ព្រឹក

បម្រើព្រះ ក្នុងរដូវកាលរបស់យើង
ដោយLeslie Koh
July 12, 2025
១កូរិនថូស ៣:៥-៩
ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ។ ១កូរិនថូស ៣:៦
បន្ទាប់ពីលោក ម៉ាក (MARK) បានបង្រៀនព្រះបន្ទូលព្រះ ដល់ខេលិប (CALEB) ដោយផ្ទាល់ គាត់មានការបាក់ទឹកចិត្ត ពេលដែលបានដឹងថា អ្នកដឹកនាំម្នាក់ ក្នុងពួកជំនុំបានចាត់តាំងឲ្យគ្រូផ្សេងបង្រៀនយុវជនម្នាក់នេះ។ អ្នកដឹកនាំរូបនោះក៏បាននិយាយថា “ទីបំផុត ខេលិបមានគ្រូបង្រៀនហើយ”។
លោក ម៉ាក ក៏បានឆ្ងល់ថា តើពួកគេគិតឃើញថា ខ្ញុំកំពុងធ្វើអ្វីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ? គាត់មិនបានរំពឹងថា នឹងបានទទួលរង្វាន់ ឬការទទួលស្គាល់ពីអ្នកដទៃនោះទេ តែទង្វើរបស់ពួកគេបានធ្វើឲ្យគាត់ឈឺចាប់។
ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក ខេលិប ក៏បានប្រាប់លោក ម៉ាក ថា គាត់បានចូលទៅក្នុងជីវិតរបស់ខេលិប នៅពេលដែលខេលិបត្រូវការការត្រួសត្រាយផ្លូវខាងវិញ្ញាណខ្លាំងបំផុត។ នៅពេលដែលគាត់បានឮពាក្យលើកទឹកចិត្តនេះ គាត់ក៏បានដឹងថា ព្រះទ្រង់បានប្រទានអំណោយទាន ដល់អ្នកជឿព្រះអង្គផ្សេងៗពីគ្នា ដោយមិនមានការប្រៀបធៀបគ្នាទៅវិញទៅមកនោះទេ ហើយព្រះអង្គបានសម្រេចផែនការរបស់ព្រះអង្គ តាមពេលវេលាដែលព្រះអង្គបានកំណត់។
ក្នុងបទគម្ពីរ ១កូរិនថូស ១២:៤-៣១ សាវ័កប៉ុលបាននិយាយសង្កត់ធ្ងន់ អំពីតម្លៃនៃអវយវៈរបស់រូបកាយព្រះគ្រីស្ទ ដែលជាពួកជំនុំ ដោយពួកគេម្នាក់ៗមានអំណោយទាន តួនាទី និងការចាត់តាំងខុសៗគ្នា។ ក្នុងជំពូក៣ គាត់បានក្រើនរំឭកយើង អំពីព្រះដែលជាអ្នកសម្រេចលទ្ធផលចុងក្រោយរបស់ការងារដែលយើងធ្វើ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ” (ខ.៦)។
យើងម្នាក់ៗអាចទទួលបានរដូវកាល និងឱកាសពិសេសរៀងខ្លួន ដើម្បីធ្វើការបម្រើព្រះ។ ព្រះទ្រង់មិនប្រៀបធៀបការងាររបស់មនុស្សម្នាក់ ជាមួយនឹងការងាររបស់មនុស្សម្នាក់ទៀតទេ ដ្បិតព្រះអង្គស្រឡាញ់បុគ្គលម្នាក់ៗស្មើគ្នា។ ព្រះអង្គមិនដូចមនុស្សឡើយ។ ចូរឲ្យភ្នែក និងចិត្តរបស់យើង បានផ្ដោតទៅលើការខិតខំធ្វើការអស់ពីចិត្ត ក្នុងរដូវកាល ដែលព្រះបានប្រទានយើង ដោយពឹងផ្អែកទាំងស្រុង ទៅលើកម្លាំង និងអំណាចរបស់ព្រះអង្គ ហើយមិនត្រូវច្រណែនអ្នកដទៃដែលសម្រេចបានកិច្ចការអ្វីមួយ តាមរបៀប និងឱកាសរបស់ពួកគេនោះឡើយ។—LESLIE KOH
តើព្រះទ្រង់បានប្រទានឱកាសអ្វី ដើម្បីឲ្យអ្នកប្រើអំណាយទាន ដែលព្រះអង្គបានប្រទានមកអ្នក?
តើអ្នកអាចប្រើអំណោយទានទាំងនោះ ឲ្យបានល្អបំផុត ក្នុងពេលវេលា និងរដូវកាលនេះ ដូចម្តេចខ្លះ?
ឱព្រះដែលប្រទានអំណោយទាន សូមព្រះអង្គជួយទូលបង្គំឲ្យផ្ដោតទៅលើកិច្ចការ ដែលព្រះអង្គប្រទានឲ្យទូលបង្គំធ្វើ។
FOR FURTHER STUDY, READ ESCAPING THE COMPARISON TRAP AT DISCOVERODB.ORG.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤-៦ និង កិច្ចការ ១៧:១៦-៣៤
ប្រភេទ
ល្ងាច

ការត្រាស់ហៅឲ្យអរព្រះគុណព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 12, 2025
«ម្នាល បណ្តាជននៅផែនដីអើយ ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា...ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ» (ទំនុកតម្កើង ១០០:១, ៤)។
ជំពូកទី១០០ នៃកណ្ឌគម្ពីរទំនុកតម្កើង ដែលមានការអំពាវនាវឲ្យថ្វាយបង្គំព្រះ ស្ថិតក្នុងចំណោមបទគម្ពីរទំនុកតម្កើង ដែលពេញនិយមបំផុត។ យើងប្រហែលជាធ្លាប់ឮបទគម្ពីរនេះឡើងស៊ាំទៅហើយ បានជាចិត្តយើងអាចមានអារម្មណ៍ធម្មតា។ ការរៀនបទគម្ពីរដែលយើងមិនសូវស្គាល់ អាចមានភាពងាយស្រួលជាង តាមរបៀបជាច្រើន ព្រោះយើងមិនសោះអង្គើយ នៅក្នុងការសិក្សាបទគម្ពីរទាំងនោះ។ និយាយឲ្យខ្លី យើងមិនសម្អាងថា យើងបានស្គាល់បទគម្ពីរនោះរួចហើយទេ។
យើងមិនគួរមានអារម្មណ៍សុំាខ្លាំងពេក ចំពោះការត្រាស់ហៅឲ្យច្រៀងសរសើរដោយអរព្រះគុណព្រះ បានជាយើងធ្វើព្រងើយ ធ្វើមើលតែការត្រាស់ហៅនោះ គ្រាន់តែជាពាក្យអញ្ជើញធម្មតា។ បទគម្ពីរទំនុកតម្កើងនេះបានជំរុញយើងឲ្យចូលទៅក្នុងសកម្មភាព! ក្នុងនាមយើងជារាស្ត្ររបស់ព្រះ ព្រះអង្គបានត្រាស់ហៅយើងឲ្យថ្វាយបង្គំដោយអំណរ ហើយច្រៀងសរសើរដោយអរព្រះគុណ។
ការបង្គាប់ឲ្យ «ឡើងសម្លេងដោយអំណរ» គឺជាការបង្គាប់ឲ្យបញ្ចេញសម្លេងសរសើរតម្កើងព្រះអង្គ ដោយអំណរ។ យើងមិនត្រូវចាត់ទុកការសរសើរតម្កើងដូចនេះ ជាកាតព្វកិច្ចដែលត្រូវធ្វើទាំងបង្ខំ ប្រៀបដូចជាការអញ្ជើញផឹកទឹកតែចត់នោះទេ។ ផ្ទុយទៅវិញ យើងគួរតែបន្លឺសម្លេងសរសើរ ដើម្បីឆ្លើយតបចំពោះកិច្ចការដែលព្រះទ្រង់ធ្វើក្នុងជីវិតយើងដូចដែលលោក ស៊ី. អេស. លូវីស (C.S. Lewis) ថា ការនោះនាំឲ្យយើងមាន «អំណរដែលយើងមិននឹកស្មានដល់»។ ឱកាសសម្រាប់ថ្វាយបង្គំព្រះលើកទឹកចិត្តអ្នកជឿពិតប្រាកដ ហើយការច្រៀងសរសើរព្រះ គឺសម្រាប់មនុស្សគ្រប់គ្នា។ ព្រះអម្ចាស់បានបង្កើត «ផែនដីទាំងមូល» ដើម្បីឲ្យបានសរសើរតម្កើងដល់ព្រះគុណដែលពេញដោយសិរីល្អរបស់ទ្រង់។
ការអញ្ជើញនេះក៏ជាការហៅយើង «ចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ»។ ចូរយើងពិចារណា អំពីអារម្មណ៍របស់ប្រជាជនសាមញ្ញនៅក្រៅរាជវាំងបាក់ឃីងហាំ នៅទីក្រុងឡុងដ៍ ដែលនៅទីនោះ យ៉ាងច្រើនអ្នកត្រឹមតែអាចមើលតាមប្រឡោះរបងរាជវាំង ដោយសង្ឃឹមថា នឹងបានមើលឃើញស្ដេចអង់គ្លេសពីចម្ងាយ។ គេបិទទ្វារវាំងនោះ ដើម្បីការពារក្សត្រ។ ប៉ុន្តែ យើងមិនមានបញ្ហាដូចនេះ ក្នុងទំនាក់ទំនងជាមួយព្រះវរបិតាទេ។ ការសុគតរបស់ព្រះយេស៊ូវបានហែកវាំងនន ក្នុងព្រះវិហារជាពីរ (ម៉ាថាយ ២៧:៥១) ហើយបើកផ្លូវថ្មីសម្រាប់ឲ្យយើងរស់នៅ។ តាមរយៈព្រះយេស៊ូវយើងមានផ្លូវចូលទៅរកព្រះវរបិតា ហើយទ្វារស្ថានសួគ៌បានចំហស្វាគមន៍យើង។
ការបង្ហាញចេញនូវការអរព្រះគុណក្នុងការថ្វាយបង្គំដោយអំណរ និងការសរសើរតម្កើងដោយការអរគុណ មិនត្រូវជាប់ជំពាក់នឹងកាលៈទេសៈ ឬអារម្មណ៍របស់យើងនោះទេ។ មូលដ្ឋានគ្រឹះពិតប្រាកដនៃការអរព្រះគុណព្រះគឺជាការដឹងថា ព្រះអម្ចាស់ជាព្រះ ហើយព្រះអង្គបានអញ្ជើញយើងចូលទីលានទ្រង់ ឲ្យយើងនៅជុំវិញបល្ល័ង្កទ្រង់ ក្នុងនាមជារាស្ត្រ និងជាកូនរបស់ព្រះអង្គ។ ការទទួលស្គាល់ដូចនេះ នាំឲ្យយើងមានកន្លែងឈររឹងមាំ ដើម្បីឲ្យយើងម្នាក់ៗអាចបន្លឺសម្លេងជាមួយអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងថា
«ទ្រង់បានស្រង់ខ្ញុំចេញពីអន្លង់គួរស្បើម ឲ្យរួចពីភក់ស្អិត ក៏ដាក់ជើងខ្ញុំលើថ្មដា ព្រមទាំងតាំងជំហានខ្ញុំឲ្យខ្ជាប់ខ្ជួន ទ្រង់បានបណ្ដាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ» (ទំនុកតម្កើង ៤០:២-៣)។
ថ្ងៃមួយ អ្នកនឹងបានឈរនៅក្នុងទីលានព្រះអង្គ។ ទំរាំពេលនោះមកដល់ រៀងរាល់ថ្ងៃអាទិត្យ អ្នកអាចឈរជាមួយអ្នកដទៃក្នុងព្រះវិហាររបស់ខ្លួនដែលជាតំណាងឲ្យកន្លែងជួបជុំនៅមុខបល្ល័ង្កនៅស្ថានសួគ៌ ហើយទន្ទឹងរង់ចាំថ្ងៃនោះមកដល់ ដោយច្រៀងថ្វាយព្រះអម្ចាស់ដោយអំណរចុះ។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១០០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ៤-៦ និង កិច្ចការ ៩:២៣-៤៣