ព្រឹក

ថ្វាយការព្រួយបារម្ភដល់ព្រះអង្គ
ដោយLeslie Koh
June 22, 2025
ទំនុកដំកើង ១៨:១-២,១៦-១៩
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង។ ទំនុកដំកើង ១៨:២
នៅពេលដែលសារ៉ា(Sarah) ឡើងជញ្ជាំងភ្នំទៅដល់កន្លែងខ្ពស់ នាងមានអារម្មណ៍ថា ភាពតក់ស្លុតកំពុងតែកើនឡើង ខណៈពេលដែលម្រាមដៃរបស់នាង ដែលកំពុងចុះខ្សោយ បានចាប់ផ្តើមរបូតចេញពីបង្កាន់ដៃបន្តិចម្តងៗ។ នាងឆ្ងល់ថា តើខ្លួនរបស់នាងនឹងប៉ះទង្គិចនឹងដីខ្លាំងប៉ុណ្ណា នៅពេលដែលនាងធ្លាក់ទៅក្រោម។
ប៉ុន្តែ គ្រូបង្វឹកបានបន្តស្រែកប្រាប់នាង ពីខាងក្រោម ដើម្បីឲ្យនាងមានទំនុកចិត្ត។ ក្នុងការឡើងជញ្ជាំងភ្នំនេះ ពួកគេបានប្រើប្រព័ន្ធខ្សែពួរសុវត្ថិភាពមួយខ្សែ ដែលបានចងភ្ជាប់ខ្លួនសារ៉ានៅចុងម្ខាង ហើយចងភ្ជាប់ខ្លួនគ្រូបង្វឹករបស់នាងនៅចុងម្ខាងទៀត ដោយភ្ជាប់នឹងរ៉កមួយ នៅចន្លោះកណ្តាល ដូចនេះ ទម្ងន់ខ្លួនរបស់គាត់ អាចជួយទប់នាងមិនឲ្យធ្លាក់ដល់ដី បើសិនជានាងធ្លាក់មកក្រោម។ គាត់ក៏បានស្រែកប្រាប់នាងថា គាត់មានទម្ងន់ខ្លួនធ្ងន់ជាងនាង ដូចនេះ នាងគ្រាន់តែប្រលែងដៃទម្លាក់ខ្លួនចុះមក។
ដូចនេះ នាងក៏បានប្រលែងដៃ ហើយខ្លួនរបស់នាងក៏បានធ្លាក់ចុះមក យោលបន្តិចៗចេញពីជញ្ជាំងភ្នំ ដោយមានខ្សែពួរចងព្យួរខ្លួននាង នៅលើអាកាស យ៉ាងមានសុវត្ថិភាព។
ហេតុការណ៍នេះបានផ្តល់ឲ្យសារ៉ា នូវទស្សនៈថ្មីមួយអំពីព្រះ ស្របតាមបទគម្ពីរ ទំនុកដំកើង ១៨:២ ដែលបានចែងថា “ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង”។ សារ៉ាបានសង្កេតឃើញថា “ព្រះទ្រង់មានទម្ងន់ធ្ងន់ជាងបញ្ហាទាំងអស់របស់ខ្ញុំ។ បានជាខ្ញុំអាចប្រលែងដៃចេញពីការព្រួយបារម្ភ និងការភ័យខ្លាចរបស់ខ្ញុំ ហើយព្រះអង្គនឹងទ្រខ្ញុំ”។ ស្តេចដាវីឌបានបន្លឺសម្លេងច្រៀងសរសើរព្រះអម្ចាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ បន្ទាប់ពីព្រះអង្គបានសង្រ្គោះទ្រង់ ឲ្យរួចពី “ទឹកជ្រៅ” ដែលជាខ្មាំងសត្រូវដ៏ខ្លាំងពូកែរបស់ទ្រង់ ដែលកំពុងព្យាយាមបំផ្លាញទ្រង់ឲ្យវិនាស(១៦-១៨)។ ទោះបញ្ហារបស់ទ្រង់មិនបានរលាយបាត់ភ្លាមៗក៏ដោយ ក៏ទ្រង់ជ្រាបថា ទ្រង់អាចទុកចិត្តព្រះអង្គសង្រ្គោះរបស់ទ្រង់ ដែលមានគ្រប់ចេស្តា ហើយទុកចិត្តថា ព្រះអម្ចាស់បានទប់ទ្រង់ជាប់ មិនឲ្យធ្លាក់ដល់ដីឡើយ។—Leslie Koh
តើអ្នកអាច “ប្រលែងដៃ” ចេញពីការព្រួយបារម្ភ ហើយថ្វាយវាដល់ព្រះអង្គ ដូចម្តេចខ្លះ?
តើអ្នកអាចរៀនថ្វាយការភ័យខ្លាចដល់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំអាចលះចោលការព្រួយបារម្ភ
ការភ័យខ្លាច និងការថប់បារម្ភ ដោយដឹងថា ព្រះអង្គគ្រប់គ្រងទាំងស្រុងមកលើជីវិតរបស់ទូលបង្គំ
ហើយទ្រទូលបង្គំមិនឲ្យធ្លាក់ដល់ដី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៦-៨ និង កិច្ចការ ៦
ប្រភេទ
ល្ងាច

មិនអាចចាក់ខ្សែបានឡើយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 22, 2025
«ចូរឲ្យមានសេចក្តីស្រឡាញ់ឥតពុតមាយា ទាំងខ្ពើមសេចក្តីអាក្រក់ ហើយកាន់ខ្ជាប់ខាងសេចក្តីល្អវិញ» (រ៉ូម ១២:៩)។
អ្នកជំងឺណាក៏ដោយ ដែលបានឆ្លងកាត់ការផ្លាស់ប្ដូរខួរឆ្អឹង សុទ្ធតែបានដឹងអំពីសារៈសំខាន់នៃការជៀសវាងជំងឺឆ្លងដែលអាចកើតឡើង។ ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេមានការចុះខ្សោយយ៉ាងខ្លាំង បានជាពួកគេងាយនឹងឆ្លងជំងឺជាងមនុស្សទូទៅ។ បើសិនជាមានភ្ញៀវណាម្នាក់មកសួរសុខទុក្ខពួកគេ ដោយមានការក្អក និងកណ្ដាស់ ហើយការដោះសាថា វាមិនមែនជារឿងធំដុំទេ គឺជាទង្វើដែលគួរឲ្យស្អប់ខ្ពើមចំពោះអ្នកជំងឺក៏ដូចជាវេជ្ជបណ្ឌិត។ ពួកគេត្រូវការការពារគ្រប់ភេទ ប្រៀបដូចជាការការពារជំងឺកូវីឌអញ្ចឹងដែរ ព្រោះផលវិបាកនៃជំងឺនីមួយៗសុទ្ធតែអាចបណ្ដាលឲ្យពួកគេស្លាប់បាន។
សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគួរតែបានឆ្លុះបញ្ចាំអំពីផ្នត់គំនិតដូចនេះ ពេលណាពួកគេប្រឈមមុខដាក់ការអាក្រក់។ យើងមិនអាចនិយាយថា យើងពិតជាស្រឡាញ់អ្នកដទៃឡើយ បើសិនជាយើងស្រឡាញ់ ឬគ្រាន់តែទ្រាំទ្រការអាក្រក់ក្នុងចិត្តយើង ហើយនៅឆ្ងាយពីការល្អនោះ។ យើងមិនអាចលេងសើចនឹងសេចក្តីទុច្ចរិត ដោយព្យាយាមបណ្តោយឲ្យការអាក្រក់ណាមួយបន្តកើតមាននោះទេ។ ពាក្យ «ស្អប់ខ្ពើម» គឺជាពាក្យធ្ងន់បំផុតដែលសាវ័ក ប៉ុល បានប្រើដោយសារគាត់មិនអាចចាក់ខ្សែបានឡើយ ពេលណាគាត់ត្រូវនិយាយអំពីសេចក្តីបរិសុទ្ធ។ នៅដើមដំបូងនៃខគម្ពីរនេះ សាវ័ក ប៉ុល បានបង្រៀនពួកជំនុំឲ្យ «ស្រឡាញ់ដោយឥតពុតមាយា»។ ដូចនេះ តើវាមិនគួរឲ្យចាប់អារម្មណ៍ទេឬអី នៅពេលដែលសាវ័ក ប៉ុល ប្រើពាក្យ «ខ្ពើម» បន្ទាប់ពីគាត់ទើបតែបានប្រើពាក្យ «ស្រឡាញ់»? យើងច្រើនតែគិតថា បើយើងស្រឡាញ់ យើងមិនគួរស្អប់នរណាម្នាក់ ឬអ្វីមួយទេ ប៉ុន្តែនេះគ្រាន់តែបញ្ហាមនោសញ្ចេតនាប៉ុណ្ណោះ។ សាវ័ក ប៉ុល បានបង្រៀនច្បាស់ថា សេចក្តីស្រឡាញ់ មិនអរសប្បាយនឹងការអាក្រក់ (១កូរិនថូស ១៣:៦)។ បើអ្នកស្រឡាញ់ប្ដីប្រពន្ធរបស់អ្នក ដោយសេចក្តីបរិសុទ្ធដ៏ឆេះឆួល នោះអ្នកក៏ស្អប់អ្វីៗដែលឆក់យកទំនាក់ទំនងប្ដីប្រពន្ធ ចេញពីជីវិតអ្នក ពុំនោះទេ សេចក្តីស្រឡាញ់របស់អ្នក មិនមែនជាសេចក្តីស្រឡាញ់ពិតឡើយ។ ការស្រឡាញ់ដែលយើងមានចំពោះព្រះមានលក្ខណៈដូចនេះដែរ។ យើងមិនអាចស្រឡាញ់សេចក្តីបរិសុទ្ធ ដោយមិនស្អប់សេចក្តីស្មោកគ្រោកនោះឡើយ។
នៅក្នុងខបន្ទាប់ សាវ័ក ប៉ុល ក៏បានងាកមកនិយាយអំពីរឿងវិជ្ជមានវិញ ដោយបន្តប្រើពាក្យ «ខ្ជាប់ខ្ជួន» ដែលមានន័យដូចពាក្យ «នៅជាប់» ដែលព្រះយេស៊ូវបានប្រើក្នុងការបង្រៀនអំពីទំនាក់ទំនងប្ដីប្រពន្ធ (ម៉ាថាយ ១៩:៥)។ សាវ័ក ប៉ុល មិនបានប្រើឃ្លានេះ ដោយការចាក់ខ្សែនោះទេ។ ទំនាក់ទំនងប្ដីប្រពន្ធគឺជាការរួបរួមរបស់មនុស្សដែលជិតស្និទ្ធបំផុត ទាំងផ្លូវអារម្មណ៍ ប្រាជ្ញា និងវិញ្ញាណ។ ហេតុនេះហើយក្នុងបទគម្ពីរនេះ សាវ័ក ប៉ុល បានបង្រៀនថា សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគួរតែមានការប្ដេជ្ញាចិត្តដ៏ជាប់លាប់ចំពោះសេចក្តីល្អដូចកាវវិទ្យាសាស្ត្រអញ្ចឹងដែរ។
យើងត្រូវតែប្រុងប្រយ័ត្ន ដើម្បីមិនឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់លោកីយ៍ ដែលនាំឲ្យយើងហៅ «ការអាក្រក់ថាល្អ ហើយការល្អថាអាក្រក់» ឬជៀសវាងការរស់នៅជាមនុស្ស «ដែលរាប់សេចក្តីអាក្រក់ថាជាល្អ ហើយសេចក្តីល្អថាជាអាក្រក់វិញ» (អេសាយ ៥:២០)។ រាស្ត្ររបស់ព្រះដឹងថា មានពេលដែលត្រូវស្រឡាញ់ និងពេលដែលត្រូវស្អប់ (សាស្ដា ៣:៨)។ ដូចនេះ តើអ្នកមានអាកប្បកិរិយាយ៉ាងណាចំពោះការអាក្រក់ ជាពិសេសបាបដែលមានភាពទាក់ទាញបំផុតចំពោះអ្នក ឬបាបដែលមនុស្សនៅជុំវិញអ្នកបានអបអរខ្លាំងបំផុត? បើអ្នកស្អប់ខ្ពើមការអាក្រក់ទាំងនោះ តើនឹងការផ្លាស់ប្ដូរអ្វីកើតឡើង? នៅថ្ងៃនេះ ចូរយើងពឹងផ្អែកលើព្រះវិញ្ញាណរបស់ព្រះ ដើម្បីជួយយើងឲ្យស្រឡាញ់តាមរបៀបត្រឹមត្រូវ ដោយស្អប់ការអ្វីដែលព្រះស្អប់។ គឺដូចដែលលោក ចន បេលេ (John Baillie) បានអធិស្ឋានថា៖ «ឱព្រះអង្គអើយ សូមព្រះអង្គប្រទានទូលបង្គំនូវអំណាច ដើម្បីឲ្យទូលបង្គំដើរតាមការអ្វីដែលល្អ។ ពេលនេះ ទូលបង្គំសូមអធិស្ឋាន ដើម្បីមិនឲ្យមានសេចក្តីអាក្រក់ណាមួយ ដែលបានលាក់ខ្លួនឮក្នុងគំនិតយើងខ្ញុំ ដើម្បីរកឱកាសសម្រេចគោលបំណងរបស់វាឡើយ»។1
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៩:៤២-៥០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៤៦-៤៧ និងម៉ាថាយ ២៨