
ហ្វឹកហាត់ ដោយការលត់ដំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 6, 2025
«ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល» (១កូរិនថូស ៩:២៥-២៧)។
ទីក្រុងកូរិនថូស បានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអ៊ីតមេន (Isthmian Games) ដែលមានទំហំ និងសារៈសំខាន់ក្នុងលេខរៀងទីពីរ បន្ទាប់ពីការប្រកួតកីឡាអូឡាំពិក។ ការប្រកួតកីឡានេះ ជាចំណុចស្នូលនៃវប្បធម៌របស់ទីក្រុងនេះ។ ពលរដ្ឋនៅទីក្រុងនេះដឹងថា សម្រាប់កីឡាករម្នាក់ៗ ការប្រឹងប្រែងដែលពួកគេមានក្នុងអំឡុងពេលនៃការប្រកួត គឺគ្រាន់តែជាការប្រឹងប្រែងមួយភាគតូច បើធៀបនឹងការប្រឹងប្រែងហ្វឹកហាត់ពេញមួយជីវិត។ ហេតុនេះហើយ នៅពេលដែលសាវ័ក ប៉ុល សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់មិនគ្រាន់តែនិយាយអំពីការរត់ប្រណាំង និងការប្រកួតប៉ុណ្ណោះទេ តែគាត់ថែមទាំងបាននិយាយអំពីការហ្វឹកហាត់ផងដែរ។
នៅទីក្រុងកូរិនថូស ក្មេងៗមានអាយុប្រហែល៧ឆ្នាំ ត្រូវគេនាំទៅហាត់កីឡាដ៏តឹងរ៉ឹង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅពេលពួកគេធំឡើង។ គេរំពឹងថា អ្នកប្រកួតទាំងឡាយនឹងបញ្ចេញសមត្ថភាព ដែលធ្វើឲ្យគេដឹងថា ពួកគេបានឆ្លងកាត់ការហ្វឹកហាត់ដ៏តឹងរ៉ឹង។ គ្មាននរណាអាចរត់ប្រណាំងបានទេ បើសិនជាពួកគេមិនបានហាត់សមទុកអស់ជាច្រើនខែ មុនពេលការប្រកួតមកដល់។ ស្រដៀងគ្នានេះដែរ ជីវិតគ្រីស្ទបរិស័ទក៏គួរតែមានការលត់ដំជាសញ្ញាសម្គាល់ ដែលបង្ហាញអំពីការប្ដេជ្ញាចិត្តអស់កល្បជានិច្ច ចំពោះការរត់ប្រណាំងថ្វាយព្រះ។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់យើង ត្រូវតែដើរទន្ទឹមគ្នា។ បើយើងអះអាងថា យើងបានប្ដេជ្ញាចិត្តរស់នៅជាគ្រីស្ទបរិស័ទ តែយើងមិនមានការលត់ដំខាងវិញ្ញាណទេ នោះគឺគ្មានន័យអ្វីឡើយ។ ការអះអាងនេះ មិនខុសពីការនិយាយថា យើងត្រូវការក្រោកពីព្រលឹម ឬសម្រកទម្ងន់ ហើយប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យទាល់តែបាន ប៉ុន្តែបន្ទាប់មក យើងមិនដែលបានដាក់នាឡិការោទ៍ ហាត់ប្រាណ ឬបរិភោគឲ្យបានត្រឹមត្រូវទេ។ ការប្ដេជ្ញាចិត្តនោះបានប្រែជាគ្មានប្រយោជន៍ ដោយសារយើងខកខានមិនបានអនុវត្ត។
សាវ័ក ប៉ុល បានចាត់ទុកបញ្ហានេះ ជាអារម្មណ៍នៅខាងក្នុង ជាជាងការសម្រេចចិត្តដោយមានឆន្ទៈ ក្នុងការប្រើប្រាស់ពេលវេលារបស់យើង ទៅលើការអ្វីដែលយើងស្រឡាញ់ និងតាមរបៀបដែលយើងរស់នៅ។ គឺដូចដែលលោក គ្រូ ចេ.ស៊ី. រ៉ាយ (J.C. Ryle) ជាអ្នកនិពន្ធជនជាតិអង់គ្លេស នៅសតវត្សរ៍ទី១៩ បានសរសេរថា «សេចក្តីបរិសុទ្ធពិតប្រាកដ...មិនមែនគ្រាន់តែមានអារម្មណ៍ និងគំនិតនៅខាងក្នុង...តែជាការបង្ហាញឲ្យគេមើលឃើញព្រះគ្រីស្ទក្នុងជីវិត ទម្លាប់ ចរិតលក្ខណៈ និងការប្រព្រឹត្តរបស់យើង»2។
នៅសម័យបុរាណ ពេលណាកីឡាករដែលជោគជ័យ វិលត្រឡប់មកទីក្រុងរបស់គាត់វិញ គាត់មិនវិលត្រឡប់មកវិញ តាមច្រកទ្វារទីក្រុងដែលគាត់បានចេញនោះទេ តែគេវាយបំបែកកំផែងក្រុងមួយផ្នែកដើម្បីផ្តល់កិត្តិយសដល់គាត់។ ដូចនេះ គាត់ក៏បានចូលតាមច្រកទ្វារថ្មី ហើយប្រជាជននៅទីក្រុងជួបជុំ និងស្វាគមន៍គាត់ដោយពិធីអបអរដ៏ធំមួយ។ ការហ្វឹកហាត់ក្នុងជីវិតជាគ្រីស្ទបរិស័ទ មិននាំឲ្យយើងទទួលបានសេចក្តីសង្គ្រោះទេ។ មានតែព្រះគ្រីស្ទទេ ដែលឈ្នះបានសេចក្តីសង្គ្រោះ សម្រាប់យើងរាល់គ្នា។ ទោះជាយ៉ាងណាក៏ដោយ ការលត់ដំខាងវិញ្ញាណ នាំឲ្យយើងមានក្តីអំណរជាបរិបូរ នៅពេលដែលយើងបានចូលនគរព្រះអង្គ។ ពេលយើងបានចូលនគរព្រះអង្គ បើសិនជាយើងបានឮព្រះអង្គមានបន្ទូលស្វាគមន៍ថា «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ» (ម៉ាថាយ ២៥:២១) យើងនឹងមានកិត្តិយស និងក្តីអំណរ ដែលប្រសើរលើសពេលដែលយើងបានចូលតាមច្រកទ្វារថ្មីទៅទៀត!
នេះជាការពិពណ៌នា អំពីទិដ្ឋភាពនៃការចូលនគរស្ថានសួគ៌ ដែលព្រះបន្ទូលបានចែងថា អ្នកដែលរត់ប្រណាំង និងស៊ូទ្រាំក្នុងការហ្វឹកហាត់លត់ដំ និងបានរត់ដល់ទីអាចចូលក្នុងនគរស្ថានសួគ៌បាន។ ដូចនេះ ចូរយើងសួរខ្លួនឯងថា តើខ្ញុំបានបង្ហាញការប្ដេជ្ញាចិត្ត ដោយមិនបានអនុវត្តឬ? តើមានផ្នែកណាក្នុងជីវិតជាគ្រីស្ទបរិស័ទ ដែលខ្ញុំចាំបាច់ត្រូវមានការលត់ដំ ដើម្បីឲ្យខ្ញុំកាន់តែមានលក្ខណៈដូចព្រះអម្ចាស់? បន្ទាប់មក ចូលមើលទៅមុខឆ្ពោះទៅរកពេលដែលអ្នកនឹងបញ្ចប់ការរត់ប្រណាំង ហើយចូលទៅក្នុងសិរីល្អ ព្រោះការផ្ដោតចិត្តដូចនេះ នឹងបណ្ដាលចិត្តអ្នកឲ្យចង់ហ្វឹកហាត់ដ៏ចាំបាច់។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ១៣:៨-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ២៨-២៩ និង កិច្ចការ ៧:១-២១