ព្រឹក

ពីសិរីល្អទៅដល់សិរីល្អ
ដោយKaren Huang
July 2, 2025
២កូរិនថូស ៣:៧-១៨
យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ ។ ២កូរិនថូស ៣:១៨
វ៉ាល័ររី (VALERIE) រស់នៅក្នុងទីក្រុងមួយ ក្នុងតំបន់ឆ្នេរសមុទ្រ ដូចនេះ គាត់ចូលចិត្តអាកាសធាតុក្តៅល្មម ការថតរូបសត្វព្រៃ និងការហែលទឹកសមុទ្រ។ ជាងនេះទៅទៀត គាត់ចូលចិត្តមើលថ្ងៃលិច នៅមាត់សមុទ្រ។ រៀងរាល់ពេលព្រឹក គាត់ក្រោកពីដំណេក មុនពេលថ្ងៃរះ ដើម្បីមើលទេសភាពទឹកសមុទ្រ។ គាត់ប៉ាន់ប្រមាណថា ទោះអាកាសធាតុមានពពកច្រើន ហើយគាត់កំពុងធ្វើដំណើរនៅពេលខ្លះ ក៏គាត់នៅតែអាចទស្សនាទេសភាពថ្ងៃរះ នៅមាត់ទឹក ជាង៣០០ដង ក្នុងមួយឆ្នាំ។ គាត់មិនដែលហត់នឿយ ក្នុងការទស្សនានោះឡើយ។ ក្នុងកែវភ្នែករបស់គាត់ ថ្ងៃរះបានបង្ហាញនូវសិរីល្អរបស់ព្រះ ដែលគាត់មិនចង់ខកខាន មិនបានមើលថ្ងៃរះឡើយ។
បទគម្ពីរនិក្ខមនំ ជំពូក៣៤ បានចែងអំពីផ្ទៃមុខរបស់លោក ម៉ូសេ ដែលបានបញ្ចេញពន្លឺចែងចាំង ជាការឆ្លុះបញ្ចាំងអំពីការជួបគ្នាពេញដោយសិរីល្អ ជាមួយ “ព្រះអម្ចាស់” (ខ.២៩-៣៥)។ សាវ័កប៉ុលមានប្រសាសន៍ថា ដោយសារព្រះយេស៊ូវបានយាងមក នោះមានព្រះរាជកិច្ចមួយ ដែលមានសិរីល្អចែងចាំងខ្លាំងជាងព្រះរាជកិច្ចដែលលោក ម៉ូសេបានដកពិសោធន៍ទៅទៀត (២កូរិនថូស ៣:៧-៨)។ នោះគឺព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំមកនូវសេចក្តីសុចរិត (ខ.៨-៩)។ ផែនការរបស់ព្រះ ក្នុងការប្រទានសេចក្តីសង្គ្រោះ មានសិរីល្អដ៏ស្ថិតស្ថេរ លើសអ្វីៗតាំងអស់ដែលមានពីមុនមក (ខ.១០) ហើយយើងត្រូវតែចូលរួមជាមួយព្រះអង្គ។ សាវ័កប៉ុលមានប្រសាសន៍ថា “ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ” (ខ.១៨)។ សិរីល្អដែលបន្តកើនឡើងនេះ មិនពឹងផ្អែកទៅលើការងារដែលយើងបានធ្វើល្អយ៉ាងណានោះទេ តែពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ។ យើងមិនខុសពីពពកនៅពេលថ្ងៃរះទេ គឺគ្រាន់តែបញ្ចាំងពន្លឺបន្តពីព្រះរាជកិច្ចដែលព្រះអង្គកំពុងធ្វើ កាន់តែច្រើនឡើង និងប្រសើរឡើង ជារៀងរាល់ថ្ងៃ។—KAREN PIMPO
តើអ្នកមានការពិបាក ក្នុងការដកពិសោធន៍នឹងព្រះរាជកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ
ក្នុងជីវិតអ្នក នៅពេលណា? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា ព្រះអង្គនៅតែធ្វើការក្នុងជីវិតអ្នក?
ឱព្រះអម្ចាស់ ព្រះអង្គកំពុងធ្វើកិច្ចការដែលពេញដោយសិរីល្អ ក្នុងជីវិតទូលបង្គំ?
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកែប្រែទូលបង្គំ ឲ្យកាន់តែដូចរូបអង្គរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២២-២៤ និង កិច្ចការ ១១
ប្រភេទ
ល្ងាច

កេរដំណែលនៃជំនឿ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 2, 2025
«រីឯសេចក្តីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម ជាសម្គាល់ពីការដែលមើលមិនឃើញ។ ព្រះទ្រង់បានធ្វើបន្ទាល់ពីមនុស្សចាស់បុរាណ ដោយព្រោះគេមានសេចក្តីជំនឿនោះឯង» (ហេព្រើរ ១១:១-២)។
តើសេចក្តីជំនឿមានលក្ខណៈដូចម្តេច? ក្នុងជំពូក១១ នៃកណ្ឌគម្ពីរហេព្រើរ អ្នកនិពន្ធបានធ្វើការបកស្រាយសំណួរនេះ ដោយបង្ហាញគំរូរបស់ពួកបរិសុទ្ធពីសម័យបុរាណ ជាបុរសស្ត្រី ដែលគាត់បានកោតសរសើរ ដោយសារជំនឿរបស់ពួកគាត់។ ការសរសើរពួកគាត់ដែលមានចែងក្នុងព្រះគម្ពីរ មិនមែនដើម្បីលើកតម្កើងពួកគាត់ថា ជាមនុស្សមានសមត្ថភាពអស្ចារ្យនោះទេ។ ផ្ទុយទៅវិញ យើងត្រូវចាត់ទុកលោក ណូអេ លោក ម៉ូសេ និងវីរបុរសទាំងអស់នោះ ជាមនុស្សធម្មតា ដែលយើងអាចទទួលបានកម្លាំង និងការលើកទឹកចិត្ត តាមរយៈគំរូរបស់ពួកគេ ខណៈពេលដែលយើងពិចារណាអំពីរបៀបដែលព្រះអង្គបានជួយ និងឲ្យតម្លៃមកលើជំនឿរបស់ពួកគេ។
បើយើងចង់យកគំរូតាមពួកគាត់ដែលបានរស់នៅដោយជំនឿពិតប្រាកដ ជាដំបូង យើងចាំបាច់ត្រូវមើលទៅចំណុច ដែលមិនមានក្នុងជំនឿរបស់ពួកគាត់។ ជំនឿរបស់ពួកគាត់មិនមែនជាអារម្មណ៍កក់ក្តៅ ដែលស្រពិចស្រពិល ផ្តេកផ្តួលទៅតាមមនោសញ្ចេតនា ឬកាលៈទេសៈ ឬជាការសង្ឃឹមដោយមិនជ្រះស្រឡះថា អ្វីៗនឹងមានដំណើរការល្អនោះទេ។ ទេ! បុរស និងស្ត្រីទាំងនេះ បានអនុវត្តន៍សេចក្តីជំនឿរបស់ខ្លួន ដោយជឿលើព្រះបន្ទូលដែលព្រះអង្គមានមកកាន់ពួកគាត់ ហើយរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ។ អាចនិយាយម្យ៉ាងទៀតថា តាមបទគម្ពីរទាំងនេះ យើងអាចដឹងថា សេចក្តីជំនឿរបស់ពួកគាត់ ជាការជឿច្បាស់ថា ការអ្វីដែលព្រះបានសន្យា មុខជាងនឹងសម្រេចជាក់ជាមិនខាន។
ជាងនេះទៅទៀត ពួកបរិសុទ្ធពីសម័យដើមទាំងនេះ បានមើលទៅការពិតនៅពេលអនាគត ដូចជាការការពិតនៅពេលបច្ចុប្បន្ន ដែលពួកគាត់កំពុងមើលឃើញ។ ទោះពួកគាត់មិនបានឃើញព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រេចក្នុងពេលដែលពួកគាត់នៅរស់ ក៏ពួកគាត់នៅតែទុកចិត្តលើសេចក្តីស្មោះត្រង់ ដែលព្រះអង្គមានចំពោះព្រះបន្ទូលទ្រង់ដោយពួកគេគិតដល់សារៈសំខាន់ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនៃព្រះបន្ទូលសន្យា។ ជំនឿរបស់ពួកគាត់ គឺជាការទុកចិត្តដែលមានការចាក់ឫសចូលជ្រៅ មិនមែននៅក្នុងកាលៈទេសៈក្នុងពេលបច្ចុប្បន្នទេ ប៉ុន្តែនៅក្នុងព្រះដែលបានសន្យា អំពីពេលអនាគតរបស់ពួកគាត់។
តាមរយៈការបង្ហាញចេញនូវជំនឿក្នុងការរស់នៅយ៉ាងដូចនេះ ពួកបរិសុទ្ធទាំងនេះបាននាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងសម័យរបស់ពួកគាត់ ហើយយើងក៏អាចនាំមកនូវការផ្លាស់ប្តូរក្នុងសម័យរបស់យើងផងដែរ។ ពេលណាបុគ្គល ប្តីប្រពន្ធ គ្រួសារ ឬពួកជំនុំណាមួយ បានជឿព្រះបន្ទូលសន្យារបស់ព្រះអង្គអស់ពីចិត្ត ហើយធ្វើតាមព្រះបន្ទូលព្រះអង្គ ជីវិតមនុស្សជាច្រើននឹងមានការផ្លាស់ប្រែ។ បើយើងអនុវត្តដូចនេះ យើងនឹងយល់កាន់តែច្បាស់ថា ព្រះអង្គជានរណា ហើយបានធ្វើអ្វី ហើយព្រះអង្គនឹងប្រើយើង ដើម្បីនាំមកនូវការផ្លាស់ប្រែក្នុងលោកីយ៍នេះ និងអស់កល្បជានិច្ច។
ពួកបរិសុទ្ធទាំងអស់ ដែលបទគម្ពីរហេព្រើរជំពូក១១ បានលើកឡើងមានចរិតលក្ខណៈដូចគ្នាមួយ នៅត្រង់ថា ពួកគេមានជំនឿលើព្រះដ៏រស់ជាការជឿច្បាស់ថា ព្រះបន្ទូលសន្យារបស់ព្រះ អាចធានាឲ្យពួកគេមានក្តីសង្ឃឹម និងការជឿជាក់ដ៏នឹងនរថា ការអ្វីដែលព្រះមានបន្ទូល មានភាពច្បាស់លាស់ និងពិតត្រង់ ដូចអ្វីដែលពួកគេអាចមើលឃើញនឹងភ្នែកដោយផ្ទាល់។ តើអ្នកមានជំនឿដូចនេះទេ?
ចូរសញ្ជឹងគិតអំពីព្រះបន្ទូលសន្យាទាំងអស់ ដែលព្រះអម្ចាស់បានប្រទានមកអ្នកក្នុងព្រះគ្រីស្ទ។ ចូរគិតអំពីព្រះបន្ទូលសន្យាទាំងអស់ ដែលព្រះអង្គបានប្រកាន់ខ្ជាប់តាម ក្នុងប្រវត្តិសាស្ត្រ ហើយជាពិសេស នៅក្នុងការសុគត និងការមានព្រះជន្មរស់ឡើងវិញនៃព្រះរាជបុត្រារបស់ព្រះអង្គ។ នោះអ្នកអាចដាក់អាទិភាព និងធ្វើការសម្រេចចិត្ត ដោយអំណរ និងការប្ដេជ្ញាចិត្ត ផ្អែកទៅលើព្រះបន្ទូលសន្យាមិនមែនផ្អែកទៅលើកាលៈទេសៈឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ១១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១៦-១៨ និង កិច្ចការ ៤:២៣-៣៧