ព្រឹក

គេងមិនលក់ឬ?
ដោយDave Branon
June 30, 2025
ទំនុកដំកើង ៣
ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ។ ទំនុកដំកើង ៣:៥
មានពេលមួយមិត្តភក្តិខ្ញុំបានប្រាប់ខ្ញុំថា គាត់កំពុងមានបញ្ហាដំណេក។ ការគេងមិនលក់នេះជាប់ទាក់ទងនឹងស្ថានភាពដ៏ពិបាកក្នុងគ្រួសារគាត់ ដែលធ្វើឲ្យគាត់មិនងងុយគេង នៅពេលយប់។ គាត់បានប្រាប់ខ្ញុំអំពីបញ្ហានេះ ចំថ្ងៃដែលខ្ញុំកំពុងរៀបចំមេរៀនសម្រាប់ពិភាក្សា អំពីបទគម្ពីរទំនុកដំកើងជំពូក៣ ក្នុងសាលារៀនថ្ងៃអាទិត្យសម្រាប់មនុស្សពេញវ័យ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣ ស្តេចដាវីឌក៏មានបញ្ហាគ្រួសារផងដែរ គឺបញ្ហាដែលធ្វើឲ្យមនុស្សភាគច្រើនគេងមិនលក់។ កាលនោះ អាប់សាឡំជាបុត្រារបស់ទ្រង់កំពុងតែធ្វើឲ្យការគ្រងរាជ្យរបស់ទ្រង់នៅលើទឹកដីអ៊ីស្រាអែលមានការចុះខ្សោយយ៉ាងខ្លាំង ដើម្បីផ្តួលរំលំទ្រង់ ហើយដណ្តើមរាជបល្ល័ង្ករបស់ទ្រង់។
ស្តេចដាវីឌធ្លាក់ចូលក្នុងភាពអស់សង្ឃឹម។ ទ្រង់ក៏បានរត់គេចពីទីក្រុងយេរូសាឡិម នៅពេលដែលអ្នកនាំសារម្នាក់ទូលទ្រង់ថា “ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ”(២សាំយ៉ូអែល ១៥:១៣)។ ក្នុងបទគម្ពីរទំនុកដំកើង ៣:១ ស្តេចដាវីឌក៏បានពិពណ៌នា អំពីស្ថានភាពរបស់ទ្រង់ថា “ឱព្រះយេហូវ៉ាអើយ ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើងយ៉ាងណាហ្ន៎!”។
ប៉ុន្តែ យើងគួរកត់សំគាល់ថា ស្តេចដាវីឌក៏បានរកឃើញសន្តិភាពក្នុងចិត្ត។ ទ្រង់បាននឹកចាំថា ព្រះអម្ចាស់គឺជាខែលការពារទ្រង់ ហើយក៏លើកក្បាលទ្រង់ឲ្យងើយឡើង(ខ.៣)។ បន្ទាប់មក ទ្រង់ក៏ទទួលបានជំនួយដែលយើងរាល់គ្នាសុទ្ធតែត្រូវការ នៅពេលដែលយើងមានការភ័យខ្លាច ចំពោះកាលៈទេសៈរបស់យើង។ ស្តេចដាវីឌក៏បានផ្ទំលក់។ ទ្រង់ក៏បានសង្កេតឃើញថា ទ្រង់បានផ្ទំលក់ ហើយភ្ញាក់ឡើងវិញ គឺដោយសារព្រះអម្ចាស់ទប់ទល់ទ្រង់(ខ.៥)។
សម្រាប់មិត្តភក្តិខ្ញុំដែលកំពុងពិបាកចិត្តគេងមិនលក់ ខគម្ពីរនេះពិតជាបានលើកទឹកចិត្តគាត់ណាស់។ ហើយសម្រាប់យើងរាល់គ្នា ដែលកំពុងប្រឈមមុខដាក់កាលៈទេសៈដ៏ពិបាក ហើយគេងមិនលក់ ព្រះរបស់យើងការពារយើង ហើយប្រទានការសម្រាកដល់យើង។ ពេលណាយើងទុកចិត្តព្រះអង្គទាំងស្រុង ព្រះអង្គនឹងជួយយើងឲ្យគេងលក់(ខ.៥)។—Dave Branon
តើអ្នកបានជួបរឿងពិបាកចិត្ត ដែលធ្វើឲ្យគេងមិនលក់ទេ? ជាជាងស្តាប់មនុស្សដែលមិនជឿព្រះ
(ទំនុកដំកើង ៣:២) តើអ្នកទុកចិត្តថា ព្រះអង្គនឹងប្រទានការការពារអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា ជួនកាល ទូលបង្គំចោទសួរដូចស្តេចដាវីឌថា “ពួកខ្មាំងនៃទូលបង្គំមានគ្នាកាន់តែច្រើនឡើង
យ៉ាងណាហ្ន៎!” ប៉ុន្តែ ព្រះអង្គតែងតែរង់ចាំជួយទូលបង្គំជានិច្ច។ សូមព្រះអង្គធ្វើជាខែលការពារទូលបង្គំ
ហើយជួយទូលបង្គំឲ្យគេងលក់ផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១៧-១៩ និង កិច្ចការ ១០:១-២៣
ប្រភេទ
ល្ងាច

ឈ្នះសេចក្តីអាក្រក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
June 30, 2025
«កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ» (រ៉ូម ១២:២១)។
កាលយុវតីម្នាក់នៅរៀន នៅសកលវិទ្យាល័យខេមប្រ៊ីជ កាលពីទសវត្សរ៍ឆ្នាំ១៩៤០ បានក្លាយជាលេខាធិការរបស់បក្សកុម្មុយនីស្តមួយ។ រដូវរងានៅឆ្នាំ១៩៤៦-១៩៤៧ មានភាពត្រជាក់ធ្ងន់ធ្ងរបណ្ដាលឲ្យទឹកក្នុងទុយោកកអស់ ហើយការខ្វះខាតទឹកប្រើប្រាស់ក៏បានកើតមាន។ គេបានកំណត់ឲ្យនិស្សិតស្រីៗទាំងឡាយ ងូតទឹកបានតែ១ដងក្នុង១សប្តាហ៍ ហើយខណៈពេលដែលពួកគេកំពុងតម្រង់ជួររង់ចាំវេនចូលងូតទឹក លេខាធិការបក្សកុម្មុយនីស្តរូបនោះ និងនិស្សិតដទៃទៀតក៏មានការរអ៊ូរទាំ និងការដណ្ដើមកន្លែងឈរជាមួយអ្នកដទៃផងដែរ។
និស្សិតស្រីម្នាក់ក្នុងចំណោមនិស្សិតស្រីដែលមានបន្ទប់នៅជិតបន្ទប់ទឹកជាងគេ គឺជាគ្រីស្ទបរិស័ទ។ និស្សិតជាជនកុម្មុយនីស្តនោះបានកត់សម្គាល់ឃើញថា និស្សិតស្រីនោះមិនដែលប្រើសិទ្ធិរបស់ខ្លួន ហើយបានឆ្លើយតបដោយសុភាព ចំពោះភាពអាត្មានិយមរបស់អ្នកដទៃ។ គ្រីស្ទបរិស័ទម្នាក់នេះកំពុងអនុវត្ត និងបង្ហាញចេញនូវអ្វីដែលជនកុម្មុយនីស្តនោះបានអះអាងថា មនុស្សត្រូវធ្វើតែខ្លួនគាត់មិនដែលបានធ្វើឡើយ។ ការសង្កេតមើលនេះបាននាំឲ្យមានការសន្ទនាគ្នា ហើយទីបំផុត ការសន្ទនានេះបាននាំឲ្យជនកុម្មុយនីស្តម្នាក់នោះបានប្រែចិត្ត ហើយចេញទៅបម្រើព្រះជាបេសកជននៅអាស៊ីខាងកើត។
ពេលណាយើងព្យាយាមយកឈ្នះលើការអាក្រក់ដោយពាក្យសម្ដី និងទង្វើដ៏អាក្រក់របស់យើង គឺយើងកំពុងបំផ្លាញខ្លួនឯងហើយ។ យើងមិនអាចជម្នះការអាក្រក់ ដោយអំណាចនៃការអាក្រក់បានទេ។ ការអាក្រក់នឹងកើនឡើងទ្វេដង គឺមិនបានរលាយឡើយ។ បើយើងបាត់បង់ការគ្រប់គ្រងមកលើខ្លួនឯង ពេលដែលយើងប្រឈមមុខដាក់សត្រូវណាម្នាក់ យើងមិនគ្រាន់តែចាញ់មនុស្សម្នាក់នោះទេ តែក៏ចាញ់អារក្សផងដែរ។ យើងជាអ្នកដែលបរាជ័យ ហើយបាត់បង់ឱកាសធ្វើការអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះ។
ការលើកទឹកចិត្តឲ្យជម្នះការអាក្រក់កំពុងតែមានភាពពេញនិយមក្នុងវប្បធម៌របស់យើង។ យើងបានឮគេលើកទឹកចិត្តយ៉ាងដូចនេះក្នុងបទចម្រៀង និងពាក្យស្លោកលើកទឹកចិត្តជាច្រើន។ ជាញឹកញាប់ ការលើកទឹកចិត្តនេះច្រើនតែប្រាប់យើងថា បើយើង «រួបរួមគ្នា» យើងនឹងឈ្នះការអាក្រក់ ដែលកំពុងបំផ្លាញយើង។ ការគិតឃើញដូចនេះគឺប្រសើរណាស់ តែខ្វះអំណាចដ៏ចាំបាច់។ យើងមិនអាចជម្នះការអាក្រក់ ដោយពឹងអាងគំនិតយើងជាមនុស្សបានទេ ពោលគឺមិនអាចទៅរួចឡើយ។ យើង «វិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង» (រ៉ូម ៨:៣៧)។ ព្រះចេស្ដារបស់ព្រះតាមរយៈព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ព្រះអង្គផ្តល់ឲ្យយើងនូវកម្លាំងដែលយើងត្រូវការ ដើម្បីឈ្នះការអាក្រក់។
នេះជាផ្លូវដែលព្រះយេស៊ូវបានដើរហើយ។ ព្រះអង្គមិនបានសងសឹង ប៉ុន្តែបានថ្វាយអង្គទ្រង់ក្នុងព្រះហស្តព្រះវរបិតា។ ព្រះគ្រីស្ទបានយាងទៅឈើឆ្កាង ជាកន្លែងដែលសេចក្តីស្រឡាញ់ឈ្នះសេចក្តីអាក្រក់។ ពេលណាយើងសម្រេចចិត្តធ្វើការល្អ និងដើរតាមផ្លូវនៃឈើឆ្កាងដោយចិត្តសុភាព យើងនឹងបានដកពិសោធន៍ជាមួយនឹងព្រះចេស្ដារបស់ព្រះដែលធ្វើការក្នុងចិត្តយើង ដើម្បីជម្នះការអាក្រក់ ដោយសេចក្តីល្អនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។
លោក ឆាល ធីនលេយ (Charles Tindley) ជាអ្នកនិពន្ធទំនុកសកលបានរម្លឹកយើងអំពីសេចក្តីពិតនេះក្នុងបទចម្រៀងដែលគាត់បានសរសេរថា៖
ដោយសារខ្ញុំមានព្រះបន្ទូលព្រះធ្វើជាដាវ
ខ្ញុំនឹងឈ្នះនៅថ្ងៃមួយ
បើព្រះយេស៊ូវដឹកនាំជីវិតខ្ញុំ
ខ្ញុំនឹងឈ្នះនៅថ្ងៃមួយ។1
ដោយសារព្រះគុណរបស់ព្រះអង្គ អ្នកនឹងឈ្នះបញ្ហាប្រឈម និងអំពើអយុត្តិធម៌ទាំងអស់ក្នុងលោកីយ៍នេះ នៅថ្ងៃណាមួយ។ ហើយពេលណាអ្នកធ្វើការល្អស្នងនឹងការអាក្រក់ ជម្នះភាពកំណាញ់ដោយសេចក្តីសប្បុរស ហើយជម្នះភាពអវិជ្ជមានដោយការឲ្យពរ នោះដោយព្រះគុណព្រះអង្គ។ អ្នកនឹងឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អនៅថ្ងៃនេះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ៣:៨-១៤ក
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១០-១២ និងកិច្ចការ ៣