
ការអធិស្ឋានរបស់ព្រះយេស៊ូវ
ដោយArthur Jackson
July 15, 2025
លូកា ២២:២៨-៣៤
ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ។ លូកា ២២:៣២
ឱព្រះយេស៊ូវ តើព្រះអង្គកំពុងអធិស្ឋានឲ្យទូលបង្គំដូចម្តេចខ្លះ? ខ្ញុំមិនដែលគិតចង់ទូលសួរព្រះអង្គដូចនេះទេ ទាល់តែមិត្តភក្តិខ្ញុំម្នាក់ឈ្មោះលូ (LOU) បានចែកចាយអំពីពេលដែលគាត់ស្រែករកព្រះគ្រីស្ទអស់ពីចិត្ត ដោយទូលសួរព្រះអង្គយ៉ាងដូចនេះ កាលគាត់កំពុងប្រឈមមុខដាក់ស្ថានភាព ដែលត្រូវការប្រាជ្ញា និងកម្លាំង។ នៅពេលដែលខ្ញុំបានឮគាត់ចែកចាយអំពីការទូលសួរព្រះអង្គដូចនេះ ក្នុងការអធិស្ឋានរបស់គាត់ ខ្ញុំក៏មានការយល់ដឹងមួយកំរិតថ្មីទៀត អំពីការអធិស្ឋាន។
បទគម្ពីរលូកា ជំពូក២២ បានចែងយ៉ាងច្បាស់ ដោយគ្មានការអាថ៌កំបាំង អំពីពេលដែលព្រះយេស៊ូវបានអធិស្ឋានឲ្យលោក ស៊ីម៉ូន ពេត្រុស យ៉ាងដូចនេះថា “ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់” (ខ.៣១-៣២)។ នៅពេលដែលលោក ពេត្រុសមានការទន់ខ្សោយ ក្នុងការឆ្លងកាត់ការល្បងល សេចក្តីជំនឿរបស់គាត់មានការរេរាយ៉ាងខ្លាំង។ ប៉ុន្តែ ដោយសារព្រះគុណរបស់ព្រះគ្រីស្ទ គាត់មិនបានបាត់បង់សេចក្តីជំនឿទេ។
កណ្ឌគម្ពីរកិច្ចការបានប្រាប់យើងឲ្យដឹងថា ព្រះទ្រង់បានឆ្លើយតបដូចម្តេចខ្លះ ចំពោះការអធិស្ឋានរបស់ព្រះយេស៊ូវសម្រាប់លោក ពេត្រុស ជាសិស្សឆេះឆួលតែទន់ខ្សោយ។ ព្រះអង្គបានប្រើគាត់ឲ្យផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទដល់ពួកសាសន៍យូដាក៏ដូចជាសាសន៍ដទៃ។ ហើយព្រះរាជកិច្ចនៃការអធិស្ឋានរបស់ព្រះយេស៊ូវ មិនទានបញ្ចប់នៅឡើយទេ។ សាវ័កប៉ុលបានរំឭកយើងថា “ព្រះគ្រីស្ទទ្រង់បានសុគតជំនួសគេហើយ តែដែលថា ទ្រង់រស់ឡើងវិញ នោះមានទំនងជាង ទ្រង់ក៏គង់នៅខាងស្ដាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ” (រ៉ូម ៨:៣៤)។ ពេលណាអ្នកជួបការល្បងល ឬការល្បួង ចូរចាំថា ព្រះយេស៊ូវដែលបានអធិស្ឋានឲ្យពួកសាវ័ករបស់ទ្រង់ ក៏នៅតែអធិស្ឋានឲ្យអ្នកដែលជឿព្រះរាជសារដែលពួកគេបានប្រកាសអំពីព្រះអង្គផងដែរ (មើល យ៉ូហាន ១៧:១៣-២០)។—ARTHUR JACKSON
តើការនឹកចាំថា ព្រះយេស៊ូវកំពុងអធិស្ឋានឲ្យអ្នក បានលើកទឹកចិត្តអ្នកក្នុងការអធិស្ឋានយ៉ាងណាខ្លះ?
តើអ្នកនឹងមានការផ្លាស់ប្តូរដូចម្តេចខ្លះ ក្នុងការរស់នៅ និងការបម្រើ ពេលដែលអ្នកនឹកចាំថា ព្រះអង្គកំពុងអធិស្ឋានឲ្យអ្នក?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអធិស្ឋានឲ្យទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំឲ្យអធិស្ឋាន និងរស់នៅ ដោយដឹងថា ព្រះអង្គកំពុងអធិស្ឋានទូលអង្វរឲ្យទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣-១៥ និង កិច្ចការ ១៩:២១-៤១