ព្រឹក

អធិស្ឋានក្នុងស្ថានភាពអស់សង្ឃឹម
ដោយKenneth Petersen
July 8, 2025
យ៉ូហាន ១១:១-៧,១៧-២៥
ព្រះយេស៊ូវមានបន្ទូលទៅនាងថា ប្អូននាងនឹងរស់ឡើងវិញ។ យ៉ូហាន ១១:២៣
កាលពីឆ្នាំ ២០១១ អ្នកស្រី ឃែរេយ ផែកខាដ (KAREY PACKARD) និងកូនស្រីរបស់គាត់ កំពុងរៀបរបស់របរដាក់ចូលក្នុងប្រអប់ ដើម្បីផ្លាស់ទីលំនៅទៅកន្លែងថ្មី។ ភ្លាមៗនោះ អ្នកស្រីឃែរេយក៏បានងងឹតមុខដួល ហើយបេះដូងគាត់ក៏បានឈប់លោត។ វេជ្ជបណ្ឌិតក៏បានជួយឲ្យបេះដូងគាត់លោតឡើងវិញ តែស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរជាងមុន ក្នុងពេលមួយយប់នោះ។ គេក៏បានប្រាប់លោក ក្រេក (CRAIG) ដែលជាស្វាមីរបស់គាត់ ឲ្យហៅសាច់ញាតិឲ្យមកមើលគាត់ជាលើកចុងក្រោយ។ ពួកគេក៏បាននាំគ្នាអធិស្ឋាន។ លោក ក្រេកបានហៅការអធិស្ឋាននោះថា “ការអធិស្ឋានក្នុងស្ថានភាពដែលអស់សង្ឃឹម”។
តើមានពេលប៉ុន្មានដងហើយ ដែលយើងបានអធិស្ឋាន ក្នុងស្ថានភាពដែលអស់សង្ឃឹម ដោយសាររឿងវិបត្តិ? នាង ម៉ារា និងនាង ម៉ាថា ក៏ធ្លាប់បានអធិស្ឋានក្នុងស្ថានភាពអស់សង្ឃឹមផងដែរ។ ពួកគេក៏បានចាត់គេឲ្យទៅឯព្រះយេស៊ូវ ទូលថា ព្រះអម្ចាស់អើយ មើល អ្នកដែលទ្រង់ស្រឡាញ់នោះគាត់ឈឺ (យ៉ូហាន ១១:៣)។ នៅពេលដែលព្រះយេស៊ូវយាងមកដល់ លោក ឡាសាបានស្លាប់៤ថ្ងៃហើយ។ នាង ម៉ាថាក៏បានទូលព្រះយេស៊ូវ ទាំងចិត្តសោកសង្រេងថា “ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ” (ខ.២១)។ នាងដឹងថា ព្រះគ្រីស្ទអាចប្រោសមនុស្សឲ្យជាពីជំងឺ តែមិនបាននឹកស្មានថា ព្រះអង្គមានអំណាចមកលើសេចក្តីស្លាប់ទេ។ ព្រះយេស៊ូវក៏បានប្រោសលោក ឡាសាឲ្យរស់ឡើងវិញ ដែលជាការបង្ហាញទុកជាមុន អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ នៅពេលប៉ុន្មានសប្តាហ៍ទៀត។
គ្រូពេទ្យក៏បានប្រកាសថា អ្នកស្រី ឃែរេយបានលាចាកលោក តែព្រះទ្រង់បានប្រោសគាត់ឲ្យរស់ឡើងវិញ ដោយការអស្ចារ្យ។ ក្នុងរឿងរបស់អ្នកស្រី ឃែរេយ និងលោក ឡាសា យើងងាយនឹងមើលរំលងចំណុចសំខាន់មួយគឺ ព្រះទ្រង់មានផែនការធ្វើអ្វីមួយ ដោយមិនឲ្យយើងដឹងមុន។ ក្នុងពេលបច្ចុប្បន្ន ព្រះអង្គមិនបានប្រោសមនុស្សឲ្យបានជាទាំងអស់គ្នា ឬប្រោសមនុស្សស្លាប់ទាំងអស់ឲ្យរស់ពីស្លាប់ឡើងវិញ។ តែព្រះអង្គបានប្រទាននូវការធានាថា “ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ” (ខ.២៥)។ ក្នុងនាមយើងជាអ្នកជឿព្រះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ យើងដឹងថា យើងនឹងបានទៅរស់នៅជាមួយព្រះយេស៊ូវ។ ការដឹងដូចនេះ អាចធ្វើឲ្យយើងកាន់តែមានសង្ឃឹម ក្នុងការអធិស្ឋាន ក្នុងស្ថានភាពអស់សង្ឃឹម។—KENNETH PETERSEN
តើអ្នកបានឆ្លងកាត់ស្ថានភាពអ្វីខ្លះដែលអស់សង្ឃឹម? តើអ្នកបានអធិស្ឋានដូចម្តេចខ្លះ ក្នុងការឆ្លងកាត់ស្ថានភាពនោះ?
ឱព្រះវរបិតា សូមព្រះអង្គបើកភ្នែកទូលបង្គំ ឲ្យមើលឃើញផែនការរបស់ព្រះអង្គ
ដែលធំជាងនេះ គឺមិនគ្រាន់តែមើលឃើញអ្វីដែលនៅចំពោះមុខទូលបង្គំប៉ុណ្ណោះឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៦-៣៧ និង កិច្ចការ ១៥:២២-៤១
ប្រភេទ
ល្ងាច

ចូរមកដោយការបន្ទាបខ្លួន និងស្វែងរកដោយចិត្តស្មោះត្រង់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 8, 2025
«នោះពួកផារិស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សម្ដែងទីសម្គាល់ពីលើមេឃឲ្យគេឃើញ ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសម្គាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសម្គាល់ណាប្រទានមកមនុស្សដំណនេះឡើយ» (ម៉ាកុស ៨:១១-១២)។
គ្រូបង្រៀននៅសាលារៀន និងសាស្ត្រាចារ្យនៅមហាវិទ្យាល័យ ច្រើនតែជួបប្រទះនូវសំណួរពីសិស្សពីរប្រភេទ គឺអ្នកដែលសួរសំណួរដោយការគួរសម ហើយមានចិត្តពិតជាចង់បានចម្លើយមែន និងអ្នកដែលសួរផ្ចាញ់ផ្ចាល ដោយចិត្តចង់ឈ្នះ។ មនុស្សប្រភេទទី១ ពិតជាស្វែងរកការយល់ដឹង។ តែមនុស្សប្រភេទទី២ មានចិត្តចង់សម្រេចគោលបំណង ដោយចង់ឲ្យគេទទួលយកគំនិតរបស់ខ្លួន ឬគ្រាន់តែចង់ឲ្យគេគិតថា ខ្លួនជាមនុស្សឆ្លាត ជាជាងស្វែងរកចំណេះដឹងពីគ្រូបង្រៀន។
ពួកផារិស៊ីច្រើនតែផ្ចាញ់ផ្ចាលការបង្រៀន និងព្រះរាជកិច្ចរបស់ព្រះយេស៊ូវជាសាធារណៈ ដើម្បីធ្វើតេស្ដចំណេះដឹងរបស់ព្រះអង្គ ឬដើម្បីផ្ដួលព្រះអង្គ គឺខុសពីហ្វូងមនុស្សដែលបានមើលឃើញ និងមានចិត្តស្ងើចសរសើរចំពោះការអស្ចារ្យរបស់ព្រះគ្រីស្ទ។ ពួកគេមានវត្តមាននៅទីនោះ មិនមែនដើម្បីមើលកិច្ចការដ៏អស្ចារ្យដែលព្រះអង្គកំពុងធ្វើ ឬដើម្បីពិចារណាឲ្យដឹងច្បាស់ថា ព្រះអង្គជានរណាឡើយ។ ពួកគេមានវត្តមាននៅទីនោះ ដើម្បីធ្វើឲ្យព្រះអង្គជំពប់ដួល ឬដើម្បីដាក់អន្ទាក់ព្រះអង្គ។
ព្រះយេស៊ូវបានឆ្លើយតប ដោយព្រះទ័យអាណិត ចំពោះហ្វូងមនុស្សដែលដើរតាមព្រះអង្គ។ ព្រះអង្គមានព្រះទ័យសប្បុរសដល់អ្នកដែលចូលមករកទ្រង់ ដោយចិត្តដែលបន្ទាបចុះ ដោយទទួលស្គាល់តម្រូវការរបស់ខ្លួន។ ព្រះអង្គមិនបានបណ្ដេញនរណាម្នាក់ ដែលចូលមករកសេចក្តីពិត ដោយចិត្តស្មោះត្រង់នោះឡើយ។ ប៉ុន្តែ នៅពេលដែលព្រះអង្គប្រឈមមុខដាក់អ្នកដឹកនាំសាសនាដែលទាស់ប្រឆាំងព្រះអង្គ ទ្រង់ក៏បានស្តីបន្ទោសពួកគេដោយសេចក្តីសុចរិត និងសេចក្តីអត់ធ្មត់ ចំពោះអ្នកដែលចូលមករកព្រះអង្គ ដើម្បីលើកតម្កើងខ្លួនឯង និងដើម្បីផ្ចាញ់ផ្ចាលការអះអាងរបស់ព្រះអង្គ។
មនុស្សសួរសំណួរដោយអាកប្បកិរិយាពីរប្រភេទ គឺដោយបន្ទាបខ្លួន ឬដោយអំនួត។ ហើយព្រះអង្គជាគ្រូបង្រៀនដែលតែងតែជ្រាបអំពីភាពខុសគ្នានេះ។
អ្នកខ្លះនិយាយថា ខ្លួនជឿព្រះ តែមិនបានទទួលអត្ថប្រយោជន៍អ្វីពីការបង្រៀនក្នុងព្រះគម្ពីរឡើយ។ ពួកគេអង្គុយស្តាប់គ្រូគង្វាលអធិប្បាយព្រះបន្ទូលរៀងរាល់ថ្ងៃអាទិត្យ ប៉ុន្តែទន្ទឹមនឹងនោះ ពួកគេក៏កំពុងស្វែងរកហេតុផលដែលមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើកិច្ចការដែលព្រះគ្រីស្ទបានសម្រេចហើយដែរ។ ពួកគេបានចោទជាសំណួរ ដែលរារាំងមិនឲ្យពួកគេមានការប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់ ហើយបន្ទាប់មកពួកគេឆ្ងល់ថា ហេតុអ្វីពួកគេមិនដែលទទួលបានចម្លើយដែលពួកគេចង់បាន។ នេះមិនមែនជារបៀបនៃការរស់នៅរបស់កូនព្រះទេ។ យើងគួរតែខិតខំរៀនសូត្រពីព្រះដែលជាគ្រូរបស់យើង ដោយភាពតូចទាប និងការចង់ចេះចង់ដឹង ហើយពេលណាចិត្តរបស់យើងតប់ប្រមល់ ចូរយើងចូលមករកព្រះអង្គ ដោយការបន្ទាបខ្លួន ដោយទូលសូមព្រះអង្គជួយយើងឲ្យបើកចិត្តទទួលចម្លើយ ដោយមិនទាមទារឲ្យព្រះអង្គ ធ្វើតាមគោលបំណង ឬការរំពឹងចង់បានរបស់យើងនោះទេ។
បើអ្នកមានខួរក្បាលធំ ព្រះគម្ពីរអាចចម្អែតភាពស្រេកឃ្លានខាងចំណេះដឹងរបស់អ្នកបាន។ បើអ្នកមានក្បាលធំ អំនួតរបស់អ្នកនឹងធ្វើឲ្យអ្នកមិនអាចមើលឃើញភាពច្បាស់លាស់ និងសេចក្តីពិតនៃព្រះបន្ទូលព្រះបានទេ។ ព្រះគ្រីស្ទត្រៀមជាស្រេច ដើម្បីគាំទ្រភាពស្មោះត្រង់ដែលមនុស្សមាន ក្នុងការស្វែងរកចំណេះដឹងពីព្រះអង្គ ប៉ុន្តែព្រះអង្គមិនដែលគាំទ្រភាពក្រអឺតក្រទមរបស់ពួកគេឡើយ។
យើងរាល់គ្នាសុទ្ធតែចង់ទូលសួរព្រះយេស៊ូវ អំពីពិភពលោក អំពីជីវិតរបស់យើង និងអំពីផ្លូវដែលយើងគួរទៅ។ ព្រះយេស៊ូវមិនដែលគេចចេញពីមនុស្សដែលចូលមករកព្រះអង្គទេ ហើយព្រះអង្គក៏ស្វាគមន៍សំណួរពីប្អូនប្រុសប្អូនស្រីរបស់ព្រះអង្គផងដែរ។ ប៉ុន្តែ ក្រៅពីចង់សួរសំណួរនោះ ចូរគិតអំពីដួងចិត្តរបស់អ្នកផងដែរ។ បើអ្នកមានសំណួរអ្វី ចូរសួរចុះ ប៉ុន្តែ មុននឹងសួរ អ្នកត្រូវគិតឲ្យបានច្បាស់ អំពីគោលបំណងដែលអ្នកចង់សួរ។ តើអ្នកបានទទួលការបណ្ដាលចិត្តពីសេចក្តីជំនឿ នៅក្នុងការស្វែងរកចំណេះដឹងក្នុងព្រះគម្ពីរ ឬបានទទួលការបណ្ដាលចិត្តពីសេចក្តីអំនួត ដែលព្យាយាមបង្ហាញឲ្យគេដឹងថា អ្នកមានចំណេះដឹងច្រើនជាងគេ?
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ១០:២-២២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ចោទិយកថា ៣២-៣៤ និង កិច្ចការ ៧:៤៤-៦០