
រួបរួមតែមួយ ក្នុងព្រះគ្រីស្ទ
ដោយLisa Samra
June 19, 2025
កាឡាទី ៣:២៦-២៩
គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ។ កាឡាទី ៣:២៨
អ្នកស្រីហ្វ៊ីលីស វីតលី(Phillis Wheatley) គឺជាអ្នកនិពន្ធកំណាព្យជាជនជាតិអាមេរិកស្បែកខ្មៅមុនគេ ដែលបានបោះពុម្ពផ្សាយបទកំណាព្យរបស់ខ្លួន។ គាត់បានប្រើខ្លឹមសារក្នុងព្រះគម្ពីរ ដើម្បីលើកទឹកចិត្តអ្នកជឿព្រះយេស៊ូវ ឲ្យលប់បំបាត់របបទាសភាព នៅសហរដ្ឋអាមេរិក។ គាត់បានកើត នៅឆ្នាំ១៧៥៣ ក្នុងតំបន់អាហ្វ្រិកខាងលិច ហើយត្រូវគេចាប់យកទៅលក់ធ្វើជាទាសករ កាលគាត់មានអាយុ៧ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីគាត់បានក្លាយជាសិស្សឆ្នើម ក្នុងរយៈពេលដ៏ខ្លី ទីបំផុតគាត់ក៏ទទួលបានសេរីភាពរួចផុតពីភាពជាទាសករ នៅឆ្នាំ១៧៧៣។ ក្នុងបទកំណាព្យដែលគាត់បាននិពន្ធនោះ គាត់បានជំរុញអ្នកអានទាំងឡាយ ឲ្យឱបក្រសោបយកការបញ្ជាក់នៅក្នុងព្រះគម្ពីរប៊ីប អំពីភាពស្មើគ្នា ដែលមនុស្សម្នាក់ៗមាន នៅចំពោះព្រះ។ គាត់បានសរសេរថា “ព្រះទ្រង់បានដាំគោលការណ៍មួយ នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ គឺគោលការណ៍នៃការស្រឡាញ់សេរីភាព ដែលក្នុងនោះ យើងមិនអត់ទ្រាំចំពោះការគាបសង្កត់បានទេ ហើយក៏ដង្ហក់រកសេរីភាព។ គោលការណ៍មួយនេះ ក៏បានបន្តរស់នៅក្នុងយើងម្នាក់ៗ”។
សាវ័កប៉ុលក៏បាននិយាយសង្កត់ធ្ងន់អំពីភាពស្មើគ្នា នៅចំពោះព្រះ កាលគាត់សរសេរនៅក្នុងសំបុត្ររបស់គាត់ថា “គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស នឹងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។ “ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ ដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវ”(ខ.២៦) នោះភាពខុសគ្នា នៃពូជសាសន៍ ជនជាតិ ភេទ ឬថានៈក្នុងសង្គម មិនគួរនាំឲ្យមានការរើសអើង ក្នុងពួកជំនុំនោះឡើយ។
ទោះក្នុងនាមយើងជាអ្នកទទួលសេចក្តីស្រឡាញ់របស់ព្រះស្មើគ្នាក៏ដោយ ក៏យើងនៅតែពិបាករស់នៅ តាមគោលការណ៍នេះ។ តែព្រះគម្ពីរប៊ីបបានបង្រៀនយើងថា មនុស្សចម្រុះគ្នា ដែលរួបរួមគ្នា ដោយសារជំនឿលើព្រះគ្រីស្ទ គឺបានឆ្លុះបញ្ចាំងបានល្អបំផុត អំពីដួងព្រះទ័យ និងផែនការដែលព្រះទ្រង់មាន សម្រាប់ជីវិតអស់កល្បជានិច្ច។ ពេលណាយើងបានដឹងអំពីការពិតនេះហើយ យើងអាចឲ្យតម្លៃមកលើភាពចម្រុះគ្នា ក្នុងពួកជំនុំ ដែលជាសហគមន៍នៃសេចក្តីជំនឿរបស់យើង ក្នុងពេលសព្វថ្ងៃផងដែរ។—Lisa M. Samra
តើភាពចម្រុះគ្នា បានឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិរបស់ព្រះអម្ចាស់ដូចម្តេចខ្លះ?
តើអ្នកអាចឲ្យតម្លៃមកលើភាពចម្រុះគ្នាដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់បងប្អូនប្រុសស្រីរបស់ទូលបង្គំ
តាមរយៈការរួបរួមគ្នា ដែលអាចកើតមាន ក្នុងព្រះអង្គតែប៉ុណ្ណោះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ១២-១៣ និង កិច្ចការ ៤:២៣-៣៧