ព្រឹក

ព្រះអង្គមិនរេរា ក្នុងការសម្រេចផែនការ
ដោយJasmine Goh
June 21, 2025
យ៉ូហាន ៦:៥-១៥
ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្ដេច។ យ៉ូហាន ៦:១៥
ខ្សែភាពយន្តហូលីវូដ មានចំណងជើងថា ស្ពានឆ្លងទន្លេខ្វៃ ដែលគេបានផលិតនៅឆ្នាំ១៩៥៧ មានភាពពេញនិយមយ៉ាងខ្លាំង បានជាទស្សនិកជនទាំងហ្វូងៗ បានធ្វើដំណើរទៅកាន់ខេត្តកាន់ចាណាបូរី ប្រទេសថៃ ដើម្បីស្វែងរកស្ពានដែក ដែលពិតជាមានក្នុងជីវិតពិត។ គេបានរកឃើញស្ពាននោះ តែវាមិនមានទីតាំងនៅលើទន្លេខ្វៃនោះទេ ដោយសារខ្សែភាពយន្តនោះមិនបានប្រើឈ្មោះទន្លេនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន គេក៏បានដាក់ឈ្មោះឲ្យផ្នែកនៃទន្លេមេក្លុង ដែលមានស្ពាននោះថា ទន្លេខ្វេ យ៉ៃ(ឬទន្លេខ្វៃ) ស្របតាមការរំពឹងចង់បានរបស់មនុស្សជាច្រើនដែលចង់ស្គាល់កន្លែងនោះ។
ព្រះយេស៊ូវមិនដែលមានការរេរា ក្នុងការបំពេញព្រះរាជបេសកកម្ម ដោយសារការរំពឹងចង់បានរបស់មនុស្សនោះឡើយ។ មនុស្សទាំងហ្វូងៗបានមកផ្តុំគ្នា ដើម្បីឲ្យបានឃើញព្រះអង្គ ព្រោះពួកគេបានឮអំពីទីសំគាល់ និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ(យ៉ូហាន ៦:២)។ នៅពេលដែលពួកគេបានរកឃើញព្រះអង្គ ហើយជឿថា ព្រះអង្គជាព្រះមែស៊ី ដែលបានសន្យាថា នឹងយាងមក ពួកគេចង់ឲ្យព្រះអង្គឡើងធ្វើស្តេច ដើម្បីដឹកនាំទ័ពរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចផុតពីការគ្រប់គ្រងរបស់ចក្រភពរ៉ូម៉ាំង។ កណ្ឌគម្ពីរយ៉ូហានបានចែងថា “ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្ដេច”(ខ.១៥)។
ទោះព្រះគ្រីស្ទបានប្រឈមមុខដាក់សម្ពាធរបស់ពួកបណ្តាជនដែលបង្ខំព្រះអង្គឲ្យសង្គ្រោះពួកគេ ដូចអ្វីដែលពួកគេចង់បានក៏ដោយ ក៏ព្រះអង្គបានដើរតាមផែនការរបស់ព្រះ ដោយមិនងាករេ ដើម្បីជួយសង្គ្រោះពួកគេ តាមរបៀបដែលព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះ(កូល៉ុស ១:១៣) គឺមិនមែនសង្រ្គោះឲ្យរួចពីបញ្ហាខាងសាច់ឈាមនៅផែនដីនោះទេ តែឲ្យរួចពីអំណាចរបស់ “បាប និងសេចក្តីស្លាប់” (រ៉ូម ៨:២)។
ព្រះយេស៊ូវមានបំណងព្រះទ័យមិនងាករេ ក្នុងការប្រទានអ្វីដែលយើងត្រូវការ។ ហេតុនេះហើយ យើងអាចទុកចិត្តព្រះអង្គ ក្នុងគ្រប់កាលៈទេសៈទាំងអស់។ នៅពេលណាផ្លូវរបស់ព្រះ ហាក់ដូចជាមិនសមស្របនឹងអ្វីដែលយើងចង់បានក៏ដោយ ក៏យើងអាចទុកចិត្តថា ផែនការរបស់ព្រះអង្គ តែងតែល្អជាងផែនការរបស់យើង ព្រោះព្រះអង្គមិនបានងាករេ នៅក្នុងការសម្រេចបំណងព្រះទ័យ ដែលចង់សង្គ្រោះយើងឲ្យរួចពីបាប។—Jasmine Goh
តើនៅពេលណាអ្នកមានអារម្មណ៍ថា ព្រះទ្រង់មិនបានប្រទានអ្វីដែលអ្នករំពឹងចង់បាន?
តើធ្វើដូចម្តេចឲ្យអ្នកអាចទុកចិត្តព្រះអង្គ?
ឱព្រះអម្ចាស់ ព្រះអង្គមិនបានរេរា ក្នុងការសម្រេចបំណងព្រះទ័យជួយសង្គ្រោះទូលបង្គំឡើយ
ហេតុនេះហើយ ទូលបង្គំអាចទុកចិត្តថា ព្រះអង្គនឹងប្រទានអ្វីដែលល្អបំផុតសម្រាប់ទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៣-៥ និង កិច្ចការ ៥:២២-៤២
ប្រភេទ
ល្ងាច

សេចក្តីស្រឡាញ់ពិតប្រាកដរបស់គ្រីស្ទបរិស័ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 21, 2025
«ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា» (រ៉ូម ១២:៩)។
ខ្សែភាពយន្តអាចថតបានរូបភាពដ៏អស្ចារ្យនៃភាពមិនស៊ីសង្វាក់គ្នា ដែលអាចកើតមានរវាងពាក្យសម្ដីរបស់តួអង្គ និងអ្វីដែលមានក្នុងចិត្តរបស់ពួកគេ។ តាមធម្មតា យើងអាចមើលដឹងដោយពិនិត្យមើលភ្នែករបស់ពួកគេ។ ឧទាហរណ៍៖ តួអង្គស្រីនិយាយថា «លោក ចេនឃិន (Jenkins) ខ្ញុំពិតជាមានចិត្តរីករាយណាស់ដែលបានជួបលោកម្តងទៀត!» ហើយតាមរយៈការបង្ហាញទឹកមុខរបស់នាង ទស្សនិកជនអាចដឹងថា នាងមិនបាននិយាយចេញពីចិត្តទេ។ តាមពិតនាងចង់មានន័យថា «លោក ចេនឃិន ខ្ញុំចង់ជៀសវាងមិនឲ្យជួបលោក បើសិនជាអាច ប៉ុន្តែខ្ញុំនៅតែជៀសមិនរួច»។
ពាក្យសម្ដីអ្វីដែលចេញពីមាត់មនុស្សមក មិនមែនសុទ្ធតែជាការពិតនោះទេ។ ចិត្តរបស់មនុស្សជាច្រើនរាប់មិនអស់ដែលប្រេះបែក ហើយជីវិតរបស់មនុស្សត្រូវបានបំផ្លាញ ដោយមនុស្សដែលនិយាយថា «ខ្ញុំស្រឡាញ់អ្នក» តែបបូរមាត់។ តាមព្រះគម្ពីរ សេចក្តីស្រឡាញ់ពិតប្រាកដរបស់គ្រីស្ទបរិស័ទ គឺជាសេចក្តីស្រឡាញ់ពិតប្រាកដជានិច្ច។ ក្នុងការចែកចាយអំពីគ្រោះថ្នាក់នៃការស្រឡាញ់តែបបូរមាត់ និងការបោកបញ្ឆោត សាវ័ក ប៉ុល បានលើកទឹកចិត្តអ្នកជឿឲ្យស្រឡាញ់ដោយចិត្តស្មោះត្រង់បានសេចក្តីថា ស្រឡាញ់ដោយចិត្តដែលស្របនឹងពាក្យសម្ដី។ ព្រះអង្គបានរំដោះយើងឲ្យរួចពីភាពផ្តាច់ការនៃការសម្ដែងថា យើចូលចិត្តមនុស្សគ្រប់គ្នា ឬគិតថា យើងត្រូវឲ្យគេគ្រប់គ្នាចូលចិត្តយើង ហើយក្នុងព្រះគ្រីស្ទ ព្រះអង្គក៏បានជួយយើងឲ្យអាចស្រឡាញ់ សូម្បីតែមនុស្សដែលយើងមិនចង់នៅក្បែរកាលពីមុនផងដែរ។
ជាការពិតណាស់ លោក ដាប់ប៊លយូ អ៊ី វ៉ាញ (W.E. Vine) មានប្រសាសន៍ថា «សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទ មិនតែងតែដើរតាមនិស្ស័យសាច់ឈាមរបស់យើង ហើយក៏មិនកំណត់ថា យើងត្រូវផ្ដោតទៅលើតែមនុស្សដែលមានចរិតលក្ខណៈដែលយើងចូលចិត្តនោះឡើយ។1 អាចនិយាយម្យ៉ាងទៀតថា ក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទមិនមានលក្ខណៈធម្មជាតិទេ។ តាមធម្មតា យើងស្រឡាញ់តែមនុស្សដែលយើងគិតថា គួរឲ្យស្រឡាញ់ មនុស្សដែលមានលក្ខណៈដូចយើង គំនិតដូចយើង និងមានលក្ខណៈសម្បត្តិដែលយើងរំពឹងចង់បាន។ ប៉ុន្តែ សេចក្តីស្រឡាញ់ពិតប្រាកដលើសពីធម្មជាតិមិនស្ថិតក្នុងដែនកំណត់នៃជាតិសាសន៍ ចំណេះដឹង និងឋានៈក្នុងសង្គមទេ។ ពោលគឺលើសដែនកំណត់ទាំងអស់ដែលមនុស្សបានដាក់។
កណ្ឌគម្ពីរ រ៉ូម ៥:៨ បានចែងអំពីសេចក្តីស្រឡាញ់យ៉ាងដូចនេះថា «តែឯព្រះ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ ក្តីស្រឡាញ់ដែលស្មោះត្រង់អាចកើតមាន ដោយសារព្រះគុណរបស់ព្រះ។ វាជាការឆ្លុះបញ្ចាំងអំពីការលះបង់របស់ព្រះយេស៊ូវសម្រាប់យើង។ ពេលណាសេចក្តីស្រឡាញ់របស់ព្រះកែប្រែជីវិតអ្នកជឿ ពាក្យសម្ដី និងការប្រព្រឹត្តរបស់យើង នឹងបង្ហូរចេញដោយសេចក្តីស្រឡាញ់នោះ។
សាវ័ក ប៉ុល សង្ឃឹមថា ពេលណាលោកីយ៍មើលទៅពួកជំនុំនៅទីក្រុងរ៉ូម គេនឹងនិយាយថា «ពួកមនុស្សទាំងនេះស្រឡាញ់គ្នា តាមរបៀបខុសប្លែកពីគេ»។ ព្រះអង្គក៏បានត្រាស់ហៅអ្នកឲ្យមានលក្ខណៈដូចនេះ ក្នុងទំនាក់ទំនងដែលយើងមានជាមួយបងប្អូនរួមជំនឿផងដែរ។ ចូរយើងកុំទទួលយកសេចក្តីស្រឡាញ់តែបបូរមាត់ ទន់ខ្សោយ ឬក្លែងក្លាយឡើយ។ ចូរកុំបណ្តោយឲ្យចិត្តអ្នកប្រែជាខ្វះសេចក្តីស្រឡាញ់ ទោះអ្នកដឹងថា អ្នកកំពុងតែនិយាយអ្វីដែលត្រឹមត្រូវក៏ដោយ។ ចូរមានក្តីស្រឡាញ់ពិតប្រាកដ ដោយមើលទៅព្រះ ដែលស្រឡាញ់អ្នកជាមនុស្សមានបាប ហើយបានសុគតដើម្បីលោះបាបអ្នក។ ចូរអធិស្ឋានសូមឲ្យក្តីស្រឡាញ់របស់អ្នកមានភាពខុសប្លែក និងជ្រាលជ្រៅជាងសេចក្តីស្រឡាញ់របស់លោកីយ៍ ដើម្បីឲ្យអ្នកអាចចង្អុលបង្ហាញអ្នកដទៃឲ្យងាកទៅរកព្រះដែលជាប្រភពនៃសេចក្តីស្រឡាញ់ពិតប្រាកដ។
ព្រះគម្ពីរសញ្ជឹងគិត៖ យ៉ូហាន ១៥:១២-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៣-៤៥ និងម៉ាថាយ ២៧:៥១-៦៦