ព្រឹក

ជីករកអត្ថន័យនៃជីវិត
ដោយadamholz
July 14, 2025
យេរេមា ២:៥-១៣
ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង ។ យេរេមា ២:១៣
គ្រួសាររបស់ខ្ញុំមានកូនឆ្កែថ្មីមួយក្បាល ឈ្មោះ វីនស្តុន (WINSTON)។ វាចូលចិត្តខាំ ដេក ហើយស៊ីចំណី និងចូលចិត្តធ្វើអ្វីផ្សេងពីរបីមុខទៀត។ អូហ៍ វាក៏ចូលចិត្តកាយដី គឺមិនមែនកាយដីយូរម្តងទេ។ តែវាកាយដីទាល់តែក្លាយជារូងក្រោមដី ធ្វើមើលតែវាកំពុងព្យាយាមលួចរត់ចេញពីគុកអញ្ចឹង។ វាហាក់ដូចជាញៀននឹងការកាយដី ដោយមិនសំចៃកំឡាំង ធ្វើឲ្យខ្លួនវាគគ្រិច។
ថ្មីៗនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីសត្វឆ្កែមួយក្បាលនេះ ចូលចិត្តកាយដីម្ល៉េះ? បន្ទាប់មក ខ្ញុំក៏បាននឹកឃើញថា ខ្ញុំក៏ជាអ្នកជីកដីផងដែរ ដោយខ្ញុំចេះតែជីកកកាយចូលទៅក្នុងរឿងផ្សេងៗជាច្រើន ដែលខ្ញុំសង្ឃឹមថា វានឹងធ្វើឲ្យខ្ញុំសប្បាយចិត្ត។ រឿងទាំងនោះមិនមែនជារឿងល្អទាំងអស់ទេ។ ប៉ុន្តែ ពេលណាខ្ញុំផ្ដោតចិត្តខ្លាំងពេក ទៅលើការស្វែងរកការស្កប់ចិត្ត ក្នុងការអ្វីមួយក្រៅពីព្រះ គឺខ្ញុំក្លាយជាអ្នកជីកដីហើយ។ ការជីកកកាយរកអត្ថន័យ ក្រៅពីព្រះ គឺធ្វើឲ្យខ្ញុំប្រឡាក់ដីពេញខ្លួន និងមានចិត្តស្រេកឃ្លានចង់បានអ្វីផ្សេងទៀតកាន់តែខ្លាំង។
ហោរា យេរេមា បានស្តីបន្ទោសឲ្យពួកអ៊ីស្រាអែល ទាក់ទងនឹងរឿងនេះផងដែរ គឺដូចដែលព្រះអម្ចាស់មានបន្ទូលតាមរយៈហោរា យេរេមាថា “ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង” (យេរេមា ២:១៣)។ ព្រះអង្គបានប្រដៅរាស្រ្តរបស់ព្រះអង្គ ដែលមិនបានអើពើ ចំពោះការស្វែងរកបំណងព្រះទ័យព្រះអង្គ។ ពួកគេបានជីកធ្វើអាងផ្ទុកទឹក សម្រាប់បំបាត់ការស្រេកទឹករបស់ខ្លួន។ ប៉ុន្តែ ព្រះអង្គបានរំឭកពួកគេថា មានតែព្រះអង្គទេ ដែលជា “ប្រភពនៃទឹករស់” (ខ.១៣)។ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៤ ព្រះយេស៊ូវបានប្រទានទឹករស់ដល់ស្រ្តីម្នាក់ នៅក្បែរអណ្តូងទឹក ដែលកំពុងតែព្យាយាមបំបាត់ការស្រេកទឹករបស់ខ្លួន តាមរបៀបផ្សេង (ខ.១០-២៦)។ ទឹករស់ធ្វើឲ្យវិញ្ញាណរបស់នាងស្កប់ស្កល់ជារៀងរហូត។
យើងរាល់គ្នាសុទ្ធតែជាអ្នកជីករកភាពស្កប់ស្កល់។ ប៉ុន្តែ ព្រះទ្រង់បានប្រទានឱកាស ឲ្យយើងបានជំនួសការជីកដីដ៏ឥតប្រយោជន៍របស់យើង ដោយប្រភពទឹករស់របស់ព្រះអង្គ ដែលនាំមកនូវភាពស្កប់ស្កល់ដ៏សំខាន់ ដែលបំបាត់ការស្រេកទឹកខាងវិញ្ញាណរបស់យើង។—ADAM R. HOLZ
តើអ្នកច្រើនតែជីករកអត្ថន័យ ក្តីសង្ឃឹម និងការស្កប់ចិត្ត ក្នុងជីវិត នៅកន្លែងណាខ្លះ?
តើអ្នកអាចថ្វាយផ្នែកនេះ ក្នុងជីវិតអ្នក ដាច់ដល់ព្រះអង្គយ៉ាងណាខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យស្គាល់រស់ជាតិ និងដឹងថា ព្រះអង្គជាអ្វីដែលវិញ្ញាណទូលបង្គំស្រេករក
ហើយទម្លាក់ប៉ែលរបស់ទូលបង្គំចុះដើម្បីឈប់ជីក ហើយសម្រាកក្នុងព្រះអង្គវិញ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០-១២ និង កិច្ចការ ១៩:១-២០
ប្រភេទ
ល្ងាច

ការប្រោសឲ្យជាតែមួយសម្រាប់វិញ្ញាណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 14, 2025
«រីឯណាម៉ាន់ជាមេទ័ពរបស់ស្ដេច ស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយខ្លួន ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់» (២ពង្សាវតាក្សត្រ ៥:១)។
លោក ណាម៉ាន់ហាក់ដូចជាមានភាពជោគជ័យក្នុងជីវិត ទោះមើលពីជ្រុងណាក៏ដោយ។
លោក ណាម៉ាន់ជាមេទ័ពប្រចាំទីក្រុងដាម៉ាស នៅនគរស៊ីរីជាមហាអំណាចនៅសម័យនោះ។ មានទន្លេពីរហូរចេញពីជួរភ្នំល្បាណូន ដោយបង្កើតទេសភាពស្រស់ស្អាតក្រៃលែង ចូលទៅក្នុងតំបន់ដែលមានដើមឈើដុះមាត់ទឹក ជាកន្លែងដែលគេបានសាងសង់ទីក្រុងនេះឡើង។ ទីក្រុងនេះជាទីកន្លែងដែលមានទ្រព្យស្តុកស្តម្ភ និងជាកន្លែងដែលគួរឲ្យសម្រាកលំហែ ហើយបានផ្តល់ឲ្យនូវការទាក់ទាញផ្នែកវប្បធម៌ នៅក្នុងសិល្បៈ តន្ត្រី និងកីឡា។ ក្នុងនាមលោក ណាម៉ានជាមេទ័ពដ៏មានជ័យរបស់កងទ័ពស៊ីរី គាត់មានអំណាច និងឥទ្ធិពល ហើយគេបានលើកតម្កើងគាត់ខ្លាំងណាស់ សូម្បីតែស្តេចរបស់គាត់ក៏ដោយ។ ហើយយើងមិនចាំបាច់ឆ្ងល់ទេ គាត់មានអំណាច និងឥទ្ធិពល នោះគាត់ក៏មានទ្រព្យសម្បត្តិច្រើនសន្ធឹកដែរ។
អាចនិយាយម្យ៉ាងទៀតថា គាត់ជាបុរសមានអ្វីៗគ្រប់យ៉ាង ដែលហាក់ដូចជាមានដំណើរការល្អ លើកលែងតែរឿងមួយប៉ុណ្ណោះ។ មានផ្នែកមួយនៃជីវិតរបស់លោក ណាម៉ាន់ ដែលបានគ្របដណ្តប់ពីលើផ្នែកផ្សេងទៀតដែលគាត់កំពុងតែអរសប្បាយ។ ស្នាដៃជាច្រើនដែលធ្វើឲ្យគាត់មានមោទនភាព តែគាត់បានអន់ថយពន្លឺ ហើយត្រូវបានគ្របសង្កត់ពីលើដោយពាក្យមួយឃ្លានេះគឺ «ប៉ុន្តែ គាត់ជាមនុស្សកើតឃ្លង់»។ អ្វីៗដែលគាត់បានអរសប្បាយដែលជាឱកាស និងទ្រព្យសម្បត្តិជាច្រើនដែលគាត់មាន មិនអាចប្រៀបផ្ទឹមនឹងបញ្ហាមួយនេះបានទេ។ គាត់មិនអាចរកឃើញដំណោះស្រាយបាន ដូចនេះជំងឺឃ្លង់បានបន្តបំផ្លាញជីវិតគាត់។
បញ្ហាសុខភាពផ្លូវកាយដែលកំពុងធ្វើទុក្ខលោក ណាម៉ាន់ គឺបានឆ្លុះបញ្ចាំងអំពីស្ថានភាពខាងវិញ្ញាណ ដែលយើងម្នាក់ៗមាន។ ជំងឺឃ្លង់របស់គាត់ធ្វើឲ្យមានស្នាមសម្លាក និងកំពុងរាលដាល ហើយធ្វើឲ្យគាត់មានរូបរាង្គអាក្រក់។ នេះជាការប្រៀបធៀបអំពីលក្ខណៈរបស់មនុស្សជាតិ ដែលបានខូចដោយសារបាប។
ពេលណាយើងរៀបរាប់អំពីខ្លួនយើង និងបរិបទរបស់យើងដល់អ្នកដទៃ យើងអាចរាប់មនុស្សដែលយើងស្គាល់ ទីកន្លែងដែលយើងបានទៅដល់ ហើយអ្វីៗទាំងអស់ដែលយើងសម្រេចបាន។ ប៉ុន្តែ នៅចុងបញ្ចប់នៃអ្វីៗទាំងអស់នោះ បើគ្មានព្រះគ្រីស្ទទេ យើងនឹងដាំក្បាលចុះទៅរកពាក្យមួយឃ្លាដូចលោក ណាម៉ាន់ដែរ គឺពាក្យដែលចាប់ផ្ដើមដោយពាក្យ ប៉ុន្តែ...។
ជំងឺឃ្លង់មិនខ្វល់ថា លោក ណាម៉ាន់ ជានរណាទេ ហើយបាបក៏មិនខ្វល់អំពីយើងដែរ។ «គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អរបស់ព្រះ» (រ៉ូម ៣:២៣) ហើយ «គ្រប់គ្នា» គឺពិតជាមានន័យថា «មនុស្សទាំងអស់»។ គ្មានបុរស ឬស្ត្រីណាដែលបានជៀសផុតពីសេចក្តីពិតនេះ ដែលបានរាប់បញ្ចូលមនុស្សទាំងអស់។ គ្មានទ្រព្យសម្បត្តិណាដែលអាចបង់ថ្លៃលោះយើងឲ្យរួចពីបាប ហើយគ្មានសេចក្តីល្អណាដែលអាចគ្របបាំងវាបានទេ។
បើយើងដាច់ចេញពីព្រះគ្រីស្ទ យើងរាល់គ្នាសុទ្ធតែរងគ្រោះ ដោយសារជំងឺឃ្លង់ខាងវិញ្ញាណរបស់យើង ដែលមិនអាចព្យាបាលបាន។ ទាល់តែយើងទទួលស្គាល់ថា ឋានៈ និងទ្រព្យសម្បត្តិរបស់យើង មិនអាចជួយយើងឲ្យរួចផុតពីបញ្ហាធំបំផុត ទើបយើងអាចងាកបែរទៅរកព្រះយេស៊ូវជាគ្រូពេទ្យដ៏ខ្លាំងពូកែរបស់យើងដែលមើលជំងឺយើងឲ្យជា។ ដូចដែលព្រះអង្គស្ម័គ្រព្រះទ័យឈោងទៅរក និងប៉ះមនុស្សឃ្លង់ ដោយធ្វើឲ្យអង្គទ្រង់ប្រឡាក់ តែបានប្រោសឲ្យគាត់ជាទាំងស្រុង នោះនៅលើឈើឆ្កាង ព្រះអង្គក៏បានទទួលយកបាបយើង ដើម្បីឲ្យយើងសុចរិតនៅចំពោះព្រះផងដែរ (២កូរិនថូស ៥:២១)។
ថ្ងៃនេះ នៅជុំវិញយើង មានមនុស្សជាច្រើនមានលក្ខណៈដូចលោក ណាម៉ាន់ ដែលអរសប្បាយនឹងឥទ្ធិពល អំណាច និងទ្រព្យសម្បត្តិ ជាមនុស្សដែលជោគជ័យ តែបានខូចដោយសារបាប និងត្រូវប្រឈមមុខដាក់ការជំនុំជម្រះ។ ដើម្បីឲ្យយើងអាចជម្នះការច្រណែនអ្នកដទៃ ហើយមានចិត្តអាណិតចំពោះគេវិញ យើងត្រូវយល់សេចក្តីពិតដែលថា លោក ណាម៉ាន់ ត្រូវការការប្រោសឲ្យជាពីជំងឺឃ្លង់ជាយ៉ាងណា នោះមនុស្សម្នាក់ៗក៏ត្រូវការដំណោះស្រាយសម្រាប់បញ្ហាបាប ហើយយើងដឹងថា យើងអាចរកឃើញការប្រោសឲ្យជានៅកន្លែងណា។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ៥:១២-៣២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១០-១២ និង កិច្ចការ ១០:២៤-៤៨