ព្រឹក

រកឃើញជីវិតក្នុងព្រះគ្រីស្ទ
ដោយTom Felten
July 11, 2025
អេម៉ុស ៥:១-៦,១០-១៤
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះឯងរាល់គ្នានឹងរស់នៅ។ អេម៉ុស ៥:៦
មានគ្រួសារមួយបាត់បង់ការទាក់ទងជាមួយកូនប្រុសរបស់ខ្លួន ឈ្មោះ ថាយល័រ (TYLER) អស់ជាច្រើនឆ្នាំ។ ថ្ងៃមួយ គេបានយកក្រឡតូចមួយមកជូនពួកគេ ដោយនិយាយប្រាប់ពួកគេថា ក្នុងក្រឡនោះមានធាតុរបស់គាត់ ដែលគេបានបូជាហើយ។ ថាយល័រទើបតែមានអាយុ២០ឆ្នាំ ហើយគាត់ទំនងជាស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ អស់ជាច្រើនឆ្នាំមកហើយ ដែលថាយល័រត្រូវទទួលរងផលវិបាកនៃការញៀនថ្នាំ និងការសម្រេចចិត្តដោយខ្វះការពិចារណា។ ប៉ុន្តែ មុនពេលគេជូនដំណឹងថា គាត់ស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត គាត់បានផ្តាច់ថ្នាំញៀនហើយ បន្ទាប់ពីគាត់បានចំណាយពេលក្នុងមជ្ឈមណ្ឌលកែប្រែមួយកន្លែង និងបានឆ្លងកាត់កម្មវិធីផ្តាច់ថ្នាំញៀនដោយជោគជ័យ។ បន្ទាប់មក អាជ្ញាធរក៏បានធ្វើការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើល។ តាមពិត ថាយល័រនៅមានជីវិតទេ។ ពួកគេបានច្រឡំគាត់ជាមួយនឹងយុវជនម្នាក់ទៀត ដែលបានស្លាប់បាត់បង់ជីវិតដោយសារការប្រើថ្នាំញៀនលើសកំរិត។ ក្រោយមក បន្ទាប់ពីគាត់បានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់ ហើយសញ្ជឹងគិតអំពីការស្លាប់របស់យុវជនម្នាក់នោះ គាត់ក៏បាននិយាយថា “អ្នកស្លាប់នោះអាចជាខ្ញុំ”។
ប្រជាជាតិអ៊ីស្រាអែលបានដឹងអំពីការស្លាប់របស់ខ្លួន ទោះពួកគេកំពុងមានជីវិតរស់ក៏ដោយ។ ក្នុងទំនុកនៃការសោកសង្រេង ហោរា អេម៉ុសបានច្រៀងអំពីការស្លាប់នេះ ទៅកាន់រាស្រ្តរបស់ព្រះដែលកំពុងបះបោរ យ៉ាងដូចនេះថា “នាងព្រហ្មចារី គឺនគរអ៊ីស្រាអែល បានដួលចុះហើយនឹងក្រោកឡើងវិញមិនបានឡើយ” (អេម៉ុស ៥:២)។ ពាក្យពេចន៍ទាំងនេះប្រាកដជាបានធ្វើឲ្យពួកគេចាប់អារម្មណ៍។ តើពួកគេបានស្លាប់ហើយឬ? តែលោកហោរាក៏បានថ្លែងអំពីព្រះបន្ទូលកម្សាន្តចិត្តមកពីព្រះអម្ចាស់ផងដែរថា “ចូរស្វែងរកអញ នោះឯងរាល់គ្នានឹងរស់នៅ ... យ៉ាងនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងគង់នៅជាមួយនឹងឯងជាពិត” (ខ.៤,១៤)។ ទោះពួកអ៊ីស្រាអែលបានស្លាប់ក្នុងអំពើបាបរបស់ខ្លួន ដែលទាស់ប្រឆាំងនឹងព្រះក៏ដោយ ក៏ព្រះអង្គនៅតែត្រាស់ហៅពួកគេឲ្យងាកបែរមករកព្រះអង្គ ហើយរកឃើញជីវិត។
ខណៈពេលដែលយើងដោះស្រាយបញ្ហានៃអំពើបាបរបស់យើង ចូរយើងសារភាពបាបរបស់យើង ហើយនាំវាមកថ្វាយព្រះ ដែលស្រឡាញ់ និងអត់ទោសឲ្យយើង។ ព្រះអង្គនឹងដឹកនាំយើងដោយសេចក្តីស្រឡាញ់ ចេញពីសេចក្តីស្លាប់ ចូលទៅរកជីវិត (យ៉ូហាន ៥:២៤)។—TOM FELTEN
តើការទាស់ប្រឆាំងនឹងព្រះ បាននាំទៅរកសេចក្តីស្លាប់ដោយរបៀបណា? តើអ្នកចាំបាច់ត្រូវសារភាពអ្វីខ្លះដល់ព្រះអង្គ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យងាកបែរពីអំពើបាប ហើយរកឃើញជីវិតក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១-៣ និង កិច្ចការ ១៧:១-១៥
ប្រភេទ
ល្ងាច

ភាពពេញវ័យរបស់គ្រីស្ទបរិស័ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 11, 2025
«មិនមែនថា ខ្ញុំបានទទួល ឬថា ខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ...ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ។ ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់លក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសម្ដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្តីនេះដែរ» (ភីលីព ៣:១២, ១៤-១៥)។
មានពេលតិចណាស់ ដែលគួរឲ្យស្រឡាញ់ដូចពេលដែលក្មេងៗមានការស្រមើស្រមៃធំៗ ហើយធ្វើការអះអាងលើសពីការពិតអំពីឪពុកម្តាយរបស់ពួកគេថា «ប៉ាខ្ញុំអាចធ្វើរឿងនេះបាន ឬម្តាយខ្ញុំគាត់ពូកែខ្លាំងណាស់ គាត់អាចធ្វើរឿងនោះបាន» ឬពួកគេអះអាងអំពីអ្វីដែលពួកគេអាចធ្វើបាន។ ប៉ុន្តែ បើពាក្យសម្ដីនេះចេញពីបបូរមាត់របស់មនុស្សអាយុ២៥ឆ្នាំ ឬ៥០ឆ្នាំ នោះស្តាប់មើលទៅ ហាក់ដូចជាមិនគួរឲ្យស្រឡាញ់ដូចនេះទេ! បើពួកគេហ៊ាននិយាយដូចនេះ គេនឹងប្រាប់ពួកគេថា «អាយុប៉ុណ្ណឹងហើយ នៅតែគិតអញ្ចឹងទៀត!»
យើងរំពឹងថា នឹងបានឃើញភាពពេញវ័យ នៅក្នុងជីវិតមនុស្សដែលមានអាយុច្រើន ហើយយើងក៏បានដឹងផងដែរថា មានសញ្ញាសម្គាល់អំពីភាពពេញវ័យនៅក្នុងផ្លូវកាយ ផ្លូវអារម្មណ៍ និងផ្លូវចិត្ត ហេតុនេះហើយ យើងក៏គួរតែរំពឹងថា នឹងបានឃើញភាពពេញវ័យនៅក្នុងផ្លូវវិញ្ញាណផងដែរ។ ហើយសាវ័ក ប៉ុល បានពន្យល់ថា បើយើងពិតជាកំពុងចម្រើនឡើង ក្នុងភាពពេញវ័យខាងវិញ្ញាណមែន នោះយើងក៏ត្រូវមានចរិតលក្ខណៈមួយចំនួន ជាសញ្ញាសម្គាល់នៃជីវិតរបស់យើង និងការដើរជាមួយព្រះ។
ភាគច្រើន សង្គមរបស់យើងកំពុងជំរុញយើងឲ្យទទួលស្គាល់ថា យើងជានរណា យើងសម្រេចបានអ្វី ឬបានទៅឆ្ងាយប៉ុណ្ណាហើយ។ ផ្ទុយទៅវិញ ការធ្វើដំណើរឆ្ពោះទៅរកភាពពេញវ័យខាងវិញ្ញាណចាប់ផ្តើម នៅពេលដែលយើងទទួលស្គាល់ដែនកំណត់របស់យើង។ ភាពមិនពេញវ័យនាំឲ្យយើងគិតអំពីខ្លួនឯង លើសពីអ្វីដែលយើងគួរគិត (រ៉ូម ១២:៣) ប៉ុន្តែ ភាពពេញវ័យបដិសេធន៍ការអះអាងដែលជាការនិយាយពន្លើស។ ផ្ទុយទៅវិញ ការវាយតម្លៃត្រឹមត្រូវមកលើការលូតលាស់ខាងវិញ្ញាណរបស់យើង គឺជាសញ្ញាសម្គាល់នៃភាពពេញវ័យរបស់យើង។ ភាពពេញវ័យមិនមានគំរូនៃការនិយាយអួតនោះទេ តែមានគំរូនៃជីវិតដែលបន្ទាបខ្លួន ហើយនឹងធឹងជាប្រចាំ។
ក្នុងរឿងនិទានចាស់បុរាណ អំពី «សត្វអណ្ដើក និងសត្វទន្សាយ» សត្វទន្សាយស្ទុះរត់មួយទំហឹង នៅដើមដំបូងនៃការប្រកួត ខណៈពេលដែលសត្វអណ្ដើកគ្រាន់តែវាទៅមុខយឺតៗ។ សត្វទន្សាយជឿថា វាមុខជាឈ្នះការប្រកួតមិនខាន បានជាវាសម្រេចចិត្តអង្គុយចុះ សម្រាកលំហែ ហើយក៏បានដេកលក់ទៅ។ ខណៈពេលដែលគូរប្រកួតកំពុងតែដេកលក់យ៉ាងរំភើយ សត្វអណ្ដើកក៏បានទៅទាន់ ហើយបន្តដំណើរទៅមុខក្នុងជំហានដដែលយឺតៗ រហូតដល់វាក្លាយជាអ្នកឈ្នះនៅទីបញ្ចប់ ខណៈពេលដែលសត្វទន្សាយនៅមិនទាន់ឃើញមក។
យើងអាចមានការពិបាកក្នុងទំនាក់ទំនងជាមួយមនុស្សដែលជាសត្វទន្សាយខាងវិញ្ញាណ ដែលតែងតែលោតចុះឡើងៗ ដោយអំនួត ដោយប្រកាសអំពីមហិច្ឆតារបស់ខ្លួន ហើយប្រាប់គេអំពីកន្លែងដែលពួកគេកំពុងទៅ ការអ្វីដែលពួកគេកំពុងធ្វើ និងការអ្វីដែលពួកគេកំពុងសម្រេចបាន។ ទង្វើរបស់ពួកគេអាចធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ខណៈពេលដែលខ្ញុំគ្រាន់តែចង់បន្តរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ!
ក្នុងនាមសាវ័ក ប៉ុល ជាគ្រូគង្វាលដែលមានប្រាជ្ញា គាត់មិនដែលព្យាយាមរស់នៅជាសត្វទន្សាយទេ។ ផ្ទុយទៅវិញ គាត់បានលើកទឹកចិត្តយើងដោយនិយាយថា «ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំជាអ្នកដំណើរខាងវិញ្ញាណ។ ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំកំពុងតែធ្វើដំណើរនៅតាមផ្លូវ ហើយខ្ញុំមានផ្លូវវែងឆ្ងាយទៀតដែលត្រូវទៅ។ សាវ័ក ប៉ុល កំពុងមមុលទៅមុខទៅរកទីផ្តាច់ព្រាត់ ហើយនៅតែបន្តជំរុញយើងឲ្យបន្តរត់ប្រណាំងផងដែរ។ គាត់មិនបានអួតអំពីសម្ទុះដ៏លឿន នៅដើមដំបូងនៃការរត់ប្រណាំងដែលគួរឲ្យស្ញប់ស្ញែងនោះទេ ផ្ទុយទៅវិញគាត់បានបង្រៀនយើងឲ្យប្ដេជ្ញាចិត្តចំពោះមូលដ្ឋានគ្រឹះនៃជំនឿវិញ។
ការបន្ទាបខ្លួន និងភាពទៀងទាត់ គឺជាសញ្ញាសម្គាល់នៃភាពពេញវ័យរបស់ជីវិតគ្រីស្ទបរិស័ទ ដែលដឹងថា ខ្លួនបានមកឆ្ងាយយ៉ាងនេះ គឺដោយសារព្រះគុណព្រះ ហើយនឹងបន្តទៅឲ្យដល់ទីដោយព្រះគុណព្រះអង្គផងដែរ។ តើធ្វើដូចម្តេចឲ្យអ្នកមានការលូតលាស់ទាំងអស់នេះ ធ្វើជាសញ្ញាសម្គាល់នៃភាពពេញវ័យក្នុងជីវិតអ្នក?
ព្រះគម្ពីរសញ្ជឹងគិត៖ ១ពេត្រុស ១:២២-២:៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១-៣ និង កិច្ចការ ៩:១-២២