
អំពើបាបរុំព័ទ្ធ
ដោយJennifer Benson Schuldt
June 23, 2025
ហេព្រើរ ១២:១-៣
នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ។ ហេព្រើរ ១២:១
វល្លិរបស់ដើមឪឡឹកបានលុកលុយពេញច្បារដំណាំរបស់ខ្ញុំ។ ពួកវាបានវាខ្វាត់ខ្វែងនៅលើផ្លូវដែលក្រាលដោយថ្ម និងបានឡើងជញ្ជាំង ហើយដែលអាក្រក់បំផុតនោះ គឺពួកវាបានរាំងខ្ទប់រុក្ខជាតិបន្លែដែលខ្ញុំចូលចិត្ត។ ខ្ញុំដឹងថា ច្បារដំណាំនេះមិនអាចលូតលាស់បានល្អឡើយ បើសិនជាខ្ញុំមិនធ្វើអ្វីម្យ៉ាងទេនោះ។ ដូចនេះ នៅពេលល្ងាចមួយនោះ ខ្ញុំក៏បានកាត់វល្លិរបស់ពួកវាចេញពីដើម និងស្លឹកបន្លែទាំងនោះ។ នៅពេលដែលវល្លិរបស់ពួកវាដុះឡើងវិញទៀត ខ្ញុំក៏បានបន្តកាត់ពួកវាចេញទៀត ទាល់តែបន្លែរបស់ខ្ញុំធំពេញវ័យ ហើយចេញផ្លែប៉េងបោះ និងម្ទេសផ្លោកធំល្អ គួរឲ្យចង់បរិភោគ។
បាបដែលមានដូចជាភាពលោភលន់ ការត្រេកត្រអាល និងសេចក្តីសម្អប់ អាចរុំព័ទ្ធជីវិតរបស់យើង ដូចដើមវល្លិ ដែលព្យាយាមគ្រប់គ្រងច្បារដំណាំរបស់ខ្ញុំផងដែរ។ បើយើងបណ្តោយឲ្យវាលូតលាស់ គ្រាប់ពូជនៃការគិតមិនត្រឹមត្រូវ អាចដុះឡើង ដល់ថ្នាក់វាគ្រប់គ្រងសេចក្តីប៉ងប្រាថ្នា និងសកម្មភាពរបស់យើង ដូច “អំពើបាប ដែលរុំយើងជុំវិញ” យ៉ាងងាយស្រួល(ហេព្រើរ ១២:១) ហើយរាំងខ្ទប់យើងមិនឲ្យមានការលូតលាស់ខាងវិញ្ញាណ។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានលើកទឹកចិត្តយើង ឲ្យ “ចោលអស់ទាំងបន្ទុកនឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(ខ.១)។ ដើម្បីឲ្យយើងអាចមានសេរីភាព យើងចាំបាច់ត្រូវទទួលស្គាល់ថា យើងត្រូវការជំនួយ ក្នុងការកាត់បាបទាំងអស់នោះចេញ។ យើងអាចមានការពិបាក បើសិនជាយើងប្រាប់ខ្លួនឯង និងអ្នកដទៃឲ្យជឿថា វាមិនមែនជាបញ្ហាធ្ងន់ធ្ងរ។
ពេលណាយើងទទួលស្គាល់បញ្ហានេះ ដោយចិត្តស្មោះត្រង់ ព្រះយេស៊ូវនឹងទទួលការអធិស្ឋានលន់តួបាបរបស់យើង ហើយអត់ទោសឲ្យយើងភ្លាម(១យ៉ូហាន ១:៩)។ ព្រះអង្គអាចបង្ហាញយើងអំពីរបៀបកែប្រែរបៀបនៃការរស់នៅរបស់យើង ហើយតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ព្រះអង្គនឹងជួយយើងឲ្យកាត់ផ្តាច់ចំណង ដែលកំពុងរាំងខ្ទប់យើងមិនឲ្យលូតលាស់។—Jennifer Benson Schuldt
តើបាបអ្វីដែលមានអំណាចធ្វើឲ្យអ្នកដួលចុះម្តងហើយម្តងទៀត?
តើព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកលើកយកបញ្ហានេះមកដោះស្រាយដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលមានទង្វើ និងអាកប្បកិរិយា
ដែលធ្វើឲ្យព្រះអង្គព្រួយព្រះទ័យ។ សូមព្រះអង្គជួយទូលបង្គំកែប្រែ ចាប់តាំងពីពេលនេះទៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៩-១០ និង កិច្ចការ ៧:១-២១