
ការផ្គត់ផ្គង់របស់ព្រះអង្គ
ដោយadamholz
June 20, 2025
ម៉ាថាយ ៦:២៥-៣៤
ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា។ ម៉ាថាយ ៦:២៦
មានពេលមួយកូនស្រីខ្ញុំបានស្រែកហៅខ្ញុំ ឲ្យប្រញាប់ឡើងជាន់ខាងលើ។ ខ្ញុំដឹងថា មានរឿងអ្វីកើតឡើង នៅពេលដែលខ្ញុំបានឃើញសត្វមេអំបៅមីល័រ ដែលជាអំបូរមេអំបៅខ្មោចម្យ៉ាង។ រៀងរាល់រដូវផ្ការីក សត្វល្អិតទាំងនោះ ដែលមានពណ៌ប្រផេះទាំងនេះ តែងតែផ្លាស់ទីទាំងហ្វូង ពីវាលទំនាបនៅរដ្ឋនេប្រាស្កា ទៅតំបន់ជួរភ្នំនៅរដ្ឋខូឡូរ៉ាដូ ដើម្បីមករស់នៅក្នុងរដូវក្តៅ នៅទីនោះ។ ជារៀងរាល់ឆ្នាំ យើងតែងតែត្រៀមខ្លួន សម្រាប់ការមកដល់របស់ពួកវា។ តែឆ្នាំនេះអាក្រក់ជាងឆ្នាំមុនៗ។
សម្រាប់មនុស្ស សត្វមេអំបៅមីល័រ គ្រាន់តែជាសត្វចង្រៃ ដែលច្រើនតែហើរមកបុកចំមុខរបស់ពួកគេ។ ប៉ុន្តែ សម្រាប់សត្វបក្សីវិញ ការមកដល់របស់សត្វមេអំបៅមីល័រ គឺជាពេលដែលពួកវាជប់លៀង។ ខ្ញុំក៏បានធ្វើការស្រាវជ្រាវបន្តិចបន្តួច ហើយក៏បានដឹងថា សត្វមេអំបៅមីល័របានផ្តល់ឲ្យនូវជីវជាតិល្អយ៉ាងខ្លាំង សម្រាប់សត្វត្រចៀកកាំ ក្នុងតំបន់។ ពួកវាជាសត្វដែលរំខានខ្លាំងណាស់ តែពួកវាជាអាហារដ៏មានតម្លៃ សម្រាប់សត្វបក្សីទាំងឡាយ។
ខ្ញុំមិនដឹងថា ប្រទេសអ៊ីស្រាអែល មានសត្វមេអំបៅបន្លាស់ទី ក្នុងសម័យព្រះយេស៊ូវដែរឬទេ។ តែព្រះគ្រីស្ទបានធ្វើការកត់សំគាល់ អំពីការផ្គត់ផ្គង់ដែលព្រះទ្រង់មានសម្រាប់បក្សីនៅទីនោះ គឺដូចដែលព្រះអង្គមានបន្ទូល ក្នុងការអធិប្បាយព្រះបន្ទូលនៅលើភ្នំ យ៉ាងដូចនេះថា “ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី?”(ម៉ាថាយ ៦:២៦)។
ហេតុនេះហើយ សព្វថ្ងៃនេះ ខ្ញុំបានផ្លាស់ប្តូរការគិតរបស់ខ្ញុំ អំពីសត្វមេអំបៅទាំងនោះ។ គឺមិនចាត់ទុកវាជាសត្វល្អិតដែលគគ្រិច តែជាការរំឭកដ៏មានន័យ អំពីការផ្គត់ផ្គង់របស់ព្រះ សម្រាប់ជីវិតទាំងឡាយដែលព្រះអង្គបានបង្កើត ហើយក៏ជាការប្រៀបប្រដូចដ៏រស់ អំពីការផ្គត់ផ្គង់របស់ព្រះអង្គ សម្រាប់ខ្ញុំផងដែរ។ បើសិនជាព្រះទ្រង់បានផ្គត់ផ្គង់អាហារជាបរិបូរសម្រាប់សត្វត្រចៀកកាំទាំងនោះហើយ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ចំពោះអ្នក និងខ្ញុំលើសជាងអម្បាលម៉ានទៀត?—Adam R. Holz
តើអ្នកបានឃើញព្រះទ្រង់ផ្គត់ផ្គង់ស្នាព្រះហស្តរបស់ព្រះអង្គ ដូចម្តេចខ្លះ នៅកន្លែងដែលអ្នករស់នៅ?
តើការនេះបានក្រើនរំឭកអ្នកដូចម្តេចខ្លះ អំពីការថែរក្សាដែលព្រះអង្គមានសម្រាប់អ្នក?
ឱព្រះវរបិតា ទូលបង្គំអាចមើលឃើញព្រះអង្គផ្គត់ផ្គង់ជីវិតទាំងឡាយ នៅគ្រប់ទីកន្លែង។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបង្កើតជីវិតទាំងឡាយឲ្យមានច្រើនជាបរិបូរ។
សូមព្រះអង្គប្រទានទូលបង្គំឲ្យមានភ្នែក ដែលមើលឃើញស្នាព្រះហស្តរបស់ព្រះអង្គ
ហើយនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ១-២ និង កិច្ចការ ៥:១-២១