
គំរូនៃការអធិស្ឋានរបស់យាយទួត
ដោយKatara Patton
June 29, 2025
សុភាសិត ៣១:១០-១៨
ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងត្បូងទទឹមទៅទៀត ... នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ។ សុភាសិត ៣១:១០,១៥
ក្នុងអំឡុងពេលដែលក្រុមគ្រួសារខ្ញុំមានការជួបជុំគ្នា កាលប៉ុន្មានឆ្នាំមុន ម្តាយរបស់ខ្ញុំក៏បានចែកចាយពាក្យពេចន៍ខ្លះៗ ដែលគាត់បានសរសេរទុក។ គាត់បានផ្តល់កិត្តិយសដល់ជីដូនគាត់ ជាស្រ្តីដែលខ្ញុំធ្លាប់បានជួប តែខ្ញុំបានឮម្តាយខ្ញុំនិយាយអំពីគាត់ជាញឹកញាប់។ ម្តាយរបស់ខ្ញុំបានសរសេរថា គាត់បាននឹកចាំថា អ្នកម្តាយស៊ូសិន(Susan)តែងតែក្រោកពីដំណេកនៅពេលទៀបភ្លឺ ដើម្បីអធិស្ឋានឲ្យក្រុមគ្រួសារគាត់។ ការនឹកចាំនេះមានឥទ្ធិពលមកលើជីវិតរបស់ម្តាយខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំក៏នឹកចាំផងដែរ រហូតមកដល់ពេលសព្វថ្ងៃ ទោះខ្ញុំមិនដែលបានជួបយាយទួតរបស់ខ្ញុំក៏ដោយ។
ការពិពណ៌នានេះបានរំឭកខ្ញុំ អំពីស្រ្តីម្នាក់ ដែលបទគម្ពីរសុភាសិត ជំពូក៣១ បានពិពណ៌នា។ គាត់បានថែរក្សាគ្រួសាររបស់គាត់ តាមរបៀបជាច្រើនដែលគេអាចមើលឃើញជាក់ស្តែង ហើយគាត់បានក្រោកពីដំណេក “តាំងពីនៅងងឹតនៅឡើយ”(ខ.១៥)។ គាត់មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីថែទាំគ្រួសារគាត់ ដូចជា ការរៀបចំអាហារ ទិញដី ធ្វើចំការទំពាំងបាយជូរ ធ្វើជំនួញដែលរកបានប្រាក់កំរៃ ដេរខោអាវ និងសម្រេចកិច្ចការជាច្រើនទៀត ដើម្បីថែទាំមនុស្សដែលគាត់ស្រឡាញ់។ ហើយគាត់ថែមទាំងប្រើធនធានគាត់ ដើម្បីជួយទំនុកបម្រុងអ្នកក្រ និងជនទុរគតផងដែរ(ខ.២០)។
ក្នុងសម័យដែលបទគម្ពីរសុភាសិតជំពូក៣១នេះ ត្រូវបាននិពន្ធឡើង ការថែទាំគ្រួសារមិនមែនជាការងាយទេ គឺដូចដែលបទគម្ពីរនេះបានពិពណ៌នា អំពីកិច្ចការជាច្រើនដែលស្រ្តីគំរូនោះបានធ្វើ។ ហើយវាក៏មិនមែនជាការងាយ សម្រាប់ជីដូនខ្ញុំ ដែលបានកើតក្នុងទសវត្សរ៍ឆ្នាំ១៨០០។ ប៉ុន្តែ ការអធិស្ឋានដែលបានបន្លឺឡើង នៅពេលព្រឹកព្រលឹម ក៏ដូចជាពេញមួយថ្ងៃ បានជួយឲ្យស្ត្រីទាំងនេះបានផ្ដោតចិត្ត និងមានការលើកទឹកចិត្ត ខណៈពេលដែលព្រះទ្រង់ជួយពួកគេឲ្យរស់នៅ ស្របតាមការត្រាស់ហៅឲ្យថែទាំគ្រួសាររបស់ខ្លួន និងអ្នកដទៃ។—Katara Patton
តើធ្វើដូចម្តេចឲ្យអ្នកនៅតែមានទឹកចិត្ត ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ?
តើការអធិស្ឋាននៅពេលព្រឹក និងនៅពេលផ្សេងទៀតជាទៀងទាត់ បានជួយអ្នកដូចម្តេចខ្លះ?
ឱព្រះដ៏បរិសុទ្ធ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់បុរស និងស្រ្តីដែលបានថែទាំគ្រួសារខ្លួនឯង
ដោយចិត្តស្មោះត្រង់។ សូមព្រះអង្គជួយទូលបង្គំ ឲ្យថែទាំគ្រួសាររបស់ទូលបង្គំដូចពួកគេផងដែរ។
Visit ODBU.org/SF120 to learn how praying regularly can change the way you see God.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៤-១៦ និង កិច្ចការ ៩:២២-៤៣