ព្រឹក

ការវង្វេងដ៏តក់ស្លុត ក្នុងរូងភ្នំ
ដោយTim Gustafson
July 9, 2025
១ថែស្សាឡូនិច ៥:១៦-២៤
កុំឲ្យពន្លត់ព្រះវិញ្ញាណ។ ១ថែស្សាឡូនិច ៥:១៩
មានក្មេងជំទង់ឈាមរាវបីនាក់ បានចូលក្នុងរូងក្រោមដីមួយកន្លែង ដែលមានប្រព័ន្ធខ្វាត់ខ្វែងជាប់នឹងរូងភ្នំដំរីមែនម៉ត។ លោក ពូ ហ្វ្រ៊ែង (UNCLE FRANK) គឺជាអ្នកចូលរូងភ្នំ មានបទពិសោធន៍ច្រើន ហើយក៏មានការយល់ដឹងច្រើនអំពីផ្នែកនេះ។ គាត់បានរួមដំណើរជាមួយពួកគេ។ គាត់ស្គាល់កន្លែងដែលចោទខ្លាំង និងចំណុចដែលមានគ្រោះថ្នាក់ ហើយក៏តែងតែប្រាប់អ្នកទាំងបីឲ្យទៅតាមគាត់ តែពួកគេនៅតែដើរឆ្ងាយពីគាត់។
គាត់ក៏បានបន្ថយពន្លឺភ្លើងពិល ដែលគាត់បានពាក់នៅលើក្បាលគាត់ ហើយសម្រេចចិត្តឈប់ណែនាំពួកគេទៀត។ មិនយូរប៉ុន្មាន ក្មេងប្រុសទាំងនោះក៏បានដឹងថា ពួកគេបានវង្វេងចេញពីអ្នកនាំផ្លូវរបស់ខ្លួន។ ពួកគេក៏បានស្រែកហៅឈ្មោះគាត់ ទាំងអារម្មណ៍តក់ស្លុត តែមិនបានឮគាត់ឆ្លើយសោះ។ ទីបំផុតពួកគេក៏បានឃើញពន្លឺភ្លើងពិលរបស់គាត់ភ្លឹបភ្លែតៗពីចម្ងាយ។ ពួកគេមានអារម្មណ៍ធូរស្បើយ និងមានសន្តិភាពក្នុងចិត្តភ្លាម! ឥឡូវនេះ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីដើរតាមអ្នកនាំផ្លូវរបស់ពួកគេ។
រឿងពិតមួយនេះអាចធ្វើជារឿងប្រៀបប្រដូច អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ។ យើងងាយនឹងជួបការល្បួងឲ្យដើរតាមផ្លូវវាង ចេញពីសម្លេងដែលត្រាស់ហៅយើង ឲ្យដើរតាមព្រះមួយអង្គដែលមានបន្ទូលថា “ចូរមកតាមខ្ញុំ” (ម៉ាថាយ ១៦:២៤)។ សម្លេងនោះគឺជាសម្លេងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលគង់នៅក្នុងកូនរបស់ព្រះ (កិច្ចការ ២:៣៨-៣៩)។
ព្រះវិញ្ញាណរបស់ព្រះ មិនដែលបោះបង់យើងចោលឡើយ តែយើងច្រើនតែមិនអើពើចំពោះការដឹកនាំរបស់ព្រះអង្គ។ សាវ័កប៉ុលបានដាស់តឿនយើង កុំឲ្យពន្លត់ព្រះវិញ្ញាណ (១ថែស្សាឡូនិច ៥:១៩)។ ផ្ទុយទៅវិញ “ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់” (ខ.១៦-១៨)។ ពេលណាយើងធ្វើដូចនេះ យើងនឹងបានដើរតាមអ្នកនាំផ្លូវយើង ដែលជា “ព្រះនៃសេចក្តីសុខសាន្ត” ដែលញែកយើងជាបរិសុទ្ធសព្វគ្រប់” (ខ.២៣)។ យើងមិនសម្រេចការនេះដោយខ្លួនឯងបានទេ ព្រោះនេះជាការងាររបស់ព្រះអង្គ។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើងថា “ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ” (ខ.២៤)។—TIM GUSTAFSON
តើអ្នកបានព្រងើយកន្តើយចំពោះព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូចម្តេចខ្លះ?
តើអ្នកអាចដើរតាមព្រះអង្គ កាន់តែជិតស្និទ្ធដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យដើរតាមព្រះអង្គ យ៉ាងប្រកិត ដោយការផ្តោតចិត្តចំពោះព្រះអង្គ ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣៨-៤០ និង កិច្ចការ ១៦:១-២១
ប្រភេទ
ល្ងាច

ការបង្រៀនសម្រាប់ឪពុកទាំងឡាយ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 9, 2025
«ឪពុករាល់គ្នាអើយ កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ» (អេភេសូរ ៦:៤)។
ក្នុងសង្គមរបស់ជនជាតិរ៉ូម៉ាំង បុរសជាឪពុកមានអំណាចសម្រេចអ្វីៗគ្រប់យ៉ាងក្នុងគ្រួសារ។ គឺដូចដែលលោក វីលៀម បាខ្លេយ (William Barclay) បានសរសេរថា «ឪពុកជាសាសន៍រ៉ូម៉ាំង មានអំណាចដាច់ខាតមកលើគ្រួសារគាត់...គាត់អាចចាប់ចង ឬវាយប្រដៅកូនប្រុសរបស់គាត់ គាត់អាចលក់កូនប្រុសគាត់ធ្វើជាទាសករ ហើយថែមទាំងមានសិទ្ធិកាត់ទោសប្រហារជីវិតកូនប្រុសគាត់...ប្រជាជនរ៉ូម៉ាំងដឹងថា ការលត់ដំកូនមានលក្ខណៈដូចម្ដេចខ្លះ»។3
ដូចនេះ ចូរកត់សម្គាល់ថា ក្នុងបទគម្ពីរខាងលើ សាវ័ក ប៉ុល មិនគ្រាន់តែប្រាប់ឪពុកម្តាយឲ្យប្រើអំណាចក្នុងការប្រៀនប្រដៅកូនប៉ុណ្ណោះទេ។ តែគាត់ក៏បានទទួលស្គាល់អំណាចដែលឪពុកម្តាយមានក្នុងការប្រៀនប្រដៅកូន និងប្រើអំណាចនោះឲ្យបានត្រឹមត្រូវផងដែរ។ ជាបឋម ការបង្រៀនរបស់គាត់មានលក្ខណៈជាបម្រាម «កុំឲ្យចាក់រុកកូនរបស់ខ្លួន»។ គាត់ជំរុញឪពុកទាំងឡាយ ឲ្យមានការគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្នុងការប្រៀបប្រដៅកូន ពុំនោះទេ ការប្រៀនប្រដៅនោះនាំឲ្យមានគ្រោះថ្នាក់ ច្រើនជាងមានប្រយោជន៍ ដោយវាធ្វើឲ្យកូនមានចិត្តនឿយណាយ ឬបណ្ដាលឲ្យពួកគេបាក់ទឹកចិត្ត មានចិត្តជូរល្វីង ឬខឹង។
តើកូនរបស់យើងមានកំហឹង ដោយសារការប្រៀនប្រដៅរបស់យើងដោយរបៀបណា? គឺតាមរយៈ ភាពអាត្មានិយម ភាពធ្ងន់ធ្ងរ ភាពមិនទៀងទាត់ ភាពគ្មានហេតុផល ភាពលម្អៀង ការបញ្ឈឺចិត្ត ការចាប់កំហុស និងការមិនឲ្យតម្លៃមកលើការរីកចម្រើនរបស់ពួកគេ។ល។ ប៉ុន្តែ កត្តាដ៏ច្រើនយ៉ាងនេះ មិនគួរធ្វើឲ្យយើងបាក់ទឹកចិត្ត ក្នុងការប្រៀនប្រដៅកូននោះទេ។ ផ្ទុយទៅវិញ ការនេះគួរតែបានរំឭកយើងថា ការទទួលខុសត្រូវនេះ លើសពីសមត្ថភាពរបស់យើង បើសិនជាយើងមិនពឹងផ្អែកលើព្រះគុណព្រះទេនោះ។
ប៉ុន្តែ ការបង្រៀនរបស់សាវ័ក ប៉ុល មិនគ្រាន់តែជាបម្រាមនោះទេ តែក៏មានការបង្គាប់ផងដែរ។ ពាក្យ «ចូរបង្រៀនវា» ក៏អាចមានន័យថា «ចូរជួយវាឲ្យលូតលាស់ឡើង»។ ត្រង់ចំណុចនេះ គាត់មិនគ្រាន់តែបានក្រើនរំឭកយើងឲ្យចិញ្ចឹមកូន ដោយការថ្នាក់ថ្នម ដូចការថែទាំដំណាំប៉ុណ្ណោះទេ ប៉ុន្តែ ការប្រៀនប្រដៅកូនមិនមែនជាកិច្ចការដែលយើងធ្វើតែមួយពេលនោះឡើយ ផ្ទុយទៅវិញ ការប្រៀនប្រដៅកូនគឺជាការធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំ។ ទន្ទឹមនឹងនោះ «ការជួយឲ្យលូតលាស់ឡើង» ក៏រាប់បញ្ចូល «ការលត់ដំ» ពោលគឺ លត់ដំតាមព្រះគម្ពីរ ដោយឪពុកត្រូវមានការផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ធ្វើជាគំរូដល់គាត់ ហើយ «ការជួយឲ្យលូតលាស់ឡើង» ក៏រាប់បញ្ចូល «ការបង្រៀន» ដែលជាការនាំព្រះបន្ទូលព្រះយ៉ាងសុភាព ចូលក្នុងគំនិតរបស់កូន ដើម្បីឲ្យចរិតលក្ខណៈរបស់ពួកគេបានផ្លាស់ប្រែពិតប្រាកដ។
បើអ្នកជាឪពុកម្តាយ តើអ្នកអាចសម្រេចកិច្ចការនេះដោយរបៀបណា? គឺដោយសារព្រះគុណព្រះ និងភាពអត់ធ្មត់។ តាមន័យផ្សាហ៊ុន ការចិញ្ចឹមកូន មិនមែនជាការធ្វើជំនួញតែមួយថ្ងៃនោះទេ តែជាការវិនិយោគរយៈពេលវែង។ ក្មេងអាយុ៤ឆ្នាំដែលមិនស្តាប់បង្គាប់ បានទទួលសេចក្តីស្រឡាញ់ និងការលត់ដំពីឪពុកម្តាយដែលកោតខ្លាចព្រះ តែអាចក្លាយជាយុវជនដែលចេះគិតពីអ្នកដទៃ និងមានក្តីស្រឡាញ់ នេះជាទីបន្ទាល់ដ៏អស្ចារ្យ។ ដូចនេះ បើអ្នកមិនមែនជាឪពុកម្តាយទេ ចូរអធិស្ឋានឲ្យអ្នកដទៃដែលជាឪពុកម្តាយ។ ពួកគេត្រូវការអ្នកអធិស្ឋានឲ្យពួកគេ! ហើយបើអ្នកជាឪពុកម្តាយ ចូរពិចារណាអំពីរបៀបដែលអ្នកចិញ្ចឹមកូន។ តើអ្នកប្រើអំណាចជាឪពុកម្តាយក្នុងគ្រួសារយ៉ាងដូចម្ដេចខ្លះ? តើអ្នកប្រៀនប្រដៅកូនដូចម្ដេចខ្លះដែលនាំឲ្យពួកគេមានកំហឹង? តើអ្នកអាចបង្រៀនព្រះបន្ទូលព្រះដល់កូនរបស់អ្នកបានយ៉ាងដូចម្ដេចខ្លះ? តើអ្នកមានការផ្លាស់ប្រែឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ តាមរយៈការបំពេញតួនាទីជាឪពុកម្តាយដូចម្ដេចខ្លះ? សូមចាំថា ការប្រៀនប្រដៅកូន ជាទង្វើដែលបង្ហាញពីព្រះគុណព្រះ។ យើងត្រូវមានការទទួលខុសត្រូវដោយចិត្តស្មោះត្រង់។ ប៉ុន្តែ អ្នកនឹងដួលចុះ បើសិនជាអ្នកមិនបាននឹកចាំថា ព្រះគុណតែងតែមានភាពគ្រប់គ្រាន់ ដើម្បីឲ្យអ្នកអាចជម្នះកំហុសគ្រប់យ៉ាង។ សេចក្តីពិតនេះអាចស្អាងអ្នកឡើង ហើយក៏អាចជួយឲ្យអ្នកបន្ទាបខ្លួនអធិស្ឋានផងដែរ!
ព្រះគម្ពីរសញ្ជឹងគិត៖ ចោទិយកថា ៦:១-១៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អូបាឌា និង កិច្ចការ ៨:១-២៥