
អរសប្បាយជាមួយអ្នកដទៃ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 25, 2025
«ចូរអរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំផង» (រ៉ូម ១២:១៥)។
ការអរសប្បាយជាមួយអ្នកដទៃ គឺជាការបង្ហាញចេញដ៏អស្ចារ្យនូវការអាណិតចំពោះពួកគេ។ តាមធម្មតាយើងប្រើពាក្យអាណិត ដើម្បីពិពណ៌នាអំពីការចូលរួមសោកសង្រេងជាមួយអ្នកដទៃ ប៉ុន្តែការអាណិតក៏មាននៅក្នុងការអរសប្បាយជាមួយគ្នាផងដែរ។
យើងយល់អត្ថន័យរបស់ពាក្យអាណិត ពេលណាយើងប្រើវាក្នុងប្រយោគណាមួយ ប៉ុន្តែយើងអាចពិបាកឲ្យនិយមន័យសម្រាប់ពាក្យនេះ។ ហេតុនេះហើយ ចូរយើងពិចារណាអំពីពាក្យផ្ទុយនឹងពាក្យអាណិត គឺពាក្យមិនអើពើ។ ការមិនអើពើ គឺមិនខុសពីការនិយាយថា «ខ្ញុំមិនខ្វល់ពីអារម្មណ៍របស់គាត់ទាល់តែសោះ» តែការអាណិត គឺដូចជាការនិយាយថា «ខ្ញុំខ្វល់ពីអារម្មណ៍គាត់ណាស់»។ ការអាណិតគឺជាការយល់អំពីទុក្ខលំបាក ដែលអ្នកដទៃកំពុងឆ្លងកាត់។
មនុស្សជាច្រើនយល់ឃើញថា «ការយំជាមួយអ្នកណាដែលយំ» គឺជារឿងធម្មតាទេ។ វាជាសភាវគតិរបស់យើង ដែលយើងចូលរួមខកចិត្ត និងឈឺចាប់ ជាមួយអ្នកដែលយើងស្រឡាញ់ ហើយទួញយំ ពេលយើងឃើញ និងគិតអំពីការសោកសង្រេងរបស់ពួកគេ។ នេះជាការល្អ ព្រោះការជួយរំលែកបន្ទុកគ្នាទៅវិញទៅមក គឺជាការសម្រេចក្រិត្យវិន័យរបស់ព្រះគ្រីស្ទ (កាឡាទី ៦:២)។ ការចូលរួមអរសប្បាយ និងអបអរជោគជ័យរបស់អ្នកដទៃអាចមានការពិបាក ព្រោះវាតម្រូវឲ្យយើងជម្នះនិស្ស័យសាច់ឈាមរបស់យើង ដែលមានបាបដែលមានទំនោរទៅរកការស្អប់ ឬភាពជូរល្វីង។ យើងងាយនឹងប្រើភាពជោគជ័យរបស់អ្នកដទៃ ជាឱកាសដើម្បីច្រណែនពួកគេជាជាងសរសើរ និងអរព្រះគុណព្រះអង្គ។
មនុស្សភាគច្រើនបានដឹងថា ពួកគេអាចជៀសវាងការបង្ហាញចេញនូវការច្រណែនដោយរបៀបណា។ ប៉ុន្តែ ការមិនបង្ហាញការច្រណែន និងការមិនមានអារម្មណ៍ច្រណែន មានភាពខុសគ្នាខ្លាំងណាស់។ យើងអាចបង្ហាញអាកប្បកិរិយារបស់យើង ល្មមនឹងអាចធ្វើឲ្យគេគិតថា យើងមិនមានចិត្តច្រណែន ប៉ុន្តែយើងត្រូវមានការផ្លាស់ប្រែខាងឯវិញ្ញាណ ដើម្បីឲ្យយើងឈានទៅដល់ចំណុច ដែលយើងលែងមានអារម្មណ៍ច្រណែនទៀត។ ការផ្លាស់ប្រែនេះចាប់ផ្ដើមនៅពេលណាយើងមានការយល់ដឹងត្រឹមត្រូវអំពីអត្តសញ្ញាណរបស់យើង ជាអវយវៈនៃរូបកាយព្រះគ្រីស្ទ។ គឺដូចដែលសាវ័ក ប៉ុល មានប្រសាសន៍ថា «នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ» (រ៉ូម ១២:៥)។ ការរស់នៅជាគ្រីស្ទបរិស័ទ គឺមានន័យថា យើងជាសមាជិករបស់ព្រះអង្គ និងជាសមាជិកដល់គ្នាទៅវិញទៅមក។
អាចនិយាយម្យ៉ាងទៀតថា បើយើងនៅក្នុងព្រះគ្រីស្ទ យើងរាល់គ្នានៅក្នុងក្រុមតែមួយ។ ពេលណាយើងយល់អំពីរឿងនេះ យើងនឹងអរសប្បាយអស់ពីចិត្តជាមួយអ្នកណាដែលអរសប្បាយ គឺដូចដែលកីឡាករបាល់ទាត់ម្នាក់អរសប្បាយជាមួយមិត្តរួមក្រុមរបស់ខ្លួនដែលបានទាត់បញ្ចូលទី ពោលគឺអរសប្បាយដូចគាត់បានទាត់បញ្ចូលទីដែរ។ ក្នុងនាមយើងជារាស្ត្ររបស់ព្រះ យើងឈ្នះ ហើយយើងបរាជ័យ ហើយអរសប្បាយ ហើយក៏សោកសង្រេងជាមួយគ្នាដែរ។
ព្រះបន្ទូលព្រះបានត្រាស់ហៅអ្នកឲ្យ «មានសេចក្តីស្រឡាញ់ឥតពុតមាយា» (រ៉ូម ១២:៩) ហើយសេចក្តីស្រឡាញ់ពិតប្រាកដតាមគំរូព្រះគ្រីស្ទ កែប្រែអារម្មណ៍របស់អ្នកធ្វើឲ្យការច្រណែនប្រែក្លាយជាការអរសប្បាយ ហើយការមិនអើពើប្រែក្លាយជាការអាណិតពិតប្រាកដ។
តើមាននរណាម្នាក់ដែលអ្នកបានដកខ្លួនឆ្ងាយពីពួកគេទាំងនៅពេលពួកគេមានអំណរ ក៏ដូចជាមានទុក្ខ? តើអ្នកបានពិចារណា អំពីមនុស្សដែលអ្នកអាចលើកទឹកចិត្តនៅថ្ងៃនេះដែរឬទេ? ស្ទើរតែគ្រប់ពេលទាំងអស់ មានមនុស្សម្នាក់ដែលត្រូវការឲ្យអ្នកឈោងទៅរក ហើយប្រាប់ឲ្យពួកគេដឹងថា អ្នករួមសុខរួមទុក្ខជាមួយពួកគេ អធិស្ឋានឲ្យពួកគេ ហើយត្រៀមខ្លួនជួយពួកគេ ខណៈពេលដែលពួកគេដើរកាត់ជ្រលងដ៏សែនជ្រៅ។ ហើយក៏នឹងមានមនុស្សម្នាក់ ដែលអ្នកអាចចូលរួមអរសប្បាយជាមួយគាត់ ហើយឲ្យពួកគេដឹងថា អ្នកសរសើរតម្កើងព្រះសម្រាប់ព្រះពរដែលព្រះអង្គបានប្រទានដល់ជីវិតពួកគេ។ ចូរយើងរស់នៅជាមនុស្សដែល «តែងតែខ្វល់ពីអារម្មណ៍អ្នកដទៃ»។ ចូរទូលសូមព្រះវិញ្ញាណរបស់ព្រះអង្គជួយអ្នកឲ្យមានសេចក្តីមេត្តា និងក្តីអាណិត ដើម្បីកែប្រែអ្នកឲ្យក្លាយជាមនុស្សប្រភេទនោះនៅថ្ងៃនេះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ១:២-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យេរេមា ៥១-៥២ និងភីលីព ៣