
ព្រះគ្រីស្ទគឺជាអាទិភាពរបស់យើង
ដោយKaren Huang
June 26, 2025
ម៉ាកុស ១:៣៥-៣៩
តែទ្រង់មានបន្ទូលតបថា ... ដ្បិតគឺដោយហេតុនោះហើយ បានជាខ្ញុំមក។ ម៉ាកុស ១:៣៨
មានពេលមួយ គេបានអញ្ជើញលោកយ៉ូសេ(Jose) ធ្វើជាវាទគ្មិន ក្នុងសន្និសីទអ្នកដឹកនាំពួកជំនុំថ្នាក់ជាតិ។ បន្ទាប់ពីគាត់បានអានលិខិតអញ្ជើញ ពីអង្គការដ៏ល្បីល្បាញមួយ គាត់ក៏បានប្រាប់គេថា គាត់សុំពេលអធិស្ឋានជាមុនសិន។ ក្រោយមក គាត់ក៏បានបដិសេធន៍ការអញ្ជើញនេះ។ គាត់ប្រាប់មិត្តភក្តិគាត់ម្នាក់យ៉ាងដូចនេះថា “ខ្ញុំដឹងថា ព្រះអម្ចាស់កំពុងត្រាស់ហៅខ្ញុំឲ្យធ្វើការជាអ្នកកែសម្រួលអត្ថបទ សម្រាប់ការងារបេសកកម្មមួយ ហើយបើខ្ញុំត្រូវទៅធ្វើវាគ្មិនក្នុងកម្មវិធីនោះ ខ្ញុំនឹងត្រូវដកពេលវេលា និងកម្លាំងរបស់ខ្ញុំ ចេញពីការងារនោះមិនខាន។ ដូចនេះ ខ្ញុំត្រូវបដិសេធន៍ការអញ្ជើញនេះ ដើម្បីឲ្យខ្ញុំអាចធ្វើអ្វីដែលព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើ”។
អ្វីដែលព្រះសព្វព្រះទ័យឲ្យលោកយ៉ូសេធ្វើ គឺជាអាទិភាពរបស់គាត់ និងជាអ្វីដែលបានកំណត់ការសម្រេចចិត្តរបស់គាត់។ ព្រះយេស៊ូវក៏បានយកបំណងព្រះទ័យព្រះវរបិតា ធ្វើជាអាទិភាពរបស់ព្រះអង្គផងដែរ។ នៅពេលព្រឹក បន្ទាប់ពីព្រះអង្គបានប្រោសជំងឺ និងដេញអារក្សចេញពីមនុស្សជាច្រើន នៅភូមិកាពើណិម ព្រះអង្គបានយាងទៅកន្លែងស្ងប់ស្ងាត់ ដើម្បីអធិស្ឋាន(ម៉ាកុស ១:៣២-៣៥)។ ពួកសាវ័កក៏បានមករកព្រះអង្គ ដោយទូលថា “មនុស្សទាំងអស់កំពុងតែរកទ្រង់”(ខ.៣៧)។ ក្នុងចំណោមអ្នករកទ្រង់ អ្នកខ្លះទំនងជាទូលសូមការប្រោសឲ្យជា។ ទោះជាយ៉ាងណាក៏ដោយ ព្រះគ្រីស្ទមិនបានបណ្តោយឲ្យភាពបន្ទាន់ខាងសាច់ឈាមរបស់មនុស្ស និងប្រជាប្រិយភាពរបស់ព្រះអង្គ ធ្វើជាកត្តាកំណត់អំពីការអ្វីដែលព្រះអង្គត្រូវធ្វើបន្ទាប់នោះឡើយ។ ព្រះអង្គក៏បានមានបន្ទូលប្រាប់ពួកសាវ័កឲ្យទៅភូមិជិតខាង ជាមួយព្រះអង្គ ដើម្បីឲ្យព្រះអង្គអាចចែកចាយព្រះបន្ទូលផងដែរ ព្រោះនេះជាមូលហេតុដែលព្រះអង្គបានយាងមក(ខ.៣៨)។ ព្រះយេស៊ូវបានធ្វើតាមអាទិភាពរបស់ទ្រង់ ជាការងារដែលធ្វើនៅទូទាំងតំបន់កាលីឡេ និងរាប់បញ្ចូលការអធិប្បាយព្រះបន្ទូលផងដែរ(ខ.៣៩)។
តើធ្វើដូចម្តេចឲ្យយើងដឹងថា ព្រះទ្រង់មានគោលបំណងអ្វីខ្លះសម្រាប់យើង? យើងអាចចូលទៅជិតព្រះអង្គ ដោយការអធិស្ឋាន ដោយការដឹកនាំពីប្រាជ្ញារបស់ព្រះអង្គ ដែលយើងឃើញមានក្នុងព្រះគម្ពីរប៊ីប ហើយស្វែងរកការប្រឹក្សាយោបល់ ពីមនុស្សដែលប្រកាន់ខ្ជាប់តាមផ្លូវរបស់ព្រះអង្គ។ ចូរយើងចំណាយពេលក្នុងជីវិតយើង ធ្វើអ្វីដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ។—Karen Huang
តើអ្នកអាចទូលសូមព្រះអង្គដឹកនាំអ្នកដូចម្តេចខ្លះ ក្នុងការសម្រេចចិត្ត?
តើអ្នកបានឃើញព្រះអង្គជួយអ្នករស់នៅ តាមបំណងព្រះទ័យព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គបង្ហាញទូលបង្គំ ឲ្យបានដឹងថា ព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើអ្វីខ្លះថ្វាយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៥-៧ និង កិច្ចការ ៨:១-២៥