាយខាងឯវិញ្ញាណមានដំណើរការបានត្រឹមត្រូវ ទាល់តែអវយវៈនីមួយៗធ្វើការរួមគ្នា ក្រោមការដឹកនាំរបស់ព្រះយេស៊ូវ។ ពេលណាយើងរួបរួម យើងបំពេញមុខងារដោយ៖
ការរួបរួម ព្រោះយើងមិនរស់នៅម្នាក់ឯងដាច់ពីគ្នាទេ។
ពហុភាព ដោយសារពួកជំនុំកើតចេញពីផ្នែកផ្សេងគ្នា។
ភាពចម្រុះ ដោយសារមុខងារនៃរូបកាយមានលក្ខណៈផ្សេងគ្នា។
ភាពសុខដុម យើងអរសប្បាយនឹងភាពសុខដុម ពេលដែលអ្វីៗមានដំណើរការស៊ីសង្វាក់គ្នា។
អត្តសញ្ញាណ គឺបានបង្ហាញថា យើងម្នាក់ៗមិនមានអត្តសញ្ញាណពេញលេញឡើយ បើយើងរស់នៅដាច់ដោយឡែកពីគ្នានោះ។
អាចនិយាយម្យ៉ាងទៀតថា ពេលណាអ្នកស្គាល់លក្ខណៈនៃរូបកាយព្រះគ្រីស្ទ។ អ្នកក៏យល់កាន់តែច្បាស់ថា ខ្លួនឯងជានរណា ហើយរួមជាមួយនរណា។ ក្នុងនាមយើងជាអវយវៈនៃរូបកាយព្រះគ្រីស្ទ យើងគឺជាសមាជិកគ្រួសាររបស់ព្រះអង្គ។ នៅពេលណាព្រះគុណព្រះកែប្រែយើង យើងគួរតែឲ្យតម្លៃកាន់តែខ្លាំង មកលើការត្រាស់ហៅឲ្យមានទំនាក់ទំនងជាមួយគ្នាចូលក្នុងសហគមន៍។ យើងមានអំណោយទានផ្សេងគ្នា គ្មាននរណាម្នាក់អាចធ្វើរូបកាយព្រះគ្រីស្ទតែម្នាក់ឯងនោះទេ គឺទាល់តែមានការរួបរួមគ្នា។ យើងម្នាក់ៗមានការជាប់ទាក់ទងជាមួយគ្នាទៅវិញទៅមក។ យើងជួបជុំគ្នាធ្វើជាពួកជំនុំ និងលះបង់ដើម្បីគ្នាទៅវិញទៅមក និងដើម្បីព្រះអម្ចាស់នៃយើង។ យើងរួមចំណែកក្នុងរូបកាយព្រះគ្រីស្ទ ដោយវត្តមានការច្រៀង ការអធិស្ឋាន និងការប្រកបរបស់យើង។ គឺដូចដែលលោក អ៊ីសាក វ៉ាត់ (Isaac Watts) បានសរសេរថា៖
អណ្ដាតខ្ញុំនៅតែបន្លឺសម្លេងម្តងហើយម្តងទៀតថា
«សូមសន្តិភាពកើតមានចំពោះផ្ទះដ៏បរិសុទ្ធនេះ!»
ដ្បិតនៅទីនោះមិត្តសម្លាញ់ និងសាច់ញាតិរបស់ខ្ញុំកំពុងរស់នៅ។1
ពួកជំនុំមិនមែនជាកន្លែងសម្រាប់ឲ្យអ្នកគ្រាន់តែបង្ហាញខ្លួន និងចូលរួមកម្មវិធីថ្វាយបង្គំព្រះនោះទេ។ ពួកជំនុំជារូបកាយព្រះគ្រីស្ទ ជាគ្រួសាររបស់អ្នក។ អ្នកត្រូវការពួកជំនុំ ហើយពួកជំនុំត្រូវការអ្នក។ អ្នកមានការប្ដេជ្ញាចិត្តកាន់តែខ្លាំង ចំពោះពួកជំនុំរបស់អ្នក នោះអ្នកក៏កាន់តែមានពរ ដ្បិតមានរឿងតិចណាស់ក្នុងជីវិត ដែលមានភាពល្អប្រសើរជាង នៅពេលដែលព្រះដាក់រាស្ត្រព្រះអង្គជាមួយគ្នា ព្រោះយើងត្រូវរស់នៅជាមួយគ្នា។
ព្រះគម្ពីរសញ្ជឹងគិត៖ ១កូរិនថូស ១២:១២-២៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៣៧-៣៩ និងម៉ាថាយ ២៧:១-២៦