
ភាពឆេះឆួលមកពីព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 24, 2025
«ខាងឯសេចក្តីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបម្រើព្រះអម្ចាស់» (រ៉ូម ១២:១១)។
សូមយើងស្រមៃថា មានផ្ទះបាយនៅក្នុងផ្ទះកសិដ្ឋានចាស់មួយខ្នងដែលនៅទីនោះ នៅលើចង្ក្រានមានខ្ទះឆាមួយដែលមានទឹកកំពុងពុះ។ នេះជារូបភាពដែលសាវ័ក ប៉ុល បានផ្តល់ឲ្យទាក់ទងនឹងការប្ដេជ្ញាចិត្តខាងឯវិញ្ញាណ។ ត្រង់ចំណុចនេះ គាត់កំពុងមានប្រសាសន៍ថា នៅក្នុងព្រះគ្រីស្ទ ឆ្នាំងខាងឯវិញ្ញាណរបស់យើងត្រូវតែបន្តពុះដូចទឹកកំពុងតែដាំ។ យើងមិនត្រូវក្តៅ ហើយត្រជាក់វិញនោះទេ បានសេចក្តីថា យើងមិនត្រូវមានភាពឆេះឆួលតែមួយពេល ហើយបន្ទាប់មកប្រែជាលែងចេញចំហាយទឹកនោះទេ។
បន្ទាប់ពីយើងបានដកពិសោធន៍ជាមួយនឹងព្រះគុណព្រះ ហើយបានផ្លាស់ប្រែដោយសារព្រះគ្រីស្ទ ដោយទទួលសេចក្តីសុចរិតរបស់ព្រះអង្គតាមរយៈសេចក្តីជំនឿ។ យើងចាំបាច់ត្រូវមានសេចក្តីសុចរិតក្នុងការរស់នៅ។ ដើម្បីប្រើសេចក្តីសុចរិតនេះ យើងត្រូវធ្វើកិច្ចការដែលព្រះយេស៊ូវឲ្យយើងធ្វើ ដោយចិត្តឆេះឆួល ដែលព្រះអង្គបានបណ្ដាលឡើង និងបានបង្គាប់ឲ្យយើងមាន។
ទោះជាយ៉ាងណាក៏ដោយ យើងងាយនឹងមានភាពខ្ជិលច្រអូស ហើយប្រែជាងមានភាពក្តៅមិនក្តៅត្រជាក់មិនត្រជាក់។ កណ្ឌគម្ពីរសុភាសិត មានខគម្ពីរជាច្រើនដែលបានចែងអំពីគ្រោះថ្នាក់ និងផលវិបាកនៃជីវិតដែលខ្ជិលច្រអូស ដែលជាញឹកញាប់យើងស្តាប់ទៅហាក់ដូចជាកំប្លែង។ បទគម្ពីរសុភាសិតមួយបានពិពណ៌នាអំពីបុរសម្នាក់ ដែលខ្ជិលយ៉ាងខ្លាំងបានជាគាត់មិនអាចលើកស្លាបព្រាពីក្នុងចាន ដាក់ចូលក្នុងមាត់ខ្លួនឯង (សុភាសិត ១៩:២៤ ២៦:១៥)។ ខគម្ពីរសុភាសិតមួយទៀតបានរៀបរាប់អំពីភាពខ្ជិលរបស់បុរសម្នាក់ ដែលដេកសម្ងំនៅក្រោមភួយមិនព្រមងើបទៅណា គឺដូចមានសេចក្តីចែងថា «មនុស្សខ្ជិលច្រអូសចេះតែបម្រាស់ននៀលនៅលើគ្រែ បែបដូចទ្វារដែលបិទបើកទៅមកជាប់នៅត្រចៀកដែរ» (ខ.១៤)។
ផ្ទុយទៅវិញ គោលដៅធំបំផុតនៃភាពឧស្សាហ៍ដែលព្រះវិញ្ញាណបណ្ដាលឡើង គឺដើម្បីបម្រើព្រះអម្ចាស់។ ហេតុនេះហើយ យើងចាំបាច់ត្រូវផ្ដោតទៅលើគោលដៅនេះ! ពេលណាយើងផ្ដោតទៅលើគោលដៅនេះ យើងនឹងបានដឹងថា សូម្បីតែកិច្ចការតូចបំផុតដែលមានដូចជាការទទួលភ្ញៀវ ការបោសសម្អាតផ្ទះ ការលាងចាន ការបង្រៀនអ្នកដទៃ ការចាក់ថ្នាំឲ្យអ្នកជំងឺ ការជជែកជាមួយកូន...គឺសុទ្ធតែអាចក្លាយជាសកម្មភាពនៃការថ្វាយបង្គំខាងឯវិញ្ញាណ។ សូម្បីតែកិច្ចការដែលយើងធ្វើជាប្រចាំ ក៏អាចឆ្លុះបញ្ចាំងអំពីភាពឆេះឆួលដែលព្រះបានបណ្ដាលឡើងផងដែរ។
តើអ្នកមានចិត្តឆេះឆួលដូចទឹកពុះក្នុងពេលសព្វថ្ងៃដោយសារកត្តាអ្វីខ្លះ? តើដោយសារអ្នកបម្រើព្រះគ្រីស្ទក្នុងការថ្វាយបង្គំ? ដោយសារអ្នកបានចែកចាយដំណឹងល្អដល់មិត្តរួមការងារ ឬមនុស្សដែលអ្នកមិនស្គាល់? ដោយសារអ្នកកំពុងមើលថែឪពុកម្តាយចាស់ជរា? ដោយសារអ្នកជួយឧបត្ថម្ភការងារបម្រើព្រះគ្រីស្ទនៅក្រៅប្រទេសឬ? ទោះដោយសារកត្តាអ្វីក៏ដោយ ចូរកុំឲ្យភាពឆេះឆួលរបស់អ្នកមានការចុះខ្សោយឡើយ។ ចូរឲ្យទឹករបស់អ្នកនៅតែពុះ ដោយការបម្រើព្រះអម្ចាស់ គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ជាការឆ្លើយតប ចំពោះព្រះគុណដែលព្រះអង្គបានចាក់បង្ហូរមកលើអ្នកគ្រប់ពេលវេលា។ ចូរចូលមករកព្រះអង្គរៀងរាល់ពេលព្រឹក ហើយទូលសូមកម្លាំងមកពីព្រះអង្គ។ នោះអ្នកនឹងបានប្រកាសព្រះនាមព្រះអង្គ និងថ្វាយសិរីល្អដល់ព្រះអង្គតាមរយៈការប្រព្រឹត្តរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ កាឡាទី ៦:១-១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៥០ និងភីលីព ២