ព្រឹក

ព្រះយេស៊ូវសំខាន់លើសជីវិត
ដោយXochitl Dixon
July 3, 2025
ទំនុកដំកើង ៦៣
ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់។ ទំនុកដំកើង ៦៣:៣
កញ្ញា ខេនេឌី ប្លេដ (KENNEDY BLADES) គឺជាកីឡាករបោកចំបាប់ ដែលបានឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច នៅឆ្នាំ២០២៤។ ពេលនោះ គាត់បានសង្រួមដៃចូលគ្នា ហើយលើកដៃឡើង ដោយភ្នែកមើលទៅលើ ដើម្បីសរសើរដំកើងព្រះ។ អ្នកយកព័ត៌មានម្នាក់បានសួរគាត់ អំពីការរីកចម្រើនរបស់គាត់ នៅក្នុងការហ្វឹកហាត់រយៈពេល៣ឆ្នាំ រហូតទទួលបានជោគជ័យ។ កីឡាករឆ្នើមរូបនេះក៏បានឆ្លើយតប ដោយមិនបាននិយាយ អំពីការហ្វឹកហាត់ខាងរូបកាយរបស់គាត់ទាល់តែសោះ។ តែគាត់បាននិយាយអំពីទំនាក់ទំនងដ៏ជិតស្និទ្ធដែលគាត់មានជាមួយព្រះយេស៊ូវ។ គាត់បានប្រកាសថា ព្រះគ្រីស្ទជាស្តេចលើអស់ទាំងស្តេច ដែលនឹងយាងមកវិញ ហើយគាត់ក៏បានលើកទឹកចិត្តអ្នកដទៃ ឲ្យជឿព្រះអង្គផងដែរ។ គាត់ថា ព្រះអង្គគឺជាមូលហេតុចម្បង ដែលគាត់អាចសម្រេចជោគជ័យដ៏ធំនេះបាន។ ក្នុងការសម្ភាសន៍ដទៃទៀត គាត់បានប្រកាសដោយចិត្តស្មោះត្រង់ថា គាត់យកព្រះយេស៊ូវជាទីមួយក្នុងជីវិតគាត់ ហើយព្រះអង្គជាប្រភពនៃការល្អគ្រប់យ៉ាងដែលគាត់បានទទួល។
នៅពេលដែលគាត់ចែកចាយ អំពីការមានបំណងចិត្តដែលចង់រស់នៅ ដោយយកព្រះជាទីមួយ ខ្ញុំក៏បាននឹកចាំអំពីការប្រកាសរបស់ស្តេចដាវីឌ នៅក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៣។ ស្តេចដាវីឌបានទទួលស្គាល់ថា ទ្រង់មិនអាចរស់នៅ ដោយគ្មានព្រះអាទិកររបស់ទ្រង់បានទេ បានជាទ្រង់មានបន្ទូលថា “ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់” (ខ.១)។ ស្តេចដាវីឌបានឃើញព្រះចេស្តា និងសិរីល្អរបស់ព្រះអង្គ នៅក្នុងទីបរិសុទ្ធ (ខ.២)។ ទ្រង់ក៏បានប្រកាសថា សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះ វិសេសជាងជីវិត (ខ.៣)។ បន្ទាប់មក ទ្រង់ក៏បានអធិស្ឋានថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្ដាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ” (ខ.៧-៨)។ ដូចនេះ ស្តេចដាវីឌពិតជាបានរាប់ព្រះអម្ចាស់ជាសំខាន់លើសអ្វីទាំងអស់ក្នុងជីវិតទ្រង់។
ពេលណាយើងទទួលស្គាល់ថា ព្រះយេស៊ូវគឺជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន និងសំខាន់លើសអ្វីទាំងអស់ក្នុងជីវិតយើង ការរស់នៅរបស់យើងអាចធ្វើជាពន្លឺដែលនាំផ្លូវអ្នកដទៃ ទៅរកទំនាក់ទំនងជាមួយព្រះ ដែលជួយសង្គ្រោះជីវិត។—XOCHITL DIXON
តើជីវិតអ្នកបានបង្ហាញឲ្យគេដឹងថា ព្រះយេស៊ូវសំខាន់លើសអ្វីទាំងអស់ ក្នុងជីវិតអ្នក ដោយរបៀបណា?
តើអ្នកចាំបាច់ត្រូវលះបង់អ្វីខ្លះ ដើម្បីទទួលស្គាល់ថា ព្រះអង្គជាស្តេចរបស់អ្នក?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ដោយរាប់ព្រះអង្គជាប្រភពនៃការល្អគ្រប់យ៉ាង និងសំខាន់លើសអ្វីៗទាំងអស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ២៥-២៧ និង កិច្ចការ ១២
ប្រភេទ
ល្ងាច

កូននៃការលើកទឹកចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 3, 2025
«កាលសុលបានមកដល់ក្រុងយេរូសាឡឹម នោះគាត់ខំចូលទៅឯពួកសិស្ស តែគេខ្លាចគាត់ទាំងអស់គ្នា គេមិនជឿថា គាត់ជាសិស្សទេ។ តែបាណាបាសនាំគាត់ទៅឯពួកសាវ័ក រ៉ាយរឿងប្រាប់គេពីដំណើរដែលគាត់បានឃើញព្រះអម្ចាស់តាមផ្លូវ ហើយទ្រង់បានមានព្រះបន្ទូលនឹងគាត់ ក៏និយាយពីបែបយ៉ាងណា ដែលគាត់មានចិត្តក្លាហាននឹងអធិប្បាយ ដោយនូវព្រះនាមព្រះយេស៊ូវ នៅក្រុងដាម៉ាសផង» (កិច្ចការ ៩:២៦-២៧)។
នៅពេលល្ងាចមួយនោះ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ មានជនហ៊ីពីម្នាក់ ស្លៀកពាក់ខោមិនខោអាវមិនអាវ បានធ្វើដំណើរមកដល់ព្រះវិហារធំមួយដែលមានគោលលទ្ធិត្រឹមត្រូវនៅក្បែរតំបន់ឆ្នេរក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ពេលគាត់ដើរចូលក្នុងព្រះវិហារ គ្មានអ្នកទទួលភ្ញៀវណាម្នាក់ស្វាគមន៍គាត់ទេ។ ព្រះវិហារមានមនុស្សអង្គុយពេញ ហើយពេលដែលគាត់មើលទៅជួរកៅអី គាត់មិនឃើញនរណាម្នាក់បើកផ្លូវឲ្យគាត់ចូលទេ ដូចនេះគាត់ក៏បានបន្តដើរទៅមុខទៀត។ ទីបំផុត គាត់ក៏បានដើរទៅដល់ជួរកៅអីមុខគេ នៅតែរកមិនបានកន្លែងអង្គុយ ដូចនេះគាត់ក៏បានអង្គុយចុះនៅលើផ្លូវដើរចំពីមុខកន្លែងដាក់តុអាសនា ដោយអង្គុយពែនភ្នែននៅលើកម្រាលឥដ្ឋតែម្តង។ នៅពេលនោះ អ្នកជំនួយក្នុងព្រះវិហារ ជាមនុស្សមានមាឌតូច ពាក់អាវធំ មានក្រវ៉ាត់ក ក៏បានដើរមករកគាត់ពីកន្លែងអង្គុយខាងក្រោយ ហើយក៏បានអង្គុយនៅលើកម្រាលឥដ្ឋនៅក្បែរគាត់!
អ្នកជំនួយនោះបានធ្វើឲ្យខ្ញុំនឹកចាំលោក បាណាបាស ក្នុងកណ្ឌគម្ពីរកិច្ចការ។ អ្នកជំនួយនៅក្នុងព្រះវិហារមានសមាជិក៥០០នាក់ បាននាំមកនូវការផ្លាស់ប្រែក្នុងជីវិតបុរសនោះ ដែលទើបតែទទួលជឿព្រះអង្គ។
នៅពេលដែលសាវ័ក ប៉ុល ទើបទទួលជឿព្រះគ្រីស្ទ គាត់មិនដឹងថា ត្រូវទៅកន្លែងណាទេ។ អ្នកជឿព្រះនៅទីក្រុងយេរូសាឡឹម មានការភ័យខ្លាច និងសង្ស័យថា ជីវិតគាត់បានឆ្លងកាត់ការផ្លាស់ប្ដូរ ឬយ៉ាងណាទេ។ សាវ័ក ប៉ុល ត្រូវការនរណាម្នាក់លើកទឹកចិត្ត ដឹកនាំ និងណែនាំគាត់ទៅចូលរួមជាមួយពួកជំនុំ។ ព្រះអម្ចាស់ក៏បានជ្រើសរើសមនុស្សសាមញ្ញម្នាក់ ដែលព្រះអង្គបានធ្វើការក្នុងចិត្តតាំងពីដើមមក។ បុរសនោះជាជនបរទេសមកពីកោះគីប្រុស គាត់មានការយល់ដឹងជ្រៅជ្រះរឿងជំនឿសាសនា ហើយអ្នកដែលស្គាល់គាត់បានដាក់ឈ្មោះថ្មីឲ្យគាត់ថា បាណាបាស ដែលមានន័យថា «អ្នកជំនួយ» (កិច្ចការ ៤:៣៦)។ ចរិតលក្ខណៈរបស់លោក បាណាបាស ដែលចូលចិត្តលើកទឹកចិត្តគេ បានជះឥទ្ធិពលមកលើជីវិតសាវ័ក ប៉ុល។ ព្រះគម្ពីរមិនបានប្រាប់យើងថា លោក បាណាបាស បានចង្អុលបង្ហាញកន្លែងដែលសាវ័ក ប៉ុល ត្រូវទៅ គូផែនទីឲ្យគាត់ ឬក៏ប្រាប់គាត់ឲ្យទៅជួយនរណាម្នាក់ទេ។ ព្រះគម្ពីរគ្រាន់តែប្រើពាក្យដ៏សាមញ្ញថា «បាណាបាសនាំគាត់ទៅឯពួកសាវ័ក»។ ពេលណាអ្នកនាំនរណាម្នាក់ ទៅកន្លែងដែលពួកគេត្រូវទៅ អ្នកត្រូវចំណាយពេលវេលា កម្លាំង និងការរៀបចំគម្រោង។ លោក បាណាបាស ក៏បានអនុវត្តដូចនេះ នៅពេលដែលគ្មាននរណាម្នាក់ហ៊ានមកក្បែរសាវ័ក ប៉ុល។
លោក បាណាបាស ក៏បានក្លាយជាគូកនរបស់សាវ័ក ប៉ុល ក្នុងការធ្វើដំណើរបេសកកម្មលើកទី១ (កិច្ចការ ១៣:១-៣)។ លោក បាណាបាស បានធ្វើជាជំនួយដល់សាវ័ក ប៉ុល មិនគ្រាន់តែនៅដើមដំបូងនៃជីវិតគាត់ជាគ្រីស្ទបរិស័ទប៉ុណ្ណោះទេ តែក៏នៅពេលដែលគាត់ផ្សាយដំណឹងល្អដល់សាសន៍ដទៃផងដែរ។ មានតែព្រះដែលគង់នៅស្ថានសួគ៌ទេ ដែលជ្រាបច្បាស់ថា ជោគជ័យរបស់សាវ័ក ប៉ុល ក្នុងការបម្រើព្រះអង្គបានកើតមានដោយសារជំនួយពីលោក បាណាបាស ច្រើនប៉ុណ្ណាទេ ខណៈពេលដែលព្រះអង្គបានបន្តដាក់ឲ្យលោក បាណាបាស នៅក្បែរគាត់តាំងពីដើមដំបូង និងនៅពេលក្រោយៗទៀត។
យើងត្រូវការមនុស្សដែលមានវិញ្ញាណដូចលោក បាណាបាស ក្នុងពួកជំនុំយើង គឺមនុស្សដែលមានសេចក្តីអាណិត និងលះបង់ពេលវេលា កម្លាំង និងការធ្វើគម្រោង ដើម្បីឈោងទៅរក ហើយស្វាគមន៍អ្នកថ្មី ឬអ្នកដែលកំពុងជួបការលំបាក។ ជាការពិតណាស់ មនុស្សប្រភេទនេះកំពុងតែមានវត្តមាននៅតាមព្រះវិហារជាច្រើន។ ពួកជំនុំបានទទួលការទ្រទ្រង់ជារៀងរាល់សប្ដាហ៍ ដោយសារបុរស និងស្ត្រីដែលបានទទួលស្គាល់ថា ជារៀងរាល់ថ្ងៃ គ្មានពេលណាដែល «មិនសំខាន់នោះទេ»។ គ្មានការជួបគ្នាណា ដែលកើតឡើងដោយចៃដន្យដែរ។ គ្មានមនុស្សណាដែលមិនសំខាន់។ គ្មានកិច្ចការណាដែលមិនសំខាន់។ ពួកជំនុំនីមួយៗត្រូវការមនុស្សប្រភេទនេះ ដែលស្ម័គ្រចិត្តធ្វើអ្វីដែលចាំបាច់ ដើម្បី «នាំ» នរណាម្នាក់ចូលមកកាន់ពួកជំនុំដូចដែលលោក បាណាបាស នាំសាវ័ក ប៉ុល ផងដែរ។ តើអ្នកនឹងរស់នៅជាមនុស្សមានលក្ខណៈដូចនេះដែរឬទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ៤:៣២-៣៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ១៩-២១ និង កិច្ចការ ៥:១-២១