ព្រឹក

ទម្លាប់នៃការរស់នៅ និងព្រះវិញ្ញាណបរិសុទ្ធ
ដោយKaren Pimpo
July 16, 2025
រ៉ូម ១២:១-១៣
ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង។ រ៉ូម ១២:២
កាលពេទ្យធ្មេញកំពុងសម្អាតធ្មេញឲ្យខ្ញុំ គាត់បានសួរខ្ញុំថា “តើអ្នកបានចម្រើនវ័យធំឡើង នៅក្នុងទីក្រុងនេះមែនទេ?” ខ្ញុំពិបាកឆ្លើយសំណួរគាត់ ខណៈពេលដែលឧបករណ៍របស់គាត់ស្ថិតនៅក្នុងមាត់ខ្ញុំនៅឡើយ។ គាត់បានពន្យល់ខ្ញុំថា កាលពីឆ្នាំ១៩៤៥ ទីក្រុងរបស់យើងបានក្លាយជាទីក្រុងដំបូង ក្នុងប្រវត្តិសាស្រ្ត ដែលបានដាក់សារធាតុផ្លូអ័រ៉ាយ ក្នុងប្រព័ន្ធចែកចាយទឹកផឹកសាធារណៈ។ គេបានគិតឃើញថា ជាតិផ្លូអ័រ៉ាយអាចជួយការពារការពុកធ្មេញបាន ដោយគេមិនតម្រូវឲ្យដាក់សារធាតុនេះច្រើនទេ គឺគ្រាន់ ០.៧ មីលីក្រាម នៅក្នុងទឹកមួយលីត្រ។ សម្រាប់អ្នកជំនាញដែលបានទទួលការបណ្ដុះបណ្តាល គេអាចយល់ច្បាស់ អំពីអត្ថប្រយោជន៍ជាវិជ្ជមានរបស់វាបាន។ ប៉ុន្តែ ខ្ញុំមិនបានដឹងសោះថា ខ្ញុំបានផឹកវាពេញមួយជីវិតខ្ញុំហើយ។
អ្វីៗដែលយើងប្រើជារៀងរាល់ថ្ងៃ អាចមានផលប៉ះពាល់មកលើយើង ក្នុងរយៈពេលវែង។ ការនេះមិនគ្រាន់តែសំដៅទៅលើអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ តែក៏សំដៅទៅលើការកម្សាន្ត មិត្តភក្តិ និងបណ្ដាញសង្គមផងដែរ។ សាវ័កប៉ុលបានដាស់តឿនយើងថា “កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង” (រ៉ូម ១២:២)។ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែកែប្រែពួកសាវ័ករបស់ព្រះយេស៊ូវ ឲ្យកាន់តែមានចារិតលក្ខណៈដូចព្រះអង្គ តែដំណើរការនៃការផ្លាស់ប្រែនេះត្រូវការពេលវេលា។ ទម្លាប់របស់យើងអាចរួមចំណែក ក៏ដូចជារារាំងព្រះរាជកិច្ចរបស់ព្រះអង្គ។ យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការសំគាល់អ្វីៗដែលយើងកំពុងប្រើ ឲ្យដឹងថាល្អឬអាក្រក់ តែយើងអាចទូលសូមព្រះ ដែលមានប្រាជ្ញា និងព្រះដំរិះជាបរិបូរ ឲ្យបង្ហាញយើង (១១:៣៣)។ ប្រាជ្ញាមកពីព្រះអង្គជួយយើងឲ្យ “អាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ” (១២:២) ហើយទន្ទឹមនឹងនោះ យើងពិនិត្យមើលខ្លួនឯង ដោយ “គំនិតនឹងធឹង” (ខ.៣)។
ទោះព្រះអង្គបង្គាប់ឲ្យយើងបន្ថែម ឬដកចេញអ្វីក៏ដោយ ពីជីវិតរបស់យើង យើងចាំបាច់ត្រូវធ្វើតាមបំណងព្រះទ័យព្រះអង្គ។ “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់” (១១:៣៦)។ ដូចនេះ គ្មាននរណាដឹងច្បាស់ជាងព្រះអង្គឡើយ។—KAREN PIMPO
តើអ្នកមានទម្លាប់អ្វី ដែលបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ ក្នុងជីវិតអ្នក? តើមានអ្វីដែលកំពុងរារាំងព្រះអង្គមិនឲ្យធ្វើការ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះវិញ្ញាណបរិសុទ្ធ ដែលកំពុងធ្វើការនៅក្នុង និងតាមរយៈជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦
ប្រភេទ
ល្ងាច

អាថ៌កំបាំងនៃបំណងព្រះទ័យព្រះអង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 16, 2025
«ព្រមទាំងសម្ដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិតដែលទ្រង់បានគិតសម្រេចក្នុងព្រះអង្គទ្រង់ សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង» (អេភេសូរ ១:៩-១០)។
នៅពេលដែលអ្នកមើលទៅសំណង់អគារដែលកំពុងសាងសង់ថ្មី នៅខាងក្រៅ អ្វីៗដែលកំពុងមានដំណើរការ ដែលមានរន្ទា និងសំណាញ់ នៅព័ទ្ធពីខាងក្រៅ ហាក់ដូចជាអាថ៌កំបាំងណាស់។ អគារនោះកំពុងតែចេញរូបរាងបណ្ដើរៗ ប៉ុន្តែក្រៅពីអ្នកគូរប្លង់ អ្នកផ្សេងអាចពិបាកស្រមៃថា លទ្ធផលចុងក្រោយនឹងមានលក្ខណៈដូចម្ដេចណាស់។
នៅក្នុងការបើកបង្ហាញសាច់រឿងក្នុងព្រះគម្ពីរសញ្ញាចាស់ អាថ៌កំបាំងនៃបំណងព្រះទ័យព្រះ គឺប្រៀបដូចជារន្ទា និងសំណាញ់ដែលព័ទ្ធជុំវិញអគារដែលបានបិទបាំងផ្នែកខ្លះនៃរឿងក្នុងព្រះគម្ពីរ រហូតដល់ «វេលាកំណត់បានមកដល់» ដូចដែលសាវ័ក ប៉ុល បានបង្រៀន (កាឡាទី ៤:៤)។ សូម្បីតែកាលពួកហោរាថ្លែងទំនាយអំពីព្រះដែលត្រូវយាងមក ពួកគេមិនអាចយល់ទាំងស្រុងអំពីអត្ថន័យនៃតម្រុយ ការព្រលយពាក្យនៅក្នុងសំណេររបស់ពួកគាត់តែប៉ុណ្ណោះ (១ពេត្រុស ១:១០-១១)។
ក្នុងភាសាព្រះគម្ពីរ ពាក្យ «សេចក្តីអាថ៌កំបាំង» មិនមែនជាការល្បងប្រាជ្ញាដែលរង់ចាំឲ្យមនុស្សស្វែងរកចម្លើយឲ្យត្រូវតាមប្រាជ្ញារបស់ខ្លួននោះទេ។ តាមពិត សេចក្តីអាថ៌កំបាំងរង់ចាំឲ្យព្រះអម្ចាស់បើកសម្ដែង។ យើងអាចយល់សេចក្តីអាថ៌កំបាំងជាច្រើនរបស់ព្រះ តាមរយៈកិច្ចការរបស់ព្រះវិញ្ញាណរបស់ព្រះអង្គក្នុងចិត្ត និងគំនិតយើង។ បើព្រះអង្គមិនបានធ្វើកិច្ចការនេះទេ នោះយើងក៏មិនអាចយល់បានដែរ។
បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះអង្គមានឱកាសឆ្លើយតបចំពោះអ្នកដំណើរទៅភូមិអេម៉ុស ដែលកំពុងមានការពិបាកចិត្ត។ ព្រះអង្គបានឆ្លើយតបពួកគេ ដោយសេចក្តីស្រឡាញ់ និងតាមរបៀបយុទ្ធសាស្ត្រ (លូកា ២៤:១៨-២៧)។ ពីដំបូង ពួកគេមើលព្រះអង្គមិនស្គាល់ បានជាពួកគេសួរព្រះអង្គថា «តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡឹមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ»។ ព្រះអង្គក៏បានសួរពួកគេវិញថា «តើការអ្វីហ្នឹង?» ត្រង់ចំណុចនេះ ព្រះអង្គកំពុងទាញអារម្មណ៍របស់ពួកគេចូលទៅក្នុងការអាថ៌កំបាំង។ បន្ទាប់ពីពួកគេបានចែកចាយអំពីរឿងនៃការជាប់ឆ្កាង និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ ព្រះអង្គក៏បានប្រាប់ពួកគេថា «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី?» រួចទ្រង់ក៏ស្រាយន័យសេចក្តីដែលតម្រូវដល់ទ្រង់ពីក្នុងគម្ពីរទាំងឡាយឲ្យគេស្តាប់ចាប់តាំងពីគម្ពីរលោក ម៉ូសេ និងគម្ពីរពួកហោរារៀងមក។
«ការអាថ៌កំបាំងនៃបំណងព្រះទ័យរបស់ព្រះអង្គ» គឺបាន និងកំពុងបើកសម្ដែង ឲ្យរាស្ត្រព្រះអង្គបានដឹង ដើម្បីឲ្យព្រះអង្គអាច «បង្រួបបង្រួមគ្រប់ទាំងអស់នៅក្នុងព្រះអង្គ»។ ថ្ងៃមួយ នៅពេលដែលរដូវកាលទាំងអស់ដែលព្រះវរបិតាបានកំណត់ ដោយអំណាចរបស់ព្រះអង្គបានទៅដល់គោលដៅហើយ កិច្ចការនៃការបង្រួបបង្រួមនេះនឹងមានផ្លែផ្កា។ ទីបំផុត រន្ទា និងសំណាញ់ព័ទ្ធជុំវិញអាគារ នឹងត្រូវបានដោះចេញ ហើយយើងនឹងឃើញអាគារទាំងមូលដែលបានសាងសង់ហើយជាស្ថាពរ។ ទម្រាំដល់ថ្ងៃនោះ យើងអាចមានការដឹងគុណចំពោះព្រះអម្ចាស់ដែលបានបើកបង្ហាញសេចក្តីអាថ៌កំបាំងនៃសេចក្តីសង្គ្រោះដល់យើង ហើយយើងអាចដើរដោយការបម្រើ និងសរសើរតម្កើងព្រះអង្គដោយទុកចិត្តថា ទោះយើងមិនយល់អំពីផែនការ ឬដំណើរការឆ្ពោះទៅរកការចប់សព្វគ្រប់ ព្រះដែលជាស្ថាបត្យករកំពុងផ្សំការទាំងអស់ ដើម្បីប្រយោជន៍រាស្ត្រព្រះអង្គ និងដើម្បីសិរីល្អនៃព្រះរាជបុត្រាព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ៥:១-១៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៣-១៥ និង កិច្ចការ ១១
ប្រភេទ
ល្ងាច

បានត្រាស់ហៅឲ្យបម្រើព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
July 16, 2025
«រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាម» (ម៉ាថាយ ៤:១៩-២០)។
នៅពេលដែលអ្នកបានទៅដល់កន្លែងណាមួយដូចជា ភោជនីយដ្ឋាន ការិយាល័យវេជ្ជបណ្ឌិត ឬហាងលក់ទំនិញធំៗ តើអ្នកធ្លាប់បានសួរអ្នកធ្វើការនៅទីនោះទេថា ហេតុអ្វីពួកគេធ្វើការងារទាំងនោះ? ពួកគេប្រហែលជាកំពុងព្យាយាមរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ឬប្រហែលពួកគេមានចំណូលចិត្តចង់ធ្វើការងារនោះតាំងពីក្មេងមក។ ក្នុងចំណោមចម្លើយផ្សេងៗដែលពួកគេអាចប្រាប់អ្នក ពេលខ្លះអ្នកនឹងបានឮគេប្រាប់ថា «ការងារនេះជាការត្រាស់ហៅរបស់ខ្ញុំ»។ តាមពិត ពួកគេបានបង្ហាញយ៉ាងត្រឹមត្រូវ អំពីការបង្រៀនរបស់ព្រះគម្ពីរសញ្ញាថ្មីអំពីការងារបម្រើព្រះ។ ព្រះបានត្រាស់ហៅអ្នកដែលនៅជាប់ក្នុងព្រះគ្រីស្ទឲ្យរស់នៅដោយការបម្រើព្រះអង្គ។ គឺមិនមែនមានន័យថា មានតែអ្នកខ្លះដែលព្រះអង្គបានត្រាស់ហៅឲ្យបម្រើព្រះអង្គនោះទេ ប៉ុន្តែការបម្រើព្រះគឺជាផ្នែកដ៏សំខាន់នៃការបង្កើតសិស្សក្នុងជំនឿគ្រីស្ទបរិស័ទ។ កាលព្រះយេស៊ូវហៅសិស្សព្រះអង្គឲ្យក្លាយជា «អ្នកនេសាទមនុស្ស» គឺព្រះអង្គកំពុងប្រាប់ពួកគេថា ព្រះអង្គមានការងារមួយឲ្យពួកគេធ្វើ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងមានចំណែកក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ។
ទោះព្រះអម្ចាស់ត្រាស់ហៅគ្រីស្ទបរិស័ទឲ្យបម្រើការជាគ្រូអធិប្បាយ ជាគ្រូបង្រៀនព្រះបន្ទូលព្រះ ជាអ្នកដឹកនាំការសិក្សាព្រះគម្ពីរសម្រាប់យុវជន ជាអ្នកស្ម័គ្រចិត្តផ្នែកគ្រូកុមារ ជាស្មរបន្ទាល់នៅក្នុងរោងចក្រ ឬនៅការិយាល័យ ជាឪពុកម្តាយចិញ្ចឹមកូននៅផ្ទះ ជាកូនថែទាំឪពុកម្តាយចាស់ជរា ឬធ្វើការអ្វីផ្សេងទៀតក៏ដោយ ក៏ការត្រាស់ហៅឲ្យបម្រើសុទ្ធតែមានសម្រាប់មនុស្សម្នាក់ៗស្មើៗគ្នា។ ការងារជា «អ្នកបម្រើព្រះពេញពេល» និង «អ្នកបម្រើព្រះពាក់កណ្ដាលពេល» មានភាពខុសគ្នានៅត្រង់តួនាទីប៉ុណ្ណោះ តែមានតម្លៃស្មើគ្នា។ អ្វីដែលសំខាន់បំផុតនោះ គឺការងារទាំងនោះបានបម្រើដល់ព្រះ។
ក្នុងភាសាព្រះគម្ពីរ ការបម្រើមិនមែនជាផ្លូវឆ្ពោះទៅរកភាពថ្កុំថ្កើងនោះទេ តែការបម្រើគឺជាភាពធំប្រសើរ។ «ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស ១០:៤៥)។ យើងបម្រើព្រះ ដោយការលះបង់ មិនមែនសង្ឃឹមថា យើងនឹង «បានឡើងតំណែង» ដូចនៅកន្លែងធ្វើការ ឬនៅក្នុងវិស័យអប់រំ ហើយយើងបម្រើព្រះ ក្នុងពេលសព្វថ្ងៃក៏មិនមែនដើម្បីកុំឲ្យពិបាកបម្រើព្រះអង្គនៅថ្ងៃក្រោយនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលថា «បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ» (៩:៣៥)។ ពេលណាយើងបម្រើព្រះអង្គតាមរបៀបនេះ យើងនឹងបានថ្វាយសិរីល្អដល់ព្រះទាំងស្រុង។
និយាយរួម ការងារបម្រើរបស់គ្រីស្ទបរិស័ទ គឺជាព្រះរាជកិច្ចរបស់ព្រះអម្ចាស់យេស៊ូវ ដែលមានព្រះជន្មរស់ឡើងវិញដែលបានធ្វើក្នុងចំណោម និងតាមរយៈរាស្ត្រព្រះអង្គ។ សាវ័ក ប៉ុល បានយល់អំពីសេចក្តីពិតនេះយ៉ាងច្បាស់បានជាគាត់បង្រៀនថា «ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ» (កាឡាទី ២:២០)។ ព្រះយេស៊ូវលះបង់ព្រះជន្មដើម្បីយើងរាល់គ្នា ដើម្បីឲ្យព្រះអង្គទទួលយកជីវិតយើង ហើយដើម្បីឲ្យគេបានឃើញព្រះអង្គបានរស់នៅតាមរយៈយើង។ បើអ្នកបានយល់អំពីសេចក្តីពិតនេះ អ្នកនឹងពិតជាអាចបម្រើដូចដែលព្រះយេស៊ូវបានបម្រើ ហើយជីវិតអ្នកមានតម្លៃជាងពេលដែលអ្នកប្រើវា ដើម្បីបម្រើខ្លួនឯង។ ចូរយើងប្ដេជ្ញាចិត្តចំពោះការត្រាស់ហៅរបស់យើង ក្នុងពេលសព្វថ្ងៃ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ៩:៣០-៣៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ទំនុកតម្កើង ១៦-១៧ និង កិច្ចការ ១២